យោងតាម BBC នៅថ្ងៃទី២៨ មីនា ២០២៣ ក្រសួងការពារជាតិអាល្លឺម៉ង់បានថ្លែងថារថក្រោះខ្លារខិន(Leopard 2)បានដឹកជញ្ជូនជាលើកដំបូងពីប្រទេសអាល្លឺម៉ង់ទៅអ៊ុយក្រែនហើយ។រថក្រោះប្រយុទ្ធដ៏មានសក្ដានុពលចំនួន ១៨គ្រឿង ត្រូវបានបញ្ជូនទៅឱ្យអ៊ុយក្រែន បន្ទាប់ពីបុគ្គលិកអ៊ុយក្រែនបានបញ្ចប់ការបណ្តុះបណ្តាលជំនាញប្រើប្រាស់រថក្រោះនេះ។
រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់លោក Boris Pistorius បាននិយាយថា លោកជឿជាក់ថារថក្រោះទាំងនេះអាច “រួមចំណែកយ៉ាងមានប្រសិទ្ធភាព” នៅសមរភូមិជួរមុខនៃសង្គ្រាម។ជាមួយគ្នានេះ រថក្រោះម៉ាក Challenger 2 របស់ចក្រភពអង់គ្លេសក៏បានទៅដល់អុយក្រែនផងដែរ នេះបើយោងតាមរបាយការណ៍ពីអ៊ុយក្រែន។អ៊ុយក្រែនបាននឹងកំពុងអំពាវនាវស្នើសុំរថក្រោះ យានយន្តយោធា និងប្រព័ន្ធសព្វាវុធទំនើបបន្ថែមទៀត ដើម្បីគាំទ្រការប្រយុទ្ធនឹងការឈ្លានពានរបស់រុស្ស៊ី។
រដ្ឋាភិបាលអ៊ុយក្រែនមិនទាន់ធ្វើអត្ថាធិប្បាយពីការមកដល់នៃរថក្រោះ Leopard 2ទាំងនោះនៅឡើយទេ ប៉ុន្តែបានបញ្ជាក់ថារថក្រោះ Challenger 2 ដែលផលិតនៅចក្រភពអង់គ្លេសមកបានមកដល់អុយក្រែនហើយ។
រថក្រោះLeopard 2ប្រហែល ២០០០គ្រឿងផលិតដោយប្រទេសសម្ព័ន្ធមិត្តណាតូ និងកំពុងប្រើប្រាស់ក្នុងបណ្តាប្រទេសនៅអឺរ៉ុប។ប្រទេសអាល្លឺម៉ង់បានយល់ព្រមផ្គត់ផ្គង់រថក្រោះដល់អ៊ុយក្រែនតាំងពីខែមករា ដែលដំបូងឡើយអាល្លឺម៉ង់មានការស្ទាក់ស្ទើរក្នុងការផ្ដល់រថក្រោះប្រភេទនេះឱ្យអុយក្រែន។
រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បាននិយាយថា រថក្រោះខ្លារខិន “បានប្រគល់ទៅដល់ដៃមិត្តអ៊ុយក្រែនរបស់យើងទាន់ពេលវេលា ដូចដែលបានសន្យា “។មុនបញ្ជូនរថក្រោះនេះទៅឱ្យអុយក្រែន កងទ័ពអាល្លឺម៉ង់បានបណ្តុះបណ្តាលទាហ៊ានរថក្រោះអ៊ុយក្រែនឱ្យចេះប្រើប្រភេទរថក្រោះ Leopard 2 ក្នុងរយៈពេលជាច្រើនសប្តាហ៍។
រថក្រោះ Leopard 2 ត្រូវបានរចនាឡើងជាពិសេសដើម្បីតទល់ជាមួយរថក្រោះប្រយុទ្ធ T-90 របស់រុស្ស៊ី ហើយត្រូវបានគេចាត់ទុកថាមានភាពងាយស្រួលក្នុងការថែទាំ និងសន្សំសំចៃប្រេងជាងរថក្រោះប្រទេសលោកខាងលិចដទៃទៀត។
ក្រៅពីរថក្រោះ Leopard 2 ប្រទេសអាល្លឺម៉ង់ក៏បានបញ្ជូនយានយន្តសម្រាប់ដឹកជញ្ជូនរថក្រោះ២គ្រឿងនិងរថពាសដែក៤០គ្រឿងផ្សេងទៀតសម្រាប់កងទ័ពថ្មើរជើងប្រយុទ្ធផងដែរ។
ស្របពេលជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការពារជាតិអុយក្រែនលោកស្រី Iryna Zolotar បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFPថារថក្រោះ Challenger 2 មកពីចក្រភពអង់គ្លេសបាន “ស្ថិតនៅក្នុងប្រទេសអ៊ុយក្រែនរួចហើយ” ។
រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែនលោក Oleksii Reznikov បានបង្ហោះរូបភាពរថក្រោះ Challenger 2 នៅលើទំព័រ Facebook របស់លោកនិងបានពណ៌នាថារថក្រោះអង់គ្លេសជាស្នាដៃសិល្បៈយោធា។
ទោះយ៉ាងណាក្រសួងការពារជាតិអង់គ្លេសបានបដិសេធមិនធ្វើអត្ថាធិប្បាយលើរឿងនេះទេ ប៉ុន្តែមុននេះបានបញ្ជាក់ថា ទាហ៊ានរថក្រោះអ៊ុយក្រែនដែលបានហ្វឹកហ្វឺននៅអង់គ្លេសបានត្រលប់មកផ្ទះវិញហើយ បន្ទាប់ពីបានបញ្ចប់ការហ្វឹកហាត់៕