
ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា គ្រោងនឹងប្តឹងទាមទារសំណងជំងឺចិត្តពីលោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិអន្តរជាតិ នូវទឹកប្រាក់ចំនួន ៥០០ លានរៀល ស្មើនឹងជាង ១២ ម៉ឺន ដុល្លារ ករណីលោកឧបនាយករដ្ឋមន្ត្រី ចោទប្រកាន់ថា នៅក្នុងគណបក្សលោកមានក្រុមភេរវកម្ម។
ការប្រកាសជាសាធារណៈរបស់ប្រធានគណបក្សអំណាចខ្មែរ គ្រោងប្តឹងលោក ហោ ណាំហុង នេះ ត្រូវបានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៥ នេះនៅទីស្នាក់ការបក្សរបស់ខ្លួន ស្ថិតក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោក សួន សេរីរដ្ឋា គ្រោងនឹងដាក់ពាក្យប្តឹង លោក ហោ ណាំហុង ទៅសាលាដំបូងរាជធានីភ្នំពេញ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង នៅថ្ងៃចន្ទ ទី២១ ធ្នូ ខាងមុខនេះ។
លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរបានឱ្យដឹងក្នុងសន្និសីទសារព័ត៌មានព្រឹកមិញនេះថា លោកគ្រោងនឹងដាក់ពាក្យប្តឹង លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការបរទេស បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការបរទេសរូបនេះ បានលើកឡើងកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥ កន្លងទៅថា សមាជិកគណបក្សអំណាចខ្មែរបានធ្វើអំពើភេវកម្មនៅកម្ពុជា។
លោក សួន សេរីរដ្ឋា បានបន្ថែមថា នៅក្នុងពាក្យបណ្តឹងនោះ លោកបានទាមទារសំណង់ចំនួន ៥០០ លានរៀល ស្មើនឹងប្រមាណ ១២ម៉ឺន ៥ពាន់ដុល្លារអាមេរិក ដោយថវិកាទាំងនោះ លោកនឹងបង្វែប្រាក់ទាំងអស់នេះ ទៅឱ្យមន្ទីរពេទ្យគន្ធបុប្ផា។
លោក សួន សេរីរដ្ឋា និយាយថា៖ «ខ្ញុំសូមជម្រាបថា ក្រៅពីទាមទារឱ្យកាត់ទោសតាមមាត្រាច្បាប់ ខ្ញុំបាទ ទាមទារសំណងជំងឺចិត្តចំនួន ៥០០ លានរៀល ហើយប្រាក់ជំងឺចិត្តចំនួន ៥០០ លានរៀល ខ្ញុំអត់យកទេ ក្នុងករណីឈ្នះក្តីដោយយុត្តិធម៌ ខ្ញុំប្រគល់ប្រាក់ពីការឈ្នះក្តីនេះ ឱ្យទៅមន្ទីរពេទ្យគន្ធបុប្ផាសម្រាប់ប្រើប្រាស់»។

ជុំវិញពាក្យប្តឹងនេះ វិទ្យុស្ត្រី FM 102 នៃ WMC មិនអាចសុំការអត្ថាធិប្បាយបន្ថែមពី លោក ការ សាវុត្ថ មេធាវីផ្ទាល់របស់ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាននោះទេ នៅរសៀលថ្ងៃសុក្រនេះ ដោយលោកកំពុងជាប់រវល់ប្រជុំ។
បើយោងតាមសារព័ត៌មាន Fresh News បានចុះផ្សាយនាពេលថ្មីនេះបានឱ្យដឹងថា ការចេញលិខិតរបស់ លោក ការ សាវុត្ថ មេធាវីផ្ទាល់របស់លោកឧបនាយករដ្ឋមន្ត្រីក្រសួងការបរទេស គឺលោកចង់បញ្ជាក់ថា លោក ហោ ណាំហុង មិនបាននិយាយបរិហារកេរ្តិ៍គណបក្សអំណាចខ្មែរនោះទេ គឺលោកគ្រាន់តែនិយាយទៅតាមសេចក្តីសម្រេចរបស់តុលាការប៉ុណ្ណោះ។
ទាក់ទងបញ្ហានេះដែរ លោក នី ចរិយា មន្ត្រីជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្ស អាដហុកបាន ឱ្យដឹងថា ការគ្រោងដាក់ពាក្យប្តឹងលោកឧបនាយករដ្ឋមន្ត្រីក្រសួងការបរទេស គឺជាសិទ្ធិសេរីភាព របស់ប្រធានគណបក្សអំណាចខ្មែរ ដើម្បីស្វែងរកយុត្តិធម៌ជុំវិញរឿងបរិហាកេរិ៍្តនេះ។ ចំពោះមន្ត្រីជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុករូបនេះ មិនសូវមានជំនឿនោះទេ ថានឹងអាចទទួលបានយុត្តិធម៌ ព្រោះប្រព័ន្ធយុត្តិធម៌នៅកម្ពុជា មិនទាន់ឯករាជ្យពេញលេញនៅឡើយ។
លោក នី ចរិយា មានប្រសាសន៍ថា៖ «ខ្ញុំថា អាហ្នឹងជាសិទ្ធិសេរីភាពរបស់គាត់ទេ ការប្តឹង តែយើងគួរតែគិតមើលពីតុលាការវិញថា តើតុលាការពិតជាមានការចាត់វិធានការទៅតាមផ្លូវច្បាប់ដោយមិនលម្អៀងឬទេ? នេះជាចំណុចសំខាន់»។
បើតាមលោក សួន សេរីរដ្ឋា បានបញ្ជាក់ថា ប្រសិនបើលោក ហោ ណាំហុង ចេញសេចក្តីថ្លែងការណ៍បំភ្លឺជាសាធារណៈ ជុំវិញការអត្ថាធិប្បាយ កាលពីថ្ងៃទី៧ ធ្នូ ឆ្នាំ ២០១៥ កន្លងមកនោះ គណបក្សអំណាចខ្មែរ នឹងមិនដាក់ពាក្យប្តឹងនោះទេ៕