កូនផ្សោតទើបកើតថ្មី១ក្បាល មានអាយុប្រមាណ២ថ្ងៃ ត្រូវបានស្រាវជ្រាវនិងថតបានដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផលនិងអង្គការ WWF វេលាម៉ោង១០:០០នាទី នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នៅអន្លង់កាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ នេះបើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
តាមរយៈការពិនិត្យរបស់ក្រុមអ្នកស្រាវជ្រាវ កូនផ្សោតនេះកើតពីមេផ្សោតដែលមានលេខកូដ១២៣ និងស្ថិតនៅក្នុងក្រុមសត្វផ្សោតពេញវ័យចំនួន៣ក្បាលផ្សេងទៀត។ សូមជម្រាបថា នេះគឺជាកូនផ្សោតទី៥ ដែលបានកើតនៅដើមឆ្នាំ២០២៥នេះ។
កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន១៤ប៉ុណ្ណោះក្នុងពិភពលោក ដែលនៅមានវត្តមានសត្វផ្សោតទឹកសាបដ៏កម្ររស់នៅក្នុងទន្លេ(មេគង្គ)។ សត្វផ្សោតទឹកសាបសរុប៦ប្រភេទកំពុងប្រឈមនឹងការផុតពូជ ដូច្នេះហើយទើបប្រទេសនានាដែលនៅមានវត្តមានសត្វផ្សោតទឹកសាប ចូលរួមបង្ហាញការប្តេជ្ញាចិត្តរួមគ្នាដើម្បីការពារសត្វផ្សោត និងទីជម្រករបស់ពួកវា។
សត្វផ្សោតទន្លេមេគង្គ ឬផ្សោតក្បាលត្រឡោក (Orcaella brevirostris) គឺជាសត្វផ្សោតមួយប្រភេទក្នុងចំណោមសត្វផ្សោតទឹកសាបតែ៦ប្រភេទគត់ នៅក្នុងពិភពលោក ហើយវាត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វជិតផុតពូជ។ សត្វផ្សោតប្រភេទនេះ មានរស់នៅតែក្នុងប្រព័ន្ធទន្លេចំនួនបីប៉ុណ្ណោះក្នុងពិភពលោកយើងនេះ រួមមានទន្លេមេគង្គ (កម្ពុជា) ទន្លេអាយ៉េវ៉ាឌី (មីយ៉ាន់ម៉ា) និងទន្លេមហាកាម (ឥណ្ឌូនេស៊ី)។
បច្ចុប្បន្នក្នុងរដូវប្រាំង ចាប់ពីខែមករា ដល់ខែឧសភា នៅពេលដែលកម្រិតទឹកធ្លាក់ចុះ សត្វផ្សោតប្រមូលផ្តុំគ្នារស់នៅក្នុងអន្លង់ទឹកជ្រៅចំនួនប្រាំបី តាមដងទន្លេមេគង្គលាតសន្ធឹងពីខេត្តក្រចេះ ទៅដល់ព្រំប្រទល់ប្រទេសឡាវ នៅខេត្តស្ទឹងត្រែង ក្នុងចម្ងាយ១៨០គីឡូម៉ែត្រ។
ផ្សោតទន្លេមេគង្គជារតនៈសម្បត្តិជាតិមានជីវិត ហើយប្រជាជនកម្ពុជាមានជំនឿថា «ទីណាមានផ្សោត ទីនោះមានត្រី»។ វាជាថនិកសត្វដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ ៣ឆ្នាំ ហើយផ្សោតញីត្រូវពពោះរយៈពេល ១៤ខែ ដោយកើតម្តងបានកូនតែ ១ក្បាល ប៉ុណ្ណោះ។ ទន្លេមេគង្គ ជាមាតានៃជីវិត និងជាជម្រកនៃសត្វផ្សោតទន្លេមេគង្គ។ ទន្លេនេះក៏ជាប្រភពមួយដ៏សំខាន់ ក្នុងការផ្តល់នូវអត្ថប្រយោជន៍ជាច្រើនទាំងផ្នែកសង្គម និងសេដ្ឋកិច្ចសម្រាប់ការរស់នៅរបស់ប្រជាជន។
សត្វផ្សោតទន្លេមេគង្គ ត្រូវចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វជិតផុតពូជ និងកំពុងត្រូវបានការពារ និងអភិរក្សយ៉ាងតឹងរឹង ដោយច្បាប់ស្តីពីជលផល និងអនុក្រឹត្យស្តីពីការ បង្កើតតំបន់គ្រប់គ្រងនិងការពារសត្វផ្សោតទន្លេមេគង្គនៃកម្ពុជា៕