en     km
en     km

វិភាគ៖ លោកស្រីអ៊ុងសានសូជីបាក់មុខមាត់លើឆាកអន្តរជាតិតែពលរដ្ឋភូមាមិនអាចភ្លេចគុណបំណាច់របស់អតីតមេបក្សប្រឆាំងនេះបានទេ

Share

ថ្ងៃទី៣០មីនា ឆ្នាំ២០១៦ គឺជាទិវា នៃការប្រកាសការឡើងកាន់អំណាចរបស់ គណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យ របស់លោកជ័យលាភីប្រជាធិបតេយ្យ អ៊ុងសានសូជី ។ គិតមកដល់ថ្ងៃទី៣០មីនា ឆ្នាំ២០១៨នេះគឺជាខួបពី២ឆ្នាំនៃការចូលកាន់តំណែងរបស់លោកស្រីអ៊ុងសានសូជី។ក្នុងការរំលឹកខួប២ឆ្នាំកាលពីថ្ងៃទី៣០មីនា​ លោកស្រី ប្រមុខបក្ស កាន់អំណាច នៅភូមាបានទទូចសុំឱ្យជនរួមជាតិរបស់លោកស្រី បន្តនិងរក្សាអោយបាន នូវការឯកភាពជាតិ និង សាមគ្គីភាព ជុំវិញរដ្ឋាភិបាលរបស់លោកស្រីប្រយោជន៍បន្តពង្រឹងលទ្ធិប្រជាធិបតេយ្យទៅមុខទៀត។

តែបែបនេះក្ដី រយៈពេល២ឆ្នាំនៃការកាន់អំណាចរប​ស់អតីតបក្សប្រឆាំងដឹកនាំដោយជ័យលាភីនូប៊ែលសន្តិភាព ត្រូវបានមើលឃើញពីចំណុចអវិជ្ជមានមួយធ្វើអោយលោកស្រី បាក់មុខមាត់ជាខ្លាំងនៅលើឆាកអន្តរជាតិ ករណីការរំលោភសិទ្ធិមនុស្ស យ៉ាងធ្ងន់ធ្ងរលើសហគមន៍អន្តោប្រវេសន៍ ម៉ូស្លិមរ៉ូហ៊ីងយ៉ា។ តែពលរដ្ឋភូមាភាគច្រើន មិនបានភ្លេចគុណបំណាច់របស់លោកស្រីដែលជួយប​ញ្ច​ប់របបសឹកនោះទេ។

អត្ថបទវិភាគនេះ ប្រែសម្រួលដោយលោកនួន បូរិន  ហើយ លោកសេរីវឌ្ឍនៈជូនសេចក្ដីលំអិត ដូចតទៅ៖

កាលនៅក្នុងរបបយោធាគ្មានទេ សេរីភាព មានតែទោស ច្រវ៉ាក់ខ្នោះ ឃ្នាង បាញសម្លាប់ ។បើអ្នក ប្រមូលផ្ដុំគ្នាទាមទារសិទ្ធិរបស់អ្នក អ្នកនឹងត្រូវពួកយោធាបង្រ្កាប និងចាប់យកទៅដាក់គុកដោយ គ្មានការជំនុំជម្រៈក្ដីឡើយ។ ស្ថានភាពទម្ងន់ទោស អាស្រ័យលើពួកយោធា មើលឃើញថា ជននោះ ឬ ក៏ក្រុមនោះ បានប្រព្រឹត្តដាក់លើរបបរបស់ខ្លួនធ្ងន់ធ្ងរ កម្រិតណា ។ ក្នុងរបបសឹកនេះ កុំថាឡើយ ជនស៊ីវិល សូម្បីព្រះសង្ឃក៏ត្រូវចាប់ខ្លួន និងបាញ់សម្លាប់ដែរ។ អ្នកតស៊ូជាច្រើនរយនាក់ បានពលិជីវិតដើម្បីសេរីភាព។ ដោយឡែក លោកស្រីអ៊ុងសានសូជី មេបក្សប្រឆាំង ត្រូវបានពួកយោធា ឃុំខ្លួន ក្នុងផ្ទះជិត២០ឆ្នាំ ដោយសារលោកស្រី ទាមទារសេរីភាពអោយជនរួមជាតិភូមារបស់លោកស្រី។

លោកស្រីនិងបក្ស ប្រជាធិបតេយ្យ របស់លោកស្រីបានតស៊ូដើម្បីសេរីភាពនេះជាច្រើនទសវត្ស ទើបពួកយោធា ឱនក្បាល គោរពលោកស្រីនិងទទួលស្គាល់តម្លៃនៃការតស៊ូរបស់លោកស្រី និង បក្សរបស់លោកស្រីនៅឆ្នាំ២០១៥ គឺបន្ទាប់ពីសហគមន៍អន្តរជាតិ ដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។

ជ័យជម្នះរបស់លោកស្រីនិងគណបក្សសម្ព័ន្ធប្រជាធិបតេយ្យ(NLD)បាននាំឱ្យរបបសឹកថយឥទ្ធិពលគាបសង្កត់សិទិ្ធសេរីភាពរបស់ប្រជាជនភូមា ហើយជ័យជម្នះនេះ បានធ្វើឱ្យសហគមន៍អន្តរជាតិ ឱ្យតម្លៃយ៉ាងខ្លាំងចំពោះវីរៈភាពរបស់លោកស្រីនិងបក្សប្រជាធិបតេយ្យ។ ការឡើងកាន់អំណាចរបស់គណបក្សសម្ព័ន្ធប្រជាធិបតេយ្យ ពិតជានាំមកនូវលទ្ធិប្រជាធិបតេយ្យយ៉ាងពិតប្រាកដមែនជូនពលរដ្ឋភូមា។ តាមរយៈរដ្ឋាភិបាលប្រជាធិបតេយ្យនេះក៏នាំឱ្យអតីតប្រទេសយោធានិយមមួយនេះ កែទម្រង់ការគ្រប់គ្របរដ្ឋ កែទម្រង់ ប្រព័ន្ធយុត្តិធម៌ និង ស្ថាប័នរដ្ឋមួយចំនួនក្លាយជារបស់ជាតិ និងមានទំនុកចិត្តពីពលរដ្ឋ។

តែយ៉ាងនេះក្ដី ការកាន់អំណាចរយៈពេល២ឆ្នាំមកនេះ មិនបានធ្វើឱ្យបក្សរបស់លោកស្រី ជាពិសេស លោកស្រីផ្ទាល់ មានកិត្តិយស ដូចលោកស្រី កំពុងជាប់ឃុំខ្លួននោះទេ គឺលោកស្រីជ័យលាភីខាងប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស បាក់មុខមាត់ជាខ្លាំងនៅលើឆាកអន្តរជាតិដោយសារតែជម្លោះជាតិសាសន៍និងសាសនា ករណីពួកយោធាបើកយុទ្ធនាការ វាយបង្កា្របសហគមន៍ ម៉ូស្លិមរ៉ូហ៊ីងយ៉ាបណ្ដាលឱ្យស្លាប់មនុស្ស រាប់រយនាក់និងបង្កឱ្យជនភៀសខ្លួនរាប់ម៉ឺននាក់។   

ហេតុអ្វីបានជាពួកយោធា នៅបន្តមានអំណាចលើរដ្ឋបាលរបស់លោកស្រីសូជី?

ថ្លែងតាមកញ្ចក់ទូរទស្សន៍រដ្ឋប្រទេសភូមា កាលពីថ្ងៃទី៣០មីនា ជាទិវានៃការរំលឹកខួប២ឆ្នាំ នៃការឡើងកាន់អំណាច តាមរយៈការបោះឆ្នោត  លោកស្រីសូជីដែលទឹកមុខស្រងូតស្រងាត់ បានអំពាវនាវឱ្យជនរួមជាតិភូមា បន្តនិងរក្សាការឯកភាពជាតិជុំវិញ បក្សនយោបាយរបស់លោកស្រី។ លោកស្រី នៅតែមានក្ដីសង្ឃឹមថា វិបត្តិធំៗរបស់ជាតិ ជាពិសេស ករណី ហិង្សាជាតិសាសន៍ អាចនឹងមានដំណោះស្រាយបើ ថ្នាក់ដឹកនាំប្រទេស បន្តជួយដោះស្រាយជាមួយគ្នាដោយ កុំប្រកាន់និន្នាការឬរឿងរ៉ាវអតីតកាល។

ជាការពិតលោកស្រីសូជី មិនបានកាន់តំណែងជាប្រធានាធិបតី របស់ភូមានោះទេ គឺលោកស្រី ជាសមាជិកក្រុមប្រឹក្សារដ្ឋ ដែលបានឆក់យកអំណាចតាមរយៈបក្សប្រគល់ឱ្យ។ លោកស្រីមានតួនាទីត្រឹមតែរដ្ឋមន្ត្រីការបរទេសប៉ុណ្ណោះ។ អំណាចសន្តិសុខជាតិទាំងមូលនៅក្នុងកណ្ដាប់ដៃរបស់ពួកយោធា ដែលរដ្ឋធម្មនុញ្ញ មិនអាចប៉ះបាននោះ  បានផ្ដល់ក្រសួងការពារជាតិ និង សន្តិសុខជាតិទាំងមូលឱ្យ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកយោធាដែល ប្រការនេះហើយនាំឱ្យលោកស្រី គ្មានសិទ្ធិអ្វីដើម្បីជួយបញ្ចប់ជម្លោះជាតិសាសន៍ជាមួយសហគមន៍ ជនជាតិដើមជាពិសេសសហគមន៍ម៉ូស្លិមរ៉ូហ៊ីងយ៉ានោះឡើយ។ ពួកយោធា ដាក់ផែនការបង្ក្រាបលើជាតិសាសន៍អន្តោប្រវេសន៍នេះ ដោយមិនបានឆ្លងកាត់សភានោះទេ គឺពួកយោធាធ្វើសង្រ្គាមលើពួករ៉ូហ៊ីងយ៉ាក្រោមហេតផលមួយគត់គឺសន្តិសុខជាតិដោយចាត់ទុក ក្រុមនេះ បង្កើតក្រុមប្រដាប់អាវុធ និងធ្វើចលនាឧទ្ទាមដើម្បីទាមទារផ្ដាច់ខ្លួនគឺខុសនឹងរដ្ឋធម្មនុញ្ញ។​ ដោយសារហេតុផលនេះហើយនាំរដ្ឋបាលស៊ីវិលរបស់លោកស្រីសូជី រងការរិះគន់ យ៉ាងខ្លាំងពីក្រុមសិទ្ធិមនុស្ស អន្តរជាតិ ដែលថាចូលរួមរំលោភសិទិ្ធមនុស្ស ជាមួយពួកយោធា ក្នុងករំណីនេះដែរ។    ថ្លែងក្នុងឱកាសរំលឹកខួប២ឆ្នាំនៃជ័យជម្នះរបស់គណបក្សសម្ព័ន្ធប្រជាធិបតេយ្យលើរបបយោធា លោកស្រីសូជី ក៏និយាយយោងដែរ ដល់ ការរំលោភសិទ្ធិមនុស្ស ដោយលោកស្រីមានប្រសាសន៍ដោយប្រុងប្រយ័ត្នបំផុត​ពាក់ព័ន្ធ​នឹងជម្លោះ ជាតិសាសន៍ជាមួយសហគមន៍ម៉ូស្លិមរ៉ូហ៊ីងយ៉ា។ តែខ្លឹមសារនៃប្រសាសន៍របស់លោកស្រីនៅតែចង់ឃើញជនរួមជាតិភូមា ជ្រកក្រោមម្លប់នៃប្រជាធិបតេយ្យមួយរបស់បក្សលោកស្រី។ 

លោកស្រី សូជីបាក់មុខមាត់លើឆាកអន្តរជាតិ

ករណីហិង្សាលើជាតិសាសន៍អន្តោប្រវេសន៍រ៉ូហ៊ីងយ៉ា បាននាំឱ្យ អង្គការអន្តរជាតិ ដែលបានផ្ដល់ពានរង្វាន់ឱ្យលោកស្រី ជាជើងឯកខាងសេរីភាពនិងសិទ្ធិមនុស្ស បានប្រកាសដកពីលោកស្រីវិញ។ បន្ថែមលើសនេះ សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ក៏ថ្កោលទោស ហិង្សានេះដែរ ហើយបានរិះគន់ការដឹកនាំរបស់លោកស្រីទៀតផង។

កាលពីថ្ងៃទី១៦មីនា ពលរដ្ឋភូមារស់នៅប្រទេសអូស្រា្តលី បាននាំគ្នា ស្រែកទាមទារឱ្យលោកស្រី ដាក់សំពាធលើ ពួកយោធា អោយបញ្ឈប់ការបង្រ្កាបលើជាតិសាសន៍រ៉ូហ៊ីងយ៉ា ដោយទាមទារឱ្យសហគមន៍នេះ បានត្រឡប់ពីជំរុំជនភៀសខ្លួននៅ បង់ក្លាដេស មករស់នៅរដ្ឋរ៉ាកខាញភូមាវិញ ដោយសន្តិភាព។ ក្រុមតវ៉ា បានចាត់ទុកលោកស្រី ជាកូនសោរនៃ ជម្លោះជាតិសាសន៍នេះដែរ។

គិតមកដល់ពេលនេះ ជាតិសាសន៍អន្តោប្រវេសន៍រ៉ូហ៊ីងយ៉ា បានទៅរស់នៅក្នុងជំរុំដ៏ធំនៅតាមព្រំដែន ប្រទេសបង់ក្លាដេស មានជាង៧៥០ពាន់នាក់ ខណៈលំនៅដ្ឋានពួកគេនៅរដ្ឋរ៉ាខាញ ត្រូវបានពួកយោធាដុតបំផ្លាញស្ទើរគ្មានសល់។ ទាក់ទិនរឿង នេះ លោកស្រីសូជីដែលជារដ្ឋមន្ត្រីការបរទេស ភូមា​តែងតែរងការចោទសួរពីមេដឹកនាំបរទេស អោយតែលោកស្រីចេញទៅប្រជុំនៅក្រៅប្រទេស។ កាលពីសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ ឆ្នាំ ២០១៧ លោកស្រីក៏រងការរិះគន់ ជាខ្លាំងដែរ ដែលធ្វើឱ្យលោកស្រីសឹងតែរកពាក្យ សន្យាជាមួយ មេដឹកនាំបរទេសទាំងនោះសឹកតែមិនមាន។ តែយ៉ាងនេះក្ដីលោកស្រីអត់ធ្មត់ហើយក៏អះអាងថា លោកស្រីក៏អាចចូលរួមទទួលខុសត្រូវដែរ។

 សេរីភាពនិងលទ្ធិប្រជាធិបតេយ្យ មានភាពល្អប្រសើរខ្លះដែរ

បើប្រៀបធៀបនឹងការដឹកនាំរបស់ពួកយោធា គឺរបបគ្រប់គ្រងរបស់លោកស្រីសូជីនិងគណបក្សសម្ព័ន្ធប្រជាធិបតេយ្យ មានភាពល្អប្រសើរបន្តិច។ ប្រជាជនរបស់ប្រទេសមានសេរីភាពនៃការបញ្ចេញមតិនិងការប្រមូលផ្ដុំការតស៊ូមតិច្រើនជាងមុន។​តែអ្នកជំនាញសិទ្ធិមនុស្ស បានទទូចថា សិទិ្ធសេរីភាព ជនជាតិដើម ត្រូវតែកែលំអរថែមទៀត ជាពិសេស ត្រូវគោរពសិទិ្ធមនុស្ស នៃជាតិសាសន៍ផ្សេងៗ ដែលមកជ្រកកោននៅប្រទេសនេះ តកូនតចៅមកហើយ ។ អ្នកជំនាញថាសេរីភាពរបស់ក្រុមនេះ ហាក់នៅតែរូមតូច ដោយសារជម្លោះជាតិសាសន៍មានខ្លាំងនៅឡើយ។ អ្វីដែលនាំឱ្យមានការព្រួយបារម្ភ នោះដោយសារ រដ្ឋធម្មនុញ្ញឆ្នាំ២០០៨ ដែលពួកយោធាតាក់តែងឡើង នៅតែបន្តរឹតត្បិតជាខ្លាំង លើសេរីភាពរបស់ប្រជាជន ដែលក្រុមសិទ្ធិមនុស្សថា គួររុះរើរដ្ឋធម្មនុញ្ញឡើងវិញ។

តែយ៉ាងនេះក្ដី គេសង្កេតឃើញថា ក្រោយពីរបបយោធា រំលំនៅចុងឆ្នាំ២០១៥ ឃើញថា សេរីភាពការបោះពុម្ភផ្សាយហាក់មានការរីកចម្រើនជាងមុន ដោយការបោះពុម្ភរបស់អ្នកសារព័ត៌មានមិនចាំបាច់អោយក្រុមប្រឹក្សាព័ត៌មានត្រួតពិនិត្យមុនបោះពុម្ភនោះទេខណៈ ប្រព័ន្ធបណ្ដាញសង្គម ក៏រីកចម្រើនខ្លាំងដែរ ដែលនាំឱ្យពលរដ្ឋភូមា នៅតែដឹងគុណបំណាច់របស់លលោកស្រីអ៊ុងសានសូជីដែលបាននាំឱ្យមានសិទ្ធិសេរីភាព និងប្រជាធិបតេយ្យរស់ឡើងវិញ លើទឹកដីអតីតរបបយោធានិយមមួយនៅអាស៊ីអាគ្នេយ៍នេះ៕

 

   

 

 

 

Share

Image
Image
Image