en     km
en     km

ADB អនុម័តហិរញ្ញប្បទានឥតសំណង ១០លាន$ដល់កម្ពុជាឆ្លើយតបហិង្សាផ្នែកយេនឌ័រ

Share

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តហិរញ្ញប្បទានឥតសំណងចំនួន ១០លានដុល្លារ ដើម្បីគាំទ្រការឆ្លើយតបនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) នៅកម្ពុជា ក្នុងគោលបំណងជួយកម្ពុជាសម្រេចគោលដៅជាប្រទេសគ្មាន អំពើហិង្សាដែលទាក់ទងនឹងយេនឌ័រ នៅឆ្នាំ២០៣០។នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលអ្នកសារព័ត៌មានទទួលបាននៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

គម្រោងហិរញ្ញប្បទានឥតសំណង ​១០លានដុល្លារនេះ ត្រូវបានផ្តល់ហិរញ្ញប្បទានជាជំនួយឥតសំណងពីមូលនិធិអភិវឌ្ឍន៍អាស៊ី ដែលគាំទ្រដល់ប្រទេសសមាជិកកំពុងអភិវឌ្ឍ របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ដែលត្រូវការជំនួយគាំទ្រនេះបំផុត។ នេះជាខ្លឹមសារលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានរបស់ ADB។

ADB សង្កត់ធ្ងន់ទៀតថា គម្រោងពង្រឹងប្រព័ន្ធសម្រាប់ប្រទេសដើម្បីការបង្ការ និងឆ្លើយតបនឹងអំពើហិង្សាដែលទាក់ទងនឹង យេនឌ័រនេះ ជាគំនិតផ្តួចផ្តើមដោយឡែកដំបូងរបស់មូលនិធិអភិវឌ្ឍន៍អាស៊ី (ADF) ដែលផ្តោតជាពិសេសលើសមភាពយេនឌ័រក្នុងតំបន់អាស៊ីអាគ្នេយ៍។ ជំនួយនេះផងដែរ ក៏អាចបង្កើតទំនាក់ទំនងច្បាស់លាស់រវាងប្រព័ន្ធអភិបាលកិច្ច ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រមទាំងគុណភាពនិងលទ្ធភាពទទួលបានសេវាកម្មឆ្លើយតបនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ GBV ។

បើតាម​ ADB គម្រោងនេះ នឹងពង្រឹងក្របខណ្ឌច្បាប់និងស្ថាប័នតាមរយៈការធ្វើបច្ចុប្បន្នភាពច្បាប់របស់កម្ពុជាស្តីពីអំពើហិង្សាក្នុងគ្រួសារ ធ្វើឲ្យប្រសើរឡើងនូវការផ្តល់សេវានៅថ្នាក់មូលដ្ឋាន ដោយពង្រឹងគុណភាព និងលទ្ធភាពទទួលបានសេវាឆ្លើយតបនិងចាត់ចែងជម្រកសុវត្ថិភាពសម្រាប់ជនរងគ្រោះ។ អ្វីជាពិសេសនោះទៀតនោះ គម្រោងក៏ផ្តោតលើក្រុមគោលដៅនៅតំបន់ជនបទ និងជំរុញការប្រើប្រាស់ដំណោះស្រាយឌីជីថលនៅក្នុងកម្មវិធីមានមូលដ្ឋាននៅសាលារៀន និងនៅសហគមន៍សម្រាប់មនុស្សវ័យជំទង់ ដើម្បីពង្រឹងសេវាការពារដល់ពួកគេ។

លោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជាថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានថា គម្រោងដ៏សំខាន់នេះ នឹងពង្រឹងយន្តការឆ្លើយតបជាប្រព័ន្ធ ពង្រីកលទ្ធភាពទទួលបាន ជម្រកសុវត្ថិភាព និងធានាថាជនរងគ្រោះទទួលបានការថែទាំដែលពួកគាត់ត្រូវការ។

លោកស្រីនាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជាបន្ដទៀតថា គម្រោងក៏នឹងលើកកម្ពស់កម្មវិធីការពារមានមូលដ្ឋាននៅសហគមន៍ ដែលផ្តល់សិទ្ធិអំណាចដល់សហគមន៍មូលដ្ឋាន ដើម្បីដើរតួនាទីសំខាន់ក្នុងការបង្កើនការយល់ដឹង និងបញ្ឈប់អំពើហិង្សា មុនពេលហេតុការណ៍កើតឡើង។ លោកស្រីថា ADB បន្តប្តេជ្ញាគាំទ្រកម្ពុជាក្នុងការកសាងសង្គមដែលមានសុវត្ថិភាព និងបរិយាបន្នកាន់តែច្រើនសម្រាប់ទាំងអស់គ្នា។

តាមការកត់សម្គាល់របស់ ADB ក្នុងសេចក្តីប្រកាសព័ត៌មានឱ្យដឹងថា ចំនួនករណី អំពើហិង្សាទាក់ទងនឹងយេនឌ័រ នៅតែបន្តមានច្រើន ទោះបីជាប្រទេសកម្ពុជាបានបោះជំហានយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹង អំពើហិង្សាទាក់ទងនឹងយេនឌ័រ​ដែលក្នុងនោះរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល បានធ្វើការសាកល្បងវិធីសាស្រ្តបង្ការប្រកបដោយជោគជ័យក៏ដោយ។

ការតាមដានមួយរកឃើញថា ចាប់តាំងពីឆ្នាំ ២០១៤ កម្រិតអត្រាករណីអំពើហឹង្សាបង្កដោយដៃគូស្និទ្ធស្នាលបានថយចុះ ៨ ពិន្ទុភាគរយ មក ២១% សម្រាប់ចំនួនស្ត្រី (អាយុ ១៥ ដល់ ៤៩ ឆ្នាំ) ដែលទទួលរងអំពើហិង្សាយ៉ាងហោចណាស់ម្តងក្នុងជីវិតពួកគាត់ នេះបើយោងតាមអង្គការសុខភាពពិភពលោក។

ទោះបីកម្រិតនេះប្រសើរជាងកម្រិតមធ្យមភាគពិភពលោក និងអាស៊ីអាគ្នេយ៍ ហើយមាន ៣0% កម្ពុជាក៏ដោយ ក៏បញ្ហានេះនៅតែប្រឈមមុខនឹងឧបសគ្គ ដោយសារការឆ្លើយតបមិនទាន់រលូន បណ្តាលមកពី ភ្នាក់ងារសាធារណៈ និងសេវាថែទាំដែលផ្តោតលើជនរងគ្រោះនៅមានកម្រិត។

ជាការកត់សម្គាល់ កន្លងមករាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការដោះស្រាយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដោយបង្កើតឱ្យមាន គោលនយោបាយមួយចំនួនដើម្បីប្រយុទ្ធប្រឆាំងនិងអំពើហិង្សាលើយេនឌ័រនេះ ប៉ុន្តែការអនុវត្តបានជួបបញ្ហាប្រឈមមួយចំនួន។ បញ្ហាប្រឈមនោះរួមមាន បទដ្ឋានសង្គមនិងវប្បធម៌ដែលមានផលជៈអាក្រក់ និងផ្នត់គំនិតយេនឌ័របែបអវិជ្ជមាន ពិសេសវប្បធម៌បន្ទោសជនរងគ្រោះ ដែលបានចាក់ឫសយ៉ាងជ្រៅ។ មួយទៀតគឺក្របខ័ណ្ឌច្បាប់មិនទាន់គ្រប់គ្រាន់ក្នុងការការពារ និងការវិនិច្ឆ័យក្តីក្នុងសំណុំរឿងទាក់ទងអំពើហិង្សាលើយេនឌ័រ។ ដោយឡែកការដំណើរការក្តី និងការទទួលបានជំនួយផ្នែកច្បាប់ក៏នៅមានកម្រិតពិសេសសម្រាប់ស្រ្តីនិងកុមារ។ ហើយការទទួលបានព័ត៌មានផ្នែកច្បាប់នៅមានកម្រិត ដូចជា ច្បាប់បទប្បញ្ញត្តិ​ សេចក្តីសម្រេចរបស់តុលាការ ព្រមទាំងយន្តការនិងនីតិវិធីស្វែងរកដំណោះស្រាយ៕

 

 

Share

ព័ត៌មានទាក់ទង