en     km
en     km

ចក់ សុភាព៖យុវនារីឈឿនដារ៉ាវីសកម្មជនការពារបរិស្ថានកោរសក់ក្នុងពន្ធនាគារគឺលះបង់សម្ផស្ស ដើម្បីយុត្តិធម៌

Share

កាលពីថ្ងៃទី១៦កុម្ភៈ រថយន្តនៃពន្ធនាគារព្រៃសបានដឹកជនជាប់ចោទ និងទណ្ឌិត មកកាន់តុលាការរាជធានីភ្នំពេញ ដើម្បីបើកការ ជំនុំជម្រះក្ដី លើសំណុំរឿងរបស់ ជនជាប់ចោទ ទាំងនោះ ។

ស្ត្រីម្នាក់ ចេញមុខបន្តិចពីរថយន្តនៃពន្ធនាគារព្រៃស បង្ហាញដៃទាំង២ជាប់ខ្នោះ  មានសំលៀក ពាក់ ព៌ណស្លាទុំ ហើយ ក្បាលត្រងោល ។ នាងសំឡឹងមករក សាធារណៈជនតាមដងផ្លូវ ។ នោះ គឺកញ្ញា ឈឿនដារ៉ាវី ។ នាងជាជនជាប់ចោទម្នាក់ នៃក្រុមសកម្មជនមួយមានឈ្មោះថា  ខ្មែរថាវរៈ ដែលគេស្គាល់ថា ជាក្រុមសកម្មជនការពារបរិសា្ថន។ អ្វីដែលសាធារណជនភ្ញាក់ផ្អើល គឺកញ្ញាម្នាក់ដែលមានសម្ផស្សស្រស់ត្រកាល សម្រេចលះបង់សក់ដ៏ស្អាតរបស់ខ្លួន ទុកឱ្យក្បាលត្រងោល ។

លោកស្រីចក់ សុភាព នាយិកានៃមជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា បានកត់សំគាល់ថា កញ្ញា ឈឿនដារ៉ាវី  បាន កោសក់របស់នាង ទុកអោយក្បាលនៅត្រងោ គឺជាការបង្ហាញពីការលះបង់ដើម្បីយុត្តីធម៌ ។ ​

ខណៈរថយន្តរបស់ពន្ធនាគារព្រៃស​បានបើកទ្វារនាំខ្លួន ជនជាប់ចោទ ចេញទៅ កាន់សាលសវនាការ នៃតុលាការរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦កុម្ភៈ  គឺជនជាប់ចោទ ស្លៀកសំលៀកបំពាក់អ្នកទោស ព៌ណស្លាទុំ បានចុះដើរ ដោយមាននគរបាលអមពីក្រោយ ។ ដៃរបស់ពួកគេ សុទ្ធតែជាប់ខ្នោះ នៅពេល ចេញពីរថយន្ត។  ការតក់ស្លត់រន្ធត់ចិត្ត មួយកើតមានមួយរំពេច គឺ ស្ត្រី ម្នាក់ចេញពីរថយន្តរបស់ពន្ធនាគារព្រៃស​ ដែល ក្បាលត្រកោល ទើបកោសក់ ថ្មី​ៗ ហើយដៃជាប់ខ្នោះ ស្លៀកពាក់អាវអ្នកទោស ព៌ណស្លាទុំ គឺ កញ្ញា ឈឿន ដារ៉ាវី។ រ៉ាវី គឺសកម្មជន បរិស្ថាន ដ៏លិចធ្លោជំនាន់ក្រោយ ។ យុវនារីម្នាក់នេះ គឺជាជនជាប់ចោទ ក្នុងសំណុំរឿង ​ចោទប្រកាន់​ពី​បទ​ ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​។

សំណុំរឿង របស់កញ្ញា គឺមានជនជាបចោទ១៥នាក់ទៀត ។ សម្រាប់ក្រុម សកម្មជនបរិស្ថាន ខ្មែរថាវរៈ មានគ្នា ៧នាក់ ត្រូវបាននាំខ្លួនឡើងតុលាការដើម្បីជំនុំជម្រះក្ដី ។ ពួកគាត់ រងបទចោទដូចគ្នាៗ ករណីញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ នៅពេលពួកគេ ប្រមូលផ្ដុំគ្នា លើកបដា តវ៉ាសុំអោយតុលាការ​ដោះលែង លោករ៉ុងឈុន  ជា មិត្តរួមការងារ របស់ពួកគេ ដែលធ្លាប់ជីះកង់ ទៅការពារព្រៃ មួយចំនួន នៅភាគនីរតីនៃប្រទេសកម្ពុជា។

លោករ៉ុងឈុន ជាប្រធានសហជីពការងារកម្ពុជា និងជាសមាជិកនៃក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ត្រូវបានចាប់ខ្លួន ក្នុងករណីញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ បន្ទាប់ពីលោក ឡើង វេទិកា របស់វិទ្យុមួយ និយាយពីការបាត់ដីមួយចំនួន តាមព្រំដែន ខេត្តត្បូងឃុំទៅភាគីវៀតណាម ដែល គណៈកម្មាធិការព្រំដែនរបស់រដ្ឋាភិបាល ចាត់ទុកថា ជាការផ្សាយព័ត៌មានមិនពិត ។ ប៉ុន្តែ កញ្ញា ឈឿនដារ៉ាវី  ត្រូវបានចាប់ខ្លួន កាលពីខែសីហាឆ្នាំ២០២០ គឺប៉ុន្មានថ្ងៃបន្ទាប់ពី នាងនិងក្រុមខ្មែរថាវរៈ ទៅទាមទារអោយដោះលែងលោករ៉ុងឈុន អោយមានសេរីភាពវិញ។

លោកស្រីចក់សុភាព គឺជានាយិកា នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលបានតាមដានសាវនាការបស់ក្រុមខ្មែរថាវៈ បានសរសេរលើបណ្ដាញសង្គមរបស់ លោកស្រីដោយធ្វើការកត់សំគាល់ដូចនេះថា ៖ពេលឃើញ​ ឈឿន​ ដារ៉ាវី​ ក្នុងសភាពកោរសក់​ គឺមនុស្សភាគច្រើនយល់ថានាងមានសភាពទ្រុឌទ្រោមជាងមុន​ អាចថាមើលទៅចាស់ជាង​មុនពេលនាងមានសក់ដ៏ស្រស់ស្អាតលើក្បាលនិងមានភាពស្រស់ថ្លាពេលនៅមជ្ឈដ្ឋានខាងក្រៅ​ មិនមែនដូចពេលនេះដែលកំពុងជាប់ឃុំក្នុងពន្ធនាគារដែលត្រូវបានគេរិះគន់ពីលក្ខខណ្ឌណែនណាប់និងកង្វះអនាម័យប៉ះពាល់សុខភាពជាច្រើន។ សម្រាប់ខ្ញុំបានឃើញដារ៉ាវីនៅតុលាការ។ មុនដំបូងខ្ញុំមើលមិនស្គាល់នាង​ តែចាប់អារម្មណ៍ពីភាពរហ័សរហួននិងស្មារតីស្វាហាប់គួរឱ្យចាប់អារម្មណ៍​ ក្រោយមកក្រុមការងារក៏ប្រាប់ថា​ គឺនាងដារ៉ាវី។

លោកស្រី ចក់សុភាព យល់ថា ជាធម្មតា​ មនុស្សស្រី​ ស្រលាញ់និងថែសក់ខ្លាំងណាស់​ ព្រោះសក់ជាសម្រស់មួយសម្រាប់មនុស្សស្រី​ ។ លោកស្រីគិតថា ដូចនេះការលះបង់សក់ជាសារមួយរបស់នាងដារ៉ាវីក្នុងការទាមទារយុត្តិធម៌របស់នាង​។

លោកស្រី បន្តរៀបរាប់ទៀតថា សម្រាប់ខ្ញុំសូមកោតសរសើរចំពោះស្មារតីដ៏រឹងមាំរបស់នាង។ មនុស្សអាចមានក្តីអាសូរ​ អាណិតដែលឃើញនាងក្នុងសភាពដែលគេយល់ថាទ្រុឌទ្រោម​ តែសូមមើលឃើញពីភាពខ្លាំង​ រឹងមាំ​ និងមោះមុតរបស់សកម្មជនស្រីរូប

នេះតាមរយៈសារដែលនាងចង់បង្ហាញនូវការទាមទារយុត្តិធម៌សង្គម។

លោកស្រី បានបង្ហាញការគាំទ្រការអំពាវនាវឱ្យមានការទម្លាក់បទចោទប្រកាន់លើសកម្មជនទាំងនេះនិងដោះលែងពួកគាត់ឱ្យមានសេរីភាពពេញលេញ។

តែសម្រាប់ លោកនុត សាវនា ដែលជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងម​ហាផ្ទៃនៅក្នុងបទសម្ភាសន៍ខ្លីមួយ ជាមួយវិទ្យុមួយ គឺលោកបាន កត់សំគាល់ថា  គឺ​ជាមធ្យោបាយមួយរបស់កញ្ញាឈឿន ដារ៉ាវី ក្នុងការតស៊ូមតិតាមផ្លូវតុលាការ។ លោក គិតថា កញ្ញាឈឿន ដារ៉ាវី មិនមានស្ថានភាពសុខភាពទ្រុឌទ្រោមនោះទេ គឺមានសុខភាពល្អដូចអ្នកកំពុងជាប់ឃុំដទៃទៀតដែរ។

នៅក្នុងផេងរបស់ ម្ដាយកញ្ញា ឈឿន​ ដារ៉ា​វី​  ​បានសសរសេររៀបថាខ្ញុំមានឈ្មោះ ​ ថាច់​ ធីតាខ្ញុំ គឺជាម្ដាយ របស់ នាង ឈឿន​ ដារ៉ា​វី​។ ខ្ញុំសូមសំណូមពរដល់អាជ្ញាធរ​មេត្តា​ដោះលែងកូនខ្ញុំឲ្យមានសេរីភាពឡើងវិញព្រោះកូនខ្ញុំគ្មានកំហុសនោះទេ។ទង្វើដែលកូនខ្ញុំធ្វើនេះគឺព្រោះតែដើម្បីជួយសង្គមនិងជាសិទ្ធិសេរីភាពរបស់ពលរដ្ធក្នុងប្រទេសកម្ពុជាជាប្រទេសប្រជាធិបតេយ្យគោរពសិទ្ធិមនុស្ស។ដូចនេះសូមតុលាការមេត្តាដោះលែងកូនខ្ញុំមកវិញ។

កញ្ញា ឈឿន ដារ៉ាវី មានអាយុ៣០ឆ្នាំ មកពីខេត្តបាត់ដំបង គឺជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ូកដ៏សកម្ម ។កញ្ញា ឈឿន ដារ៉ាវី គឺជាសមាជិកក្រុមយុវជនខ្មែរថាវរៈ។

កន្លងមកគេឃើញកញ្ញាឈឿន ដារ៉ាវី ចាប់ខ្លួនប្រឡូកនៅក្នុងការងារបរិស្ថានជាមួយលោក ហ៊ុន វណ្ណៈ យ៉ាងសកម្ម ដោយកញ្ញា ធ្លាប់បានចូលរួមនៅក្នុងយុទ្ធនាការទាមទារឲ្យរដ្ឋបាលក្រុងព្រះសីហនុបិទនិងរុះរើកាស៊ីណូជីងទីង ដែលបានសាងសង់ឡើងដោយខុសច្បាប់ និងបង្ករផលប៉ះពាល់ចំពោះសោភ័ណ្ឌភាពឆ្នេរសមុទ្រកោះរ៉ុងផងដែរ។

ជាពិសេសនៅក្នុងយុទ្ធនាការសង្គ្រោះកោះកុងក្រៅ ដែលបានរៀបចំនិងដឹកនាំដោយក្រុមយុវជនចលនាមាតាធម្មជាតិ ក៏កញ្ញាមានវត្តមាននិងលេចមុខយ៉ាងសកម្មផងដែរ ។ក្នុងនោះកញ្ញា និងក្រុមយុវនារីវ័យក្មេងជាច្រើនរូប បាននាំគ្នាជិះកង់ចេញពីទីរួមខេត្តកោះកុង សំដៅមកភ្នំពេញកាលពីខែមិថុនា ឆ្នាំ២០២០ ក្នុងគោលបំណងដើម្បីដាក់​ញត្តិ​ទៅ​សម្ដេចនាយក​រដ្ឋមន្ត្រី​ ដោយស្នើ​ដាក់​កោះកុង​ក្រៅ​ទៅ​ជា​តំបន់​ការពារ​ដោយ​ច្បាប់ និង​រក្សា​សភាព​ដើម​នៃ​កោះ​នេះ​។

សកម្មភាពជិះកង់នេះត្រូវទទួលបានការរារាំងនិងរឹតត្បិតខ្លាំង ដោយអាជ្ញាធរបាននាំគ្នាមកស្ទាក់ឃាត់ក្រុមយុវជនមិនឲ្យធ្វើដំណើរទៅមុខបាន នៅចំណុចភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។ លើសពីនេះទៅទៀត អាជ្ញាធរបានបង្អាក់និងឃាត់ក្រុមយុវជនមិនឲ្យទៅណា ដោយត្រូវដេកផ្លូវអស់មួយយប់ និងក្រោយមកអាជ្ញាធរបានឃាត់ខ្លួនពួកគេអស់ជាច្រើនម៉ោង និងដកហូតអាវយឺតនិងកង់ពួកគេទុកផងដែរ។

ក្នុងផេកហ្វេសបុករបស់កញ្ញា ឈឿន ដារ៉ាវីបានសរសេរដូចនេះថា មុនដើរចូលក្នុងការតស៊ូមតិដើម្បីសង្គមនេះ គឺខ្ញុំឃើញឆ្អែតហើយនៅបញ្ហាស្រុកខ្មែរ ហើយខ្ញុំក៏ត្រៀមខ្លួនរួចជាស្រេចទទួលរាល់ការប្រឈមមិនថាជាប់គុករឺការស្លាប់។

កាលពីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នេះ សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការជំនុំជម្រះលើសំណុំរឿងរបស់យុវជនចំនួន ៧ នាក់ រួមមាន ក្រុមយុវជនខ្មែរថាវរៈចំនួន ៥ នាក់ និងសមាជិកសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរចំនួន២នាក់ ព្រមទាំង អតីតមន្រ្តី និងសកម្មជនគណបក្សសង្គ្រោះជាតិចំនួន៨នាក់ទៀតដែលត្រូវបានចោទប្រកាន់ក្នុងសំណុំរឿងជាមួយគ្នា។ អ្នកទាំងអស់នោះត្រូវបានចោទប្រកាន់ពីបទ «ញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម និងផ្តើមគំនិតញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម»។ នៅក្នុងសវនាការជំនុំជម្រះនោះមានវត្តមានតែជនជាប់ចោទដែលស្ថិតក្នុងការឃុំខ្លួនចំនួនដប់នាក់ប៉ុណ្ណោះ ហើយជនជាប់ចោទបួននាក់ក្នុងចំណោម ដប់នាក់ដែលមានវត្តមានត្រូវបានពិភាក្សាដេញដោល។ តុលាការនឹងបន្តសវនាការជំនុំជម្រះលើករណីនេះនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២១៕

ខាងក្រោមនេះជាសេចក្ដីរាយការណ៍ដោយកញ្ញា ថី ថានិត

 

Share

Image
Image
Image