គ្រោះរញ្ជួយដីកម្រិត ៦.៦រ៉ិចទ័រ បានវាយប្រហារនៅឆ្នេរសមុទ្រ Viga ភាគខាងកើតប្រទេសហ្វីលីពីន កាលពីថ្ងៃអង្គារទី៤ ខែមេសា ២០២៣ ដែលទីភ្នាក់ងាររញ្ជួយដីហ្វីលីពីន បានព្រមានអំពីការកើតមានរលកយក្សស៊ូណាមិ។
មជ្ឈមណ្ឌលរញ្ជួយដីអ៊ឺរ៉ុប(EMSC)បានប៉ាន់ប្រមាណថាចំណុចចាប់ផ្ដើមនៃការរញ្ជួយដីនេះគឺមានចម្ងាយប្រហែល១២០គីឡូម៉ែត្រភាគខាងកើតនៃទីក្រុង Viga ហើយមានជម្រៅ ៤៥ គីឡូម៉ែត្រ។ មជ្ឈមណ្ឌលEMSC បានបន្ថែមទៀតថាការរញ្ជួយដីដំបូងមានកម្រិត ៦.៣ រ៉ិចទ័រ។
វិទ្យាស្ថានភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីន បានជំរុញឱ្យប្រជាជនដែលរស់នៅក្បែរច្រាំងទន្លេដែលរងផលប៉ះពាល់ដោយការរញ្ជួយដី ត្រូវផ្លាស់ទីថយឱ្យឆ្ងាយពីកន្លែងកើតហេតុបន្ថែមទៀត ដោយបារម្ភថាពួកគេអាចរងនូវការបោកបក់ពីរលកសមុទ្រកម្ពស់ប្រហែល១ ម៉ែត្របន្ថែមលើរលកធម្មតា។ កម្ពស់រលកសមុទ្រនេះអាចខ្ពស់ជាងនៅក្នុងឈូងសមុទ្រ និងច្រកសមុទ្រទៅទៀត។
លោក Teresito Bacolcol មន្ត្រីទទួលបន្ទុកនៅទីភ្នាក់ងាររញ្ជួយដីហ្វីលីពីនបានប្រាប់វិទ្យុ DZMM ថា “ហេតុការនេះគឺនៅសមុទ្រ។ យើងសូមណែនាំដល់អ្នករាល់គ្នាឱ្យមានការប្រុងប្រយ័ត្នពីការរំខានដោយកម្រិតទឹកសមុទ្រ។
លោកBacolcol បានបន្ថែមថា “សូមសាធារណជនមានការប្រុងប្រយ័ត្នចំពោះរលកសមុទ្រមិនធម្មតា។ ប្រជាជនទាំងអស់ត្រូវនៅឱ្យឆ្ងាយពីឆ្នេរសមុទ្រ”។លោកបន្ថែមថា រហូតមកដល់ពេលនេះមិនទាន់មានរបាយការណ៍អំពីអ្នករងគ្រោះដល់ស្លាប់ ឬការខូចខាតនៅឡើយទេ៕