អង្គការសារព័ត៌មាន Forbbiden Stories ដែលមានទីតាំងនៅក្រុងប៉ារីស ប្រទេសបារាំង ចេញផ្សាយអត្ថបទស៊ើបអង្កេតមួយរបស់ខ្លួន ពាក់ព័ន្ធនឹងឃាតកម្មលើលោក ឈឿង ឈឹង ថាជាឃាតកម្មបំបិទមាត់អ្នកសារព័ត៌មានដែលរាយការណ៍បទល្មើសព្រៃឈើក្នុងខេត្តសៀមរាប។ យ៉ាងណាតុលាការខេត្តសៀមរាប នៅស៊ើបអង្កេតឃាតកម្មនេះនៅឡើយ ហើយក្រសួងព័ត៌មាន ក៏នៅតែស្នើឱ្យអ្នកសារព័ត៌មាន និងអង្គការណា ដែលមានភស្តុតាងលើឃាតកម្មនេះ សហការជាមួយតុលាការ ដើម្បីពន្លឿននីតិវិធីស៊ើបអង្កេតក្នុងការផ្ដល់យុត្តិធម៌ជូនជនរងគ្រោះ។ កញ្ញា កែវ សុជាតា រាយការណ៍
មុនចេញផ្សាយអត្ថបទស៊ើបអង្កេតនេះ អង្គការសារព័ត៌មាន Forbbiden Stories បានធ្វើដំណើរទៅទីតាំងកើតហេតុ ដើម្បីសា្រវជ្រាវពីអ្វីដែលធ្វើឱ្យខ្មាន់កាំភ្លើងបាញ់សម្លាប់លោក ឈឿង ឈឹង។ អង្គការដដែល បង្ហាញវីដេអូនៅទីតាំងឈូសឆាយព្រៃក្នុងតំបន់បឹងពែរដែលលោក ឈឿង ឈឹង បានចុះទៅថតយកព័ត៌មាននៅ ៣សប្តាហ៍មុនថ្ងៃកើតហេតុ អាចជាមូលហេតុមួយនៅពីក្រោយឃាតកម្មសម្លាប់លោកឈឿង ឈឹង។
អង្គការ Forbidden Stories បានសរសេរទៀតថា ៣សប្តាហ៍ក្រោយ គឺនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ លោក ឈឿង ឈឹង ក៏ត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារតែម្តង។ ការណ៍នេះធ្វើឱ្យ Forbidden Stories ដាក់សេចក្តីសន្និដ្ឋានថា វីដេអូដែលលោក ឈឿង ឈឹង បានធ្វើសេចក្តីរាយការណ៍ពីទីតាំងឈូសឆាយព្រៃ នៅដែនជម្រកសត្វព្រៃបឹងពែរខាងលើ គឺជាមូលហេតុមួយដែលនាំឱ្យមានឃាតកម្មសម្លាប់រូបលោក។
ក្រៅពីបង្ហាញវីដេអូលោក ឈឿង ឈឹង រាយការណ៍ពីបទល្មើសព្រៃឈើ អង្គការ Forbidden Stories ក៏បានបង្ហាញស្លាកសញ្ញាមួយដែលសរសេរថា «ដីជាប់បណ្តឹងតុលាការ» នៅលើទីតាំងដែលលោក ឈឿង ឈឹង ចុះយកព័ត៌មាន។ ត្រង់ចំណុចនេះ អង្គការ Forbidden Stories អះអាងថា មិនបានទទួលការបកស្រាយបំភ្លឺជុំវិញបញ្ហានេះ ពីខាងតុលាការ អាជ្ញាធរបរិស្ថាន មន្ត្រីអនុរក្សការពារ និងអ្នកដែលត្រូវបានចោទប្រកាន់ថា បានឈូសឆាយដីព្រៃនេះទេ។
ទីតាំងឈូសឆាយទន្ទ្រានដីព្រៃក្នុងដែនជម្រកសត្វព្រៃបឹងពែរ។ WMC/Chea sokny
កាលពីខែធ្នូ ឆ្នាំ២០២៤ វិទ្យុស្ដ្រីក៏បានទៅចុះទីតាំងកើតហេតុផ្ទាល់ ដោយសួរនាំមិត្តរួមការងាអាជីពសារព័ត៌មានជាមួយលោក ឈឿង ឈឹង និងក្រុមគ្រួសារលោក ដោយពួកគេ អះអាងថា ការបាញ់សម្លាប់នេះ មិនមែនទំនាស់បុគ្គលឡើយ ប៉ុន្តែកើតឡើងដោយសារលោក ឈឹង ផ្សាយព័ត៌មានពីការឈូសឆាយទន្ទ្រានដីព្រៃក្នុងដែនជម្រកសត្វព្រៃបឹងពែរ។
តែកន្លងមកតុលាការខេត្តសៀមរាប បកស្រាយលើករណីបាញ់សម្លាប់លោកឈឿង ឈឹង នេះ ជាករណីកើតឡើងទំនាស់ផលប្រយោជន៍រវាងបុគ្គល និងបុគ្គល ហើយមិនមានអ្នកនៅពីក្រោយខ្នងនោះទេ។ ទំនាស់នេះ តុលាការខេត្តសៀមរាប បញ្ជាក់ថា ដោយសារតែលោក ឈឹង បានទាមទារសំណូក ដើម្បីជាថ្នូរនឹងការមិនចុះផ្សាយព័ត៌មានពីខ្មាន់កាំភ្លើង។
លោក យិន ស៊្រាង អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បញ្ជាក់ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី២១ ខែកុម្ភៈនេះថា មកដល់ពេលនេះ ជនជាប់សង្ស័យដែលបាញ់សម្លាប់លោក ឈឿង ឈឹង ឈ្មោះ ស៊ី លឿយ មិនទាន់ត្រូវបានតុលាការសម្រេចផ្តន្ទាទោសនៅឡើយទេ។ ហេតុផលមិនទាន់សម្រេចផ្តន្ទាទោសនេះ ដោយសារសំណុំរឿងស្ថិតក្នុងដំណាក់កាលស៊ើបសួរ ដោយឆាប់ៗនេះតុលាការនឹងបិទការស៊ើបសួរនេះហើយ។
លោក យិន ស្រ៊ាង៖ «គេមិនទាន់ជំនុំជម្រះទោសគាត់នៅឡើយទេ គេគំពុងបិទការស៊ើបសួរ នីតិវិធីរបស់ចៅក្រមយើងមានតែស៊ើបសួរអ៊ីចឹង។ វិទ្យុស្ដ្រីបានព្យាយាមសួរបន្តថា តើការស៊ើបអង្កេតសួរនាំហ្នឹង បានអីខ្លះដែរ? លោកស៊្រាងឆ្លើយថា៖ «បើផ្ដល់ព័ត៌មានជូនសារព័ត៌ អាហ្នឹងជាកិច្ចស៊ើបសួរសម្ងាត់ក្នុងសំណុំរឿងតើ»។
ទីតាំងឈូសឆាយទន្ទ្រានដីព្រៃក្នុងដែនជម្រកសត្វព្រៃបឹងពែរ។ WMC/Kim chanchav
ចំណែកលោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បញ្ជាក់ដែរថា បច្ចុប្បន្ន សំណុំរឿងឃាតកម្មលើលោក ឈឿង ឈឹងនេះ ស្ថិតក្នុងដំណាក់កាលស៊ើបអង្កេតរបស់ចៅក្រមស៊ើបសួរនៃតុលាការខេត្តសៀមរាប ហើយតុលាការក៏បានដាក់បទចោទលើជនជាប់សង្ស័យនេះ ជាបទឃាតកម្មដែលប្រឈមទោសជាប់ពន្ធនាគារពី១០ឆ្នាំទៅ១៥ឆ្នាំ។ ដោយសារសំណុំរឿងនេះ ស្ថិតក្នុងដំណើរការស៊ើបអង្កេតស៊ីជម្រៅរបស់តុលាការ ដូច្នេះដើម្បីទទួលបានយុត្តិធម៌ជូនជនរងគ្រោះ ក្រសួងស្នើឱ្យអ្នកសារព័ត៌មានដែលមានអត្ថបទស៊ើបអង្កេត និងមានភស្ដុតាង ចូលរួមសហការផ្ដល់ព័ត៌មានទាំងនោះជូនតុលាការខេត្តសៀមរាប។
លោក ទេព អស្នារិទ្ធ៖ «យើងមានទំនុកចិត្តលើប្រព័ន្ធតុលាការ និងលើសមត្ថកិច្ចកម្ពុជាក្នុងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ ហើយក្រសួងព័ត៌មានក៏បានត្រៀមខ្លួនរួចជាស្រេចដែរ ក្នុងការចូលរួមជួយជ្រោមជ្រែងដល់ដំណើរការនីតិវិធីនានាទៅតាមការចាំបាច់របស់តុលាការ ក៏ដូចជាក្នុងក្របខ័ណ្ឌសមត្ថកិច្ចផ្សេងទៀតដែរ ពាក់ព័ន្ធនឹ ងសំណុំរឿងឃាតកម្មលើអ្នកកាសែតនេះ»។
លោក ឈឿង ឈឹង មានវ័យ ៦៣ឆ្នាំ អ្នកសារព័ត៌មានមកពីអង្គភាពកម្ពុជាអភិវឌ្ឍន៍ ដែលសកម្មក្នុងការរាយការណ៍ពីបទល្មើសព្រៃឈើនៅស្រុកជីក្រែង ត្រូវបានខ្មាន់កាំភ្លើងបាញ់ចំត្រង់ពោះ បណ្តាលឱ្យរងរបួសធ្ងន់ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។ ក្រោយ ៣ថ្ងៃ គឺនៅថ្ងៃទី៧ ខែធ្នូ លោក ឈឹង ត្រូវបានបាត់បង់ជីវិត បន្ទាប់ពីវះកាត់ហើយ។
ក្រោយពីឃាតកម្មនេះ កន្លងមកក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ដែលធ្វើការលើកសិទ្ធិមនុស្ស និងលើកកម្ពស់អ្នកសារព័ត៌មាន ចាត់ទុកករណីបាញ់សម្លាប់លោក ឈឿង ឈឹង ជាការបំបិទមាត់អ្នកសារព័ត៌មាន បន្ទាប់ពីអ្នកសារព័ត៌មានរងនូវការគំរាមកំហែង ហើយនិងការចាប់ដាក់ពន្ធនាគារ៕
អត្ថបទដោយ៖ កញ្ញា ជា សុខនី