en     km
en     km

អ្នកនាំពាក្យកងទ័ព៖កម្ពុជា-ចិន ជាមិត្តដែកថែបគ្មានភាពរកាំរកូសលើទំនាក់ទំនងយោធាឡើយ

Share

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាលោក ឈុំ សុជាតិ បានបង្ហោះសារមួយលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី ២៨ ខែកុម្ភៈនេះ ដោយលើកឡើងថា  កម្ពុជា និងចិន គឺជាមិត្តដែកថែប ជាបងប្អូនរួមសុខរួមទុក្ខជាមួយគ្នា និងគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ ហើយទំនាក់ទំនងយោធាកម្ពុជា-ចិនក៏ប្រព្រឹត្តិទៅដោយល្អប្រកបដោយផ្លែផ្កា។

ការបង្ហាញមតិរបស់អ្នកនាំពាក្យកងទ័ពកម្ពុជានេះ ធ្វើឡើងដោយគាំទ្រសេចក្តីថ្លែងការណ៍របស់លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលចិនបានចេញមកបដិសេធ ចំពោះការលើកឡើងដែលថា «ទំនាក់ទំនងយោធាប្រទេសទាំងពីរមានភាពរកាំរកូស»។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាលោក ឈុំ សុជាតិ។រូបភាពពីហ្វេសប៊ុកលោក សុជាតិ។

សម្រាប់លោក ឈុំ សុជាតិ កងទ័ពប្រទេសទាំងពីរ កន្លងមកបានបង្កើតឲ្យមានសមយុទ្ធរួមគ្នាជាច្រើន ក្នុងគោលបំណង ចែករំលែកចំណេះដឹង បទពិសោធន៍ និងបច្ចេកវិទ្យាយោធា។ ក្នុងនោះផងដែរ មានសមយុទ្ធនាគមាស ដែលធ្វើឡើងចំនួន ៦លើកចាប់តាំងពីឆ្នាំ២០១៦ និងសមយុទ្ធសុខាភិបាលយោធារួមគ្នា ឈ្មោះថា «ទេវតាសន្តិភាព-ឆ្នាំ២០២៣» ជាដើម។

លោករំលឹកទៀតថា កាលពីឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ «សមយុទ្ធនាគមាស» ត្រូវបានពង្រីកវិសាលភាពបន្ថែមលើការហ្វឹកហ្វឺននៅលើគោក ដោយបន្តធ្វើនៅលើទឹកថែមទៀត ក្រោមប្រធានបទ «ប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករ ចាប់ជំរិតនាវាដឹកទំនិញ»។ ចំណែកឯ សមយុទ្ធនាគមាសសម្រាប់ឆ្នាំ២០២៥ ខាងមុខនេះវិញ កម្ពុជានិងចិន នឹងគ្រោងធ្វើឡើងកាន់តែធំជាងបណ្តាឆ្នាំមុនៗថែមទៀត ទាំងខ្លឹមសារ ចំនួនកងទ័ពចូលរួម យុទ្ធោបករណ៍កាន់តែច្រើននិងទំនើបជាងមុន ដើម្បីឱ្យសមស្របទៅនឹងទំហំនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ ដែលកាន់តែរីកចម្រើន និងស៊ីជម្រៅជាលំដាប់លើគ្រប់វិស័យ។

«សមយុទ្ធនាគមាស»កម្ពុជានិងចិនកាលពីពេលកន្លងទៅ។រូបភាពពី AKP។

បន្ថែមពីនេះ ការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិកម្ពុជា-ចិន នឹងបន្តធ្វើឡើងឱ្យកាន់តែស៊ីជម្រៅ ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកំពុងកសាងគោលបានយោបាយសហគមន៍ជោគ​វាសនា​រួម។នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាដដែរ។

លោក ឈុំ សុជាតិ បញ្ជាក់ទៀតថា ថ្នាក់ដឹកនាំប្រទេសពីរកម្ពុជា-ចិន ពិតពេញចិត្តចំពោះស្ថានភាពបច្ចុប្បន្ន​ នៃទំនាក់ទំនង​ទ្វេភាគី​ ដែលកាន់តែរឹងមាំដូចដែកថែប ដោយមិនមានអ្វីមួយមកបំបែកបំបាក់បានឡើយ ហើយរាល់ការប៉ុនប៉ងបំបែកបំបាក់ទំនាក់ទំនងកម្ពុជា-ចិន នឹងទទួលបរាជ័យស្រុង៕

Share

ព័ត៌មានទាក់ទង