នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ម្សិលមិញ អាជ្ញាធរជាតិអប្សរា បានចេញមុខសូមអភ័យទោសចំពោះចន្លោះខ្វះខាតមួយចំនួន អំពីការថតរបស់ស្ដ្រីជនជាតិវៀតណាមមួយក្រុមនៅតំបន់រមណីយដ្ឋានប្រាសាទអង្គរវត្ត ក្រោយវីដេអូរបស់ក្រុមស្ដ្រីនោះបានបង្ហោះចេញមក ហើយកាត់បញ្ចូលគ្នាថា ប្រាសាទអង្គរវត្តជារបស់ប្រទេសថៃ។
ទន្ទឹមគ្នានឹងការទទួលស្គាល់កំហុសរបស់អាជ្ញាធរជាតិអប្សរា ស្ថាប័នមួយនេះក៏បានប្ដេជ្ញានឹងពង្រឹងកិច្ចការងារក្នុងការថែរក្សានូវរូបភាពដ៏បវរនៃរមណីរដ្ឋានអង្គរបន្ថែមទៀត។ ជាការទប់ស្កាត់វីដេអូរបស់ស្ដ្រីជនជាតិវៀតណាមដែលកាត់បញ្ចូលគ្នាទាំងសំឡេង និងរូបភាពផ្សេងៗដើម្បីផ្សព្វផ្សាយក្នុងគោលបំណងមិនល្អ អាជ្ញារធរបានស្នើទៅកាន់ក្រុមហ៊ុន Tik Tok បញ្ឈប់ការបង្ហោះវីដេអូផងដែរ។ អាជ្ញាធរជាតិអប្សរាចាត់ទុកវីដេអូរបស់ស្ដ្រីជនជាតិវៀតណាមនោះ ថាមានលក្ខណៈញុះញង់ក្នុងសង្គម។
គួរជម្រាបថា ស្ដ្រីជនជាតិវៀតណាមនោះបានទៅថតនៅប្រាសាទអង្គរវត្ត កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣។ ក្រុមភ្នាក់ងារទេសចរណ៍របស់អាជ្ញាធរជាតិអប្សរាបានហាមឃាត់នូវសម្ភារៈមួយចំនួន និងបានតាមពិនិត្យសកម្មភាព ព្រមទាំងស្នើឱ្យលុបចោលរូបភាពមួយចំនួនផ្សេងទៀតផងដែរ ដែលមានលក្ខណៈមិនសមស្រប។ តែយ៉ាងណាការណ៍ដែលស្ដ្រីជនជាតិវៀតណាមម្នាក់នោះអាចថតបាន ដោយសារសមាជិករបស់ស្ដ្រីនោះ បានប្រើប្រាស់ទូរសព្ទដៃជាឧបករណ៍ថត ហើយអាចនឹងធ្វើការលាក់កំបាំង។ នេះបើតាមការអះអាងរបស់អាជ្ញាធរជាតិអប្សរា។
តំបន់សម្បត្តិបេតិកភណ្ឌពិភពលោក ប្រាសាទអង្គរវត្តអនុញ្ញាតឱ្យថតបែបផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផល ឬអាជីវកម្មបាន លុះត្រាតែបានដាក់ពាក្យស្នើសុំមកអាជ្ញាធរជាតិអប្សរា ពិនិត្យពីគោលបំណងជាមុនសិន។ ជាមួយគ្នាសម្រាប់ការប្រកបអាជីវកម្មថតសម្លៀកបំពាក់ប្រពៃណីបុរាណ និងការថតវីដេអូផ្សាយបន្ដផ្ទាល់ដោយក្រុមហ៊ុនទេសចរណ៍ ដើម្បីផ្សព្វផ្សាយប្រាសាទនានាទៅកាន់អតិថិជន មិនត្រូវបានគិតប្រាក់នោះទេ។ តែសម្រាប់ការថតរូបភាព ឬវីដេអូទុកជាអនុស្សាវរីយ៍ផ្ទាល់ខ្លួន ឬលក្ខណៈទេសចរណ៍ ដើម្បីផ្សព្វផ្សាយសិល្បៈ និងវប្បធម៌ឱ្យពិភពលោកបានស្គាល់ពីនូវសម្បត្តិដ៏ថ្លៃថ្លារបស់កម្ពុជា មិនត្រូវបានហាមឃាត់នោះទេ៕