en     km
en     km

វិទ្យាសា្ថន API ចាប់អនុវត្តលើកកម្ពស់អភិបាលកិច្ចមូលដ្ឋានក្នុងប្រទេសកម្ពុជាតាមរយៈ ឃុំចំនួនបួនជាគំរូ

Share

ក្រុងភ្នំពេញ៖ វិទ្យាស្ថានតស៊ូមតិ និង គោលនយោបាយ(API)នៅព្រឹកថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០១៨ នេះបានរៀបចំ ពិធីចុះអនុស្សារណៈយោគយល់រវាង អង្គការចំនួន៣និង ឃុំទាំង៤ ដែលមកពី ខេត្តកំពង់ធំ និង ខេត្តបន្ទាយមានជ័យ ស្តីពីគម្រោង «លើកកម្ពស់អភិបាលកិច្ចមូលដ្ឋានក្នុងប្រទេសកម្ពុជា តាមរយៈប័ណ្ណដាក់ពិន្ទុរបស់ប្រជាពលរដ្ឋ»។ មេឃុំខេត្តទាំង២ បានបង្ហាញពីចំណាប់អារម្មណ៍សប្បាយចិត្ត ដែលគម្រោងនេះនឹងត្រូវអនុវត្តនាពេលឆាប់ៗនេះ។

ស្តាប់សំឡេង លោក សេរីវឌ្ឍនៈ៖ 

គម្រោង «លើកកម្ពស់អភិបាលកិច្ចមូលដ្ឋានក្នុងប្រទេសកម្ពុជា តាមរយៈប័ណ្ណដាក់ពិន្ទុរបស់ប្រជាពលរដ្ឋ»ធ្វើឡើងនៅក្នុងគោលបំណងពង្រឹង គណនេយ្យភាពសង្គម និង ការចូលរួមរបស់ប្រជាពលរដ្ឋ ដើម្បីបង្កើនអភិបាលកិច្ចមូលដ្ឋាន ក្នុងឃុំ ស្រុក គោលដៅ។        

លោក ម៉ាន់ រ៉ាន់ផានិត ប្រធានកម្មវិធីគម្រោងរបស់វិទ្យាស្ថាន (API)បានប្រាប់មកអ្នកសារព័ត៌មានវិទ្យុស្រ្តីថាលោកមានសេចក្តីសោមន្សរីករាយដែលគម្រោងនេះមានការគាំទ្រកញ្ចប់ថវិកាពីអង្គការសហប្រជាជាតិ។

លោកបានបញ្ជាក់ថាគម្រោងនេះធ្វើឡើងក្នុងគោលបំណងពង្រឹងគណនីយភាពសង្គមអភិបាលកិច្ចរបស់អាជ្ញាធរដោយឆ្លើយតបតម្រូវការរបស់សាធារណជនឲ្យមានប្រសិទ្ធិភាព។

សំឡេងលោកម៉ាន់រ៉ាន់ផានិត៖ តាមពិតទៅគោលបំណងរបស់គម្រោងនេះគឺមិនខុសគ្នាពីគម្រោងគណនីយ្យភាពសង្គម ទេគ្រាន់តែថា គម្រោងនេះគឺដោះស្រាយបញ្ហាដែលធ្លាប់មាននៅក្នុងគម្រោងគណនីយ្យភាព ហើយគម្រោងនេះគឺក្នុងគោលបំណងពង្រឹងគណនីយភាពសង្គម អភិបាលកិច្ចរបស់អាជ្ញាធរ ដោយឆ្លើយតបតម្រូវការរបស់សាធារណជនឲ្យកាន់តែមានប្រសិទ្ធិភាព។

លោកបានដាក់សេចក្តីរំពឹងថា ក្រោមកិច្ចសហប្រតិបត្តិការរវាងមេឃុំ-អាជ្ញាធរ និង ប្រជាពលរដ្ឋ គម្រោងនេះនឹងទទួលបានជោគជ័យ។

លោក ហេង សុភក្តិ មេឃុំបន្ទាយឆ្មារ ស្រុកបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ បានឡើងបង្ហាញចំណាប់អារម្មណ៍ដោយលើកសរសើរ ដល់គម្រោងរបស់វិទ្យាស្ថានមួយនេះដែលផ្តោតលើ ប្រព័ន្ធវិមជ្ឈការ។ លោករំពឹងថា គម្រោងមួយនេះ នឹងជួយអភិវឌ្ឍ ដល់ភូមិឃុំរបស់លោក ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

សំឡេង លោក ហេង សុភក្តិ៖ ខ្ញុំយល់ឃើញថា គម្រោងមួយនេះ គឺសម្រាប់ភូមិឃុំខ្ញុំ និង បងប្អូនទូទាំងប្រទេស គឺល្អមែនទែន ក្នុងការពង្រឹងប្រព័ន្ធវិមជ្ឈការ។ ខ្ញុំគិតថាចំពោះភូមិឃុំខ្ញុំបើសិនជារដ្ឋាភិបាលសំរេចអីមិនទាន់ យើងមានអង្គការមួយនេះ វាជាខ្សែបន្ទាត់មួយដើម្បីជួយបង្ហាញផ្លូវដល់រដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ដល់ភូមិឃុំយើង។

ចំណែកមេឃុំ សាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ លោក ជិន ហ៊ីន ក៏លើកឡើងស្រដៀងគ្នា នឹង មេឃុំបន្ទាយឆ្មារផងដែរ។ លោកពន្យល់ថា គម្រោងនេះជាប្រភពព័ត៌មានដែលផ្តល់វិសាលភាពព័ត៌មានទៅដល់ប្រជាពលរដ្ឋ និង ធ្វើឲ្យពលរដ្ឋយល់ដឹងពីការដាក់ពិន្ទុទៅលើអាជ្ញាធរដែលបម្រើសេវាសាធារណៈដល់ប្រជាពលរដ្ឋ។

សំឡេង លោក ជិន ហ៊ីន៖ ចំពោះខ្ញុំផ្ទាល់យល់ថា ខ្ញុំមានការគាំទ្រ ព្រោះថាគម្រោងនេះ ជាគម្រោងដែលផ្តល់ព័ត៌មានទៅកាន់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន ក៏ដូចជារដ្ឋាភិបាល ដើម្បីយើងឆ្លើយតបនិងតម្រូវការជាច្រើន។ ខ្ញុំប្តេជ្ញាចិត្តថា និងសហការជាមួយវិទ្យាស្ថាននេះ ដើម្បីឆ្លើយតបនិងតម្រូវការរបស់ប្រជាជន។

សូមបញ្ជាក់ថាគម្រោងដែល វិទ្យាសា្ថនតស៊ូមតិ និង គោលនយោបាយ សហការជាមួយអង្គការសហប្រជាជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ(UNDES) មានកញ្ចប់ថវិការ ១៥០ ០០០ ដុល្លារ បានចុះអនុស្សារណយោគយល់រវាង អង្គការអេភីអាយ អង្គការក្រុមទ្រទ្រង់ភូមិ អង្គការទ្រទ្រង់ស្រ្តីខ្មែរ និង ឃុំទាំង ៤ ដែលក្នុងនោះមានឃុំ គោករមៀតនិងឃុំបន្ទាយឆ្មារស្ថិតនៅក្នុងស្រុកថ្មពួកខេត្តបន្ទាយមានជ័យនិងឃុំសាលាវិស័យឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្គខេត្តកំពង់ធំ៕

Share

Image
Image
Image