en     km
en     km

និស្សិតប្រវត្តិសាស្ត្រម្នាក់បានបង្រៀន ប្រវត្តសាស្រ្តដល់យុវជនវ័យក្មេងដូចគ្នា

Share

 

ការយល់ដឹងពីប្រវត្តិសាស្ត្រសម្រាប់យុវជន នៅមានកម្រិតនៅឡើយ លើកលែងនិស្សិតដែលសិក្សាពីប្រវត្តិសាស្ត្រស្រាប់​ ។ យុវជនអាចនិងយល់ខុសចំពោះប្រវត្តិសាស្ត្រ បើគេបានសិក្សាត្រឹមតែថ្នាក់កម្រិតវិទ្យាល័យ ដែលជាការសិក្សាដដែលៗមិនទាន់មានការ ធ្វើបច្ចុប្បន្នភាព(Update) ថ្មីៗ ការស្រាវជ្រាវថ្មីៗ និងការសិក្សាឱ្យបានស៊ីជម្រៅជាងមុន ។ ដូច្នេះហើយទើបយុវជនម្នាក់ដែលកំពុងសិក្សាផ្នែកប្រវត្តិសាស្ត្រ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សម្រេចចិត្តចូលរួមការចែករំលែក មេរៀនប្រវត្តិសាស្ត្រដែលខ្លួនបានរៀន។

«តាមរយៈការសង្កេតរបស់ខ្ញុំ ចំពោះមនុស្សមួយចំនួនដែលផលិតមាតិកាអំពីប្រវត្តិសាស្ត្រ យកទៅផ្សព្វផ្សាយក្នុងប្រព័ន្ធបណ្តាញសង្គម គឺមានការខុសឆ្គងពុំសូវត្រឹមត្រូវនោះទេ ពីព្រោះពួកគេគ្រាន់តែយកសៀវភៅ១ឬ២មកសិក្សារួចធ្វើការបង្ហោះក្នុងបណ្តាញសង្គមប៉ុណ្ណោះ ។ ប៉ុន្តែអ្វីដែលសំខន់នោះគឺត្រូវតែតាមដានព័ត៌មានដែលបានសិក្សា ពីប្រវត្តិវិទូសម័យថ្មី ដែលត្រូវបានគេរកឃើញយកសិក្សាស្រាវជ្រាវរកឃើញថ្មីៗ។» នេះជាការលើឡើងរបស់យុវនិស្សិត ហួត ចាន់ ហេង។

យុវជន ហួត ចាន់ហេង អាយុ២០ឆ្នាំ កំពុងសិក្សានៅឆ្នាំទី២ ផ្នែកប្រវត្តិវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញដែលជាយុវជននៅក្នុងក្រុមសិក្សា ជាអនុប្រធានថ្នាក់ និងជាប្រធានក្រុមកិច្ចការស្រាវជ្រាវ (Assignment) ផងដែរ។ សម្រាប់ចាន់ហេងការបង្រៀននេះបង្កើតឡើងដោយ សមាគមនិស្សិតសាកលវិទ្យាភូមិន្ទភ្នំពេញ ដែលជាក្លឹបសិក្សាមួយ។ ការបង្រៀននេះគឺការជ្រើសរើសនិស្សិតចាប់ពីឆ្នាំទី២ឡើងទៅ និងអតីតនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទ ដែលមានមធ្យមភាគប្រចាំឆ្នាំ (GPA)ខ្ពស់មកបង្រៀននៅក្នុងនោះក៏មានចាន់ហេងម្នាក់ដែរ។

យុវជន ហួត ចាន់ហេង ឱ្យដឹងថា «ការបង្រៀននេះ គឺមានគោលដៅ ដើម្បីអភិវឌ្ឍន៍សមត្ថភាពរបស់និស្សិត ក្នុងការស្វែងយល់ពីព្រឹត្តិការណ៍ដែលកើតមានឡើង កើតដោយសារអ្វី? ដោយនរណាខ្លះ? នៅពេលណា? កន្លែងណា ហើយវាមានផលប៉ះពាលអ្វីខ្លះ ? ជាងនេះទៅទៀតកុំឱ្យចាញ់បោកប្រវត្តិសាស្ត្រដែលគេបង្ហាញតាមបណ្តាញសង្គមនានា។»

ចាន់ហេងយល់ឃើញថាចំពោះការបង្រៀននេះ គឺដើម្បីឱ្យនិស្សិតឆ្នាំទី១បានរៀនសូត្រត្រៀមខ្លួនជាមុន មុនពេលរៀនជាមួយលោកគ្រូ/អ្នកគ្រូសាស្ត្រាចារ្យ និងបង្កលក្ខណៈងាយស្រួលក្នុង ការរៀនសូត្រ និងជួយពួកគេឱ្យក្លាយជាអ្នកបន្តវេន។ គោលបំណងនៃការបង្រៀនគឺ ជួយរំឭកដាស់ស្មារតីខ្លួនកុំឱ្យភ្លេច ជួយនិស្សិតសិស្សប្អូន ឱ្យរៀនទទួលបានលទ្ធផលល្អ។ អ្វីដែលលទ្ធផលប្រកែកមិនបាននោះ គឺការបង្រៀននិស្សិតឆ្នាំទី១ ឱ្យមានមូលដ្ឋានគ្រឹះ សម្រាប់រៀននាពេលខាងមុខ និង អ្នកកំពុងបន្តការសិក្សាផងដែរ ជាពិសេសអ្នកជំនាន់ក្រោយផ្សេងៗទៀតសម្រាប់បង្រៀនដល់និស្សិតដែលរៀនមិនទាន់ ដែលនៅខ្វះចន្លោះការបង្រៀនឱ្យស្គាល់ពីតម្លៃប្រវត្តិសាស្ត្រ នៃវប្បធម៌ សីលធម៌  ការកើតឡើង ការរីកចម្រើន និង ការធ្លាក់ចុះនៃសង្គម។ ចាន់ហេងបានបន្តទៀតថា

«សម្រាប់ខ្ញុំផ្ទាល់ចំពោះការបង្រៀនអំពីប្រវត្តិសាស្ត្រនេះគឺជាការបង្ហាញនូវអ្វីថ្មីៗ ដែលប្រវត្តិវិទូសិក្សាស្រាវជ្រាវរកឃើញថ្មីដោយផ្អែកលើភស្តុតាងពិតប្រាកដ យកមកបង្រៀន កុំឱ្យអ្នកសិក្សាមានការយល់ច្រឡំចំពោះប្រវត្តិសាស្ត្រ ដែលជាប្រវត្តិសាស្ត្រជាប្រពៃណី ឬប្រវត្តិសាស្ត្រឮតៗគ្នា ដែលជាឯកសារពុំសមហេតុផល ។ការបង្រៀនមានន័យណាស់ចំពោះខ្ញុំដូចជា បណ្តុះគំនិតនៃការគិតស៊ីជម្រៅ និងមានភស្តុតាងអះអាង ក្នុងការបកស្រាយប្រវត្តិសាស្ត្រ ការពឹងផ្អែកលើឯកសារជាច្រើនសម្រាប់សិក្សាស្រាវជ្រាវ។»

ការបង្រៀននេះចាប់ផ្តើមពីថ្ងៃទី២៣ មីនា ឆ្នាំ២០២៤  នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ(មណ្ឌលពីរ) មហាវិទ្យាល័យសង្គមសាស្ត្រ និងមនុស្សសាស្រ្ត ។ ការបង្រៀននេះមានរយៈពេល១៥  សប្តាហ៍ឬមួយឆមាស ដែលធ្វើឡើងជារៀងរាល់ថ្ងៃសៅរ៍ពេលល្ងាចមានរយៈពេល២ម៉ោងចាប់ពីម៉ោង៣ដល់ម៉ោង៥ល្ងាច។

ចាន់ហេងបានបញ្ជាក់ថាការបង្រៀនកន្លងមកមានសកម្មភាពមានដូចជា មុនពេលចូលរៀន លេងល្បែងដាស់ស្មារតី និងរំឭកមេរៀន បន្ទាប់មកក៏ចូលមេរៀនថ្មី មេរៀនខ្លះរៀនដោយប្រើកម្រងសំណួរសម្រាប់សួរ ខ្លះទៀតបង្កើតឱ្យមានការពិភាក្សាក្រុម ​ជជែកគ្នា ពេលជិតដល់ម៉ោងចេញរំឭកកមេរៀន ដែលបានរៀនរួច     ហើយផ្តាំផ្ញើ និងដាក់កិច្ចការផ្ទះ ។ សិស្សដែលសិក្សាប្រវត្តិសាស្ត្រខ្មែរនេះ មានចំនួន​៥-៦នាក់ឬលើសពីនេះ ក្នុងមួយសប្ដាហ៍ ដែល(ជានិស្សិតដែលរៀនមិនទាន់ និងជានិស្សិតឆ្នាំទី១) ។

ចាន់ហេងបានបន្តក្នុងសំដីដើមថា « ការបង្រៀនគឺនៅមានឧបសគ្គខ្លះដោយសារទើបតែបង្រៀនលើកដំបូង ទាំងកាយវិការ ទឹកមុខ ពាក្យសម្តី និងភាពទាក់ទាញឱ្យនិស្សិតចាប់អារម្មណ៍លើការពន្យល់នៅមានកម្រិត ការខ្វះខាតក្នុងការបង្រៀនដោយពុំមានសម្ភារៈឧបទ្ទេស និងគ្មានលទ្ធភាពក្នុងការចុះទៅសិក្សានៅទីតាំងផ្ទាល់ ។ ចំពោះការធ្វើគម្រោងបង្រៀននេះ ពុំមានការជួយជ្រោមជ្រែងពីខាងណាទេ គឺខំប្រឹងរៀនដើម្បី បាន GPA ខ្ពស់ដើម្បីបានបង្រៀន ។ ចាន់ហេងសង្ឃឹមថាការបង្រៀននេះ និងជួយបណ្ដុះនូវធនធានមនុស្សក្នុងសង្គមមួយផ្នែក កុំឱ្យនិស្សិតឆាប់ចាញ់បោកគេ ក្លាយជាជនងាយរងគ្រោះ ប៉ុន្តែអាចឱ្យនិស្សិតក្លាយជាមនុស្សដែលមានទំនួលខុសត្រូវក្នុងសង្គម និងមានសមត្ថភាពខ្លាំងជាងមនុស្សជំនាន់មុន។ ចំពោះចាន់ហេងមានសារផ្តាំផ្ញើទៅកាន់យុវជនឱ្យខិតខំសិក្សារៀនសូត្រដោយយកចិត្តទុកដាក់ ក្នុងភាពជាមនុស្សត្រូវរស់ឱ្យមានតម្លៃ យកកម្លាំងកាយចិត្តរបស់ខ្លួន ធ្វើការងារដែលសង្គមត្រូវការ ហើយត្រូវហ៊ានលះបង់ កម្លាំងកាយចិត្ត ​ដើម្បីមនុស្សជំនាន់ក្រោយ។ ជាពិសេសចង់ផ្ដាំផ្ញើឱ្យនិស្សិតចេះទំនាក់ ទំនងក្នុងសង្គមឱ្យបានច្រើន ចេះរួសរាយរាក់ទាក់ក្នុងសង្គម ហើយប្រកាន់ភ្ជាប់សេចក្តីល្អនៅក្នុងចិត្តជានិច្ច ។ យុវជនរូបនេះ អំពាវនាវឱ្យយុវជនទាំងអស់បន្តសកម្មភាពការងារដើម្បីសង្គមឱ្យកាន់តែច្រើន ដើម្បីកសាងមូលធនមនុស្ស សម្រាប់អភិវឌ្ឍជាតិដោយសន្តិវិធី កុំមានការបំផ្លាញជីវិតនៅលើផែនដី៕

 

ត្ថបទខ្លីសរសេរដោយ លោក សួន វីន សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយឧបត្ថម្ភពី ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ (SDC) ជាមួយនិងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា តាមរយៈអង្គការ BBC Media Action

Share

Image Not Found
Image

ព័ត៌មានទាក់ទង