មេដឹកនាំបក្សប្រឆាំងឥណ្ឌាលោក Rahul Gandhi ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំក្នុងសំណុំរឿងឧក្រិដ្ឋកម្ម បរិហារកេរ្តិ៍។លោក Gandhi ត្រូវបានកាត់ទោសដោយតុលាការប្រចាំរដ្ឋ Gujarat ដោយសារលោកបាននិយាយជាសាធារណៈអំពីត្រកូលនាយករដ្ឋមន្ត្រី Narendra Modi អំឡុងយុទ្ធនាការបោះឆ្នោតនៅឆ្នាំ ២០១៩។លោកGandhi មិនបានជាប់គុកភ្លាមៗទេ លោកត្រូវបានតុលាការសម្រេចឱ្យនៅក្រៅឃុំ ហើយអាចប្តឹងឧទ្ធរណ៍
រយៈពេល ៣០ ថ្ងៃ ប្រឆាំងនឹងការផ្តន្ទាទោសនេះ។
ថ្លែងនៅពិធីជួបជុំយុទ្ធនាការបោះឆ្នោតនៅរដ្ឋ Karnataka កាលពីខែមេសា ឆ្នាំ ២០១៩ មុនពេលការបោះឆ្នោតសកល លោកGandhi បានថ្លែងថា “ហេតុអ្វីបានជាចោរទាំងអស់សុទ្ធតែមាននាមត្រកូលថា Modi?ដូចជា Nirav Modi, Lalit Modi, Narendra Modi” ។
Nirav Modi គឺជាមហាសេដ្ឋីពេជ្រឥណ្ឌាដែលរត់គេចខ្លួន ខណៈដែល Lalit Modi គឺជាអតីតប្រធានក្រុម កីឡាគ្រីឃីត Indian Premier League ដែលត្រូវបានហាមឃាត់ពេញមួយជីវិតដោយក្រុមប្រឹក្សាកីឡាគ្រីឃីតរបស់ប្រទេសឥណ្ឌា។
ករណីនេះត្រូវបានប្តឹងដោយលោក Purnesh Modi ជាសមាជិកសភាមកពីគណបក្ស Bharatiya Janata ដែលកំពុងគ្រប់គ្រងប្រទេសឥណ្ឌា។លោកបាននិយាយថា ការលើកឡើងរបស់លោក Gandhi បានបង្ខូចកេរ្តិ៍ឈ្មោះអ្នកមាននាមត្រកូល Modi ទាំងអស់។
គណបក្ស Congress បានសរសេរលើ Twitter ថា លោក Gandhi នឹងដាក់ពាក្យបណ្តឹងឧទ្ធរណ៍ ហើយ«យើងនឹងតស៊ូនិងឈ្នះ»។
លោក Gandhi មិនទាន់បានធ្វើអត្ថាធិប្បាយជាសាធារណៈនៅឡើយទេ ប៉ុន្តែបានបង្ហោះសារជាភាសាហិណ្ឌីដោយដកស្រង់សម្ដីលោក Mahatma Gandhi ថា “សាសនារបស់ខ្ញុំគឺផ្អែកលើការពិត និងអហឹង្សា។ សេចក្តីពិតគឺជាព្រះរបស់ខ្ញុំ ហើយអហឹង្សាគឺជាមធ្យោបាយដើម្បីទទួលបានវា”។
មេធាវីរបស់ Gandhiគឺលោក Kirit Panwala បានប្រាប់ BBC Gujarati ថា លោក Gandhi បានប្រាប់ចៅក្រមថាលោក Gandhi បានធ្វើសុន្ទរកថា “ដើម្បីលទ្ធិប្រជាធិបតេយ្យ” ។លោកក៏បានថ្លែងការពារខ្លួនលោក Gandhi ដោយផ្អែកលើ ៤ ចំណុច៖ «ទីមួយ លោក គន្ធី មិនមែនជាអ្នករស់នៅរដ្ឋ Gujarat ទេ ដូច្នេះមុននឹងមានការប្តឹងផ្តល់លោក គួរតែមានការស៊ើបអង្កេតឱ្យច្បាស់លាស់។ ទី២ មិនមានសហគមន៍មាននាមត្រកូលឈ្មោះ Modi ទេ។ ទី៣. គ្មានជាប់ពាក់ព័ន្ធនឹងក្រុមមនុស្សដែលមាននាមត្រកូលModiទេ ហើយចុងក្រោយគឺលោកគ្មានចេតនាអាក្រក់នៅពីក្រោយការថ្លែងសុន្ទរកថារបស់លោកទេ»។
ច្បាប់ព្រហ្មទណ្ឌបរិហារកេរ្តិ៍ របស់ប្រទេសឥណ្ឌា គឺជាច្បាប់សម័យអង់គ្លេសដែលអាចផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់២ឆ្នាំ ឬពិន័យជាប្រាក់ ឬទោសទាំងពីរ។
អ្នកតស៊ូមតិខាងសេរីភាពបញ្ចេញមតិបានបដិសេធជាញឹកញាប់ថាច្បាប់នេះមានចារិកលក្ខណៈផ្ទុយនឹងគោលការណ៍សេរីភាព ហើយត្រូវបានអ្នកនយោបាយប្រើប្រាស់ដើម្បីបំបិទមាត់អ្នករិះគន់។
កាលពីឆ្នាំ ២០១៦ អ្នកនយោបាយឥណ្ឌាមួយចំនួន រួមទាំងលោក Gandhi បានដាក់ពាក្យប្តឹងជំទាស់នឹងច្បាប់បទបរិហារកេរ្តិ៍។ ប៉ុន្តែតុលាការកំពូលរបស់ប្រទេសឥណ្ឌាបានរក្សាសុពលភាពនៃច្បាប់នេះដោយនិយាយថា «សិទ្ធិក្នុងការបញ្ចេញមតិដោយសេរីមិនមែនមានន័យថាពលរដ្ឋអាចបង្ខូចកេរ្តិ៍ឈ្មោះអ្នកដទៃនោះឡើយ»។
ប្រភព៖ BBC ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣