ស្ត្រីអាហ្វហ្គានីស្ថានជាច្រើនមានអារម្មណ៍ថាឯកោ និងមានអារម្មណ៍ថាពិភពលោកទាំងមូលមិនបានមើលឃើញពីតម្លៃរបស់ពួកគេនោះទេ ដោយទាមទារឱ្យមានសកម្មភាព និងទណ្ឌកម្មបន្ថែមទៀតប្រឆាំងនឹងរបបនេះ។ តែយ៉ាងណា របបតាលីបង់ហាក់ដូចជាមិនចាប់អារម្មណ៍ចំពោះការដាក់ទណ្ឌកម្ម និងការរឹតត្បិតណាមួយដែលដាក់លើប្រទេសអាហ្វហ្គានីស្ថានដោយសហគមន៍អន្តរជាតិឡើយ។
(កញ្ញា កែវ សុជាតា រាយការណ៍)
«ជារៀងរាល់ថ្ងៃ ពួកក្រុមតាលីបង់ស្វែងរកវិធីសាស្រ្តថ្មីៗដើម្បីរឹតបន្តឹងស្ត្រី[នៅអាហ្វហ្កានីស្ថាន] ដែលស្រ្តីទាំងនេះរស់នៅដូចស្លាប់។»។
នេះគឺជាសម្រង់សម្តីដើមរបស់ស្ត្រីជនជាតិអាហ្វហ្គានីស្ថានវ័យក្មេងម្នាក់ ដែលបានបង្ហោះវីដេអូអំពីខ្លួននាងអមជាមួយមិត្តភក្តិដទៃ ដែលកំពុងច្រៀងសំឡេងផ្គើននឹងច្បាប់គៀបសង្កត់របស់របបតាលីបង់នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន NPR។
នៅដើមឆ្នាំនេះ ពោលគឺនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ព្រះរាជអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានដាក់ពាក្យសុំដីកាចាប់ខ្លួនប្រឆាំងនឹងមន្ត្រីជាន់ខ្ពស់តាលីបង់ពីរនាក់ គឺមេដឹកនាំកំពូល Haibatullah Akhundzada និងចៅក្រមតុលាការកំពូល Abdul Hakim Haqqani ។ ជនទាំងពីរនេះរងបទចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ក្រោមហេតុផលនៃការបៀតបៀនយេនឌ័រ ដោយយោងទៅលើការចង់លុបបំបាត់សិទ្ធិស្ត្រី។
លោក ខាន់ រដ្ឋអាជ្ញារបស់ ICC ក៏បានគូសបញ្ជាក់ផងដែរថា ការបកស្រាយរបស់ពួកតាលីបង់ចំពោះច្បាប់ Sharia មិនអាចក្លាយជាលេសសម្រាប់ប្រើប្រាស់ទៅរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននៅក្នុងពេលនេះនោះទេ។ បន្ទាប់ពីការដាក់ពាក្យសុំនេះ អង្គបុរេជំនុំជម្រះនៃ ICC នឹងធ្វើការស៊ើបអង្កេតថាតើពួកគេមានភស្តុតាងគ្រប់គ្រាន់ដើម្បីកាត់ទោសមន្ត្រីតាលីបង់ដែលត្រូវចោទប្រកាន់ពីបទឧក្រិដ្ឋដែលបានលើកឡើងដែរឬទេ។ លើសពីនេះ ពាក្យស្នើសុំកាន់តែច្រើនប្រឆាំងនឹងមន្ត្រីជាន់ខ្ពស់តាលីបង់ផ្សេងទៀត ត្រូវបានគេសន្មត់ថាត្រូវបានដាក់ធ្វើជាភស្តុតាងចោទប្តឹង។
ដីកានេះកើតឡើង ខណៈពលរដ្ឋប្រតិកម្មចំពោះច្បាប់សីលធម៌ថ្មីៗបំផុតដែលក្រុមតាលីបង់បានដាក់ឈ្មោះថា «ច្បាប់ស្តីពីការលើកកម្ពស់គុណធម៌ និងការការពារអនុភាព» ដែលត្រូវបានផ្តល់សច្ចាប័ននៅថ្ងៃទី២១ ខែសីហាឆ្នាំមុន។
ចាប់តាំងពីក្រុមសកម្មប្រយុទ្ធតាលីបង់បានឡើងកាន់អំណាចជាលើកទីពីរនៅពាក់កណ្តាលខែសីហាឆ្នាំ២០២១ ស្ត្រីត្រូវបានហាមឃាត់ពីការដើរហើរជាសាធារណៈយ៉ាងដាច់ខាត។ រហូតមកដល់ពេលនេះ របបតាលីបង់បានអនុម័តច្បាប់ និងក្រឹត្យផ្សេងៗ ដែលហាមឃាត់ស្ត្រីមិនឱ្យចូលរួមក្នុងសកម្មភាពការងារសង្គមស៊ីវិល។ ក្នុងនោះមានដូចជា ស្ត្រីត្រូវបានរឹតបន្តឹងមិនឱ្យស្វែងរកការអប់រំខ្ពស់លើសពីថ្នាក់ទីប្រាំមួយ ដោយហាមប្រាមមិនឱ្យធ្វើការស្ទើរតែគ្រប់ផ្នែក ហើយស្រ្តីទាំងនេះមិនទទួលបានការការពារផ្លូវច្បាប់ប្រឆាំងនឹងការរំលោភបំពានផ្លូវភេទ ឬអំពើហិង្សាក្នុងគ្រួសារឡើយ។
«ពួកតាលីបង់កំពុងចង់ផ្លាស់ប្តូរបរិបទដោយស្ត្រីគ្មានវត្តមាននៅតាមទីប្រជុំជន ប្រែស្រ្តីឱ្យក្លាយជាឧបករណ៍សម្រាប់ប្រើប្រាស់និងរក្សាទុកនៅផ្ទះ និងធ្វើជាម៉ាស៊ីនសម្រាប់បង្កើតទារកប៉ុណ្ណោះ។»។
នេះបើតាមស្ត្រីអាហ្វហ្គានីស្ថានវ័យក្មេងម្នាក់ទៀត លើកឡើងប្រាប់ NPR នៅពេលតវ៉ាអំពីការនិរទេសខ្លួន។
ពួកតាលីបង់បានបង្ហាញពីភាពត្រឹមត្រូវនៃច្បាប់របស់ពួកគេលើបញ្ហាសីលធម៌ និងយេនឌ័រ ដោយសំដៅទៅលើការបកស្រាយពីក្រឹត្យក្រមនៃច្បាប់ Sharia ពោលគឺនិយាយអំពីច្បាប់អ៊ីស្លាមដែលដើរតួជាក្របខ័ណ្ឌនយោបាយនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននាពេលបច្ចុប្បន្ន។
ច្បាប់ថ្មីបំផុតនេះ បានកាត់បន្ថយសិទ្ធិមនុស្សក្នុងប្រទេសបន្ថែមទៀត ហើយធ្វើឱ្យស្ថានភាពស្ត្រីអាហ្វហ្គានីស្ថាន កាន់តែអាក្រក់ទៅៗ ដោយលុបបំបាត់សកម្មភាពរបស់ស្ត្រីស្ទើរតែទាំងស្រុងពីជីវិតប្រចាំថ្ងៃ។
ច្បាប់នេះបានបំបាត់សំឡេងរបស់ស្ត្រីនៅទីសាធារណៈ តម្រូវឱ្យស្ត្រីស្លៀកពាក់ជិតឈឹងលើដងខ្លួន និងបិទបាំងមុខ (burqas) ហើយច្បាប់នេះរឹតត្បិតបន្ថែមទៀតលើសិទ្ធិរបស់ស្ត្រីនៅក្នុងអាហ្វហ្គានីស្ថាននៅក្នុងចលនាដែលមិនឱ្យបុរសមិនមែនជាសាច់ញាតិប៉ះពាល់ឬនៅជិតស្រ្តី សូម្បីតែក្នុងករណីសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រក៏ដោយ។ លើសពីនេះ ច្បាប់នេះក៏ហាមប្រព័ន្ធផ្សព្វផ្សាយមិនឱ្យផ្សព្វផ្សាយរូបភាពមនុស្ស សត្វ និងអ្នកបើកបរមិនឱ្យចាក់ភ្លេងស្តាប់កម្សាន្តផងដែរ។
បន្ទាប់ពីពួកតាលីបង់គ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាននៅពាក់កណ្តាលខែសីហាក្នុងឆ្នាំ២០២១ ស្ត្រីនិងបុរសជាច្រើនបានដើរតាមផ្លូវដើម្បីតវ៉ាប្រឆាំងនឹងមេដឹកនាំថ្មី ហើយអ្វីដែលពួកគេខ្លាចនឹងក្លាយទៅជារបបគាបសង្កត់ថ្មីនៅក្នុងប្រទេស។ ការធ្វើបាតុកម្មដោយមិនបានគ្រោងទុកនេះ បានក្លាយជាចលនាមួយ និងក្លាយជាអង្គការឆ័ត្រមួយដែលមានឈ្មោះថា «ចលនាឯកឯងនៃស្ត្រីអាហ្វហ្គានីស្ថាន»។
ប៉ុន្តែក្រុមតាលីបង់បានបញ្ចេញប្រតិកម្មយ៉ាងឆាប់រហ័ស ហើយបានចាប់ផ្តើមគាបសង្កត់ការតវ៉ាទាំងនេះ។ អ្នករៀបចំ និងអ្នកដើរតាមផ្លូវតវ៉ា ត្រូវបានចាប់ខ្លួន វាយដំ សួរចម្លើយ និងធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរ។
ជុំវិញករណីនេះ ស្ត្រីអ្នកតវ៉ាម្នាក់បានប្រាប់ BBC ថា៖ «ម្នាក់ក្នុងចំណោមអាជ្ញាធរតាលីបង់ បានយកកាំភ្លើងញុកចូលមាត់ខ្ញុំ ហើយគំរាមសម្លាប់ខ្ញុំនៅទីនោះ បើខ្ញុំមិនបិទមាត់ទេ។»។
សកម្មជនខ្លះត្រូវគេបង្ខំឱ្យនិរទេសខ្លួនបន្ទាប់ពីការដោះលែងឱ្យនៅក្រៅឃុំ តើពួកគេអាចបន្តប្រាប់រឿងរ៉ាវរបស់ពួកគេ និងស្ត្រីដែលនៅសេសសល់ក្នុងប្រទេសនោះឬយ៉ាងណា។
បន្ទាប់ពីការផ្តល់សច្ចាប័ននាពេលថ្មីៗនេះចំពោះ «ច្បាប់ស្តីពីការលើកកម្ពស់គុណធម៌ និងការការពារអនុភាព» ស្ត្រីជនជាតិអាហ្វហ្គានីស្ថានបានចាប់ផ្តើមបង្ហោះវីដេអូដែលខ្លួនកំពុងច្រៀងនៅលើអ៊ីនធឺណិតដែលបង្ហាញពីគោលបំណងចង់តវ៉ា ដែលជារឿយៗវីដេអូរបស់ពួកគេបញ្ចប់ដោយមានសម្រង់សម្តីថា «សំឡេងរបស់ខ្ញុំមិនត្រូវបានគេលើកកម្ពស់» ដូចដែលច្បាប់សីលធម៌បានចែង។
ខ្លឹមសារចម្រៀងមួយបទនេះ មានន័យយ៉ាងដូច្នេះថា «អ្នកបិទបបូរមាត់ខ្ញុំដោយភាពស្ងៀមស្ងាត់។ អ្នកបានចាប់ខ្ញុំដាក់គុកពីបទឧក្រិដ្ឋកម្មជាស្ត្រី។ តើឥឡូវនេះនរណានឹងមកមើលថែកូនរបស់ខ្ញុំ?
ខណៈពេលដែលសកម្មភាពបះបោរនេះគ្រាន់តែជាទម្រង់តូចមួយ ស្ត្រីអាហ្វហ្គានីស្ថានកំពុងបន្តធ្វើអ្វីៗគ្រប់យ៉ាងក្នុងអំណាចរបស់ពួកគេ ដើម្បីបញ្ចេញសំឡេង និងធ្វើឱ្យគេមើលឃើញពីតម្លៃរបស់ស្រ្តីនៅអាហ្វហ្គានីស្ថាន ដើម្បីធានាថាសហគមន៍អន្តរជាតិនឹងមិនបំភ្លេចពួកគេ និងការតស៊ូរបស់ពួកគេ។
ស្ត្រីម្នាក់បានបោះបង់ការសិក្សាដោយសារច្បាប់តឹងរ៉ឹងរបស់ពួកតាលីបង់បានប្រាប់ CBS ថា៖
«ពួកតាលីបង់ភ័យខ្លាចស្ត្រី។ ពួកគេខ្លាចសំឡេងស្ត្រី។ ពួកគេដឹងថាស្ត្រីអាហ្វហ្គានីស្ថានមានអំណាចប៉ុណ្ណា ហើយសំឡេងរបស់យើងនឹងបំផ្លាញពួកគេ។ នោះហើយជាមូលហេតុដែលពួកគេចង់បំបិទសិទ្ធិស្រ្តីនៅក្នុងសង្គមជាងពាក់កណ្តាលដោយយោងទៅតាមច្បាប់ស្អប់ស្ត្រី។»។
ការអនុវត្តច្បាប់បៀតបៀនយេនឌ័រ និងការរឹតបន្តឹងលើស្ត្រីទាំងនេះ បាននាំឱ្យមានការរិះគន់ជាអន្តរជាតិ និងការថ្កោលទោសរបបតាលីបង់ថ្មី ជាពិសេសក្នុងចំណោមអង្គការសិទ្ធិមនុស្សដូចជា អង្គការសហប្រជាជាតិ និងអង្គការលើកលែងទោសអន្តរជាតិ Amnesty International។
ប៉ុន្តែការឆ្លើយតបយ៉ាងសកម្មចំពោះការវិវត្តនៃស្ថានការណ៍ក្នុងរយៈពេលបីឆ្នាំកន្លះចុងក្រោយនេះ មានលាយឡំគ្នា ខណៈដែលអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ និងម្ចាស់ជំនួយត្រូវប្រឈមមុខនឹងបញ្ហាក្រមសីលធម៌។ ខណៈពេលដែលអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិគម្រាមកំហែងឱ្យកាត់បន្ថយ ឬបញ្ឈប់ជំនួយមនុស្សធម៌នៅអាហ្វហ្គានីស្ថាន មិនបានឆ្លើយតបចំពោះសកម្មភាពរបស់ពួកតាលីបង់នោះឡើយ ពោលគឺប្រសិនជាអនុវត្តជាក់ស្តែងនោះនឹងប៉ះពាល់ដល់អ្នកដែលត្រូវការការពារដោយវិធានការដែលមានដូចជា ស្ត្រី កុមារី និងក្រុមដែលងាយរងគ្រោះផ្សេងទៀត។
ស្ត្រីអាហ្វហ្គានីស្ថានជាច្រើនមានអារម្មណ៍ថាឯកោ និងមានអារម្មណ៍ថាពិភពលោកទាំងមូលមិនបានមើលឃើញពីតម្លៃរបស់ពួកគេនោះទេ ដោយទាមទារឱ្យមានសកម្មភាព និងទណ្ឌកម្មបន្ថែមទៀតប្រឆាំងនឹងរបបនេះ។ ប៉ុន្តែសម្រាប់ពេលនេះ ស្ថានការណ៍នៅតែពិបាក ដ្បិតពួកតាលីបង់ហាក់បីដូចជាមិនចាប់អារម្មណ៍ចំពោះការដាក់ទណ្ឌកម្ម និងការរឹតត្បិតណាមួយដែលដាក់លើប្រទេសអាហ្វហ្គានីស្ថានដោយសហគមន៍អន្តរជាតិ៕
អត្ថបទជាភាសាអង់គ្លេសដោយ កញ្ញា នីណា ហេដ (NINA HEIDE)
ប្រែសម្រួលដោយ កញ្ញា កែវ សុជាតា