en     km
en     km

ស្រ្តីម្នាក់មកពីខេត្តស្វាយរៀង ខំតស៊ូលក់ប្រហុកផ្អក ដើម្បីឱ្យកូនស្រី២នាក់បានរៀន

Share

ទោះបីជាមានជីវភាពលំបាកយ៉ាងណាក៏ដោយ ក៏អ្នកស្រី ឃុត លាស់  ក្នុងវ័យ៣៤ឆ្នាំ នៅតែខំតស៊ូ ក្នុងជីវភាពប្រចាំថ្ងៃ ដោយប្រកប មុខរបរលក់ផ្អក ប្រហុក ដើម្បីរកលុយឱ្យកូនបានរៀនសូត្រនឹងគេ ដោយសង្ឃឹមថា ការសិក្សាអាចធ្វើឱ្យកូនមានអនាគតល្អប្រសើរបាននៅថ្ងៃខាងមុខ។ អ្នកស្រីវ៉ាយ វត្តីជូនសេចក្តីរាយការណ៍

ជាមួយនឹងក្តីសង្ឃឹមនេះ អ្នកស្រី ឃុត លាស់ ដែលកំពុងអង្គុយនៅលើរម៉កម៉ូតូដែលមានដាក់លក់ផ្អក ប្រហុក ខ្ទឹម និងអំពិលទុំ នោះ បានប្រាប់អ្នកយកសារពត៌មានវិទ្យុស្រ្តី នៃអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជាថា ទោះបីជាមានការលំបាកយ៉ាងណា ក៏អ្នកស្រីនៅតែខំតស៊ូនឹងជីវភាពលក់ដូរសព្វថ្ងៃនេះដើម្បីរកថវិកាផ្គត់ផ្គង់ឱ្យកូនស្រីពីរនាក់បានរៀនសូត្រនៅឯស្រុកកំណើត ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ អ្នកស្រី បានប្រកបមុខរបរនេះ រយៈពេល៦ឆ្នាំហើយ តែមុខរបរលក់ផ្អក ប្រហុកនេះ  បានត្រឹមតែដោះស្រាយ ដោះទាល់តែប៉ុណ្ណោះ ឱ្យសល់ជាដុំកំភួនអ្វីនោះគឺមិនមានឡើយ។

អ្នកស្រី ឃុត លាស់ ៖ «អ៊ីវ៉ាន់ហ្នឹងយកមកពីផ្សារនាគមាស បានមាដោះស្រាយ ដោះទាល់ តែបើថាឱ្យសល់ជាដុំកំភួនអីគ្មានទេ គ្រាន់បានដោះស្រាយ ដោះទាល់ និងកូនបានរៀន កូនខ្ញុំពីរនាក់ ស្រីទាំងពីរ  ស្រីបងអាយុ១៥ឆ្នាំ នៅឯស្រុក នៅខេត្តស្វាយរៀង ស្រីបងថ្នាក់ទី៧ ប្អូនថ្នាក់ទី៦ »។

អ្នកស្រី ឃុត លាស់ បានឱ្យដឹងបន្ថែមថា​ អ្នកស្រីចាកចេញពីស្រុកកំណើត ដោយសារតែមិនដឹងប្រកបមុខរបរអ្វី ភាគច្រើនអ្នកស្រុកគេឡើងមកភ្នំពេញអស់ស្ងាត់ភូមិ ដូច្នេះអ្នកស្រីក៏សម្រេចចិត្តមកភ្នំពេញដើម្បីប្រកបមុខរបរលក់ ផ្អក ប្រហុក ខ្ទឹម និងអំពិលនេះដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ។

អ្នកស្រី ឃុត លាស់ ៖ «បើនៅស្រែមិនដឹងប្រកបមុខរបរអី  បើម្នាក់ៗគេមករស់នៅភ្នំពេញអស់ហើយ ដល់អ៊ីចឹងស្ងាត់នៅឯស្រែ អ៊ីចឹងមានតែយើងមកលក់ដូរឱ្យពួករោងចក្រដូចគ្នាអ៊ីចឹងទៅ  ច្រើនតែពួករោងចក្រមកពីស្រុកស្រែដូចគ្នាអ៊ីចឹងទេ»។

សម្រាប់ចំណូលដែលបានមកពីការលក់ ប្រហុក ផ្អកនេះដែរ អ្នកស្រី ឃុត លាស់ ថា ចំណូលដែលរកបានមកក្នុងមួយថ្ងៃៗមិនទៀងទេ ថ្ងៃណាលក់ដាច់ក៏បានបួនដប់ម៉ឺនរៀល ហើយថ្ងៃណាដែលលក់មិនដាច់ក៏មិនបានដល់ហ្នឹងដែរទេ។ ​

អ្នកស្រី ឃុត លាស់៖ «​បើនិយាយរឿងថ្ងៃវាអត់ទៀងទេ ថ្ងៃខ្លះចំណេញបានបួនដប់ម៉ឺន ថ្ងៃខ្លះអត់ដល់ហ្នឹងទេ តាមយើងលក់ដាច់ឬមិនដាច់អ៊ីចឹង ផាត់ផួងស៊ីចាយហើយ សល់បួនប្រាំម៉ឺន វាដោយថ្ងៃដែរ ថ្ងៃណាលក់បាន ថ្ងៃណាលក់មិនបានវាទៅតាមហ្នឹង តែបើឱ្យសល់វាមិនសល់ទេ»។

អ្នកស្រី ឃុត លាស់ បានបញ្ជាក់ទៀតថា ការលក់ផ្អក ប្រហុក ខ្ទឹម អំពិលទុំ នេះគឺអ្នកស្រីបើកម៉ូតូសណ្ដោងរម៉កលក់ចល័តឱ្យភ្ញៀវ តាមផ្ទះអ្នកភូមិផង និងលក់ឱ្យកម្មកររោងចក្រដែលចេញពីធ្វើការផងដែរ។

អ្នកស្រី ឃុត លាស់៖ «ខ្ញុំលក់ចល័តពេញតែហ្នឹង ខ្ញុំជិះដើរលក់តាមផ្ទះអ៊ីចឹង ដល់ម៉ោងរោងចក្រខ្ញុំមកដាក់លក់ឱ្យរោងចក្រ មិនថារោងចក្រណាទេ ខ្ញុំទៅលក់ដល់រោងចក្រណាដល់ម៉ោងខ្ញុំដាក់រោងចក្រហ្នឹង វាអត់នៅថេរមួយកន្លែងទេ»។

ដោយសារកត្តាប្រែប្រួលអាកាសធាតុក្តៅខ្លាំង អ្នកស្រី ឃុត លាស់ ក៏បានឱ្យដឹងបន្ថែមថា​ អ្នកស្រីក៏ប្រឈមនឹងបញ្ហាសុខភាពមួយចំនួន ដែរដូចជា ឈឺក្បាល និងពេលខ្លះហត់ ញ័រសាច់ក៏មាន វិលខ្សោយ ចូលពេទ្យ តែញឹកដែរ តែមិនដឹងជាធ្វើម៉េចបើនេះគឺជាកាតព្វកិច្ច ក្នុងការចិញ្ចឹមជីវិតប្រចាំថ្ងៃទៅហើយ ជាពិសេស ដើម្បីរកថវិកាផ្គត់ផ្គង់ការសិក្សារបស់កូនស្រីទាំងពីរ  ៕

 

Share

ព័ត៌មានទាក់ទង