en     km
en     km

មេដឹកនាំសភាឥណ្ឌាRAHUL GANDHIត្រូវបានកាត់ទោសឱ្យជាប់គុកពីបទចោទថាត្រកូល MODI ជា “ចោរ”

Share

មេដឹកនាំបក្សប្រឆាំងឥណ្ឌាលោក Rahul Gandhi ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំក្នុងសំណុំរឿងឧក្រិដ្ឋកម្ម បរិហារកេរ្តិ៍។លោក Gandhi ត្រូវបានកាត់ទោសដោយតុលាការប្រចាំរដ្ឋ Gujarat ដោយសារលោកបាននិយាយជាសាធារណៈអំពីត្រកូលនាយករដ្ឋមន្ត្រី Narendra Modi អំឡុងយុទ្ធនាការបោះឆ្នោតនៅឆ្នាំ ២០១៩។លោក​Gandhi មិនបានជាប់គុកភ្លាមៗទេ លោកត្រូវបានតុលាការសម្រេចឱ្យនៅក្រៅឃុំ ហើយអាចប្តឹងឧទ្ធរណ៍

រយៈពេល ៣០ ថ្ងៃ​ ប្រឆាំងនឹងការផ្តន្ទាទោសនេះ។

ថ្លែងនៅពិធីជួបជុំយុទ្ធនាការបោះឆ្នោតនៅរដ្ឋ Karnataka កាលពីខែមេសា ឆ្នាំ ២០១៩ មុនពេលការបោះឆ្នោតសកល លោកGandhi បានថ្លែងថា “ហេតុអ្វីបានជាចោរទាំងអស់សុទ្ធតែមាននាមត្រកូលថា Modi​?ដូចជា Nirav Modi, Lalit Modi, Narendra Modi” ។

Nirav Modi គឺជាមហាសេដ្ឋីពេជ្រឥណ្ឌាដែលរត់គេចខ្លួន ខណៈដែល Lalit Modi គឺជាអតីតប្រធានក្រុម កីឡាគ្រីឃីត Indian Premier League ដែលត្រូវបានហាមឃាត់ពេញមួយជីវិតដោយក្រុមប្រឹក្សាកីឡាគ្រីឃីតរបស់ប្រទេសឥណ្ឌា។

ករណីនេះត្រូវបានប្តឹងដោយលោក Purnesh Modi ជាសមាជិកសភាមកពីគណបក្ស Bharatiya Janata ដែលកំពុងគ្រប់គ្រងប្រទេសឥណ្ឌា។លោកបាននិយាយថា ការលើកឡើងរបស់លោក Gandhi បានបង្ខូចកេរ្តិ៍ឈ្មោះអ្នកមាននាមត្រកូល Modi ទាំងអស់។

គណបក្ស​ Congress ​បាន​សរសេរ​លើ Twitter ថា លោក Gandhi នឹង​ដាក់​ពាក្យ​បណ្តឹង​ឧទ្ធរណ៍ ហើយ​«យើង​នឹង​តស៊ូ​និង​ឈ្នះ»។

លោក Gandhi មិនទាន់បានធ្វើអត្ថាធិប្បាយជាសាធារណៈនៅឡើយទេ ប៉ុន្តែបានបង្ហោះសារជាភាសាហិណ្ឌីដោយដកស្រង់សម្ដីលោក Mahatma Gandhi ថា “សាសនារបស់ខ្ញុំគឺផ្អែកលើការពិត និងអហឹង្សា។ សេចក្តីពិតគឺជាព្រះរបស់ខ្ញុំ ហើយអហឹង្សាគឺជាមធ្យោបាយដើម្បីទទួលបានវា”។

មេធាវីរបស់ Gandhiគឺលោក Kirit Panwala បានប្រាប់ BBC Gujarati ថា លោក Gandhi បានប្រាប់ចៅក្រមថាលោក Gandhi បានធ្វើសុន្ទរកថា “ដើម្បីលទ្ធិប្រជាធិបតេយ្យ” ។លោកក៏បានថ្លែងការពារខ្លួនលោក Gandhi ដោយផ្អែកលើ ៤ ចំណុច៖ «ទីមួយ លោក គន្ធី មិនមែនជាអ្នករស់នៅរដ្ឋ Gujarat ទេ ដូច្នេះមុននឹងមានការប្តឹងផ្តល់លោក គួរតែមានការស៊ើបអង្កេតឱ្យច្បាស់លាស់។ ទី២ មិនមានសហគមន៍មាននាមត្រកូលឈ្មោះ Modi ទេ។ ទី៣. គ្មានជាប់ពាក់ព័ន្ធនឹង​ក្រុម​មនុស្ស​ដែល​មាននាមត្រកូល​Modi​ទេ ហើយ​ចុងក្រោយ​គឺលោក​គ្មាន​ចេតនា​អាក្រក់​នៅ​ពីក្រោយការថ្លែង​សុន្ទរកថា​របស់​លោកទេ»។

ច្បាប់​​ព្រហ្មទណ្ឌបរិហារកេរ្តិ៍ ​របស់​ប្រទេស​ឥណ្ឌា គឺជា​ច្បាប់​សម័យ​អង់គ្លេស​ដែល​អាច​ផ្តន្ទាទោស​ដាក់​ពន្ធនាគាររហូតដល់​២​ឆ្នាំ ឬ​ពិន័យ​ជា​ប្រាក់ ឬ​ទោសទាំងពីរ​។

អ្នក​តស៊ូ​មតិ​ខាង​សេរីភាពបញ្ចេញមតិ​បាន​បដិសេធជា​ញឹក​ញាប់​ថា​ច្បាប់នេះមានចារិកលក្ខណៈ​ផ្ទុយ​នឹង​គោលការណ៍​សេរីភាព ហើយ​​ត្រូវ​បាន​អ្នក​នយោបាយ​ប្រើប្រាស់​ដើម្បី​បំបិទ​មាត់​អ្នក​រិះគន់​។

កាលពីឆ្នាំ ២០១៦ អ្នកនយោបាយឥណ្ឌាមួយចំនួន រួមទាំងលោក Gandhi បានដាក់ពាក្យប្តឹងជំទាស់នឹងច្បាប់បទបរិហារកេរ្តិ៍។ ប៉ុន្តែ​តុលាការ​កំពូល​របស់​ប្រទេស​ឥណ្ឌា​បាន​រក្សា​សុពលភាព​នៃ​ច្បាប់​នេះ​ដោយ​និយាយ​ថា «សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​ដោយ​សេរី​មិន​មែនមាន​ន័យ​ថា​ពលរដ្ឋ​អាច​បង្ខូច​កេរ្តិ៍ឈ្មោះ​អ្នក​ដទៃ​នោះ​ឡើយ»។

ប្រភព៖ BBC ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣

Share

Image
Image
Image