loader

ក្រសួងសុខាភិបាល​រំឭក​ពលរដ្ឋ​អំពី​គ្រោះថ្នាក់​ដោយសារ​ផ្សែង​បារី​

cover-Ministry if health logo & fume
ភ្នំពេញ​៖​  តាម​របាយការណ៍​របស់​ក្រុមហ៊ុន​ថ្នាំជក់​ឱ្យ​ដឹង​ថា​ ប្រជាពលរដ្ឋ​ពេញវ័យ​កម្ពុជា​លើស​ពី​ ២​ លាន​ ៣​សែន​នាក់​ និង​កុមារ​លើស​ពី​ ១.០០០​ នាក់​កំពុង​បន្ត​ប្រើប្រាស់​ថ្នាំជក់​ជា​រៀងរាល់ថ្ងៃ​ ហើយ​ជា​រៀង​រាល់​ឆ្នាំ​ ប្រជាពលរដ្ឋ​កម្ពុជា​លើស​ពី​ ១​ម៉ឺន​ នាក់​ បាន​ស្លាប់​ដោយសារ​ជំងឺ​ដែល​បណ្តាល​មក​ពី​ថ្នាំជក់​។​ ដោយ​មើលឃើញ​ពី​បញ្ហា​នេះ​ ក្រសួងសុខាភិបាល​បើក​យុ​ទ្ធា​នា​ការ​ផ្សព្វផ្សាយ​ពី​ផល​ប៉ះពាល់​នៃ​ផលិតផល​ថ្នាំជក់​ ដើម្បី​ដាស់តឿន​ប្រជាពលរដ្ឋ​អំពី​គ្រោះថ្នាក់​ដោយសារ​ផ្សែង​បារី​។​

​ក្រសួងសុខាភិបាល​កម្ពុជា​ បាន​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​ផល​ប៉ះពាល់​នៃ​ផលិតផល​ថ្នាំជក់​ទៅ​លើ​សុខភាព​ ដើម្បី​រំឭក​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ អំពី​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​នៃ​ការ​ស្រូប​ផ្សែង​បារី​ចំពោះ​កុមារ​។​

លោកស្រី​បណ្ឌិត​ ឈា​ ឆដាភា​
លោកស្រី​បណ្ឌិត​ ឈា​ ឆដាភា​

យុទ្ធនាការ​នេះ​ ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៧​ ខែធ្នូ​ ឆ្នាំ​ ២០១៥​ នេះ​ នៅ​ក្រសួងសុខាភិបាល​។​ ​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​លើកកម្ពស់​សុខភាព​ នៃ​ក្រសួងសុខាភិបាល​ លោកស្រី​បណ្ឌិត​ ឈា​ ឆដាភា​ បាន​មាន​ប្រសាសន៍​ថា​ យុទ្ធនាការ​ផ្សព្វផ្សាយ​របស់​ក្រសួង​សុខាភិបាល​ ដែល​ធ្វើ​ឡើង​នៅ​ក្នុងថ្ងៃនេះ​ គឺ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​កម្ពុជា​ ទើបតែ​មានច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ថ្នាំជក់​ ដែល​ច្បាប់​តម្រូវ​ឱ្យ​មានការ​ផ្សព្វផ្សាយ​ពី​ផល​ប៉ះពាល់​ នៃ​ការ​ប្រើប្រាស់​ថ្នាំជក់​ដល់​ប្រជាពលរដ្ឋ​។​

​លោកស្រី​បន្ត​ថា​ ការ​ប្រើប្រាស់​បារី​ ការ​ស្រូប​ផ្សែង​បារី​ពី​អ្នក​ជក់បារី​ បាន​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព​អ្នក​មិន​ជក់បារី​ ដូច្នេះ​មជ្ឈមណ្ឌល​ជាតិ​លើកកម្ពស់​សុខភាព​នៃ​ក្រសួងសុខាភិបាល​ ត្រូវ​តែ​ដាក់​ចេញ​នូវ​វិធានការ​ប្រកបដោយ​ប្រសិទ្ធភាព​ ដើម្បី​បង្ការ​អ្នក​មិន​ជក់បារី​ កុំឱ្យ​ស្រូប​ផ្សែង​បារី​ពី​គេ​តទៅ​ទៀត​ និង​ឱ្យ​មាន​ប្រសិទ្ធភាព​។​

​ទន្ទឹម​គ្នា​នេះ​ លោកស្រី​បណ្ឌិត​ ឈា​ ឆដាភា​ បាន​បង្ហាញ​ពី​ការ​ជឿជាក់​ចំពោះ​យុទ្ធនាការ​រយៈពេល​ ០៣​ ខែ​ គិត​ចាប់ពី​ខែធ្នូ​ ដល់​ខែកុម្ភៈ​ខាង​មុខ​នេះ​ថា​ យុទ្ធនាការ​នេះ​ នឹង​ផ្លាស់​ប្តូរ​ឥរិយាបថ​អ្នក​កំពុង​ប្រើប្រាស់​ថ្នាំជក់​ អ្នក​រស់នៅ​ក្បែរ​អ្នក​ជក់បារី​ ឱ្យ​យល់​ដឹង​ពី​ផល​ប៉ះពាល់​សុខភាព​ផ្សេងៗ​ ដែល​បង្ក​ឡើង​ពី​ការ​ប្រើប្រាស់​ថ្នាំជក់​។​

​លោកស្រី​បណ្ឌិត​ ឈា​ ឆដាភា​ មាន​ប្រសាសន៍​ថា​៖​ «​ ប្រហែល​ ៨០​ %​ នៃ​អ្នក​ជក់បារី​អាច​ផ្តាច់​ការ​ជក់បារី​បាន​នៅ​ពេល​ដែល​ពួក​គាត់​បាន​យល់​ពី​ផល​ប៉ះពាល់​នានា​ ដែល​កើត​ចេញពី​បារី​បាន​ជាក់លាក់​ ហើយ​គាត់​មានការ​តាំងចិត្ត​នៅ​ក្នុង​ការ​ផ្តាច់​បារី​។​ ដូច្នេះ​ យុទ្ធនាការ​ថ្ងៃនេះ​ យើង​សំណូមពរ​ និង​អំពាវនាវ​ដល់​អ្នក​ជក់​សូម​ផ្តាច់​បារី​នៅ​ក្នុងថ្ងៃនេះ​ ដើម្បី​ការពារ​សុខភាព​របស់​គាត់​ និង​ការពារ​កូន​តូចៗ​របស់​គាត់​ពី​គ្រោះ​មហន្តរាយ​នៃ​ថ្នាំជក់​»​។​

លោក​វេជ្ជបណ្ឌិត​ មុំ​ គង់
លោក​វេជ្ជបណ្ឌិត​ មុំ​ គង់

នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​ លោក​វេជ្ជបណ្ឌិត​ មុំ​ គង់​ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​បើក​យុទ្ធនាការ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧​ ខែធ្នូ​ នេះ​ថា​ ប្រជាពលរដ្ឋ​កម្ពុជា​រហូត​ដល់​ ៨៤​ %​ កំពុង​សំណូមពរ​ឱ្យ​រាជរដ្ឋាភិបាល​ហាមឃាត់​ការ​ជក់បារី​នៅ​ភោជនីយដ្ឋាន​ ៨៥​ %​ ហាម​មិន​ឱ្យ​ជក់បារី​នៅ​ក្នុង​អគារ​ធ្វើការ​ និង​ ៨៧​ %​ ហាម​មិន​ឱ្យ​ជក់បារី​នៅ​តាម​ទី​សាធារណៈ​ និង​ពេល​កំពុង​ធ្វើ​ដំណើរ​តាម​មធ្យោបាយ​សាធារណៈ​។​

​លោក​ មុំ​ គង់​ បាន​លើក​ឡើង​ថា​ ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​របស់​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​ នៅ​ក្នុង​ឆ្នាំ​ ២០១៤​ ស្ត្រី​ ៧៥​ %​ និង​កុមារ​ ៨៥​ %​ បាន​ស្រូប​ផ្សែង​បារី​ពី​បុគ្គល​ម្នាក់​នៅ​គ្រួសារ​ ហើយ​ការ​ស្រូប​ផ្សែង​បារី​នេះ​ បាន​បណ្តាល​ឱ្យ​កុមារ​កើត​ជំងឺ​សួត​ ជំងឺហឺត​ ជំងឺឆ្លង​ត្រចៀក​ ការ​រលូត​កូន​ និង​កូន​កើត​មិន​គ្រប់​ទម្ងន់​ជាដើម​។​

​លោក​វេជ្ជបណ្ឌិត​ មុំ​ គង់​ មាន​ប្រសាសន៍​ថា​៖​ «​គ្មាន​ប្រទេស​ណាមួយ​បង្ហាញ​ឱ្យ​ឃើញ​ថា​ ការ​អនុវត្ត​ការ​ហាមឃាត់​ការ​ជក់បារី​នេះ​មិន​ទទួល​បាន​ជោគជ័យ​ មិន​អាច​កាត់​បន្ថយ​អត្រា​អ្នកជំងឺ​ ឬ​ចំនួន​អ្នក​ចូល​មន្ទីរពេទ្យ​ទេ​។​ គ្រប់​ប្រទេស​ទាំងអស់​នៅ​ពេល​ដែល​អនុវត្ត​ការ​ហាមឃាត់​ការ​ជក់បារី​មក​ ឃើញ​ថា​ ការ​កាត់​បន្ថយ​ចំនួន​អ្នកជំងឺ​ និង​ចំនួន​អ្នក​ចូល​មន្ទីរពេទ្យ​បាន​យ៉ាងច្រើន​ ហើយ​ភាគរយ​នៃ​ការ​កាត់​បន្ថយ​បាន​ប៉ុណ្ណា​នោះ​ គឺ​វា​អាស្រ័យ​ទៅ​លើ​ការ​អនុវត្ត​ច្បាប់​»​។​

លោក​ James​ Rarick​ តំណាង​អង្គការ​សុភាព​ពិភពលោក​ បាន​និយាយ​ថា​ អង្គការ​សុខភាព​ពិភពលោក​ (WHO)​ គាំទ្រ​ចំពោះ​មជ្ឈមណ្ឌល​ជាតិ​លើកកម្ពស់​សុខភាព​ ដែល​បាន​ផ្សព្វផ្សាយ​យុទ្ធនាការ​នេះ​  ព្រោះ​កន្លង​ទៅ​ប្រទេស​ជាង​ ២០​ ក្នុង​ពិភពលោក​ បាន​ធ្វើ​យុទ្ធនាការ​នេះ​ដោយ​ជោគជ័យ​។​ លោក​ថា​ នៅ​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​របស់​សាកលលោក​ ដើម្បី​ទប់ស្កាត់​ជំងឺមិនឆ្លង​ ២០១៣​ -​ ២០២០​ គឺ​ត្រូវ​កាត់​បន្ថយ​អត្រា​នៃ​ការ​ជក់បារី​ឱ្យ​បាន​ ៣០​ %​ ក្នុង​នោះ​ ប្រទេស​ទាំងអស់​ក្នុង​ពិភពលោក​អនុម័ត​យល់ព្រម​កាត់​បន្ថយ​ រួម​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ​។​

​លោក​ James​ Rarick​ បន្ត​ទៀត​ថា​៖​ «​ ដើម្បី​ឱ្យ​អត្រា​នៃ​ការ​ជក់បារី​ថយ​ចុះ​ ៣០%​ ទាល់តែ​ប្រទេស​នីមួយៗ​បង្កើត​ច្បាប់​មួយ​ ស្តី​ពី​បរិស្ថាន​គ្មាន​ផ្សែង​បារី​ ដើម្បី​គ្របដណ្តប់​លើ​ទីកន្លែង​ធ្វើការ​ ក្នុង​អគារ​ធ្វើការ​ កន្លែង​សាធារណៈ​ ហើយ​និង​នៅ​តាម​មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ​…​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំងអស់​មាន​តួនាទី​សំខាន់​ក្នុង​ការ​ចូលរួម​កាត់​បន្ថយ​ការ​ប្រើប្រាស់​និង​អ្នក​ជក់បារី​»​។​

​សូម​ជម្រាប​ថា​ នៅ​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​ផល​ប៉ះពាល់​នៃ​ផលិតផល​ថ្នាំជក់​ដល់​សុខភាព​នេះ​ ក្រសួងសុខាភិបាល​ក៏​ប្រើប្រាស់​វី​ដេ​អូ​អប់រំ​រយៈពេល​ ១៥​ វិនាទី​ និង​ ៣០​ វិនាទី​ ដើម្បី​ផ្សព្វផ្សាយ​ដល់​សាធារណជន​ តាម​រយៈ​ទូរទស្សន៍​ក្នុងស្រុក​មួយ​ចំនួន​ ដែល​វី​ដេ​អូ​មាន​ចំណងជើង​ថា​ “​ថ្នាំជក់​ធ្វើ​ឱ្យ​ទារក​របស់​អ្នក​ស្លាប់​”​ បង្ហាញ​ពី​ការ​ស្រូប​ផ្សែង​បារី​របស់​កុមារ​ពី​មនុស្ស​ចាស់​ បណ្តាល​ឱ្យ​កុមារ​មាន​ជំងឺមហារីក​សួត​យ៉ាងធ្ងន់ធ្ងរ​៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x