ប្រធានសហជីពមូលដ្ឋានម្នាក់ប្រចាំក្រុមហ៊ុន ស្តារឡៃថ៍ ខេត្តកណ្ដាល ត្រូវរងរបួសក្បាលធ្ងន់ធ្ងរបន្ទាប់ពីជនមិនស្គាល់អត្តសញ្ញាណវាយប្រហារលោកពីក្រោយ និងបន្ទាប់ពីលោកបានចូលរួមដោះស្រាយវិវាទការងារជូនកម្មករក្នុងក្រុមហ៊ុននេះ។ យ៉ាងណាសហជីពរូបនេះ អះអាងថា ខ្លួនមិនមានទំនាស់ជាមួយបុគ្គលណាឡើយ ដោយស្នើឱ្យសមត្ថកិច្ចពន្លឿនការងារស៊ើបអង្កេតស្វែងរកជនល្មើស ដើម្បីមកផ្តន្ទាទោស។ កញ្ញា កែវ សុជាតា រាយការណ៍
លោក ស៊ីន ណាក់ ប្រធានសហជីពស៊ីខៅឌូ ប្រចាំនៅក្នុងក្រុមហ៊ុន ស្តារឡៃថ៍ ត្រូវជនមិនស្គាល់អត្តសញ្ញាណ កាប់លោកឱ្យរងរបួសក្បាលធ្ងន់ធ្ងរ នៅខាងមុខក្រុមហ៊ុនស្ថិតក្នុងភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥។
លោក ស៊ីន ណាក់ ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី៥ ខែកុម្ភៈថា ស្ថានភាពរបួសក្បាលលោកពេលនេះបានធូរស្បើយខ្លះហើយ ដោយព្រឹកថ្ងៃទី៥ កុម្ភៈនេះ លោកត្រឡប់មកបំពេញការងារក្នុងក្រុមហ៊ុនវិញបាន។ ការវាយប្រហារនេះ ជាលើកដំបូងសម្រាប់លោក ដែលបំពេញការងារនៅក្រុមហ៊ុនស្តារឡៃថ៍អស់រយៈពេលជិត ១៥ឆ្នាំមកនេះ។
ជិត១៥ឆ្នាំ ដែលធ្វើនៅក្រុមហ៊ុននេះ លោកអះអាងថា ខ្លួនមិនដែលមានទំនាស់ជាមួយបុគ្គលណាឡើយ ប៉ុន្តែមួយរយៈនេះ លោកសកម្មភាពចូលរួមដោះស្រាយវិវាទការងារនៅក្នុងក្រុមហ៊ុន ដើម្បីស្វែងរកដំណោះស្រាយជូនកម្មករ ដោយក្នុងអំឡុងពេលចូលរួមដោះស្រាយវិវាទនេះ លោកបានប៉ះពាក្យសម្ដីជាមួយពេទ្យប្រចាំក្រុមហ៊ុននេះ។
រូបភាពផ្ដល់ឱ្យលោក ស៊ីន ណាក់។
លោក ស៊ីន ណាក់៖ «ខ្ញុំបញ្ហាដែលបារម្ភទីមួយនៅពេលដែលចូលធ្វើការវិញមក គឺជនដៃដល់ចាប់អត់ទាន់បាន ខ្ញុំខ្លាចតែកើតឡើងម្ដងទៀត ឬក៏កើតឡើងទៅលើសកម្មជន ឬក៏កើតឡើងទៅលើអនុប្រធានរបស់ខ្ញុំអ៊ីចឹង ខ្ញុំចេះតែបារម្ភអ៊ីចឹងណា»។
ការវាយប្រហារលើសហជីពមូលដ្ឋានរូបនេះ សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខៅឌូ នៅថ្ងៃទី៣ ខែកុម្ភៈនេះ ចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសចំពោះការប្រើប្រាស់អំពើហិង្សាមកលើលោក ស៊ីន ណាក់ ប្រធានសហជីពមូលដ្ឋានប្រចាំនៅក្រុមហ៊ុន ស្តារឡៃថ៍ បង្កឱ្យរងរបួសធ្ងន់ធ្ងរ និងដេរចំនួន ៧ថ្នេរ។
សេចក្ដីថ្លែងការណ៍ដដែល បានឱ្យដឹងថា មុនករណីហិង្សានេះកើតឡើង កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ លោក ស៊ីន ណាក់ និងសមាជិកសហជីពម្នាក់ទៀត បានចូលរួមប្រជុំដោះស្រាយវិវាទការងារនៅក្នុងក្រុមហ៊ុន ដើម្បីស្វែងរកដំណោះស្រាយជូនកម្មករ។ ប៉ុន្តែនៅក្នុងអំឡុងពេលប្រជុំ លោក ស៊ីន ណាក់ ទាស់ពាក្យសម្ដីគ្នាជាមួយគ្រូពេទ្យប្រចាំនៅក្រុមហ៊ុនស្តារឡៃថ៍។ ក្រោយពីប្រជុំហើយ ក្នុងថ្ងៃដដែល ម៉ោងប្រហែល ៥ល្ងាច ពេលលោកអង្គុយចាំទទួលភរិយានៅខាងមុខក្រុមហ៊ុន ស្តារឡៃថ៍ នេះ ស្រាប់តែមានជនមិនស្គាល់អត្តសញ្ញាណ ភេទប្រុស ពាក់អាវពណ៌ក្រហម និងជិះម៉ូតូហុងដាពណ៌ខ្មៅ គ្មានស្លាកលេខ មកកាប់លោកមួយកាំបិតបុ័ងតោចំក្បាល បង្កឱ្យរងរបួសធ្ងន់ធ្ងរ។
ករណីហិង្សានេះដែរ សហជីព ស៊ីខៅឌូ ក៏ស្នើឱ្យសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ ពន្លឿននីតិវិធីក្នុងការស្វែងរកចាប់ខ្លួនជនដៃដល់ និងអ្នកនៅពីក្រោយរឿងនេះ ដើម្បីយកមកផ្តន្ទាទោសតាមបញ្ញត្តិច្បាប់។
ក្រុមគ្រូពេទ្យ បានដេររបួសក្បាលឱ្យលោក ស៊ីន ណាក់។ រូបភាពផ្ដល់ឱ្យពីលោក ស៊ីន ណាក់។
ជុំវិញរឿងនេះ លោក សឿន ផាន់ស៊ី អធិការរងស្រុកខ្សាច់កណ្ដាល ដែលជាសមត្ថកិច្ចតាមស៊ើបករណីនេះ បញ្ជាក់ប្រាប់វិទ្យុស្ដ្រីដែរថា ករណីវាយប្រហារលើលោក ស៊ីន ណាក់ នេះ សមត្ថកិច្ចថ្នាក់ខេត្ត កំពុងយកចិត្តទុកដែរ ដោយធ្វើការស៊ើបអង្កេតស្វែងរកជនដៃដល់ ដើម្បីផ្ដន្ទាទោស។ ថ្វីដ្បិតមកដល់ពេលនេះ សមត្ថកិច្ចមិនទាន់កំណត់មុខសញ្ញាជនដៃដល់បាននៅឡើយ តែសំណុំរឿងនេះ នឹងមិនត្រូវបិទចោល ឬបញ្ឈប់ការស៊ើបអង្កេតនោះទេ។
លោក សឿន ផាន់ស៊ី៖ «យើងកំពុងបន្តស្រាវជ្រាវរហូតដល់ថ្ងៃនេះយើងអត់ទាន់បានសម្រាកទេក៏កំពុងបន្ត ដោយសារអីលោកអភិបាលខេត្ត គាត់ឱ្យកម្លាំងបន្តធ្វើឱ្យបានជោគជ័យ។ យើងកំពុងបន្តស្វែងរកជនដៃដល់ឱ្យបានសិន ទើបដឹងថាវាពាក់ព័ន្ធទៅនឹងករណីអី ជួនកាលវាអាចពាក់ព័ន្ធនឹងករណីបុគ្គលអ៊ីចឹងណាយើងអត់ទាន់ហ៊ានសន្និដ្ឋានទៅលើករណីអីមួយទេ»។
ងាកមក លោក ស៊ីន ណាក់ ក្រោយពីដាក់ពាក្យបណ្ដឹងរួចហើយ មកដល់ពេលនេះ សមត្ថកិច្ចកំពុងស៊ើបអង្កេតលើករណីនេះ ដោយមិនទាន់ចេញជាលទ្ធផល ឬកំណត់មុខសញ្ញាជនដៃដល់ដែលវាយប្រហារលោកនៅឡើយ។ ចំណែកក្រុមហ៊ុនវិញ គ្រាន់តែសួរសុខទុក្ខប៉ុណ្ណោះ ដោយបែរជាស្ងាត់មិនចេញអន្តរាគមន៍ ឬមានវិធានការពង្រឹងសុវត្ថិភាពជាដើម។
លោក ស៊ីន ណាក់៖ «សម្រាប់ខ្ញុំស្នើឱ្យទីមួយស្វែងរកជនដៃដល់ឱ្យឃើញ ហើយពង្រឹងសណ្ដាប់ធ្នាប់ សន្តិសុខតំបន់ 7NG នៅមុខរោងចក្រហ្នឹងកុំឱ្យវាមានបញ្ហាកើតឡើងទៀតអ៊ីចឹង។ តែឥលូវយើងចេះតែប្រយ័ត្នជាងមុនតិចទៅណា ព្រោះអីរឿងហ្នឹងកើតឡើង។ ខ្ញុំនៅតែការពារបងប្អូនកម្មករធម្មតា ខ្ញុំនៅតែពង្រឹងអីធម្មតា ព្រោះអីធ្វើម៉េចខ្ញុំស្រលាញ់ការងារហ្នឹងហើយ»។
កន្លងមកគេឃើញករណីហិង្សា ឃាតកម្ម លើមេដឹកនាំសហជីព បានកើតឡើងលើពួកគេ នៅពេលដែលសហជីពទាំងនោះបំពេញការងារសកម្មក្នុងការការពារផលប្រយោជន៍ជូនកម្មករ។ ក្រៅពីការបង្កហិង្សា និងឃាតកម្ម ពួកគេក៏ទទួលរងការចាប់ខ្លួន និងការឃុំខ្លួនក្នុងពន្ធនាគារផងដែរ៕
អត្ថបទដោយ៖ កញ្ញា ជា សុខនី