en     km
en     km

អង្គការការពារសិទិ្ធកុមារ ៖នៅក​ម្ពុជា មានឃាតកម្មលើកុមារានិងកុមារី ២០០ករណី

Share

អង្គ​​ការការពារកុមារ​-Child Protection Unit ឬអង្គភាពការពារកុមារ ប្ដេជ្ញាជួយការពារកម្ពុជា បន្ទាប់ពី​​រកឃើញ​ឃាតកម្មលើ​កុមារ​ចំនួន ​​២០០​​ករណី​​ ក្នុង​អំឡុងពេល​ ៩ឆ្នាំ ​គិត​ចាប់ពី ​​ឆ្នាំ២០១៣​​ មក។ ​

គេហទំព័រហ្វេសប៊ុករបស់អង្គការការពារកុមារបានបញ្ជាក់ថា គ្រប់ករណីឃាតកម្មទៅលើកុមារទាំងអស់ ត្រូវបានក្រុមការងាររបស់អង្គការនេះ មានក្ដីរន្ធត់ចិត្ត និងចងចាំជានិច្ច ហើយមានករណីមួយចំនួនបានបន្សល់ទុកនូវស្នាមខ្លោចផ្សារទៀតផង។

ភ្នាក់ងាររបស់អង្គការនេះបានឃើញផ្ទាល់នឹងភ្នែកជនល្មើសដែលប្រព្រឹត្តឃាតកម្មទាំងនោះ។

តាមសេចក្ដីដើម របស់ អង្កការនេះ មានដូចនេះថា ២០០ករណី គឺមិនមែនជាតួលេខសម្រាប់ការអបអរសាទរ ឬមោទនភាពនោះទេ។ ផ្ទុយទៅវិញវាជាតួលេខពោពេញទៅដោយភាពងងឹត និងភាពសោកសៅ។ វាគឺជាតួលេខដែលត្រូវខឹតខំបន្តទៀតដើម្បី ជួយកាត់បន្ថយអំពើហិង្សាលើកុមារ នៅកម្ពុជា។

ចំនួន២០០ករណីឃាតកម្ម និងករណីស្លាប់ដោយមានការសង្ស័យលើកុមារ ដែលបង្ខំអោយអង្គភាពការពារកុមារ តាំងចិត្តចូលរួមធ្វើការស៊ើបអង្កេត។

នាយកអង្គភាព​ការពារកុមារ​ ​​លោក ហ្យេម ម៉ាក់ខេប៊ី ​(James McCabe)​បានបញ្ជាក់ក្នុង​របាយ​ការណ៍នេះ​ថា​ បញ្ហាឃាតកម្ម​ដ៏​គួរ​ឲ្យ​រន្ធត់​លើ​កុមារ​ទាំង​នេះ ​ជំរុញ​ឲ្យ​អង្គភាព​លោក​ខិតខំធ្វើការ​ទាំង​ថ្ងៃទាំង​យប់​ ទោះបី​ជា​ប៉ះទង្គិច​ផ្លូវចិត្ត​យ៉ាង​ខ្លាំង​។

លោកសង្កត់ធ្ងន់ថា«​ឃាតកម្ម​លើ​កុមារ​នេះ ​គឺជា​បញ្ហាសកល ​កើតឡើង​នៅគ្រប់​ទីកន្លែង​ក្នុង​ពិភពលោក​មិនមែន​នៅ​តែ​កម្ពុជា​ទេ​។ មន្ត្រី​ជំនាញ​ផ្នែក​ឯកទេស​បទល្មើស​មនុស្ស​ឃាត​​នៃ​រដ្ឋាភិបាលកម្ពុជា ​សហការ​ជាមួយ​​អង្គភាព ​CPU​ ប្តេជ្ញា​ធ្វើ​សង្គ្រា​ម​ប្រឆាំងជា​ដាច់ខាត​ លើករណី​ឃាតកម្ម​លើ​កុមារ​និង​ចាប់​ជនល្មើស​ទាំងនោះ។ ជាលទ្ធផល​ តាមរយៈកិច្ចប្រឹងប្រែង​នេះ ​យើងបាន​រកឃើញ​ឃាតកម្ម​លើ​កុមារចំ​នួន​​ ២០០​ករណី​ ក្នុង​អំឡុងពេល​ ៩ឆ្នាំ ​មកនេះ​»។

នេះគឺជាការពិត ដែលលោកថាត្រូវតែមានអារម្មណ៍ខឹង និងស្អប់ខ្ពើមដល់ជនល្មើស ដើម្បីជំរុញអោយស្វែងរកភាពយុត្តិធម៌ និងធ្វើអោយប្រាកដថាគ្រប់បុគ្គលដែលបង្កគ្រោះថ្នាក់ដល់កុមារនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ នូវអំពើរបស់ខ្លួន។

អង្គការការពារកុមារ-Child Protection Unit  គឺជាអង្គការក្រៅរដ្ឋាភិបាលមួយបង្កើតឡើងកាលពីឆ្នាំ២០១៣ ដែលមានក្រុមការងារភាគច្រើនជាជនបរទេស និងមានជំនាញស៊ើបអង្កេតករណីឃាតកម្មលើកុមារ។

បែបនេះក្ដី ពុំទាន់ឃើញ ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិកម្ពុជា បញ្ចេញ​របាយការណ៍ ដើម្បីផ្ទៀងផ្ទាត់នឹងរបាយការណ៍ របស់ អង្គការការពារកុមារ-Child Protection Unit នៅឡើយនោះទេ។

ប៉ុន្តែអង្គភាពការពារកុមារនេះ បានអះអាងថារបាយការណ៍របស់អង្គការបានផ្តល់ជូនរាជរដ្ឋាភិបាល, ក្រសួងមហាផ្ទៃ, អគ្គស្នងការនគរបាលជាតិ, ក្រសួងផ្សេងៗ និងស្នងការតាមបណ្តាខេត្តក្រុង

ហើយ​របាយការណ៍ទាំងនេះ តែងតែរៀបរាប់អំពីបេសកកម្ម, ការស៊ើបអង្កេត, ការផ្ដន្ទាទោស, សេវាកម្មជំនួយដល់ជនរងគ្រោះ, ភាពជោគជ័យ និងភាពបរាជ័យរបស់អង្គការនេះ។

 

ករណីនេះ ក្រុម​អង្គការ​​សង្គម​ស៊ីវិល​ដែល​ធ្វើកាងារអំពីបញ្ហារបស់ ​ស្ត្រី​និង​កុមារ​​ឲ្យដឹង​ថា​ ​ករណី​ឃាតកម្ម​​លើ​កុមារ​​ភាគ​ច្រើ​ន​​ គឺ​ជា​ករណី​រំលោភ​សម្លាប់។ ពួកគេ​លើក​ឡើងថា​ មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ឃាតកម្ម​លើ​កុមារ​ទាំង​នេះ ដោយ​សារជន​ល្មើស​ភាគ​ច្រើ​ន​ ប្រើប្រាស់​​គ្រឿងញៀន​ ​គ្រឿងស្រវឹង​ មើល​រូបភាព​​វីដេអូ​អាសអាភាស​ ​និង​ការ​អនុវត្ត​ច្បាប់​​នៅ​​ទន់ខ្សោយ។ ​

សម្រាប់​សមាគម​​ការពារ​​សិទ្ធិ​មនុស្ស​​អាដហុកបានបញ្ចេញរបាយការណ៍របស់ខ្លួន​ហៅថារបាយការណ៍ ២០២០​ ​អំពើ​​រំលោភ​​សេព​សន្ថវៈ​​។ របាយការណ៍នេះ បានរកឃើញចំនួន​ ១៤៥​ករណី ​គឺ​​​កើន​ឡើង​​តិចតួច​បើ​​ប្រៀបធៀបទៅ​​នឹង​​ឆ្នាំ​​ ២០១៩ ​ក្នុងនោះ​​ជន​រង​គ្រោះ​​​ភាគច្រើន​​ ​គឺ​ជា​​ក្មេងស្រី​ អាយុ​​ក្រោម​​ ១៨​ឆ្នាំ ​​ដែល​បាន​​ប្រព្រឹត្ត​​ដោយ​​​សាច់ញាតិ​​ផ្ទាល់​ ឬ​​បុគ្គល​​ក្រៅ​​​រង្វង់​​គ្រួសារ ​ហើយ​​មាន​​ជនរ​​ងគ្រោះ​​ខ្លះ​​ត្រូ​វបា​ន​​សម្លាប់​​ផងដែរ។

ចំណែករបាយការណ៍ឆ្នាំ២០១៩​​របស់​​អង្គការ​​យូនីសេហ្វ​ ​(UNICEF) ​​ ​ឱ្យ​ដឹងថា​ អំពើហិង្សា​​ និង​ការ​​រំលោភ​បំពាន​នៅ​តែ​​មាន​​កម្រិត​​ធ្ងន់ធ្ងរ​​សម្រាប់​​កុមារ​​នៅក​ម្ពុជា។ តាមអង្គការនេះកុមារ​​ម្នាក់​​ក្នុង​ចំណោម​​ពីរ​នាក់​ ទទួល​​រង​​អំពើ​ហិង្សា​ផ្លូវ​កាយ​ធ្ងន់ធ្ងរ​ ស្របពេល​​កុមារ​​ម្នាក់​​ក្នុង​​ចំណោម ​៤នាក់ ទទួល​​រង​ការ​​រំលោភ​​បំពាន​​ផ្លូវ​​ចិត្ត។ ជាមួយ​​គ្នា​នេះ កុមារី ​និង​​កុមារាម្នាក់​ ក្នុង​ចំណោម ​២០នាក់​ ធ្លាប់​​ទទួល​​រង​ការ​​រំលោភបំពាន​​ផ្លូវ​ភេទ៕

Share

Image
Image
Image