ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុម្នាក់ទៀត មានឈ្មោះថា សុខ សុភាព ត្រូវបានដកហូតឋានន្តរស័ក្ដិថ្នាក់វរសេនីយ៍ឯក ដោយសារតែល្មើសវិន័យកងកម្លាំងនគរបាលជាតិ។ ឋានន្ដរស័ក្ដិរបស់លោក ត្រូវបានដកហូតដោយ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងលិខិតចេញកាលពីទី៨ ខែមករា ឆ្នាំ២០២៤។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុឃៈ(សុខៈ) ថា ការដកហូតតំណែងមន្ដ្រីជាន់ខ្ពស់ខេត្តព្រះសីហនុរូបនេះ ដោយសារលោក បានប្រព្រឹត្តកំហុសឆ្គង៣យ៉ាង ទី១ គឺបំពេញការងារដោយគ្មានគោលការណ៍អនុញ្ញាត ឬក៏បទបញ្ជាអនុញ្ញាតពីស្នងការ ទី២ហ្នឹង គឺធ្វើការងារដោយខុសជំនាញ និងទី៣ មិនរាយការណ៍នូវអ្វី ដែលគាត់បានធ្វើ ស្នើសុំយោបល់ដឹកនាំ បន្តពីស្នងការ និងពីថ្នាក់ដឹកនាំ។
គួរជម្រាបថា កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ លោក ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានដកហូតមុខតំណែងស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុម្នាក់ដែរ ឈ្មោះលោក ហម សុវណ្ណរិទ្ធ ឲ្យទៅជាមន្ត្រី។ លោកត្រូវបានផ្ទេរកន្លែងការងារពីខេត្តព្រះសីហនុ ឲ្យទៅបម្រើការងារនៅកងអន្តរាគមន៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងបន្ថយឋានន្តរស័ក្តិមួយថ្នាក់នៅត្រឹមថ្នាក់វរសេនីយ៍ត្រី ក្រោយពីល្មើសវិន័យកងកម្លាំងនគរបាលជាតិ។
សម្ដេច ហ៊ុន ម៉ាណែត ធ្លាប់បានលើកឡើងថា គឺដើម្បីអនុវត្តអភិក្រមទី៥ គឺ «ការវះកាត់» ឬដកតំណែងមន្ត្រី ដែលបានប្រព្រឹត្តអំពើខុសឆ្គង ដែលនាំឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិ និងប្រជាជន៕