សេអ៊ូល៖ កាលពីថ្ងៃអង្គារទី២៨ មីនា ឆ្នាំ២០២៣ ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើង KCNA បាន បង្ហាញក្បាលគ្រាប់នុយក្លេអ៊ែរថ្មីដែលមានទំហំតូចជាងមុន ខណៈដែលមេដឹកនាំគីម ជុងអ៊ុន បានអំពាវនាវឱ្យបង្កើនការផលិតវត្ថុធាតុសម្រាប់កសាងអាវុធនុយក្លេអ៊ែរបន្ថែមទៀត។រាយការណ៍ដោយ….
KCNA បានចេញផ្សាយរូបភាពក្បាលគ្រាប់ដែលមានឈ្មោះថា Hwasan-31 ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក Kim ទៅកាន់វិទ្យាស្ថានអាវុធនុយក្លេអ៊ែរ ជាកន្លែងដែលលោកបានត្រួតពិនិត្យអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រថ្មី និងបច្ចេកវិទ្យាសម្រាប់ដំឡើងក្បាលគ្រាប់នៅលើមីស៊ីលផ្លោង ក៏ដូចជាផែនការប្រតិបត្តិការប្រឆាំងនុយក្លេអ៊ែរផងដែរ។
អ្នកជំនាញនិយាយថា រូបភាពទាំងនេះអាចបង្ហាញពីវឌ្ឍនភាពនៃក្បាលគ្រាប់ធុនតូចមានកម្លាំងខ្លាំង មានទំហំតូចល្មមអាចបំពាក់លើកាំជ្រួចផ្លោងអន្តរទ្វីបដែលមានសមត្ថភាពវាយប្រហារសហរដ្ឋអាមេរិកបាន។
លោក Kune Y.Suh សាស្ត្រាចារ្យទទួលបន្ទុកផ្នែកវិស្វកម្មនុយក្លេអ៊ែរនៅសាកលវិទ្យាល័យជាតិសេអ៊ូល បាននិយាយដោយប្រៀបធៀបក្បាលគ្រាប់ថ្មីទៅនឹងគ្រាប់ចាស់កាលពីឆ្នាំ ២០១៦ថា “វាមានថាមពលខ្លាំងជាង នោះជារឿងគួរឱ្យព្រួយបារម្ភ” ។
KCNA បានផ្សាយថា លោកគីម ជុងអ៊ុន បានបញ្ជាឱ្យផលិតវត្ថុធាតុដែលអាចផលិតអាវុធនុយក្លែអ៊ែរបាន ដើម្បីបង្កើនអាវុធនុយក្លេអ៊ែររបស់ខ្លួនឱ្យកាន់តែខ្លាំង “ឱ្យបានច្រើននិងឆាប់រហ័ស”។លោក គីម បាននិយាយថា សត្រូវដែលកងកម្លាំងនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើងត្រូវវាយប្រហារ មិនមែនជារដ្ឋ ឬក្រុមណាមួយជាក់លាក់នោះទេ គោលនយោបាយពង្រីកឃ្លាំងអាវុធរបស់ប្រទេសកូរ៉េខាងជើង គឺមានគោលបំណងតែមួយគត់ គឺដើម្បីការពារប្រទេសឱ្យមានសន្តិភាព និងស្ថិរភាពក្នុងតំបន់។
ប្រទេសកូរ៉េខាងជើងបាននិងកំពុងបង្កើនការសាកល្បងបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីកាលពីថ្ងៃចន្ទទី២៧ មីនា ២០២៣និងក្លែងធ្វើជាការវាយប្រហារនុយក្លេអ៊ែរកាលពីសប្តាហ៍មុនប្រឆាំងនឹងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែលខ្លួនបានចោទថាបានហាត់សមដើម្បីឈ្លានពានពួកគេ។
KCNA បានបានឱ្យដឹងបន្ថែមថា យោធាកូរ៉េខាងជើងបានក្លែងធ្វើដូចជាការប្រើអាវុធនុយក្លេអ៊ែរជាមួយនឹងមីស៊ីលផ្លោងយុទ្ធសាស្ត្រចំនួនពីរក្នុងអំឡុងពេលហ្វឹកហាត់កាលពីថ្ងៃច័ន្ទទី២៧ មីនា ២០២៣។ក្រុងព្យុងយ៉ាងបានចោទប្រកាន់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តថាបានបង្កភាពតានតឹង និងធ្វើសមយុទ្ធដើម្បីហាត់សមការឈ្លានពាន។
ការអត្ថាធិប្បាយនៅក្នុងសារព័ត៌មាន Rodong Sinmun ដែលជាប្រព័ន្ធផ្សព្វផ្សាយរបស់គណបក្សកាន់អំណាចកូរ៉េខាងជើង បាននិយាយថា សមយុទ្ធ ជាពិសេសពាក់ព័ន្ធនឹងនាវាផ្ទុកយន្តហោះ សំដៅលើ “ការប្រកាសសង្រ្គាមដោយបើកចំហ”និងការត្រៀមរៀបចំ”ការវាយប្រហារទុកជាមុន”ប្រឆាំងនឹងកូរ៉េខាងជើង។សមយុទ្ធយោធានៅតំបន់អាយ៉ងមិនត្រឹមតែជាសមយុទ្ធយោធាប៉ុណ្ណោះទេ ប៉ុន្តែជាសមយុទ្ធនុយក្លេអ៊ែរសម្រាប់ត្រៀមការវាយប្រហារទុកជាមុន យោងតាមជម្រើសនយោបាយ និងយោធារបស់អាមេរិកដើម្បីបង្កើនការប្រឈមមុខដាក់គ្នាជាមួយកូរ៉េខាងជើង ហើយទីបំផុតនាំឲ្យមានសង្គ្រាម»។