en     km
en     km

ក្រុមតាលីបង់ដាក់បម្រាមស្រ្តីអាហ្វហ្គានីស្ថានមិនឱ្យទៅបម្រើការឱ្យអង្គការសហប្រជាជាតិ

Share

កាលពីថ្ងៃអង្គារ ទី៣ ខែមេសា ឆ្នាំ២០២៣ អាជ្ញាធរតាលីបង់បានដាក់បម្រាមហាមមិនឱ្យស្រ្តីអាហ្វហ្គានីស្ថានទៅបម្រើការឱ្យស្ថាប័នអន្តរជាតិលំដាប់ពិភពលោក ដែលជ្រកកោននៅក្នុងប្រទេសអាហ្វហ្គានីស្ថានបន្តទៀតនោះទេ។ នេះបើយោងតាមសារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃពុធ ទី៥ ខែមេសា នេះ។
យ៉ាងណាមិញ បុគ្គលិកបម្រើការឱ្យអង្គការសហប្រជាជាតិមានចំនួនប្រហែល ៣,៣០០នាក់ ក្នុងនោះមានស្រ្តីចំនួន៤០០នាក់ ត្រូវបានផ្អាកមិនឱ្យទៅធ្វើការរយៈពេល ២ថ្ងៃហើយ បន្ទាប់ពីស្ថាប័នដាក់ការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការព្រមាន និងហាមឃាត់របស់អាជ្ញាធរ។
ដោយឡែក មកទល់នឹងពេលនេះ រដ្ឋបាលតាលីបង់ និងក្រសួងព័ត៌មានអាហ្វហ្គានីស្ថាន មិនបានឆ្លើយតប ចំពោះសំណើសុំការអត្ថាធិប្បាយនៅឡើយទេ។

អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងញូវយ៉កថា អាជ្ញាធរតាលីបង់បានបញ្ជាឱ្យមន្ត្រីអង្គការសហប្រជាជាតិប្រចាំអាហ្វហ្គានីស្ថាន បញ្ឈប់រាល់សកម្មភាពរបស់ស្រ្តី ដែលកំពុងបំពេញការងារនៅក្នុងអង្គការ។
លោកបានបន្តថា អង្គការសហប្រជាជាតិកំពុងពិនិត្យមើលពីផលប៉ះពាល់ ជាពិសេសលោកនឹងណាត់ជួបជាមួយមន្ត្រីក្រសួងការបរទេសអាហ្វហ្គានីស្ថាននៅទីក្រុងកាប៊ុល ដើម្បីស្វែងរកភាពការបញ្ជាក់បន្ថែមពីបញ្ហានេះ។

លោក Dujarric បានថា លោកទទួលដំណឹងពីប្រភពជាច្រើនដោយថា ការដាក់បម្រាមនេះអនុវត្តនៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន ហើយស្ថាប័នមួយចំនួនកំពុងបង្ហាញនូវការព្រួយបារម្ភជាខ្លាំង។ លោកបញ្ជាក់ថា អង្គការសហប្រជាជាតិត្រូវការចាំបាច់មានបុគ្គលិកជាស្រ្តី សម្រាប់ការផ្តល់ជំនួយសង្គ្រោះជីវិត។ តួយ៉ាង ប្រជាពលរដ្ឋប្រហែល ២៣ លាននាក់ កំពុងត្រូវការជំនួយមនុស្សធម៌៕

Share

ព័ត៌មានទាក់ទង

Image