en     km
en     km

ឃាត់រថយន្តដឹកអ្នកដំណើរមួយគ្រឿងក្រោយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃបញ្ជាពង្រឹងចរាចរនៅផ្លូវជាតិលេខ១

Share

ភ្នំពេញ៖ នគរបាលស្រុកលើកដែក បានឃាត់រថយន្តក្រុងដឹកអ្នកដំណើរ លើផ្លូវជាតិលេខ ១ ចំនួនមួយគ្រឿង ដែលបើកបរលើសល្បឿនកំណត់ និងការវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់។ ការឃាត់រថយន្តក្រុងត្រង់សួនច្បាររង្វង់មូលគល់ស្ពាន ហ្សឹបាសា (ស្ពានអ្នក លឿង)ត្រើយខាងលិចនេះ កើតឡើងកាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ ដោយអ្នកបើកបរត្រូវបានសមត្ថកិច្ចធ្វើការអប់រំដល់អ្នកបើកបរ និងធ្វើកិច្ចសន្យា។

រូបភាពពីគេហទំព័រក្រសួងមហាផ្ទៃ។

សូមបញ្ជាក់ថា កាលពីចុងសប្តាហ៍កន្លងទៅនេះលោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចំណារណែនាំ ឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រៀមអនុវត្តវិធានការបង្ការ ទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍តាមបណ្ដោយផ្លូវជាតិលេខ ១ ពីភ្នំ ពេញទៅព្រំដែនវៀតណាម ដោយផ្តោតលើរថយន្តដឹកអ្នកដំណើរទៅមក ភ្នំពេញ-វៀតណាម។

ចំណារណែនាំពីប្រមុខក្រសួងមហាផ្ទៃនេះ ធ្វើឡើងបន្ទាប់ពីសង្កេតឃើញថា រថយន្តដឹកអ្នកដំណើរទៅមក ភ្នំពេញ-វៀតណាម មួយចំនួន ទទួលរងការរិះគន់ និងមានការបង្ហាញក្ដីបារម្ភពី​សំណាក់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ និងពលរដ្ឋរស់នៅតាមបណ្ដាផ្លូវជាតិលេខ១ អំពីបើកបរលើសល្បឿនកំណត់ វ៉ាជែងគ្នា ដែលបង្កជាហានិភ័យ និងបណ្ដាលឱ្យមានគ្រោះថ្នាក់ជាញឹកញាប់។

សូមបញ្ជាក់ថា កន្លងមកមិនថាតែប្រជាពលរដ្ឋទូទៅនោះទេ ក្រុមអ្នកសារព័ត៌មាន ព្រមទាំងព្រះសង្ឃ ក៏បានផ្សព្វផ្សាយ និងមានសង្ឃដីកា ស្នើឱ្យក្រសួងមហាផ្ទៃចាត់វិធានការលើបញ្ហានេះ ដើម្បីធានាសុវត្ថិភាពចរាចរណ៍តាមដងផ្លូវ ជាពិសេសគឺផ្លូវជាតិលេខ១ ដែលមានសភាពតូច និងមានការធ្វើចរាចរណ៍ច្រើន។ ជាងនេះទៀតការស្នើឱ្យមានចំណាត់ការនេះ ក៏ដើម្បីផ្ដល់ភាពកក់ក្ដៅដល់ភ្ញៀវទេសចរវៀតណាម និងភ្ញៀវអន្តរជាតិផ្សេងទៀត ដែលធ្វើដំណើរមកលេងកម្សាន្តនៅកម្ពុជាតាមផ្លូវគោក៕

 

Share

ព័ត៌មានទាក់ទង