នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរា រួមជាមួយក្រុមហ៊ុន Guangzhou Iceberg Environmental Consulting Services Co Ltd (ជាងស៊ូ អៃបឺក អិនវ៉ាយរុនមិនថល ខុនសូលធីសឺវីស)បានប្រគល់ជូនចង្រ្កានបង្កើនថាមពល កាត់បន្ថយការបំពុលបរិស្ថាន ដល់ប្រជាពលរដ្ឋចំនួន ៦ភូមិ សរុបជិត១០០០គ្រួសារក្នុងឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ នេះបើតាមទំព័រហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរា។
បើតាមអាជ្ញាធរជាតិអប្សរា នេះមិនមែនជាលើកទីមួយឡើយដែលអាជ្ញាធរជាតិអប្សរា បានសហការជាមួយវិស័យឯកជន ដើម្បីផ្តល់ជូនចង្រ្កានបង្កើនថាមពល សំដៅកាត់បន្ថយការបំពុលបរិស្ថានដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ សកម្មភាពទាំងនេះ គឺមិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ចំពោះប្រជាពលរដ្ឋក្នុងមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ព្រមទាំងកាត់បន្ថយការបំពុលបរិស្ថានក្នុងសហគមន៍ផងដែរ។
រូបភាពពីហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា។
តាមការបញ្ជាក់ពីលោក សាខុន ប៉ូរិន ប្រធានបណ្តាញសង្គមស៊ីវិលកម្ពុជាធ្លាប់ប្រាប់សារព័ត៌មានកាលពីពេលកន្លងទៅថា គម្រោងប្រើប្រាស់ចង្ក្រានព្រៃមាន់នេះ បានចូលរួមកាត់បន្ថយការបំពុលបរិស្ថាន ដោយក្រុមហ៊ុនចិនមួយនេះ គឺផ្តោតសំខាន់ទៅលើភាពបៃតងនៅលើផែនដី។ ជាងនេះ ការផ្តល់ជូននេះក៏មានសកម្មភាពក្នុងការជួយកាត់បន្ថយភាពក្រីក្រ និងចូលរួមការកាត់បន្ថយការបំភាយកាបូនចូលក្នុងបរិយាកាសផងដែរ។ ចង្ក្រាននេះ ត្រូវបានផលិតឡើងដោយសិប្បកម្មឈ្មោះ ព្រៃមាន់ ដែលមានមូលដ្ឋាននៅខេត្តកំពង់ឆ្នាំង និងមានកម្មករជាអ្នកពិការភាពមួយចំនួនផងដែរ។
ជាងនេះទៀតជំនួយចង្ក្រានព្រៃមាន់នេះ គឺមានលក្ខណៈបច្ចេកទេសក្នុងការកាត់បន្ថយដល់ការប្រើប្រាស់បរិមាណអុស និងការបំភាយកាបូនក្នុងកំរិតមួយទាបចូលទៅក្នុងបរិយាកាស៕