en     km
en     km

សហជីពម្នាក់គ្រោងរៀបចំសន្និសីទកាសែតរឿងទំនាស់ដីធ្លីជាមួយមន្រ្តីឃុំត្រពាំងស្តៅខណៈមន្រ្តីឃុំស្នើបង្កើតកិច្ចសម្របសម្រួល

Share

ភ្នំពេញ៖ សហជីពមូលដ្ឋានមួយរូបប្រកាសត្រៀមរៀបចំសន្និសីទកាសែតមួយនាពេលខាងមុខនេះ ដើម្បីបកស្រាយរឿងកម្មសិទ្ធិស្របច្បាប់លើដីលំនៅដ្ឋានទំហំប្រមាណ ៦៥អា ជាប់ព្រំរបងជាមួយសាលាឃុំត្រពាំងស្តៅ ស្ថិតក្នុងស្រុករមាសហែក ខេត្តស្វាយរៀង បន្ទាប់ពីមន្រ្តីឃុំនៅទីនោះក៏អះអាងថាដីនោះជាដីទ្រព្យសម្បត្តិសារពើពន្ធរបស់សាលាឃុំផងដែរ។ យ៉ាងណាមេឃុំត្រពាំងស្តៅបញ្ជាក់ថា លោកកំពុងចាត់ចែងក្រុមការងារឱ្យរៀបចំលិខិតកោះអញ្ជើញក្រុមគ្រួសារទំនាស់ខាងលើមកប្រជុំរកដំណោះស្រាយក្នុងករណីនេះ ដោយលោកសុំមិនយល់ព្រមធ្វើសន្និសីទកាសែតនោះទេ។

លោក កែវ សុខា ជូនសេចក្តីរាយការណ៍

ប្រធានសមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជាលោក ព្រុំ ប៊ុនថន ដែលគេស្គាល់ថា ជាសហជីពមួយរូបធ្វើការងារលើកស្ទួយសិទ្ធិកម្មករក្នុងវិស័យកាត់ដេរ បច្ចុប្បន្នកំពុងជួបបញ្ហាទំនាស់លើកម្មសិទ្ធិដីលំនៅដ្ឋានទំហំប្រមាណ ៦៥អា ជាមួយភាគីមន្រ្តីសាលាឃុំត្រពាំងស្តៅ ស្ថិតក្នុងស្រុករមាសហែក ខេត្តស្វាយរៀង។ ដីលំនៅដ្ឋាននោះ បើតាមលោក ព្រុំ ប៊ុនថន អះអាងថា ដីនោះក្រុមគ្រួសាររបស់លោកបានរស់នៅជាប់រហូតតាំងពីបែករបប ប៉ុល ពត មកទល់ពេលបច្ចុប្បន្ន និងមានឯកសារបញ្ជាក់កម្មសិទ្ធិច្បាស់លាស់ទទួលស្គាល់តាំងពីរដ្ឋកម្ពុជាមកម្លេះ។ អ្វីជាពិសេសជាងនេះ ប្រជាពលរដ្ឋជាង ២០០នាក់រស់នៅក្នុងភូមិចំនួន៥ ស្ថិតក្នុងឃុំត្រពាំងស្តៅ ក៏បានអះអាងតាមរយៈលិខិតមានស្នាមមេដៃផងដោយគាំទ្រដីលំនៅដ្ឋានកំពុងមានទំនាស់នោះ គឺពិតជារបស់ក្រុមគ្រួសារលោក ព្រុំ ប៊ុនថន ដែលបានគ្រប់គ្រងជាយូរណាស់មកហើយមែន។

ផ្ទះនិងដីរបស់លោក ព្រុំ ប៊ុនថន នៅស្វាយរៀងកំពុងមានទំនាស់។រូបភាពពីលោក ប៊ុនថន។

លោក ព្រុំ ប៊ុនថន បញ្ជាក់ថា កាលពីដើមខែមករានេះ លោកបានរៀបចំឯកសារចុះបញ្ជីដីធ្លីជាប្រព័ន្ធដោយមានការចុះហត្ថលេខា បោះត្រាទទួលស្គាល់ពីមេភូមិ និងមេឃុំ ថាជាដីកម្មសិទ្ធិរបស់គ្រួសារលោកពិតប្រាកដមែន ដោយមេឃុំឱ្យលោករៀបចំនីតិវិធីធ្វើប្លង់កម្មសិទ្ធិស្របច្បាប់ផងដែរ។ ក៏ប៉ុន្តែរយៈពេល ១ សប្តាហ៍ក្រោយមក  ស្មៀនឃុំត្រពាំងស្ដៅលោក នង ម៉ូវ បានហាមឃាត់មន្រ្តីសូរិយោដី មិនឱ្យធ្វើប្លង់ និងបញ្ជួនឯកសារទៅថ្នាក់លើដោយសំអាងថា ដីនោះជាកម្មសិទ្ធិរបស់ឃុំ និងប្រើឈ្មោះស្ថាប័នសាលាស្រុករមាសហែក ជាអ្នកបញ្ជាឱ្យមកហាមឃាត់។

ឯកសារបញ្ជាកម្មសិទ្ធិដីធ្លីលោកគ្រួសារលោក ប៊ុនថន។រូបភាពពីលោក ប៊ុនថន។

ជុំវិញករណីនេះលោកព្រុំ ប៊ុនថន ចាត់ទុកទង្វើរបស់លោក នង ម៉ូវ ស្មៀនឃុំត្រពាំងស្ដៅ ថាជាការប្រើសិទ្ធិអំណាចផ្ទាល់ខ្លួនរំលោភបំពានមកលើក្រុមគ្រួសារលោក ហើយកន្លងមកលោកថា មានប្រជាពលរដ្ឋផ្សេងទៀតក៏មានបញ្ហាស្រដៀងគ្នានេះដែរ តែពួកគេភ័យខ្លាចមិនហ៊ានបង្ហាញជាសាធារណៈ។ ជាជំហររបស់លោក ព្រុំ ប៊ុនថន លោកថានឹងគ្រោងរៀបចំសន្និសីទកាសែតមួយបកស្រាយបញ្ហានេះ ពិសេសលោកនឹងលើកឡើងនូវបញ្ហាការផ្តល់សេវាកម្មនានាពីសំណាក់មន្រ្តីឃុំ និងស្មៀនឃុំត្រពាំងស្តៅដែលកន្លងមកមិនបានបម្រើប្រជាពលរដ្ឋបានល្អនោះទេ និងថែមទាំងប្រើអំណាចគៀបសង្កត់ពលរដ្ឋថែមទៀតផង។

លោកព្រុំ ប៊ុនថន៖«ជំហររបស់ខ្ញុំគឺខ្ញុំនឹងសុំកិច្ចអន្តរាគមន៍ទៅថ្នាក់ដឹកនាំកំពូលៗតាមលទ្ធភាពដែលអាចធ្វើបាន និងរៀបចំជាសន្និសីទកាសែត បង្ហាញភស្តុតាង ហើយនឹងអាចដាក់លិខិតស្នើសុំភាគីខាងសាលាស្រុកនិងឃុំ ចូលរួមជាមួយគ្នាដើម្បីបង្ហាញភស្តុតាង។ ខ្ញុំអត់ធ្វើតែងឯងនោះទេ​ ខ្ញុំធ្វើសន្និសីទកាសែតរួមគ្នាបង្ហាញភស្តុតាងរួមគ្នា អីចឹងស្រុកនិងឃុំចិត្តសឿងហ៊ានធ្វើទេ?បើខ្លួនត្រឹមត្រូវ។សម្រាប់ខ្ញុំ! ខ្ញុំមិនខ្លាចទេ»។

ប្រធានសមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជាលោក ព្រុំ ប៊ុនថន ។រូបភាពពីលោក ប៊ុនថន។

ជុំវិញបញ្ហាដីធ្លីដែលកំពុងចម្រូងចម្រាសខាងលើនេះលោក នង ម៉ូវ ស្មៀនឃុំត្រពាំងស្ដៅបំភ្លឺថា មូលហេតុដែលដីខាងលើពុំទាន់អាចចុះបញ្ជីនៅសូរិយោដីបាន ព្រោះដីនេះជាប្រភេទដីទំនាស់រង់ចាំការដោះស្រាយ ដ្បិតភាគីទាំងសងខាងសុទ្ធតែមានឯកសារបញ្ជាក់ពីកម្មសិទ្ធិរៀងៗខ្លួន។ លោកបញ្ជាក់ថា ដីទំនាស់ខាងលើគឺខាងសាលាឃុំមានប្លង់កម្មសិទ្ធិបញ្ជាក់ថា ជាទ្រព្យសម្បត្តិសារពើពន្ធរបស់ឃុំ។ចំណែកភាគីខាងលោក ព្រុំ ប៊ុនថន ក៏មានឯកសារបញ្ជាក់ទទួលស្គាល់តាំងពីសម័យរដ្ឋកម្ពុជាផងដែរ ដូច្នេះហើយលោករំពឹងថា ភាគីទាំងពីរនឹងមានជំនួបប្រជុំណាមួយកើតឡើងដើម្បីសម្របសម្រួលរឿងនេះ។

លោក នង ម៉ូវ ៖«ទេខ្ញុំមិនបានហាមឃាត់សូរិយោដីទេ ខ្ញុំគ្រាន់តែជូនដំណឹងតាមរយៈមេឃុំ ហើយហ្នឹងស្រុក គេណែនាំទៅក្រុមវាស់វែងដីកុំអាល់ចេញប្លង់រង់ចាំការដោះស្រាយសិន ខ្ញុំគ្រាន់តែជូនដំណឹងប៉ុណ្ណឹងទេ ខ្ញុំអត់មានហាមឃាត់ថាត្រូវចេញមិនត្រូវចេញអីខ្ញុំអត់មានទេ។ បើសិនជាការដោះស្រាយទំនាស់នេះចប់ បើសិនថាខាងមន្ទីរឬក្រសួងគេថា ត្រូវកាត់ដីនោះឱ្យគាត់[ព្រុំ ប៊ុនថន]គឺកាត់អីកាត់ទៅនេះមិនមែនសមត្ថកិច្ចរបស់ខ្ញុំទេ។តួនាទីរបស់ខ្ញុំត្រឹមជាជំនួយការរបស់មេឃុំ ខ្ញុំមានសិទ្ធិអីទៅសម្រេចការងារអីប៉ុណ្ណឹង មានសិទ្ធិអីណាបែងចែកទឹកដីឱ្យគេឬយ៉ាងម៉េចៗខ្ញុំមានសិទ្ធីអីណាដល់ហ្នឹង»។

លោក នង ម៉ូវ ថាលោកធ្វើតាមការចង្អុលបង្ហាញរបស់ថ្នាក់លើប៉ុណ្ណោះករណីមិនឱ្យសូរិយោដីចេញប្លង់កម្មសិទ្ធិជូនគ្រួសារលោក ប៊ុនថន។រូបភាពពីលោក ប៊ុនថន។

ជុំវិញរឿងនេះលោកអភិបាលស្រុករមាសហែក ស៊ូ ម៉ុល និយាយថា ដីទំនាស់ខាងលើគឺមានប្លង់កម្មសិទ្ធិបញ្ជាក់ថា ជាដីសារពើពន្ធរបស់សាលាឃុំត្រពាំងស្តៅ ខណៈដីនេះធ្លាប់មានរឿងក្តីឡើងដល់តុលាការតាំងពីជំនាន់មេឃុំចាស់មកម្លេះ។ ដោយឡែកសកម្មភាពរារាំងរបស់ស្មៀនឃុំមិនឱ្យមន្រ្តីសូរិយោដីបន្តនីតិវិធីចុះបញ្ជីដីខាងលើ គឺស្មៀនឃុំធ្វើតាមផលប្រយោជន៍របស់សាលាឃុំតែប៉ុណ្ណោះ ពុំមានពាក់ព័ន្ធរឿងបុគ្គលនោះទេ។ តែយ៉ាងណារឿងនេះលោកថា អាជ្ញាធរដែនដីពុំទាន់អារកាត់យ៉ាងណានោះទេ ដោយរង់ចាំរកឱកាសឱ្យភាគីទាំងសងខាងជួបគ្នាជជែកដោះស្រាយដើម្បីសម្របសម្រួលបញ្ចប់រឿង។

លោក ស៊ូ ម៉ុល៖«តុលាការពេលណ្ណោះក៏ចេញសេចក្តីសម្រេចឱ្យសាលាឃុំជាអ្នកឈ្នះក្តីទាក់ទងហ្នឹងដីហ្នឹងបាទ។ហើយប៉ុន្មានថ្ងៃនេះ ខ្ញុំឃើញឈ្មោះ ព្រុំ ប៊ុនថននេះ ផុសវៃប្រហារស្មៀនឃុំថា សុទ្ធតែដង្កូវក្នុងកែវភ្នែកចឹងវាមិនត្រឹមត្រូវទេ ដោយសារថា ស្មៀនធ្វើការដើម្បីតែផលប្រយោជន៍ឃុំដែរ មិនមែនផលប្រយោជន៍បុគ្គលទេ គឺគាត់ការពារសិទ្ធិដែលជាកម្មសិទ្ធិរបស់ឃុំ។ ហើយអ្វីដែលមិនអាចចេញប្លង់កម្មសិទ្ធិបានដោយសារតែដីនោះជាដីទំនាស់ បើសិនជាដីដហ្នឹងមិនមានទំនាស់យើងក៏ចេញកម្មសិទ្ធិឱ្យគាត់[ព្រុំ ប៊ុនថន]ដែរ ចឹងបានយើងទាមទារឱ្យមានការសម្របសម្រួលសិន វាគង់តែរកឃើញអ្នកឈ្នះអ្នកចាញ់យើងនឹងផ្តល់ប្លង់កម្មសិទ្ធិហើយ»។

សម្រាប់លោក កុល ហ៊ុន មេឃុំត្រពាំងស្តៅក៏បញ្ជាក់ស្រដៀងគ្នាដែរថា ដីខាងលើទំហំជាង ២ ហិកតាបូកទាំងដីលំនៅដ្ឋានទំហំជាង ៦៥អានោះ គឺជាកម្មសិទ្ធិរបស់ឃុំត្រពាំងស្តៅដែលជាសម្បត្តិសារពើពន្ធរបស់សាលាឃុំ។ តែយ៉ាងណាលោកថា ដីនេះស្ថិតក្នុងការឃ្លុំទុកសិនដោយរង់ចាំធ្វើការសម្របសម្រួលទើបអាចសម្រេចថា ជាកម្មសិទ្ធិរបស់ភាគីណាមួយ។ លោកថានៅថ្ងៃសុក្រក្នុងសប្តាហ៍នេះ លោកនឹងធ្វើលិខិតអញ្ជើញលោក ព្រុំ ប៊ុនថន និងក្រុមគ្រួសារមកប្រជុំដោះស្រាយរឿងនេះនៅសាលាឃុំ តែលោកសុំបដិសេធមិនរៀបចំជាសន្និសីទកាសែតអ្វីនោះទេ។

លោក កុល ហ៊ុន៖«មានប្លង់ មានប្លង់ដែលសាលាឃុំអ្នកធ្វើចឹងដីនេះជាដីសារពើពន្ធរបស់ឃុំ ចឹងឃុំត្រូវរក្សាទ្រព្យសារពើពន្ធរបស់ឃុំ ចឹងបើសិនណាខ្ញុំជាប្រឹក្សាឃុំ ជាមេឃុំ អនុញ្ញាតដីហ្នឹងឱ្យគាត់ ចឹងរដ្ឋគេថាដីហ្នឹងមានសារពើពន្ធទំហំដីប្រមាណ២ហិកតាជាង ចុះឥឡូវយ៉ាងម៉េចនៅតែមួយហិកតាកន្លះ ចឹងខ្ញុំពិបាកដោះស្រាយរឿងហ្នឹងទៀត»។

សូមបញ្ជាក់ថា ករណីនេះភាគីមន្រ្តីសាលាឃុំត្រពាំងស្តៅបានចេញលិខិតអញ្ជើញជាផ្លូវការរួចហើយនៅថ្ងៃទី០៤ ខែកុម្ភៈនេះ ដោយកោះហៅលោក ព្រុំ ប៊ុនថន និងសមាជិកគ្រួសារចូលរួមប្រជុំដោះស្រាយករណីទំនាស់នេះនៅសាលាឃុំត្រពាំងស្តៅនៅថ្ងៃសុក្រខាងមុខនេះ។ តែយ៉ាងណាលោក ព្រុំ ប៊ុនថន ពុំទាន់បញ្ជាក់ថាលោកនឹងចូលរួមយ៉ាងណានោះទេ ទោះបីលោកបានទទួលលិខិតរួចហើយក្តី៕

Share

ព័ត៌មានទាក់ទង