នៅថ្ងៃអង្គារ ទី៤ ខែមេសា ឆ្នាំ២០២៣នេះ ប្រធានសភាអាមេរិកបានបញ្ជាក់ថា លោកនឹងមានជំនួបមួយ ជាមួយនឹងប្រធានាធិបតីតៃវ៉ាន់នៅក្នុងសប្តាហ៍នេះ។ ទាក់ទងរឿងនេះ ប្រទេសចិនបានចេញមុខព្រមានប្រធានសភាអាមេរិក លោក Kevin McCarthy មិនឱ្យណាត់ជួបជាមួយប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen ឡើយ។(កញ្ញា កែវ សុជាតា រាយការណ៍)
តាមសារព័ត៌មាន BBC បានរាយការណ៍ថា ប្រធានសភាអាមេរិក លោក Kevin McCarthy នឹងជួបសំណេះសំណាលជាមួយប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen ក្នុងកិច្ចប្រជុំនៅរដ្ឋកាលីហ្វ័រញ៉ាដែលនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ទី៥ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ។ដោយឡែក តាមសារព័ត៌មាន Reuters ស្ថានកុងស៊ុលចិនប្រចាំនៅឡូសអេនជឺឡេស (Los Angeles) បានរាយការណ៍ថា ប្រធានាធិបតីតៃវ៉ាន់ហាក់លាក់បាំងពីក្រសែភ្នែកសកលលោកអំពីជំនួបជាមួយប្រធានសភាអាមេរិកនៅក្នុងដំណើរទស្សនកិច្ចការទូតទៅតាមបណ្តាប្រទេសសម្ព័ន្ធមិត្តនានា។
លោកបន្តថា លោកស្រី Tsai Ing-wen អះអាងថា ខ្លួនគ្រាន់តែឆ្លងកាត់សហរដ្ឋអាមេរិកប៉ុណ្ណោះ ក៏ប៉ុន្តែលោកយល់ថា លោកស្រីកំពុងចង់ផ្លាស់ប្តូរស្ថានភាពនយោបាយនៅក្នុងកោះតៃវ៉ាន់ក្រោមជំនួសរបស់សហរដ្ឋអាមេរិក ដើម្បីទប់ទល់នឹងប្រទេសចិនទៅវិញទេ។ទោះបីជាយ៉ាងនេះក្តី លោកបញ្ជាក់យ៉ាងច្បាស់ថា ទោះលោក McCarthy ជួបលោកស្រី Tsai ក្នុងរូបភាពណាក៏ដោយ ក៏វានៅតែប៉ះពាល់អារម្មណ៍របស់ប្រជាជនចិនដែរ។ ជាពិសេស ជំនួបនេះអាចផ្តល់សញ្ញាអ្វីម្យ៉ាងដល់កងកម្លាំងតៃវ៉ាន់ ហើយអាចប៉ះពាល់ដល់មូលដ្ឋានគ្រឹះនយោបាយនៃទំនាក់ទំនងរវាងប្រទេសចិន និងអាមេរិក។សូមរំលឹកថា ប្រទេសចិនធ្លាប់បានទាមទារដាក់កោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ដោយបានរៀបចំវិធីសាស្រ្ត និងល្បិចកលក្នុងឆាកសង្គ្រាមជុំវិញកោះ កាលពីខែសីហាឆ្នាំមុន ខណៈអតីតតំណាងសហរដ្ឋអាមេរិក លោកស្រី Nancy Pelosi បានទៅទស្សនានៅរដ្ឋធានីតៃប៉ិ។
យ៉ាងណាមិញ ស្ថានកុងស៊ុលចិនប្រចាំនៅឡូសអេនជឺឡេសបាននិយាយថា លោក McCarthy កំពុងតែព្រងើយកន្តើយនឹងកំហុសពីអតីតកាល។ លោកថា អាមេរិកច្បាស់ជានឹងសាងកំហុសច្រំដែល ដែលនឹងធ្វើឱ្យខូចទំនាក់ទំនងរវាងចិន និងអាមេរិកថែមមួយកម្រិតទៀត។ ស្ថានអគ្គកុងស៊ុលចិនបានបន្ថែមថា ប្រទេសចិននឹងតាមដានការអភិវឌ្ឍន៍យ៉ាងដិតដល់ និងការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួនយ៉ាងម៉ឺងម៉ាត់៕
ដោយឡែក ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារនេះ លោក Joseph Wu មន្រ្តីការបរទេសរតៃវ៉ាន់បាននិយាយថា ប្រទេសចិនមិនមានសិទ្ធិត្អូញត្អែរទេ ព្រោះថាសាធារណរដ្ឋប្រជាមានិតចិនមិនដែលគ្រប់គ្រងកោះនេះទេ ហើយការរិះគន់របស់ចិនចំពោះដំណើរទស្សនកិច្ចរបស់លោកស្រី Tsai បានក្លាយជារឿងមិនទំនងទាល់តែសោះ។ លោកបង្ហាញគោលជំហរថា ទោះបីជារដ្ឋាភិបាលផ្តាច់ការនៅតែបន្តពង្រីកអំណាច និងបន្តការដាក់សម្ពាធក៏ដោយ ក៏តៃវ៉ាន់នឹងមិនចុះចាញ់ដែរ៕