កម្មវិធីជាតិសុខភាពបន្តពូជ បានបង្ហាញលទ្ធផលនៃការស្រាវជ្រាវមួយ ស្តីពីមរណភាព មាតា នៅឆ្នាំ២០១៥ ដោយរកឃើញថា អាត្រាមរណភាពមាតា នៅក្នុងឆ្នាំនេះមាន ការថយចុះ។ មន្ត្រីក្រសួងសុខាភិបាលថ្លែងថា ទោះបីជាអាត្រាមរណភាពមាតាបានថយចុះក៏ដោយ ក៏ចំនួននេះ នៅតែមានអាត្រាខ្ពស់ជាងគេ។
កញ្ញា ឆេង ណាតា រាយការណ៍ព័ត៌មាន៖
មន្ត្រីក្រសួងសុខាភិបាលឱ្យដឹងថា អត្រាមរណភាពមាតានៅកម្ពុជាក្នុងឆ្នាំ២០១៥ នេះ បានធ្លាក់ចុះទាបជាងឆ្នាំ២០១៤ កន្លងមក ខណៈអត្រាមរណភាពនៅពេលសម្រាលបានកើនឡើង។
ប្រធានកម្មវិធីជាតិសុខភាពបន្តពូជ នៃក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត ឡាំ ភីរុណ បានឱ្យដឹងបែបនេះ តាមរយៈការធ្វើបទបង្ហាញមួយ អំពីលទ្ធផលស្រាវជ្រាវស្តីពីមរណភាពមាតា នៅឆ្នាំ២០១៥ ដែលរៀបចំធ្វើនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥នេះ នៅសណ្ឋាគារសាន់វេ។ លោកស្រីមានប្រសាសន៍ថា ក្នុងឆ្នាំ២០១៥ នេះ មរណភាពមាតានៅកម្ពុជាមានការថយចុះគួរឱ្យកត់សម្គាល់។
លោកស្រីបន្ថែមថា កាលពីឆ្នាំ២០១១ មរណភាពមាតាមាន១៨២ ករណី ឆ្នាំ២០១២ មាន១៥២ ករណី ឆ្នាំ២០១៣ មាន៩៦ ករណី ឆ្នាំ២០១៤ មាន១១៣ ករណី ហើយឆ្នាំ២០១៥នេះ ថយចុះមក១០០ករណី។ លោកស្រីបញ្ជាក់ថា បើទោះបីស្ត្រីដែលស្លាប់នៅក្រោយពេលសម្រាលមានចំនួនច្រើនក៏ដោយ ក៏ចំនួននេះមានការថយចុះជាងឆ្នាំមុនៗ រីឯករណីស្លាប់ក្នុងពេលសម្រាលមានការកើន ពី១៧% នៅឆ្នាំ២០១៣ ឡើងដល់៣៨% នៅឆ្នាំ២០១៥។
លោកស្រីបានឱ្យដឹងទៀតថា មូលហេតុចម្បងនៃការស្លាប់ស្ត្រីជាម្តាយនេះ ដោយសារការធ្លាក់ឈាម និងមូលហេតុផ្សេងទៀត ស្លាប់ដោយក្រឡាភ្លើង និងជំងឺបេះដូងជាដើម។
លទ្ធផលស្រាវជ្រាវនេះក៏បង្ហាញផងដែរថា ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៥ ការស្លាប់នៅលើដៃឆ្មបបុរាណមានការថយចុះ។
រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី តាន់ វួចឆេង បានថ្លែងថា តាមរយៈលទ្ធផលនៃការអង្កេតនេះ បានបញ្ជាក់ថា ស្ថានភាព មាតា និងទារក មានភាពប្រសើរឡើងច្រើន។ យ៉ាងណាមិញលោកស្រី បន្ថែមថា បើទោះបីជា លទ្ធផលនេះទទួលបានជោគជ័យ ក្នុងការកាត់បន្ថយអាត្រាមរណភាពមាតាក៏ដោយ ប៉ុន្តែចំនួននេះ នៅតែមានអាត្រាខ្ពស់ជាងគេ បើប្រៀបធៀបនឹងបណ្តាប្រទេសដទៃទៀត។
រដ្ឋលេខាធិការក្រសួងសុខាភិបាលរូបនេះ មានប្រសាសន៍បន្តថា៖ «អញ្ចឹងគឺថា យើងត្រូវខិតខំទាំងអស់គ្នា។ ក្នុងឆ្នាំនេះ កន្លែងខ្លះមិនទាន់ធ្វើទៅតាមក្រឹត្យក្រម ទៅតាមឯកសារស្រាវជ្រាវនេះ គឺសូមបំពេញបន្ថែមទៅ»។
ជុំវិញបញ្ហានេះដែរ លោកស្រី ម៉ូម៉ូ តាគូជី តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍តាមរយៈអ្នកបកប្រែថា តាមរយៈការខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ដែលបង្កើតឱ្យមានមណ្ឌលសុខភាពយ៉ាងច្រើននៅក្នុងប្រទេស និងបណ្តុះបណ្តាលឆ្មបជំនាញ បានធ្វើឱ្យប្រជាជននៅតាមជនបទ ជាង៩០% នៃស្ត្រីមានផ្ទៃពោះ បានសម្រាលកូនដោយឆ្មបជំនាញ។
លោកស្រីបន្តថា ការខិតប្រឹងប្រែងនេះ បាននាំមកនូវការកាត់បន្ថយបានយ៉ាងច្រើននូវអត្រាមរណភាពមាតា និងទារក ដែលសមិទ្ធផលនេះ ធ្វើឱ្យសម្រេចបានគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ទី៤ និងទី៥៖ «ដើម្បីថែរក្សាបាននូវទំនុកចិត្ត មកលើសេវាសុខាភិបាល ក៏ដូចជាការបន្ថែមទៀតនូវការប្រើប្រាស់មូលដ្ឋានសុខាភិបាល ទោះបីជាយ៉ាងណាក៏ដោយគឺថាយើងចាំបាច់ត្រូវតែខិតខំបន្ថែមផ្តោតទៀត ទៅលើគុណភាពនៃការថែទាំការកែលម្អគុណភាពនៃការថែទាំ។ ការកែលម្អនៃគុណភាពថែទាំ គឺជាចំណុចផ្តោតថ្មីមួយ នៅក្នុងផែនការយុទ្ធសាស្ត្រវិស័យសុខាភិបាលថ្មី»។
បើតាមរបាយការណ៍ស្រាវជ្រាវ ដែលបានបង្ហាញដោយលោកស្រី ឡាំ ភារុណ នៅព្រឹកនេះ បានឱ្យដឹងថា តាមរយៈការចុះអង្កេត ឃើញមានករណីស្លាប់ក្នុងអំឡុងពេលមានផ្ទៃពោះមានការកើនឡើង ដោយនៅឆ្នាំ២០១៣ មានត្រឹមតែ២៣% ហើយនៅក្នុងឆ្នាំ២០១៥ កើនឡើងដល់២៦%៕