បន្ទាប់ពីការរាយការណ៍ពីប្រជាពលរដ្ឋ មន្ត្រីជំនាញ មន្ទីរបរិស្ថានខេត្តប៉ៃលិន បានរកឃើញថា រោងចក្រកែច្នៃដំណាប់ស្វាយមួយកន្លែង របស់ក្រុមហ៊ុន កាងស៊ិនឡុងហ្វូត ដែលមានទីតាំងនៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានបញ្ចេញសំណល់រាវចូលក្នុងប្រភពទឹកសាធារណៈ។ សំណល់រាវចេញពីរោងចក្រនេះ បានធ្វើឱ្យពលរដ្ឋ៤៧គ្រួសារ នៅចំណុចក្បាលឡាន ភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ខ្វះខាតទឹកស្អាតប្រើប្រាស់ និងបណ្តាលឱ្យត្រីក្នុងអូរធម្មជាតិងាប់ជាបន្តបន្ទាប់។
ការចុះពិនិត្យដល់ទីតាំងរោងចក្រកែច្នៃស្វាយនេះ គឺបន្ទាប់ពីមន្ទីរបរិស្ថាន បានទទួលការរាយការណ៍ពីពលរដ្ឋ ជុំវិញករណីត្រីងាប់នៅក្នុងអូរ នៅចំណុចក្បាលឡាន ស្ថិតនៅភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
មន្ត្រីជំនាញបរិស្ថាន រកឃើញថា ក្រុមហ៊ុនខាងលើ បានដំណើរការផលិតកម្មកែច្នៃដំណាប់ស្វាយបានកន្លះខែ ដោយមិនបានដំណើរការ អាងប្រព្រឹត្តិកម្មរនោះឡើយ។ សំណល់រាវដែលបញ្ចេញពីរោងចក្រនេះ ត្រូវបានរកឃើញថា មានសភាពល្អក់ មានក្លិនជូ ផ្អូមខ្លាំង ចេញតាមលូរបស់រោងចក្រ ទៅក្នុងប្រភពលូទឹកសាធារណៈ ដែលបង្កឱ្យត្រីក្នុងអូរធម្មជាតិងាប់។
លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ បានបញ្ជាឱ្យ ក្រុមហ៊ុន បញ្ឈប់បង្ហូរសំណល់រាវមិនត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស ចូលទៅតំបន់ទឹកសាធារណៈ និងស្តារបរិស្ថានប្រព័ន្ធអូរក្បាលឡានឱ្យបានស្អាតឡើងវិញ។ លើសពីនេះ ក្រុមហ៊ុនត្រូវផ្តល់សំណងការខូចខាតប៉ះពាល់ផ្ទាល់មកលើ គុណភាពទឹក គុណភាពដី ប្រព័ន្ធ អេកូឡូស៊ីនៃប្រព័ន្ធទឹកសាធារណៈ។
លោករដ្ឋមន្រ្តីព្រមានថា ប្រសិនបើក្រុមហ៊ុនមិនអនុវត្តច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាន៉ ក្រុមហ៊ុននឹងមិនអនុញ្ញាតឱ្យដំណើរការផលិតកម្មទៀតនោះទេ។
ក្នុងក្រមបរិស្ថាននិងធនធានធម្មជាតិ ដែលបានអនុម័តឱ្យប្រើប្រាស់នៅឆ្នាំ២០២៣ ត្រង់មាត្រា៨២៤ តម្រូវឱ្យក្រុមហ៊ុនផ្អាកសកម្មភាពផលិតកម្មជាបណ្តោះអាសន្ន ដើម្បីជៀសវាងការបង្ហូរសំណល់រាវ ចេញពីទីតាំងក្រុមហ៊ុន បង្កឱ្យមានការបំពុលបរិស្ថានជាបន្តទៀត។ មាត្រា៨២៩ និងមាត្រា៨៤៥ បានកំណត់ទោសទណ្ឌ ដែលត្រូវអនុវត្តចំពោះការមិនបំពេញកាតព្វកិច្ច ក្នុងការគ្រប់គ្រងសំណល់រឹង រាវ ទឹកកខ្វក់ សារធាតុបំពុល ស្របតាមបទដ្ឋាន/ស្តង់ដារបញ្ចេញ។ វិធានការណ៍ទាំងនោះរួមមាន ការពិន័យជាប្រាក់ និងទោសជាប់ពន្ធធានាគារ៕
អត្ថបទឧបត្ថម្ភដោយ៖ ក្រុមហ៊ុនផលិតក្រដាសអនាម័យ MG (ស្វិត ទន់ គុណភាពល្ម)