en     km
en     km

វិភាគ៖ តើជប៉ុនត្រូវឆ្លើយថា«Yes ឬ No »ឆ្លើយតបនឹងលទ្ធផលបោះឆ្នោតនៅកម្ពុជានៅខែកក្កដាឆ្នាំ២០១៨?

Share

យើងបានធ្វើបទវិភាគចំនួន៤ លើកមកហើយ ទាក់ទិននឹងតួនាទីរបស់ជប៉ុន ក្នុងស្ថានភាព នយោបាយ នៅកម្ពុជា ដែលមជ្ឈដ្ឋាននិងអ្នកសង្កេតការណ៍មួយចំនួន ហាក់នៅតែមានសេចក្ដីរំពឹងថាដំណាក់កាលចុងក្រោយជប៉ុននឹងជួយធ្វើអោយមានការប្រែប្រួលនយោបាយទៅរកវិជ្ជមានវិញ គឺបក្សនយោបាយធំ២ -បក្សCPP និង ក្រុមអតីតបក្សប្រឆាំងCNRP អាចវិលមករកតុចរចា។ តែបើមិនដូច្នេះទេ ជប៉ុនមានជម្រើសពីរត្រូវឆ្លើយតបស្ថានការណ៍នៅពេលនោះគឺត្រូវឆ្លើយថា«YesNo »   ចំពោះលទ្ធផលបោះឆ្នោតនៅកម្ពុជានៅខែកក្កដាឆ្នាំ២០១៨នេះ។

អត្ថបទ រៀបរៀងដោយ លោកនួន បូរិន ​ហើយលោក សេរីវឌ្ឍនៈ ជូនសេចក្ដីវិភាគដូចតទៅ៖

 

ចំពោះស្ថានភាពនយោបាយនៅកម្ពុជា ក្នុងគ្រានេះ ប្រទេស​ជប៉ុន​ទំនងជា​ប្រើ​យុទ្ធសាស្ត្រតែមួយសិន គឺគិតអំពីអត្ថប្រយោជន៍​របស់​ខ្លួនជាមុន ដោយត្រូវបញ្ជៀសនូវទំនាស់ការទូតជាមួយកម្ពុជា ប្រយោជន៍រក្សា​ទំនាក់ទំនង​ល្អ ជាជាងរុញស្ថានការណ៍ដល់ គៀនជញ្ចាំង។   

ប្រទេស​ជប៉ុន បច្ចុប្បន្ន​នេះ កំពុងតែ​សម្លឹង​មើល ​អំពី​​អត្ថប្រយោជន៍​សេដ្ឋកិច្ច និង​វិនិយោគ​របស់​ខ្លួន តាមរយៈ​ការ​ខិតខំ​រក្សា​ចំណងមិត្តភាព​ឲ្យ​កាន់តែប្រសើរ ​ ដោយ​មិនសូវ​អើពើ នឹង​ការធ្លាក់​ចុះ​​នៃ​ លទ្ធិប្រជាធិបតេយ្យ​នៅកម្ពុជានោះទេ។

ដូចការរំពឹងទុក នាយករដ្ឋមន្ត្រីជប៉ុនបានបញ្ជូន ប្រមុខការទូតរបស់ខ្លួនមកកាន់ម្ពុជា កាលពីថ្ងៃទី៨មេសាគឺ លោក តារ៉ូ កូណូ (Taro Kono) ។ លទ្ធផលនៃទស្សនកិច្ចរបស់​រដ្ឋមន្ត្រីការបរទេស​ជប៉ុន រូបនេះ មក​កាន់​កម្ពុជា នាំអោយកម្ពុជា ទទួល បានប្រាក់កម្ចី ៨៦លានដុល្លារនិង ប្រាក់ជំនួយ ៤,៦លានដុល្លារ។

ក្រៅ​ពី​ពិធី​នេះ ប្រមុខ​ការទូត​ជប៉ុន​រូប​នេះ ក៏​បាន​ជួប​ពិភាក្សា​ដោយ​ផ្ទាល់​ជាមួយ​សម្ដេច​នាយករដ្ឋ​មន្ត្រីហ៊ុន សែន។

សារព័ត៌មាន​ជប៉ុន NHK បាន​ចុះ​ផ្សាយ​​ថា លោក កូណូ បាន​ជំរុញ​ទៅ​សម្ដេច ហ៊ុន សែន ឲ្យ​រៀបចំ​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹម​ត្រូវ។

សារព័ត៌មាន​ជប៉ុន​មួយ​នេះ បាន​ដក​ស្រង់​សម្ដី​ប្រមុខ​ការទូត​ជប៉ុន ដែល​បាន​និយាយ​ថា ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ គួរតែ​ឆ្លុះ​បញ្ចាំង​ឲ្យ​ត្រឹម​ត្រូវ​ពី​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ។

ជាមួយគ្នានេះ លោក កូណូ បាន​និយាយ​ថា ជប៉ុន​នឹង​បន្ត​តាម​ដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ដែលក្រុងតូក្យូចាត់ទុកខ្លួនជាមិត្ត​យូរ​អង្វែង​ជាមួយ​កម្ពុជា។

ទំនាក់ទំនងកម្ពុជា- ជប៉ុន ឈានដល់ ៦៥ឆ្នាំ

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជួបពិភាក្សា​ជួយលោក Taro Kono រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន នៅថ្ងៃអាទិត្យ ទី ៨ ខែ មេសា ឆ្នំា ២០១៨។ រូបភាព៖ taken from Hun sen”s Page

ជប៉ុន ជាមិត្តប្រវត្តិសាស្ត្រជាមួយកម្ពុជា តាំងពី សម័យសង្គមរាស្រ្តនិយម។ក្នុងសម័យនោះ អតីតព្រះមហាក្សត្រ ព្រះបាទនរោត្តមសីហនុ បានយាងទៅធ្វើទស្សនកិច្ច នៅឆ្នាំ១៩៥៣ ជាទស្សនកិច្ចលើកដំបូង បន្ទាប់ពីសង្រ្គាមលោកលើកទី២។ នៅឆ្នាំ១៩៥៧ នាយករដ្ឋមន្ត្រីជប៉ុន គឺលោក Nobusuke Kishi ក៏បានមកធ្វើទស្សនកិច្ច នៅកម្ពជា ។ចាប់តាំងពី ឆ្នាំនោះ មក ទស្សនកិច្ច រវាងថ្នាក់ដឹកនាំប្រទេសទាំងពីរមានជាហូរហែ។ តាមរយៈទស្សនកិច្ច ជាបន្តបន្ទាប់នេះ  ដល់ឆ្នាំ១៩៦៨  ប្រទេសជប៉ុន ក៏ចាប់ផ្ដើមផ្ដល់ប្រាក់កម្ចីមកអោយកម្ពុជា។ តែទំនាក់ទំនងនេះ បានខកខានវិញ ដោយសារកម្ពុជា ធ្លាក់ក្នុងរបប ប្រល័យពូជសាសន៍។  

បើនិយាយពីជំនួយជប៉ុនតាំងពីឆ្នាំ១៩៩២ ដែលជួយកម្ពុជាក្នុងការកាត់បន្ថយអោយបាននូវភាពក្រីក្រនៅកម្រិតទាបបំផុត គឺជំនួយជប៉ុន បានកើនឡើង ជាង២០០០លានដុល្លារ ដែលនាំអោយប្រទេសនេះក្លាយជាប្រទេសផ្ដល់ជំនួយធំជាងគេសម្រាប់កម្ពុជា។ចំណែកឯទំហំពាណិ​ជ្ជកម្មទ្វេភាគី បានកើនជាង ១៦ពាន់លានដុល្លារ។ នេះបើតាមគេហទំព័រ opendevelopmentcambodia.net ។

ប្រទេសទាំងពីរបានអោយតម្លៃគ្នាទៅវិញទៅមក ដែលនាំអោយទំនាក់ទំនងទ្វេភាគីមិន ដែលជួបភាព រំកាំរកូសនឹងគ្នាម្ដងណាទេ។ ដោយការខិតខំរក្សាទំនាក់ទំនងមិត្តភាពកាន់តែ រឹងមាំ 

រដ្ឋាភិបាលជប៉ុន បានរំលឹកខួប៦៥ឆ្នាំនៅ ឆ្នាំ២០១៨នេះ ដោយពិធីនេះធ្វើឡើងនៅ រាជធានីភ្នំពេញ។ វត្តមាននៃពិធីនេះ មានលោករដ្ឋមន្ត្រីការបរទេសជប៉ុន លោក កូណូ ជាភ្វៀវ កិត្តិយសដ៏ខ្ពង់ខ្ពស់ ជាមួយសមភាគីកម្ពុជា លោក ប្រាក់សុខុន ហើយពិធីនេះ ក្រោមអធិបតីភាពសម្ដេចហ៊ុនសែនប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ការបោះឆ្នោតសភា ខែកក្កដា ឆ្នាំ២០១៨

ខណៈសហភាពអឺរ៉ុបនិងអាមេរិក​គំរាមមិនទទួលស្គាល់លទ្ធផលបោះឆ្នោតសភាខែកក្កដា  ជប៉ុន បែរជាសន្យានៅបន្តជំនួយរបស់ខ្លួនសម្រាប់ការបោះឆ្នោតដែលនាំអោយមានការចោទសួរថាតើជប៉ុនអាចកាត់ផ្ដាច់ដៃគូរបស់ខ្លួនទាំងពីរនេះបានទេ ដោយសារចាប់យកកិច្ចសហការមួយជាមួយកម្ពុជា ក្នុងការបោះឆ្នោតគ្មានបក្សប្រឆាំងចូលរួម។ ក្នុងន័យនេះហើយ ដែល នាំអោយមានការ លើកឡើងថា តើជប៉ុនត្រូវជ្រើសរើសពាក្យថា«Yes ឬ No »ឆ្លើយតបនឹងលទ្ធផលបោះឆ្នោតនៅកម្ពុជា ដែលសហភាពអឺរ៉ុបនិងអាមេរិកជាសម្ព័ន្ធមិត្តរបស់ជប៉ុនមិនទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោមហេតុផលថា គណបក្សសង្រ្គោះជាតិ ដែលត្រូវតុលាការកំពូលរំលាយកាលពីចុងឆ្នាំ២០១៧ មិនមានលទ្ធភាពចូលរួមការបោះឆ្នោត។ 

នេះ គឺជារបៀបវារៈមួយ ដែលត្រូវ ធ្វើការព្យាករណ៍ ទៅលើជំហររបស់ជប៉ុន។  នៅរយៈពេល១០ឆ្នាំចុងក្រោយនេះ ជប៉ុនហាក់ លោតចូលកម្ពុជាយ៉ាងខ្លាំងដែលនរណាក៏ដឹងថា កម្ពុជា បានចាប់យកប្រទេសចិនជាបង្អែក ទាំងសេដ្ឋកិច្ចនិងនយោបាយ អ្វីដែលគេហៅថា ដើម្បីធ្វើអោយសេដ្ឋកិច្ចខ្លួនរឹងមាំ លុះត្រាតែ មានការអភិវឌ្ឍជានិរន្តន៍។ការអភិវឌ្ឍជាចិរភាពនេះ ពិតជាត្រូវការមិត្តដែលជួយផ្ដល់ជំនួយ ទាំងប្រាក់កម្ចីនិងជំនួយ ឥតសំណង ដោយគ្មានលក្ខខណ្ឌ លើការគោរពសិទ្ធិមនុស្ស ឬប្រជាធិបតេយ្យឡើយ។ តាមរយៈនេះ កម្ពជា មានការត្រេកអរជាខ្លាំងអោយតែចិនថា ត្រូវជួយកម្ពុជាគ្រប់កាលៈទេសៈទាំងអស់។ ដូចនេះហើយបានជា នៅឆ្នាំ ២០១២ ដែលកម្ពុជា ជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាន -ចិន  កម្ពុជាត្រូវបានអ្នកសង្កេតការណ៍ថាលម្អៀង ទៅរកចិន ដោយធ្វើអោយខកខាននៃការចេញសេចក្ដីថ្លែងការណ៍រួមរបស់អាស៊ាន ជុំវិញ ជម្លោះដែនសមុទ្រចិនខាងត្បូងដែលក្រុងប៉េកាំង មានប្រៀបជាងគេក្នុងជម្លោះនេះ ។ តែបែបនេះក្ដីកម្ពុជា បានច្រានចោលដោយអះអាងខ្លួនមិនមានឥទ្ធិពល អ្វីទេ ក្នុងជំលោះនោះ។

ទំនង ដោយសារចង់ពង្រីកអនុភាពរបស់ខ្លួននៅតំបន់អាស៊ីអាគ្នេយ៍ដោយចាត់ទុកជម្លោះនយោបាយជារឿងដាក់ដោយឡែក ក្រុងតូក្យូ បានយករបៀបវារៈសន្តិភាពជាមួយកម្ពុជា ដោយ ខ្លួនគិតថាមានអត្ថប្រយោជន៍ចំនួនពីរដូចគ្នានៅពេលនេះ គឺភាពស្និទ្ធស្នាល ជាមួយកម្ពុជា នាំអោយមានការរក្សាបាន តុល្យភាព ទំហំពាណិជ្ជកម្មទ្វេភាគីនិងមួយទៀត ក្រុងតូក្យូចង់ទប់ទល់ ឥទ្ធិពលចិន ក្នុងតំបន់។

តែបែបនេះក្ដី មានការគិតផ្សេងពីនេះបន្តិច។មជ្ឈដ្ឋានខ្លះ ឬអ្នកសង្កេតការណ៍មួយចំនួនមិនទាន់គិតពីទុទិដ្ឋិនិយមពេកនោះទេដែល ថាជប៉ុនមិនគាំទ្រអ្នកប្រជាធិបតេយ្យដូចគ្នាហើយសុខចិត្តបោះបង់ចោល ដៃគូសម្ព័ន្ធភាពយុទ្ធសាស្ត្រពង្រឹងប្រជាធិបតេយ្យ តំបន់ អាស៊ីអាគ្នេយ៍។ មជ្ឈដ្ឋានទាំងនោះអាចគិតថា មានយុទ្ធសាស្ត្រមួយទៀត ដែលជប៉ុនអាចធ្វើអោយមានភាពស្រឡាំងកាំងនៅដំណាក់ចុងក្រោយ។ មានន័យថា ការចរចានយោបាយអាចកើតឡើងបានខណៈការបោះឆ្នោតអាចត្រូវលើកពេលបន្តិច។ តែបើមិនដូច្នេះទេជប៉ុន ត្រូវជ្រើសផ្លូវមួយទៀត ជាមួយសហគមន៍អន្តរជាតិគឺ ឆ្លើយតប ជាអវិជ្ជមាន ចំពោះលទ្ធផលបោះឆ្នោត ដែលត្រូវឆ្លើយថា« No»។មានន័យថាការបោះឆ្នោត នោះ មិនមានលក្ខណៈសម្បត្តិ គ្រប់គ្រាន់ដោយសារ បក្សប្រឆាំងមិនចូលរួមការបោះឆ្នោត ហើយសហគមន៍អន្តរជាតិដែលជាដៃគូរបស់ជប៉ុនក៏មិនទទួលស្គាល់លទ្ធផលបោះឆ្នោតនោះដែរ។ បើដូច្នេះមែន ជប៉ុនត្រូវដើរតួនាទីយ៉ាងខ្លាំងនៅឯអង្គការសហប្រជាជាតិដោយរុញភាគីនយោបាយខ្មែរអោយមានកិច្ចចរចាជាបន្ទាន់ ហើយការចរចានេះទៀតក្នុងកម្រិតអន្តរជាតិទៀតផង។

តែជាមួយគ្នានេះ ជប៉ុនអាច​ជ្រើសរើស​ការឆ្លើយថា`«Yes »  ។ មានន័យថា ការបោះឆ្នោតត្រឹមត្រូវដោយមានបក្សតូចៗចូលរួមច្រើនហើយទទួលបានអាសនៈទៀតផង ស្របពេល ពលរដ្ឋចេញទៅបោះឆ្នោតមានចំនួនច្រើន ហើយការបោះឆ្នោតមានតម្លាភាព គ្មានការបង្ខិតបង្ខំ ឬទិញ ទឹកចិត្តអ្នកបោះឆ្នោត។ ការឆ្លើយថា `«Yes »  មានន័យថា ជប៉ុនត្រូវការតុល្យភាព ពាណិជ្ជកម្ម និងទប់ទល់ឥទិ្ធពលចិននៅក្នុងតំបន់ជាជាង កសាងកម្លាំងប្រជាធិ

បតេយ្យក្នុង តំបន់មួយដែលលោកខាងលិចពេញចិត្ត។ តើអាចទៅរួចទេ ចម្លើយថា `«Yes » ? ទំនងមានភាគរយតិចជាងចម្លើយថា« No»៕ 

 

 

 

 

Share

Image
Image
Image