សកម្មជនអាហ្វហ្គានីស្ថានម្នាក់ត្រូវក្រុមតាលីបង់ចាប់ខ្លួន បន្ទាប់ពីបានយទាមទារសិទ្ធិទទួលបានការអបរំសម្រាប់ក្មេងស្រីនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
(កញ្ញា កែវ សុជាតា រាយការណ៍)
យោងតាមសារព័ត៌មាន BBC បានរាយកាណ៍ថា ក្រុមតាលីបង់បានចាប់ខ្លួន លោក Matiullah Wesa នៅក្នុងទីក្រុងកាប៊ុល (Kabul) ខណៈលោកកំពុងដើរចេញពីវិហារអ៊ីស្លាម កាលពីល្ងាចថ្ងៃច័ន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣។ ដោយឡែក ក្រុមតាលីបង់មិនបានបង្ហាញពីមូលហេតុនៃការចាប់ខ្លួនលោក Wesa នោះទ។
យ៉ាងណាមិញ តាមប្រភពដដែលបានឱ្យដឹងថា លោក Wesa ជាស្ថាបនិកគម្រោងយុទ្ធនាការការអប់រំរបស់កុមារី និងជាសកម្មជនអាហ្វហ្គានីស្ថានមួយរូប ដែលបានធ្វើដំណើរទៅតំបន់ដាច់ស្រយាលក្នុងប្រទេសអាហ្វហ្គានីស្ថាន ដើម្បីព្យាយាមកែលម្អលទ្ធភាពទទួលបានការអប់រំសម្រាប់កុមារទាំងអស់នៅទីនោះ។
ក្នុងនោះដែរ លោក Wesa បានចាប់ផ្តើមធ្វើយុទ្ធនាការទាមទារសិទ្ធិក្នុងការសិក្សាឱ្យកុមារីចាប់តាំងពីក្រុមតាលីបង់បានរារាំងការអប់រំស្ត្រីក្នុងឆ្នាំ២០២១មកម្ល៉េះ។ នៅមុនពេលចាប់ខ្លួន លោកបានសរសេរសារដោយភ្ជាប់ជាមួយរូបថតនៅលើបណ្តាសង្គម Twitter ថា នេះជារូបថតរបស់ស្ត្រីស្ម័គ្រចិត្តម្នាក់ ដែលព្យាយាមសុំសិទ្ធិអ៊ីស្លាមក្នុងការអប់រំកូនស្រី។
គួរបញ្ជាក់ថា ពួកតាលីបង់និយាយថា សាលារៀន និងសាកលវិទ្យាល័យ ត្រូវបានបិទជាបណ្តោះអាសន្នសម្រាប់ស្ត្រី និងក្មេងស្រី រហូតដល់ពេលវេលាសមស្របណាមួយ។ ស្របគ្នានេះដែរ ពួកតាលីបង់បានអនុម័តឱ្យស្ត្រីគួរស្លៀកពាក់បិទបាំងជិតខ្លួន ទុកតែភ្នែកប៉ុណ្ណោះ ជាពិសេសត្រូវមានបុរសដែលជាសាច់ញាតិដើរអម ប្រសិនបើស្រ្តីទាំងនេះធ្វើដំណើរចម្ងាយលើសពី ៧២ គីឡូម៉ែត្រ។
សូមរំលឹកថា សិទ្ធិស្ត្រីនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានកាត់បន្ថយជាបន្តបន្ទាប់ ចាប់តាំងពីក្រុមតាលីបង់បានវិលត្រឡប់មកកាន់អំណាចនៅឆ្នាំ២០២១ ក្រោយសហរដ្ឋអាមេរិកបានដកទ័ព។ ផ្ទុយទៅវិញ មានតែក្មេងប្រុស និងគ្រូបង្រៀនបុរសប៉ុណ្ណោះ ដែលអនុញ្ញាតឱ្យចូលរៀននៅអនុវិទ្យាល័យ នៅពេលសាលារៀនបើកដំណើរការឡើងវិញក្នុងខែកញ្ញា ឆ្នាំ២០២១។ លើសពីនេះ ក្រុមតាលីបង់បានរារាំងស្ត្រីមិនឱ្យបំពេញការងារមនុស្សធម៌របស់ក្រុមជំនួយបរទេសផងដែរ៕