en     km
en     km

សង្គម​ស៊ី​វិល​ថា​កម្មវិធី​សិក្សា​អំពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​មិន​មាន​ប្រសិទ្ធភាព​

Share

រូបតំណាង
រូបតំណាង

ក្រោយ​ពេល​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​ចេញ​ប្រកាស​មួយ​ថា​ ក្រសួង​នឹង​ដាក់​បញ្ចូល​កម្មវិធី​សិក្សា​ប្រឆាំង​អំពើ​ពុក​រលួយ​សម្រាប់​ថ្នាក់​អនុ​វិទ្យាល័យ​នៅ​ដើមឆ្នាំ​ថ្មី​នេះ​ មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​ថា​ យុទ្ធសាស្ត្រ​នេះ​មិន​មាន​ប្រសិទ្ធភាព​ទេ​ បើ​ប្រាក់បៀវត្ស​គ្រូ​នៅ​ក្នុង​ស្ថានភាព​ដូច​បច្ចុប្បន្ន​នេះ​។​
​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ព័ត៌មាន​នេះ​៖​

​មន្ដ្រី​អង្គការ​សង្គម​ស៊ី​វិល​លើក​ឡើង​ថា​ ការ​បញ្ចូល​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ ទៅ​ក្នុង​កម្មវិធី​សិក្សា​ថ្មី​នា​ពេល​ខាង​មុន​នេះ​ គឺ​មិន​អាច​ទប់​ស្ដាប់​ការ​ប្រព្រឹត្ដ​អំពើ​ពុក​រលួយ​ក្នុង​គ្រឹះស្ថានសិក្សា​បាន​ទេ​បើសិន​ប្រាក់បៀវត្ស​គ្រូបង្រៀន​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដូច​បច្ចុប្បន្ន​។​

​ការ​លើក​ឡើង​របស់​មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​នេះ​ ធ្វើ​ឡើង​ក្រោយ​ពី​ក្រសួង​អប់រំ​មាន​គម្រោង​បញ្ចូល​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ទៅ​ក្នុង​កម្មវិធី​សិក្សា​នៅ​ឆ្នាំ​២០១៦​ខាង​មុខ​។​

អ្នកស្រី អ៊ុក ឆាយ៉ាវី
អ្នកស្រី
អ៊ុក ឆាយ៉ាវី

​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ អ្នកស្រី​ អ៊ុ​ក​ ឆា​យ៉ា​វី​ បាន​មាន​ប្រសាសន៍​ ជាមួយ​វិទ្យុ​ស្រី្ដ​ FM​ 102​ នៃ​ WMC​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​១៧​ ខែធ្នូ​ ឆ្នាំ​២០១៥​ នេះ​ថា​ ការ​ដាក់​បញ្ចូល​កម្មវិធី​សិក្សា​ថ្មី​ ដែល​ទាក់ទង​នឹង​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​នេះ​ គឺ​មិន​អាច​កាត់​បន្ថយ​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​នៅ​ក្នុង​ស្ថាប័នរដ្ឋ​បាន​នោះ​ទេ​។​

អ្នកស្រី​បន្ថែម​ថា​៖​ «​តាម​ពិត​ទៅ​ការ​ដាក់​បញ្ចូល​វិញ្ញាសា​កម្ចាត់​អំពើ​ពុក​រលួយ​ដល់​សិស្ស​ថ្នាក់​ទី​ ៧​ ទី​៨​ និង​ទី​៩​ រៀន​នេះ​ ខ្ញុំ​គិត​ថា​ក្រសួង​ ឬ​ក៏​សមត្ថកិច្ច​ ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ មិន​ព្រម​កំណែទម្រង់​ខ្លួនឯង​កុំឱ្យ​មាន​អំពើ​ពុក​រលួយ​ទេ​ គឺ​ការ​ដាក់​ទៅ​ឲ្យ​សិស្សានុសិស្ស​រៀន​ គឺ​គ្មាន​ប្រយោជន៍​អ្វី​ទាំងអស់​»​។​

អ្នកស្រី​បាន​បញ្ជាក់​ទៀត​ថា​ ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ នៅ​តែ​កើត​មាននៅ​ក្នុង​គ្រឹះស្ថានសិក្សា​ បើសិន​រាជរដ្ឋាភិបាល​ មិន​គិតគូរ​ដំឡើង​ប្រាក់បៀវត្ស​ដល់​លោកគ្រូ​អ្នកគ្រូ​ ឱ្យ​បាន​សមរម្យ​ជាង​នេះនោះ​ទេ​។​

​អ្នកស្រី​ បាន​លើក​បន្ដ​ថា​៖​ «​ គឺ​សុំ​ឱ្យ​រដ្ឋាភិបាល​ក៏​ដូច​ជា​ក្រសួង​អប់រំ​ យកចិត្ដទុកដាក់​ទៅ​លើ​ជីវភាព​លោកគ្រូ​អ្នកគ្រូ​យើង​នេះ​ គឺជា​ការ​ប្រសើ​ជាង​ការ​ដាក់​បញ្ចូល​អំពើ​ពុក​រលួយ​ដល់​សិស្សានុស្សិស្ស​យើង​សិក្សា​ទៅ​ទៀត​»​។​

លោក ព្រាប កុល
លោក ព្រាប កុល

ជាមួយ​គ្នា​នេះ​ នាយក​ប្រតិបត្ដិ​អង្គការ​តម្លាភាព​កម្ពុជា​ លោក​ ព្រាប​ កុ​ល​ យល់​ឃើញ​ថា​ការ​ ការ​ដាក់​បញ្ចូល​មុខ​វិជ្ជា​សិក្សា​ប្រឆាំង​អំពើ​ពុក​រលួយ​ក្នុង​កម្មវិធី​សិក្សា​នា​ពេល​ខាង​មុខ​នេះ​គឺ​ ជា​ការ​ល្អ​ព្រោះ​វា​អាច​បណ្ដាល​ឱ្យ​យុវជន​ផ្លាស់​ប្ដូរ​ផ្នត់គំនិត​ស្រឡាញ់​ភាព​ស្អាតស្អំ​ និង​ស្អប់​អំពើ​ពុក​រលួយ​។​

​លោក​មាន​ប្រសាសន៍​បន្ដ​ថា​ «​កម្មវិធី​សិក្សាអប់រំ​គឺ​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ផ្លាស់​ប្ដូរ​ផ្នត់គំនិត​យុវជន​ ឬ​ក៏​ផ្នត់គំនិត​សិស្ស​នៅ​ក្នុង​កម្រិត​វិទ្យាល័យ​ ហើយ​សង្ឃឹមថា​ក្នុង​ចំណោម​យុវជន​យើង​ស្រឡាញ់​ភាព​ស្អាតស្អំ​ និង​ស្អប់​អំពើ​ពុក​រលួយ​ ហើយ​មេរៀន​ដែល​ដាក់​បញ្ចូល​ក្នុង​កម្មវិធី​សិក្សា​នេះ​ គឺ​អ្វី​ទៅ​ជា​អំពើ​ពុក​រលួយ​ អ្វី​ទៅ​ជា​បញ្ហា​ប្រភេទ​អំពើ​ពុក​រលួយ​ជាដើម​ ហើយ​យើង​សង្ឃឹមថា​យ៉ាង​ហោច​ណាស់​ក៏​អាច​ពញ្ញាក់​ស្មារតី​លោកគ្រូ​អ្នកគ្រូ​ឱ្យ​គាត់​គិតពិចារណា​ថែម​ទៀត​»​។​

​ជា​អនុសាសន៍​របស់​ លោក​ ព្រាប​ កុ​ល​ លោក​បាន​លើក​ឡើង​ថា​ បើសិនជា​រដ្ឋាភិបាល​ ចង់​ដោះស្រាយ​អំពី​បញ្ហា​អំពើ​ពុក​រលួយ​នេះ​ ក្រសួង​ត្រូវ​តែ​ចេញ​ជា​សារាចរ​ណែនាំ​ មាន​ទាំង​វិធានការ​ និង​ មាន​អ្នក​ឃ្លាំមើល​ ពិនិត្យ​មើល​លើ​ការ​អនុវត្ដ​ជាក់ស្ដែង​នៅ​ក្នុង​រឿង​នេះ​។​ ​ប្រទេស​កម្ពុជា​ត្រូវ​បាន​ពិភពលោក​ចាប់​ទុក​ថា​ ជា​ប្រទេស​ដែល​មាន​អំពើ​ពុក​រលួយ​ខ្ពស់​ជាងគេ​ជាប់​ចំណាត់ថ្នាក់​លេខ​ ១៥៦​ នៃ​ប្រទេស​ចំនួន​ ១៧៧​ ដែល​ជា​លទ្ធផល​នេះ​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ស​ន្ទ​ស្សន៍​អំពើ​ពុក​រលួយ​កាលពី​ឆ្នាំ​២០១៤៕

Share

Image
Image
Image