គណៈកម្មាធិការមួយរបស់អង្គការសហប្រជាជាតិ នៅថ្ងៃពុធ បានពន្យារពេលសម្រេចចិត្តថានរណានឹងតំណាងឱ្យប្រទេសអាហ្វហ្គានីស្ថាន និងតំណាងឱ្យប្រទេសភូមាឬមីយ៉ាន់ម៉ា ក្នុងអង្គការពិភពលោកនេះ។
គណៈកម្មាធិការមួយរបស់អង្គការសហប្រជាជាតិ នៅថ្ងៃពុធ ទី០១ ខែធ្នូ បានពន្យារពេលធ្វើការសម្រេចចិត្តថាតើនរណានឹងតំណាងឱ្យប្រទេសអាហ្វហ្គានីស្ថាន និងតំណាងឱ្យប្រទេសមីយ៉ាន់ម៉ា ឬភូមា នៅក្នុងអង្គការពិភពលោកនេះ។ ទីភ្នាក់ងារសារព័ត៌មានរើយធើរាយការណ៍ដូច្នេះតាមប្រធានគណៈកម្មាធិការដែលមកពីប្រទេសស៊ុយអែត។
រឿងនេះមានន័យថា សម្រាប់ពេលបច្ចុប្បន្ន តំណាងរដ្ឋាភិបាលតាលីបង់នៃប្រទេសអាហ្វហ្គានីស្ថាន និងតំណាងរដ្ឋាភិបាលយោធានៃប្រទេសភូមា មិនត្រូវបានអនុញ្ញាតឱ្យចូលក្នុងអង្គការសហប្រជាជាតិ ដើម្បីការពារផលប្រយោជន៍ប្រទេសពួកគេរៀងៗខ្លួន នៅលើវេទិកាពិភពលោកមួយនេះទេ។
ការទាមទារដ៏ចម្រូងចម្រាស់ដើម្បីបានសិទ្ធិកាន់កាប់អាសនៈនៅអង្គការសហប្រជាជាតិ ដោយប្រទេសទាំងពីរ បានកើតឡើង នៅពេលដែលរដ្ឋាភិបាលតាលីបង់នៅប្រទេសអាហ្វហ្គានីស្ថាន និងរបបយោធានៅប្រទេសភូមា ប្រជែងគ្នានឹងឯកអគ្គរដ្ឋទូតតែងតាំងដោយរដ្ឋាភិបាលមុន គឺរដ្ឋាភិបាលដែលក្រុមតាលីបង់ និងក្រុមយោធា បានបណ្តេញចេញពីអំណាចនៅក្នុងឆ្នាំនេះ។
ប្រសិនបើអង្គការសហប្រជាជាតិទទួលយកតំណាងរដ្ឋាភិបាលតាលីបង់ ឬតំណាងរដ្ឋាភិបាលយោធាភូមា នោះអ្វីដែលរដ្ឋាភិបាលថ្មីនៃប្រទេសទាំងពីរកំពុងចង់បាននឹងកើតឡើង ពោលគឺការទទួលស្គាល់ជាអន្តរជាតិ ចំពោះរដ្ឋាភិបាលដែលកើតពីការប្រើកម្លាំងនិងពីរដ្ឋប្រហារ។
គណៈកម្មាធិការទទួលបន្ទុកវាយតម្លៃសិទ្ធិតំណាងស្របច្បាប់ ដែលមានសមាជិក៩ប្រទេស ក្នុងនោះមានរុស្ស៊ី ចិន និងសហរដ្ឋអាមេរិកផង បានជួបប្រជុំគ្នានៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិ ដើម្បីពិចារណាអំពីសិទ្ធិស្របច្បាប់នៃសមាជិកទាំង១៩៣ប្រទេស សម្រាប់សម័យប្រជុំបច្ចុប្បន្ននៃមហាសន្និបាតអង្គការសហប្រជាជាតិ។
អ្នកការទូតជាច្រើននាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរើយធើថា គណៈកម្មាធិការទំនងជាពន្យារពេលធ្វើការសម្រេចចិត្តលើសិទ្ធិតំណាងប្រទេសអាហ្វហ្គានីស្ថាន និងសិទ្ធិតំណាងប្រទេសភូមា ដោយយល់ឃើញថា ឯកអគ្គរដ្ឋទូតបច្ចុប្បន្ន តែងតាំងដោយរដ្ឋាភិបាលមុន នៅតែតំណាងឱ្យប្រទេសរបស់ពួកគេរៀងៗខ្លួន។
ប្រធានគណៈកម្មាធិការ គឺឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំងអង្គការសហប្រជាជាតិ លោកស្រី អាណា ការីន អ៊ីណេស្ត្រំ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ការសម្រេចចិត្តត្រូវបានពន្យារពេល។ ប៉ុន្តែ លោកស្រីបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ លើរឿងដែលថាតើឯកអគ្គរដ្ឋទូតបច្ចុប្បន្នសម្រាប់ប្រទេសអាហ្វហ្គានីស្ថាន និងសម្រាប់ប្រទេសភូមា នៅតែជាតំណាងស្របច្បាប់ឱ្យប្រទេសរបស់ពួកគេឬយ៉ាងណា៕