ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា អ្នកកាសែតមានសិទ្ធិសរសេរព័ត៌មាន តែអាជ្ញាធរមានសិទ្ធិបំភ្លឺនិង«មានសិទ្ធិប្តឹង» ស្របពេលដែលអង្គការមិនមែនរដ្ឋាភិបាលវាយតម្លៃសេរីភាពសារព័ត៌មាននៅកម្ពុជាថា«អាក្រក់»។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា អ្នកកាសែតមានសិទ្ធិសរសេរព័ត៌មាន តែអាជ្ញាធរមានសិទ្ធិបំភ្លឺនិង«មានសិទ្ធិប្តឹង» បើសិនអ្នកសារព័ត៌មានបំពានវិជ្ជាជីវៈរបស់ខ្លួន។ ការថ្លែងបែបនេះត្រូវបានទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) លើកយកមកប្រាប់ថា ធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ នាព្រឹកថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២១ នៅទីស្ដីការក្រសួង។
អាកាប៉េរាយការណ៍បន្តតាមប្រសាសន៍របស់រដ្ឋមន្ត្រីថា ការផ្សាយរបស់អ្នកសារព័ត៌មានត្រូវតែមានតុល្យភាព និងថា«អាជ្ញាធរអាចចាត់វិធានការនៅពេលអ្នកកាសែតបានសរសេរអត្ថបទធ្វើឱ្យប៉ះពាល់ផលប្រយោជន៍សាធារណៈ ដោយឱ្យកាសែតនោះសរសេរកែតម្រូវ និងសុំទោសជាសាធារណៈ បើសិននៅតែមិនកែតម្រូវគឺអាចធ្វើការប្តឹងទៅស្ថាប័នតុលាការតែម្តង»។
ឯកឧត្ដម ខៀវ កាញារីទ្ធ បានលើកឡើងទៀតថា អាជ្ញាធរដែលត្រួតត្រានៅតាមតំបន់នីមួយៗជាអ្នកសម្រេចឱ្យអ្នកសារព័ត៌មានចូលឬមិនឱ្យចូល នៅពេលចុះបំពេញបេសកកម្មការងារនៅកន្លែងណាមួយ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជាដដែល។
កន្លងទៅ អង្គការមិនមែនរដ្ឋាភិបាលជាច្រើន ទាំងជាតិ ទាំងអន្តរជាតិ រួមទាំងអង្គភាពសារព័ត៌មានមួយចំនួនផង បានលើកឡើងថា អាជ្ញាធរកម្ពុជាបានរឹតត្បិតសេរីភាពសារព័ត៌មាន និងបាន«កាត់បន្ថយយ៉ាងខ្លាំង» នូវសិទ្ធិសម្ដែងមតិរបស់ប្រជាពលរដ្ឋនៅតាមសារព័ត៌មាន ក៏ដូចជានៅតាមបណ្ដាញសង្គម។
ជាក់ស្ដែង អង្គការអ្នកសារព័ត៌មានគ្មានព្រំដែនបានវាយតម្លៃសេរីភាពសារព័ត៌មាននៅកម្ពុជាថាស្ថិតក្នុងស្ថានភាព«អាក្រក់»។ នៅឆ្នាំ ២០២១ ក៏ដូចជានៅឆ្នាំ ២០២០ ដែរ អង្គការនេះបានដាក់ចំណាត់ថ្នាក់ទី ១៤៤ ឱ្យកម្ពុជា ក្នុងចំណោម ១៨០ ប្រទេស នៅទូទាំងពិភពលោក៕