ភ្នំពេញ៖ យ៉ាងហោចណាស់ប្រជាសហគមន៍ឧត្តមស្រែពស់ម្នាក់ត្រូវឃាត់ខ្លួន និងពលរដ្ឋផ្សេងទៀតរងរបួល ខណៈក្រុមទាហាននៃបញ្ជាការដ្ឋានរថគ្រោះកងទ័ពជើងគោក«ង-៧០»ក៏រងរបួលផងដែរ ក្នុងហេតុការណ៍ប្រទូសរ៉ាយដាក់គ្នាកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ នៅទីតាំងព្រៃសហគមន៍មេត្តា ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ដើមចមនៃការប៉ះទង្គិចគ្នានេះ បើតាមពលរដ្ឋសហគមន៍អះអាងថា ដោយតែពលរដ្ឋព្យាយាមចូលទៅព្រៃអាស្រមមេត្តាធម្មជាតិ ដើម្បីយកសម្ភារៈនិងទ្រព្យសម្បត្តិគរុភ័ណ្ឌរបស់សង្ឃ តែត្រូវទាហានហាមឃាត់រហូតផ្ទុះការប្រទូសរ៉ាយគ្នាកើតឡើង។
លោក កែវ សុខា ជូនសេចក្តីរាយការណ៍
ឆ្នាំថ្មី ២០២៥មកដល់ភ្លាម ប្រជាសហគមន៍ឧត្តមស្រែពស់ស្ថិតក្នុងឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺដែលធ្លាប់មានទំនាស់ដ៏រុំាំរ៉ៃជាមួយក្រុមទាហាននៃបញ្ជាការដ្ឋានរថគ្រោះកងទ័ពជើងគោក«ង-៧០»ស្ថិតស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក៏មានរឿងរ៉ាវក្តីក្តាំជាមួយក្រុមទាហានជាថ្មីម្តងទៀត ក្នុងតំបន់ដីព្រៃមេត្តាធម្មជាតិដែលពុំទាន់ដោះស្រាយគ្នាដាច់ស្រេចតាំងពីឆ្នាំ ២០២២មក។
លុះមកដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ ក៏មានករណីប្រទូសរ៉ាយមួយកើតឡើងរវាងប្រជាសហគមន៍និងក្រុមទាហាន ខណៈពលរដ្ឋចូលទៅព្រៃអាស្រមមេត្តាធម្មជាតិ ដើម្បីយកសម្ភារៈរបស់សង្ឃមករក្សាទុក តែត្រូវក្រុមទាហានការពារតំបន់នៅបណ្តេញចេញដោយអះអាងថា ក្រុមប្រជាពលរដ្ឋចូលក្នុងតំបន់កម្មសិទ្ធិរបស់ទាហាន។
អ្នកស្រី ស៊ុន ស្រីអែម ប្រជាសហគមន៍ឧត្តមស្រែពស់ប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥នេះថា នៅថ្ងៃកើតហេតុអ្នកស្រីនិងពលរដ្ឋផ្សេងទៀតបានចូលទៅកាន់ព្រៃអាស្រមមេត្តា ដើម្បីប្រមូលទ្រព្យសម្បត្តិនិងសម្ភារៈផ្សេងៗទៀតរបស់ព្រះសង្ឃមករក្សាទុកក្នុងភូមិ ដ្បិតមួយរយៈចុងក្រោយនេះមានជនមិនស្គាល់មុខតែងមកលួចនិងបំផ្លាញជារឿយៗ។ អ្នកបន្តថា នៅពេលក្រុមពលរដ្ឋប្រមូលសម្ភារៈក៏ស្រាប់តែក្រុមទាហានប្រមាណជិត ១០ នាក់ប្រដាប់ដោយអាវុធមានកាំភ្លើង ដំបង និងពូថៅ ស្រែគំរាមធ្វើសកម្មភាពគប់ដំបងចំលើអ្នកស្រីនិងស្រែបាញ់សម្លាប់បើនៅតែហ៊ានចូលមកតំបន់របស់ពួកគេ។ ដោយឃើញបែបនេះ ប្តីរបស់ខ្លួនមានឈ្មោះ ប៉ឹក ខ្មៅ ក៏មកជួយអន្តរាគមន៍កើតរឿងទាស់ពាក្យសម្តីឈានដល់ប្រទូសរ៉ាយគ្នា តែគ្មានរងរបួលអ្វីធ្ងន់ធ្ងរនោះទេ។
អ្នកស្រី ស៊ុន ស្រីអែម៖«គេថា កុំឱ្យចូលមកបន្ទាប់ទឹកព្រោះកន្លែងគេ ហើយគេថាយកកាំភ្លើងមកបាញ់វាចោល និងទាញកាំបិត ពូថៅដេញកាប់យើងហ្មងហ្នឹង»។
រូបភាពព្រៃសហគមន៍ឧត្តមស្រែពស់ដែលប្រជាពលរដ្ឋថា ត្រូវក្រុមទាហានដុតព្រៃឈើកុំឱ្យមានការតាំងលំនៅឬចូលមកដាំកូនឈើបន្តទៀត។រូបភាពផ្តល់ដោយប្រជាសហគមន៍។
អ្នកស្រីបន្តថា ករណីប្រទូសរ៉ាយនេះខាងលើនេះ ភាគីទាហានបានប្តឹងមកប្តីអ្នកស្រី ដោយសមត្ថកិច្ចស្នងការនគរបាលស្រុកឱរ៉ាល់បានឃាត់ខ្លួនប្តីអ្នកស្រីនៅថ្ងៃទី២៩ ខែមករា ហើយបច្ចុប្បន្ននេះត្រូវបញ្ជូនខ្លួនមកតុលាការដោយត្រូវបំភ្លឺទាក់ទងបទចោទករណីប្រើហិង្សា។ បើទោះបីជាស្វាមី ត្រូវប្រឈមមុខជាប់ពន្ធនាគារក្តីតែអ្នកស្រី ស៊ុន ស្រីអែម នៅតែអះអាងជំហរមិនព្រមចុះចាញ់ដោយបោះបង់ដីសហគមន៍នោះទេ តែថែមទាំងនៅទទូចដល់មន្រ្តីពាក់ព័ន្ធគួរពិចារណាទុកដីខ្លះដល់ប្រជាសហគមន៍គ្រប់គ្រងថែរក្សាអាស្រ័យអនុផលព្រៃឈើដើម្បីចិញ្ចឹមជីវិត។
អ្នកស្រី ស៊ុន ស្រីអែម៖«ចង់ឱ្យពួកគាត់ជួយរកយុត្តិធម៌ឱ្យពួកខ្ញុំចឹងណា ព្រោះរឿងហ្នឹងគេមកវៃយើងមុនទេតែបែរជាមកជាប់ឃុំពួកយើងវិញ(ប្តី) វាអយុត្តិធម៌ណាស់សម្រាប់ពួកខ្ញុំ។សូមរកដំណោះស្រាយសមរម្យមួយជូនពួកខ្ញុំផង។ហើយពួកខ្ញុំនៅតែសុំពួកគាត់ចុះវាស់វែង លុះណាតែពួកគាត់កំណត់ព្រំដីថាត្រង់ណារបស់ទាហាន ត្រង់ណារបស់អាស្រម និងត្រង់ណារបស់សហគមន៍។»។
ដោយឡែកលោក ឃន សារិទ្ធ តំណាងប្រជាសហគមន៍ឧត្តមស្រែពស់មួយរូបប្រាប់នៅតែទទូចស្នើសុំដល់អាជ្ញាធរពាក់ព័ន្ធចុះពិនិត្យមើលស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងដីធ្លីរបស់ក្រុមទាហាន ដោយលោកបញ្ជាក់ថា ក្រុមទាហានទាមទារកាន់កាប់លើសទំហំដីដែល ស ជ ណ របស់រដ្ឋាភិបាលប្រគល់ជូន។
លោក ឃន សារិទ្ធ៖«អ្វីដែលប្រជាសហគមន៍ទាមទារហ្នឹងសុំត្រឹមថា បើដីអនុក្រឹត្យទំហំ២៦២ហិកតាហ្នឹង សុំទាហានធ្វើលើដីទំហំហ្នឹងទៅ ហើយដីដែលលើសសុំឱ្យទាហានផ្ទេរឱ្យសហគមន៍ថែរក្សាអភិរក្សបន្ត។ហើយបើសិនជាអនុក្រឹត្យដាក់ទៅចំតំបន់ដែលសហគមន៍ស្នើសុំ ចឹងឱ្យគាត់រំកិលយ៉ាងម៉េចទុកអារបស់យើងសុំហ្នឹងឱ្យពួកយើងមក ហើយយកន្លែងដែលលើសទាហានយកទៅទុកកន្លែងនោះ[អាស្រម]ឱ្យយើងមក»។
សូមរំលឹកជូនបន្តិចថា ព្រៃសហគមន៍ឧត្ដមស្រែពស់ ឬហៅថា ព្រៃមេត្តាធម្មជាតិ គឺជាផ្នែកមួយ នៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ហើយបានចុះបញ្ជីទទួលស្គាល់ជាព្រៃអភិរក្សពីក្រសួងបរិស្ថានកាលពីឆ្នាំ២០០២។ លុះមកដល់ខែសីហា ឆ្នាំ២០២១ រដ្ឋាភិបាលបានចេញអនុក្រឹត្យ ឆ្វៀលដីព្រៃសហគមន៍ឧត្ដមស្រែពល់មានទំហំជិត ៣០០ (២៦២,២៤) ហិកតា ពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បែងចែកជូនគ្រួសារយោធិន នៃកងរថក្រោះ “ង-៧០” ចំនួន៤១គ្រួសារ សម្រាប់សង់លំនៅឋាន និងបង្កបង្កើនផល។
សម្រាប់ដំណោះស្រាយជាវិជ្ជមានក្នុងជម្លោះដ៏រ៉ាំរ៉ៃនេះ មន្រ្តីអង្គការលីកាដូប្រចាំខេត្តកំពង់ស្ពឺលោក អ៊ុំ សាមិទ្ធិ ផ្តល់ជាយោបល់ថា ករណីនេះមន្រ្តីមានដែនសមត្ថកិច្ចគប្បីចុះពិនិត្យជាថ្មីម្តងទៀត លើការទាមទារគ្រប់គ្រងដីព្រៃសហគមន៍ដែលប្រទាញ់ប្រទង់គ្នារវាងប្រជាសហគមន៍ និងក្រុមទាហាន ដើម្បីឱ្យភាគីនីមួយៗដឹងច្បាស់ បើពុំដូច្នេះទេ ហេតុការណ៍នៃការប៉ះទង្គិចគ្នានឹងអាចកើតមានឡើងដដែលជាដដែលទៅមុខទៀត។
លោក អ៊ុំ សាមិទ្ធិ៖«បើមិនចឹងទេវានឹងប៉ះគ្នាឥតឈប់ទេ ពលរដ្ឋស្មានតែទាហានទៅបាត់ក៏ចូលដាំឈើ ពេលទាហានមកវិញក៏ប៉ះគ្នា ដ៏ទាហានវៃពាងវៃអីអាហ្នឹងសុទ្ធតែរឿងបំផ្លាញទ្រព្យសម្បត្តិគេហើយ»។
ជុំវិញរឿងនេះ ប្រធានរដ្ឋបាលសាលាខេត្តកំពង់ស្ពឺពុំទាន់អាចបំភ្លឺបានភ្លាមៗនោះទេ ដោយសុំទុកលទ្ធភាពពិនិត្យឯកសារពាក់ព័ន្ធលើករណីនេះ។
ប្រធានរដ្ឋបាលសាលាខេត្តកំពង់ស្ពឺ៖«បងមានឯកសារពីប្រជាសហគមន៍ជួយផ្តល់ឱ្យខ្ញុំតាមតេឡេក្រាមមក ដើម្បីខ្ញុំពិនិត្យនិងឱ្យស្រុកពិនិត្យ ដើម្បីមានមូលដ្ឋានជាក់លាក់ពិនិត្យលទ្ធភាពធ្វើការងារស្របតាមបែបបទរដ្ឋបាលនិងគតិយុត្តិផងណាបង»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅក៏មានហេតុការណ៍មួយកើតឡើងផងដែរ ក្នុងបរិវេណអាស្រមព្រៃមេត្តាធម្មជាតិ ដោយប្រជាពលរដ្ឋក្នុងសហគមន៍ ប្រទះឃើញសម្ភារៈនិងទ្រព្យសម្បត្តិក្នុងអាស្រមត្រូវបានជនមិនស្គាល់មុខវាយកម្ទេចចោល ហើយទ្រព្យសម្បត្តិគរុភ័ណ្ឌរបស់ព្រះសង្ឃត្រូវបានលួចចេញពីក្នុងអាស្រម។
សម្រាប់ក្រុមសហគមន៍ឧត្តមស្រែពស់ ឬសហគមន៍ព្រៃមេត្តាធម្មជាតិបញ្ជាក់ថា ពួកគេពុំមានចេតនាណាមួយប្រឆាំងនឹងការសម្រេចរបស់ថ្នាក់ដឹកនាំ ក្រសួងមន្ទីរ ដែលកាត់ឆ្វៀលដីជូនគ្រួសារយោធិននោះឡើយ ក៏ប៉ុន្តែពួកគេចង់ឱ្យក្រុមទាហានសម្បទានដីទំហំប្រហែល ៣០ហិកតា ដើម្បីប្រជាសហគមន៍បានអាស្រ័យផលអនុផលព្រៃឈើ និងដើម្បីរក្សាទុកឱ្យកូនចៅជំនាន់ក្រោយបានស្គាល់ពីធនធានជីវចម្រុះក្នុងព្រៃសហគមន៍។ ជាងនេះ នៅថ្ងៃអនាគតប្រជាសហគមន៍អាចស្នើទៅអាជ្ញាធរមូលដ្ឋានដើម្បី សុំកសាងទីវត្តអាមមួយនៅបរិវេណអាស្រមមេត្តាធម្មជាតិ សម្រាប់ប្រជាពុទ្ធបរិស័ទគោរពប្រតិបត្តិតាមផ្លូវសាសនា ដ្បិតសព្វថ្ងៃទីវត្តអាមនៅឆ្ងាយពីសហគមន៍៕