en     km
en     km

គុណភាពខ្យល់ប្រែជាសភាពធម្មតា តែត្រូវតាមដានជាបន្ត

Share

 

ភ្នំពេញ៖ ក្រោយពីធាតុអាកាសប៉ុន្មានសប្តាហ៍នេះប្រែប្រួលចុះត្រជាក់លាយឡំបាតុភូតចុះអ័ព្វដោយអន្លើ គួបផ្សំបរិយាកាសមានកំហាប់ភាគល្អិតខ្យល់ពុលកើនឡើងគួរជាទីកង្វល់ អ្នកនាំពាក្យក្រសួងបរិស្ថាននៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥នេះ បានបង្ហាញទិន្នន័យជាសាធារណៈថា គុណភាពខ្យល់នៅកម្ពុជាថ្ងៃនេះមានស្ថានភាពល្អប្រសើរ។ ទោះយ៉ាងណាចំណាត់ការការពារសុខភាពសាធារណៈនៅតែមាន ជៀសវាងគ្រោះថ្នាក់ជាយថាហេតុ។

ទិន្នន័យស្ថានភាពគុណភាពខ្យល់នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ល្ងាចដល់ម៉ោង ៦ព្រឹកថ្ងៃទី២៨​ ខែមករា ឆ្នាំ២០២៥។ រូបភាព៖ ក្រសួងបរិស្ថាន

 

គិតត្រឹមថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ល្ងាចដល់ម៉ោង ៦ព្រឹកថ្ងៃទី២៨​ ខែមករា ឆ្នាំ២០២៥ ស្ថានភាពគុណភាពខ្យល់(Air Quality Index) នៅកម្ពុជា មានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ២៥.៦៨ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់គឺមានស្ថានភាពល្អណាស់។ នេះបើយោងតាមលោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥។ គុណភាពខ្យល់ល្អណាស់ មាននៅទីតាំងមួយចំនួនដូចជាខេត្តបាត់ដំបង  ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តកណ្តាល ខេត្តក្រចេះ ខេត្តមណ្ឌលគីរី រាជធានីភ្នំពេញ ខេត្តរតនគិរី ខេត្តស្វាយរៀង ខេត្តតាកែវ  ខេត្តឧត្តរមានជ័យ ខេត្តព្រៃវែង  ខេត្តត្បូងឃ្មុំ  និងខេត្តប៉ៃលិន។ ចំណែកគុណភាពខ្យល់នៅកម្រិតល្អ មាននៅខេត្តបន្ទាយមានជ័យ ខេត្តកំពង់ធំ  ខេត្តកោះកុង ខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តស្ទឹងត្រែង និងខេត្តកែប។ បើតាមទិន្នន័យក្រសួង ខេត្តពោធិ៍សាត់កំពុងស្ថិតក្នុងខេត្តដែលមានកម្រិតខ្យល់នៅកម្រិតបង្គួរ។

ទិន្នន័យស្ថានភាពគុណភាពខ្យល់នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ល្ងាចដល់ម៉ោង ៦ព្រឹកថ្ងៃទី២៨​ ខែមករា ឆ្នាំ២០២៥។ រូបភាព៖ ក្រសួងបរិស្ថាន

 

 

លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន។ រូបភាព៖ ក្រសួងបរិស្ថាន

 

យ៉ាងណាមិញ ​តាមសេចក្តីជូនដំណឹងកន្លងទៅរបស់ក្រសួងបរិស្ថានបានបង្ហាញថា សន្ទស្សន៍គុណភាពខ្យល់មានការប្រែប្រួលខុសៗគ្នាទៅតាមតំបន់ភូមិសាស្រ្តពីខេត្តមួយទៅខេត្តមួយ។ ដើម្បីជៀសវាងផលប៉ះពាល់ទៅលើសុខភាព និងបរិស្ថាន លោក ខ្វៃ អាទិត្យា បានអំពាវនាវឱ្យសាធារណជនបន្តតាមដានសន្ទស្សន៍គុណភាពខ្យល់ឱ្យបានជាប់លាប់និងដោយយកចិត្តទុកដាក់ជាទីបំផុតតាមរយៈប្រព័ន្ធផ្សព្វផ្សាយ ឬគេហទំព័ររបស់ក្រសួងបរិស្ថាន។ យោងតាមក្រសួងសុខាភិបាលកម្ពុជា នៅពេលគុណភាពខ្យល់ពុលមានកំហាប់ខ្ពស់ឬខ្ពស់ខ្លាំងដែលជាសញ្ញាត្រូវប្រកាសអាសន្ន ប្រជាពលរដ្ឋមូលដ្ឋានគប្បីស្នាក់នៅក្នុងគេហដ្ឋានរៀងៗខ្លួន កាត់បន្ថយសកម្មភាពខាងក្រៅ ឬពាក់ម៉ាសដែលទប់ស្កាត់ភាគល្អិតនិចល PM2.5 ក្នុងករណីចាំបាច់។​ ក្នុងនោះ ក្រុមមនុស្សដែលត្រូវយកចិត្តទុកដាក់ការពារជាពិសេសមានដូចជា ទារក កុមារ ស្រ្តីមានផ្ទៃពោះ ជនចាស់ជរា អ្នកជំងឺសួត អ្នកមានជំងឺសរសៃឈាមបេះដូង និងអ្នកជំងឺរ៉ាំរៃជាដើម។

 រូបភាព៖ ក្រសួងសុខាភិបាល

 

ចំពោះមូលហេតុ​បណ្តាលឱ្យមានការកើនឡើងកំហាប់ភាគល្អិតនៃខ្យល់នេះ អ្នកនាំពាក្យបរិស្ថានថា អាចបណ្តាលមកពីភ្លើងឆេះព្រៃ ការដុតគល់ជញ្ជ្រាំង ការដុតសំរាម និងការឆេះផ្សេងៗទៀតដែលក្រសួងរកឃើញ និងស្រង់បានតាមទិន្នន័យនៃឧបករណ៍ត្រួតពិនិត្យ និងតាមដានគុណភាពខ្យល់ពុលនៅកម្ពុជាចំនួន ៦០គ្រឿងនៅតាមទីតាំងផ្សេងៗគ្នា។ ដើម្បីពង្រឹង និងកាត់បន្ថយបញ្ហានេះ ក្រសួងបរិស្ថានបានស្នើឱ្យអាជ្ញាធរមូលដ្ឋានពង្រឹងការទប់ស្កាត់ការដុតគល់ជញ្ជ្រាំង ការដុតសំរាមនៅលើទីវាល ការដុតប្លាស្ទិក និងភ្លើងឆេះព្រៃជាដើម ខណៈក៏សំណូមពរឱ្យប្រជាពលរដ្ឋចូលរួមអនុវត្តវិធានការនេះទាំងអស់គ្នា។

គួររំឭកដែរថា ប៉ុន្មានថ្ងៃកន្លងមកនេះ​មានការវែកញែកតាមបណ្តាញសង្គមហ្វេសប៊ុកនិងតិកតុកជុំវិញការប្រើប្រាស់អេប​ IQAIR របស់ស្វីល ពិនិត្យទៅលើគុណភាពខ្យល់ពុលនៅកម្ពុជា ដែលសភាពខុសគ្នាជាមួយនឹងអេបរបស់ក្រសួងបរិស្ថាន ពោលគឺនៅក្នុងអេប IQAIR បានបង្ហាញទិន្នន័យថា នៅភ្នំពេញកំពុងមានខ្យល់ពុលកើនឡើងខ្លាំងគួរទីជាព្រួយបារម្ភចំពោះសុខភាពសាធារណៈ ខណៈអេបកម្ពុជាពុំទាន់មានសភាពត្រូវប្រកាសអាសន្ននៅឡើយ។ យ៉ាងណា ក្រោយមកអ្នកនាំពាក្យបរិស្ថានចេញមុខបំភ្លឺថា អេបទាំងពីរមានស្តង់ដាខុសគ្នា។ ទោះបីជាបែបនេះក្តី អ្នកវិភាគបញ្ហាសង្គមបានយល់ឃើញថា ក្រសួងនិងស្ថាប័នពាក់ព័ន្ធគួរមានចំណាត់ការឱ្យបានរហ័ស និងច្បាស់លាស់ជាងនេះ ពិសេសគួរប្រើប្រាស់ពាក្យពេចន៍សាមញ្ញជាជាងប្រើពាក្យបច្ចេកទេសទៅពន្យល់ប្រជាពលរដ្ឋ ដែលពុំមានចំណេះដឹងជ្រៅជ្រះពីខាងវិស័យបរិស្ថាន៕

Share

ព័ត៌មានទាក់ទង