en     km
en     km

កម្ពុជារាយការណ៍អំពីស្ថានភាពសិទ្ធិមនុស្សឱ្យមន្ត្រី អ.ស.ប បានជ្រាប

Share

អ្នករាយការណ៍ពិសេសថ្មីនៃអង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក វីទិត មុនតាប៊ន (Vitit Muntarbhorn) និងប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឯកឧត្ដម កែវ រ៉េមី បានប្រជុំមួយជាមួយគ្នាជាលើកដំបូង នៅថ្ងៃព្រហស្បតិ៍ ទី ២៤ ខែមិថុនា ឆ្នាំ២០២១។ ចំពោះមន្ត្រី អ.ស.ប ជំនួបនេះជាឱកាសធ្វើឧទ្ទេសនាម និងស្ដាប់សភាពការណ៍រួមស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា។

…………………………………..

កិច្ចប្រជុំរវាងប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឯកឧត្ដម កែវ រ៉េមី និងអ្នករាយការណ៍ពិសេសថ្មីរបស់អង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជា លោក វីទិត មុនតាប៊ន បានប្រព្រឹត្តទៅ នៅថ្ងៃព្រហស្បតិ៍ ទី ២៤ ខែមិថុនា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធទូរសោតទស្សន៍។

លោក កត្តា អ៊ន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានប្រាប់វិទ្យុស្ត្រីថា ក្នុងជំនួបនោះ ឯកឧត្ដម កែវ រ៉េមី និងលោក វិទិត មុនតាប៊ន បានផ្ដោតលើចំណុចសំខាន់ៗមួយចំនួន។

 

លោកបានបន្តថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា  ក៏បានលើកបង្ហាញពីតួនាទីភារកិច្ចរបស់ខ្លួន មកជម្រាបអ្នករាយការណ៍ពិសេសថ្មី ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាដែរ។

ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាតែងតែធ្វើឱ្យអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអង្គការសិទ្ធិមនុស្សអន្តរជាតិនានាព្រួយបារម្ភ។ សង្គមស៊ីវិលទាំងនោះរិះគន់ថា កម្ពុជារឹតត្បិតសិទ្ធិ សេរីភាពរបស់ពលរដ្ឋកម្ពុជា។ យ៉ាងណាមិញ អាជ្ញាធរទើបតែបានចោទប្រកាន់ និងចាប់ឃុំខ្លួនជាបណ្ដោះអាសន្ន នូវសកម្មជនបរិស្ថានចំនួន ៣ នាក់ កាលពីសប្ដាហ៍មុន ជាហេតុធ្វើឱ្យអង្គការសមាគមជាជាង ៧០ អង្គភាព កាន់តែមានទុទិដ្ឋិនិយមខ្លាំងឡើងចំពោះវិធានការណ៍ក្ដៅរបស់អាជ្ញាធរ ហើយបានស្នើឱ្យរដ្ឋអំណាចទម្លាក់ចោលការចោទប្រកាន់ និងដោះលែងសកម្មជនបរិស្ថាន សកម្មជនសិទ្ធិមនុស្ស និងសមាជិកអតីតគណបក្សប្រឆាំងផ្សេងទៀត។

លោក កត្តា អ៊ន បានលើកឡើងថា ចំណុចខាងលើនេះមិនត្រូវបានលើកឡើង ដោយលោក វិទិត នោះទេ តែផ្ទុយទៅវិញគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានរាយការណ៍អំពីវិវត្តន៍ថ្មីៗនៅកម្ពុជាវិញ។

អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានបន្ដថា កម្ពុជាកំពុងរៀបចំរបាយការណ៍សិទ្ធិមនុស្ស ដែលមកដល់ពេលនេះបានប្រមាណ ៦០ ភាគរយហើយ។ លោកបញ្ជាក់ថា អ្វីដែលនៅសេសសល់គឺការបញ្ចូលទិន្នន័យបន្ថែម មុននឹងដាក់ជូនមហាសន្និបាតអង្គការសហប្រជាជាតិស្ដីពីសិទ្ធមនុស្ស ក្នុងខែកញ្ញា ឆ្នាំ ២០២១ ខាងមុខ។

សូមជម្រាបដែរថា លោក វិទិត អ្នករាយការណ៍ពិសេសថ្មីរបស់ អ.ស.ប ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជានេះ មកបំពេញបេសកកម្មបន្តពីលោកស្រី រ៉ូណាស្មីត  ដែលបានបញ្ជប់អាណត្តិរបស់ខ្លួននៅកម្ពុជា៕

 

Share

Image
Image
Image