en     km
en     km

ស្ត្រីកែភេទមិនត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាលំដាប់ពិភពលោកសម្រាប់ផ្នែកកីឡានារី

Share

ប្រធានកីឡាពិភពលោកបានរាយការណ៍ថា កីឡាពិភពលោកដាក់បំរាមហាមឃាត់ស្ត្រីកែភេទមិនឱ្យចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិខាងផ្នែកកីឡាសម្រាប់អត្តពលិកនារី។

បើតាមសារព័ត៌មាន BBC ប្រធានកីឡាពិភពលោក លោក Sebastian Coe បាននិយាយថា កីឡាពិភពលោកនឹងអនុម័តជាធរមាននូវច្បាប់ហាមឃាត់អ្នកកែភេទមិនឱ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាលំដាប់ថា្នក់អន្តរជាតិក្នុងផ្នែកកីឡានារី ដោយគិតចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះតទៅ។

លោកបានបញ្ជាក់ផងដែរថា ការសម្រេចចិត្តនេះនឹងមានភាពចម្រូងចម្រាស ក៏ប៉ុន្តែលោកថា ការដឹកនាំរបស់លោកមានគោលការណ៍ទូទៅច្បាស់លាស់ ភាពសុក្រឹតនិងយុត្តិធម៌ ក៏ដូចជាការសង្កតធ្ងន់លើកម្លាំងកាយសម្បទានរបស់អត្តពលិកស្រ្តីនិងបុរស។

យ៉ាងណាមិញ លោក Coe នឹងបង្កើតក្រុមការងារ ដើម្បីពិគ្រោះយោបល់ជាមួយអត្តពលិកកែភេទ និងពិនិត្យមើលការស្រាវជ្រាវថ្មីៗដែលលេចចេញជាបន្តបន្ទាប់។ លោកបាននិយាយថា ពួកលោកមិនហាមប្រាមស្រ្តីកែភេទមិនឱ្យចូលរួមប្រកួតជារៀងរហូតនោះទេ។

ដោយឡែក នៅមុនពេលដាក់ចេញឱ្យអនុវត្តច្បាប់ថ្មីនេះ កីឡាភាគច្រើនបានអនុញ្ញាតឱ្យស្ត្រីកែភេទចូលរួមប្រកួតប្រជែង ប្រសិនបើពួកគេបន្ថយអ័រម៉ូនតេស្តូស្តេរ៉ូនដល់អតិបរមា ៥ ណាណូម៉ូលក្នុងមួយលីត្រ (5nmol/L) សម្រាប់រយៈពេល ១២ ខែមុនការប្រកួត។

ទោះបីជាយ៉ាងណាក៏ដោយ វិទ្យាសាស្រ្តបានបង្ហាញថា ស្ត្រីកែភេទរក្សាបាននូវគុណប្រយោជន៍ជាច្រើននៅក្នុងកាយសម្បទាន ពោលគឺការស៊ូទ្រាំ ថាមពល និងសមត្ថភាពប្រើប្រាស់ដង្ហើមពីសួត សូម្បីតែបន្ទាប់ពីការទប់ស្កាត់ការឡើងកម្រិតនៃអ័រម៉ូនតេស្តូស្តេរ៉ូនក៏ដោយ។

យោងតាមក្របខណ្ឌរបស់ IOC ស្តីពីអត្តពលិកកែភេទចេញផ្សាយកាលពីឆ្នាំ២០២១ បានឱ្យដឹងថា គ្មានស្ថាប័នណាមួយគួរសន្មត់ពីសមត្ថភាពរបស់អត្តពលិកកែភេទថាជារឿងអយុត្តិធម៌ដោយស្វ័យប្រវត្តិក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិខាងផ្នែកកីឡានារីនោះទេ។ ប៉ុន្តែសហព័ន្ធកីឡាគួរទទួលខុសត្រូវ និងកំណត់លក្ខណៈវិនិច្ឆ័យសិទ្ធិដែលស្រ្តីកែភេទគួរទទួលបានក្នុងដែនជាក់លាក់ណាមួយ៕

 

ប្រភព៖ BBC ចុះថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០២៣

Share

Image
Image
Image