យោងតាម Reuters ប្រមុខអង្គការសហប្រជាជាតិលោក Antonio Guterres បានថ្កោលទោសក្រុមតាលីបង់ កាលពីថ្ងៃពុធទី៥ ខែមេសា ឆ្នាំ២០២៣ ចំពោះការហាមឃាត់ស្ត្រីអាហ្វហ្គានីស្ថានធ្វើការឱ្យអង្គការសហប្រជាជាតិ ដោយហៅបម្រាមនេះថាជា “ការរំលោភសិទ្ធិជាមូលដ្ឋានរបស់មនុស្សធ្ងន់ធ្ងរបំផុត”។
អង្គការសហប្រជាជាតិមានបុគ្គលិកជាជនជាតិអាហ្វហ្គានីស្ថានប្រហែល ៣.៣០០នាក់ ដែលក្នុងនោះមានស្រ្ដីប្រមាណ៤០០នាក់។ បុគ្គលិកអន្តរជាតិប្រហែល ៦០០នាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថានមិនរងផលប៉ះពាល់ដោយការហាមឃាត់នេះទេ។
លោក Guterres បានបង្ហោះសារនៅលើ Twitter ថា “ការហាមឃាត់ស្ត្រីអាហ្វហ្គានីស្ថានមិនឱ្យធ្វើការជាមួយអង្គការសហប្រជាជាតិក្នុងប្រទេសអាហ្វហ្គានីស្ថានគឺជាការរំលោភបំពានសិទ្ធិមនុស្សជាមូលដ្ឋានដែលមិនអាចអត់អោនបាន ” ។ «ខ្ញុំសូមអំពាវនាវដល់ក្រុមតាលីបង់ឲ្យលុបចោលការសម្រេចចិត្តនេះជាបន្ទាន់»។ក្រុមអ្នកការទូតបាននិយាយថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគ្រោងនឹងពិភាក្សាអំពីស្ថានភាពសិទ្ធិមនុស្សនៅប្រទេសអាហ្វហ្គានីស្ថាន។
អ្នកនាំពាក្យរដ្ឋបាលតាលីបង់មិនបានឆ្លើយតបចំពោះបញ្ហានេះនៅឡើយទេ។ក្រុមតាលីបង់បាននិយាយថាខ្លួនគោរពសិទ្ធិស្ត្រីស្របតាមការបកស្រាយយ៉ាងតឹងរ៉ឹងនៃច្បាប់អ៊ីស្លាម។
បន្ទាប់ពីអាជ្ញាធរតាលីបង់ហាមឃាត់ស្ត្រីអាហ្វហ្គានីស្ថានធ្វើការឱ្យស្ថាប័នពិភពលោក មន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិនៅទីក្រុងកាប៊ុលបានជួបជាមួយរដ្ឋមន្ត្រីការបរទេសស្តីទីអាហ្វហ្គានីស្ថាន Amir Khan Muttaqi កាលពីថ្ងៃពុធទី៥ មេសា។
បេសកជនរងរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសអាហ្វហ្គានីស្ថាន លោក Ramiz Alakbarov ដែលជាអ្នកសម្របសម្រួលជំនួយមនុស្សធម៌ផងដែរ បាននិយាយថា លោក Amir Khan Muttaqi បានប្រាប់ថា ការហាមប្រាមនេះគឺជាការពង្រឹងការអនុវត្តច្បាប់ដែលបានចេញកាលពីខែធ្នូ ដែលបានបញ្ឈប់ស្ត្រីអាហ្វហ្គានីស្ថានមិនឱ្យធ្វើការនៅអង្គការជំនួយមនុស្សធម៌។ អគ្គលេខាធិការរងអង្គការសហប្រជាជាតិ Amina Mohammed ដែលបានធ្វើដំណើរទៅកាន់ប្រទេសអាហ្វហ្គានីស្ថានកាលពីខែមករា ដើម្បីជួបជាមួយអាជ្ញាធរតាលីបង់ បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធថា បុគ្គលិកស្ត្រីអាហ្វហ្គានីស្ថានរបស់អង្គការសហប្រជាជាតិ នឹងបន្តទទួលបានប្រាក់ខែ ហើយនឹងមិនត្រូវបានជំនួសដោយបុរសឡើយ។លោក Mohammed បាននិយាយថា “តាមកំណត់ចំណាំផ្ទាល់ខ្លួន ខ្ញុំមានការហួសចិត្ត។ ខ្ញុំមានការព្រួយបារម្មណ៍យ៉ាងខ្លាំង។នៅក្នុងខែរ៉ាម៉ាដាន អ្វីដែលយើងទទួលបានពីពួកតាលីបង់ គឺជាការវាយប្រហារប្រឆាំងនឹងការបង្រៀន និងជំនឿរបស់សាសនាឥស្លាម” ។ លោក Mohammed បានអំពាវនាវដល់ម្ចាស់ជំនួយកុំឲ្យដកថយ។ អង្គការសហប្រជាជាតិបានធ្វើការអំពាវនាវស្វែងរកជំនួយចំនួន $៤.៦ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣សម្រាប់ប្រទេសអាហ្វហ្គានីស្ថាន។ អង្គការសហប្រជាជាតិថ្លែងថាជិតបីភាគបួននៃប្រជាជន៤០លាននាក់ត្រូវការជំនួយ។លោក Mohammed បាននិយាយថា៖ «ខ្ញុំសូមអង្វរពួកគេថា នេះគឺជាការសង្គ្រោះជីវិត និងការចិញ្ចឹមជីវិត៕