ក្រោយពេលក្រសួងអប់រំ យុវជន និងកីឡា បានចេញប្រកាសមួយថា ក្រសួងនឹងដាក់បញ្ចូលកម្មវិធីសិក្សាប្រឆាំងអំពើពុករលួយសម្រាប់ថ្នាក់អនុវិទ្យាល័យនៅដើមឆ្នាំថ្មីនេះ មន្ត្រីអង្គការសង្គមស៊ីវិលថា យុទ្ធសាស្ត្រនេះមិនមានប្រសិទ្ធភាពទេ បើប្រាក់បៀវត្សគ្រូនៅក្នុងស្ថានភាពដូចបច្ចុប្បន្ននេះ។
លោក លៀ ស៊ីណា រាយការណ៍ព័ត៌មាននេះ៖
មន្ដ្រីអង្គការសង្គមស៊ីវិលលើកឡើងថា ការបញ្ចូលការប្រឆាំងអំពើពុករលួយ ទៅក្នុងកម្មវិធីសិក្សាថ្មីនាពេលខាងមុននេះ គឺមិនអាចទប់ស្ដាប់ការប្រព្រឹត្ដអំពើពុករលួយក្នុងគ្រឹះស្ថានសិក្សាបានទេបើសិនប្រាក់បៀវត្សគ្រូបង្រៀនស្ថិតនៅក្នុងស្ថានភាពដូចបច្ចុប្បន្ន។
ការលើកឡើងរបស់មន្ត្រីអង្គការសង្គមស៊ីវិលនេះ ធ្វើឡើងក្រោយពីក្រសួងអប់រំមានគម្រោងបញ្ចូលការប្រឆាំងអំពើពុករលួយទៅក្នុងកម្មវិធីសិក្សានៅឆ្នាំ២០១៦ខាងមុខ។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី បានមានប្រសាសន៍ ជាមួយវិទ្យុស្រី្ដ FM 102 នៃ WMC នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០១៥ នេះថា ការដាក់បញ្ចូលកម្មវិធីសិក្សាថ្មី ដែលទាក់ទងនឹងការប្រឆាំងអំពើពុករលួយនេះ គឺមិនអាចកាត់បន្ថយការប្រព្រឹត្តអំពើពុករលួយនៅក្នុងស្ថាប័នរដ្ឋបាននោះទេ។
អ្នកស្រីបន្ថែមថា៖ «តាមពិតទៅការដាក់បញ្ចូលវិញ្ញាសាកម្ចាត់អំពើពុករលួយដល់សិស្សថ្នាក់ទី ៧ ទី៨ និងទី៩ រៀននេះ ខ្ញុំគិតថាក្រសួង ឬក៏សមត្ថកិច្ច ស្ថាប័នពាក់ព័ន្ធទាំងអស់ មិនព្រមកំណែទម្រង់ខ្លួនឯងកុំឱ្យមានអំពើពុករលួយទេ គឺការដាក់ទៅឲ្យសិស្សានុសិស្សរៀន គឺគ្មានប្រយោជន៍អ្វីទាំងអស់»។
អ្នកស្រីបានបញ្ជាក់ទៀតថា ការប្រព្រឹត្តអំពើពុករលួយ នៅតែកើតមាននៅក្នុងគ្រឹះស្ថានសិក្សា បើសិនរាជរដ្ឋាភិបាល មិនគិតគូរដំឡើងប្រាក់បៀវត្សដល់លោកគ្រូអ្នកគ្រូ ឱ្យបានសមរម្យជាងនេះនោះទេ។
អ្នកស្រី បានលើកបន្ដថា៖ « គឺសុំឱ្យរដ្ឋាភិបាលក៏ដូចជាក្រសួងអប់រំ យកចិត្ដទុកដាក់ទៅលើជីវភាពលោកគ្រូអ្នកគ្រូយើងនេះ គឺជាការប្រសើជាងការដាក់បញ្ចូលអំពើពុករលួយដល់សិស្សានុស្សិស្សយើងសិក្សាទៅទៀត»។
ជាមួយគ្នានេះ នាយកប្រតិបត្ដិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល យល់ឃើញថាការ ការដាក់បញ្ចូលមុខវិជ្ជាសិក្សាប្រឆាំងអំពើពុករលួយក្នុងកម្មវិធីសិក្សានាពេលខាងមុខនេះគឺ ជាការល្អព្រោះវាអាចបណ្ដាលឱ្យយុវជនផ្លាស់ប្ដូរផ្នត់គំនិតស្រឡាញ់ភាពស្អាតស្អំ និងស្អប់អំពើពុករលួយ។
លោកមានប្រសាសន៍បន្ដថា «កម្មវិធីសិក្សាអប់រំគឺផ្ដោតសំខាន់ទៅលើការផ្លាស់ប្ដូរផ្នត់គំនិតយុវជន ឬក៏ផ្នត់គំនិតសិស្សនៅក្នុងកម្រិតវិទ្យាល័យ ហើយសង្ឃឹមថាក្នុងចំណោមយុវជនយើងស្រឡាញ់ភាពស្អាតស្អំ និងស្អប់អំពើពុករលួយ ហើយមេរៀនដែលដាក់បញ្ចូលក្នុងកម្មវិធីសិក្សានេះ គឺអ្វីទៅជាអំពើពុករលួយ អ្វីទៅជាបញ្ហាប្រភេទអំពើពុករលួយជាដើម ហើយយើងសង្ឃឹមថាយ៉ាងហោចណាស់ក៏អាចពញ្ញាក់ស្មារតីលោកគ្រូអ្នកគ្រូឱ្យគាត់គិតពិចារណាថែមទៀត»។
ជាអនុសាសន៍របស់ លោក ព្រាប កុល លោកបានលើកឡើងថា បើសិនជារដ្ឋាភិបាល ចង់ដោះស្រាយអំពីបញ្ហាអំពើពុករលួយនេះ ក្រសួងត្រូវតែចេញជាសារាចរណែនាំ មានទាំងវិធានការ និង មានអ្នកឃ្លាំមើល ពិនិត្យមើលលើការអនុវត្ដជាក់ស្ដែងនៅក្នុងរឿងនេះ។ ប្រទេសកម្ពុជាត្រូវបានពិភពលោកចាប់ទុកថា ជាប្រទេសដែលមានអំពើពុករលួយខ្ពស់ជាងគេជាប់ចំណាត់ថ្នាក់លេខ ១៥៦ នៃប្រទេសចំនួន ១៧៧ ដែលជាលទ្ធផលនេះត្រូវបានបង្ហាញនៅក្នុងសន្ទស្សន៍អំពើពុករលួយកាលពីឆ្នាំ២០១៤៕