សកម្មភាពកុមារក្នុងសហគមន៍ភូមិត្រឡែកចាស់ លែងល្បែងប្រជាប្រិយ។ ប្រភពរូបភាពពី លោក យា ឈឺន។
ក្រុមយុវជនស្ម័គ្រចិត្តរបស់ជនជាតិដើមភាគតិចកួយនៅសហគមន៍មួយ ក្នុងខេត្តកំពង់ធំ បានកៀរគររៀបចំឱ្យយុវជន និងកុមារា-កុមារី ជួបជុំគ្នា រៀនរបាំ ហាត់កីឡា និងចងមិត្តភាពគ្នា និយាយភាសាជនជាតិដើមភាគតិចកួយកុំឱ្យបាត់បង់។ អ្នកធ្វើការលើវិស័យអប់រំ បានវាយតម្លៃខ្ពស់ និងស្ញប់ស្ញែងចំពោះការរៀបចំចងក្រងក្រុមកុមារ និងយុវជន ដោយប្ដូរឥរិយាបថអសកម្ម ងាកចូលរួមការចងមិត្តភាព និងចែករំលែកចំណេះដឹងបែបនេះ។ (កញ្ញា ងិន ស៊ាងលីម រាយការណ៍)
«យើងភ្ញាក់ផ្អើល ខ្ញុំនាមខ្ញុំជាមនុស្សចាស់ម្នាក់ហើយឃើញក្មេង ឃើញខាងបងៗជនជាតិលើកយកបញ្ហាហ្នឹងមកបង្រៀនកូន បង្ហាត់បង្រៀនកូនចៅបែបនេះខ្ញុំសប្បាយ»
ថ្មីៗនេះ ក្រុមយុវជនស័គ្រចិត្តរបស់ជនជាតិដើមភាគតិចកួយនៅភូមិត្រឡែកចាស់ ឃុំសាលាវិស័យ ស្រុក ប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បានរៀបចំឱ្យកុមារា-កុមារី ជួបជុំគ្នា រៀនរបាំ ហាត់កីឡា និងចងមិត្តភាពគ្នា និយាយភាសាជនជាតិដើមភាគតិចកួយ កុំឱ្យបាត់បង់។ យ៉ាងណាការរៀបចំនេះ ពុំមែនសម្រាប់តែក្មេងៗ ឬកុមារនោះទេ គឺធ្វើសម្រាប់យុវជនច្រើនមកហើយ ពិសេសគឺយុវជនដែលនៅតំបន់ដាច់ស្រយាល ហើយសកម្មភាពទាំងនេះគឺកើតចេញពីការយកចិត្តទុកដាក់របស់ក្រុមយុវជនស្ម័គ្រនៅក្នុងសហគមន៍ ព្រោះពួកគេចង់ឱ្យយុវជនដទៃទៀតមានចំណេះដឹងទូលំទូលាយ បង្កើតភាពស្និតស្នាល និងធ្វើឱ្យសហគមន៍មានការរីកចម្រើន និងបង្កើនធនធានមនុស្ស។ លោក យា ឈឺន ជាយុវជនម្នាក់ក្នុងចំណោមក្រុមយុវជនស្ម័គ្រចិត្តក្នុងក្រុមនេះបានប្រាប់វិទ្យុស្ត្រីថា សកម្មភាពទាំងនេះ គឺកើតចេញពីយុវជនផ្ទាល់ ដោយមិនមានការអន្តរាគមន៍ពីភាគីណាឡើយ។
« សកម្មភាពទាំងនេះ គឺកើតចេញពីយុវជនដោយសារតែខាងខ្ញុំ យើងអាចនិយាយថាពួកគាត់សកម្មច្រើនក្នុងការងារជួយសហគមន៍ខ្លួនឯង។ មុននឹងពួកខ្ញុំចុះធ្វើសកម្មភាពបែបនេះពួកខ្ញុំក៏បានជួបជុំគ្នា ៣-៤ដងដែរ ទម្រាំតែយើងមានសកម្មភាពចុះមកបែបនេះ ដោយសាតែមុនៗយើងធ្វើទៅលើយុវជនច្រើន ដោយសារតែយុវជនពួកគាត់នៅដាច់ស្រយាលក៏ពួកគាត់ត្រូវការចំណេះដឹងមួយចំនួន។ ក្នុងនាមយើងជាយុវជនយើងក៏ចែករំលែកទៅគាត់ៗក៏ចែករំលែកមកពួកយើងវិញ។»
ចំពោះសកម្មភាពជាមួយក្មេងៗនៅតាមភូមិនេះ កើតឡើងបន្ទាប់ពីក្រុមយុវជនស្ម័គ្រក្នុងសហគមន៍បានសំណេះសំណាលជាមួយពួកគេ និងក្រុមគ្រួសាររបស់ពួកគេឃើញថា បន្ទាប់ពីមកពីសាលារៀនវិញពួកគេមិនមានការងារអ្វីធ្វើនោះទេ ក្រៅតែពីដើរលេង ចុចទូរស័ព្ទ និងលេងហ្គេមជាដើម។ ដោយសកម្មភាពទាំងនេះ ពុំមែនជាសកម្មភាពល្អសម្រាប់ក្មេងៗ ដូច្នេះ ហើយទើបក្រុមយុវជនស្ម័គ្រចិត្តបានប្រជុំមូលមតិគ្នាជាច្រើនដង ក្នុងការឆ្លៀតពេលមកណែនាំបង្ហាត់បង្រៀនបញ្ជ្រាបចំណេះដឹងផ្សេងៗសម្រាប់ពួកគេ ក្នុងគោលបំណង កុំឱ្យពួកគេមានពេលទំនេរដើរលេងច្រើន និងកាត់បន្ថយការលេងទូរស័ព្ទ ងាកមកជួបជុំចងមិត្តភាព និងរៀនពីប្រពៃណីវប្បធម៌វិញ។
«យើងក៏ងាកមកជួយប្អូនៗវិញ ដោយសារតែក្មេងៗគាត់គាត់ប្រាប់ថាពួកគាត់នៅផ្ទះ ពួកគាត់អត់បានជួយការងារអីទេ ហើយពួកគាត់លើកឡើងថា ពួកគាត់នៅក្មេងពេក ហើយគាត់អត់ដឹងថាធ្វើអី ពួកគាត់ក៏មានតែដើរលេង លេងទូរសព្ទ។ ពួកខ្ញុំក៏បានសួរទៀតថាលេងទូរសព្ទហ្នឹងលេងអីគេ! មើលការអប់រំ មើលរឿង ឬលេងហ្គេម(game) ហើយពួកគាត់ក៏បន្តថាគឺ លេងហ្គេម។ ពួកខ្ញុំមានគំនិតថា ពួកគាត់មានពេលវេលាអ៊ីចឹង ពួកគាត់ក៏អាចហាត់សម អាចលេងកីឡា អាចមានការជួបជុំគ្នា វាជារឿងល្អម្យ៉ាង ពួកខ្ញុំក៏ចាប់ផ្តើមធ្វើសកម្មភាព។»
ជុំវិញការផ្ទួចផ្ដើមគំនិតរបស់ក្រុមយុវជននេះ លោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមន៍គ្រូបង្រៀនបានមានប្រសាសន៍ប្រាប់់វិទ្យុស្ត្រីថា សម័យនេះជាសម័យជឿនលឿនបច្ចេកវិទ្យាក៏មានច្រើន ហើយហានិភ័យក៏មានច្រើនផងដែរ។ ម្យ៉ាងវិញទៀតឪពុកម្តាយឥឡូវពួកកាត់រវល់ណាស់ ពេលខ្លះមានតែបណ្តោយកូនជាមួយទូរសព្ទប៉ុណ្ណោះ។ ហេតុដូចនេះ បើមានវីធីណាដែលអាចឱ្យកុមារកាត់បន្ថយការលេងទូរសព្ទបាននោះជាការល្អប្រសើរខ្លាំងណាស់។
«ពួកគាត់ហានិភ័យពីបញ្ហាក្មេងៗហ្នឹង អ៊ីចឹងពួកគាត់មានវិធីសាស្ត្របញ្ញតិគ្នាលេងសិល្បៈ លេងកីឡា ឬក៏បញ្ហាផ្សេងៗដែលធ្វើឱ្យគាត់កាត់បន្ថយការលេងទូរសព្ទបានជាការល្អបំផុត ចាស! ជាការល្អបំផុត។»
បន្ទាប់ពីកៀរគរយុវជន ក្រុមអ្នកស្ម័គ្រចិត្ត ពួកគេង់ផ្តោតលើក្មេងៗម្តង ដោយសារតែក្មេងៗ មានពេលទំនេរច្រើនជាងយុវជននៅភូមិខ្លះដូចជា នៅភូមិត្រឡែកចាស់ជាដើម។ ដោយតែយុវជនពួកគេមមាញឹកនឹងការសិក្សា និងការងារផ្ទះច្រើន មិនអាចហ្វឹកហាត់បានជាប់លាបផងនោះក្រុមអ្នកស្ម័គ្រចិត្តក៏គិតគូបន្ថែមទៀតទៅលើក្មេងៗ និងកុមារជាចាំបាច់ ដោយរក្សាក្រុមយុវជនឱ្យហាត់របាំដដែល។ ក្នុងចំណោមក្រុមទាំងពីរនេះ គឺចងក្រងឡើងនៅភូមិផ្សេងគ្នា មានក្រុមរបាំ ក្រុមចិញ្ចឹមមាន់ ក្រុមសន្សំប្រាក់ និងក្រុមកីឡាផងដែរ។
«តាមពិតសកម្មភាពនេះមានបែងចែកជា២ ទី១ យើងឱ្យក្រុមយុវជនមានរបាំដែរ ហើយទី២ឱ្យក្មេងមានរបាំដូចគ្នា។ ក៏ប៉ុន្តែយុវជនឱ្យពួកគាត់មានរបាំផង ក្រុមកីឡាផង ក្រុមសន្សំប្រាក់ផង។ ប៉ុន្តែយើងផ្តោតក្មេងៗដោយសារតែពួកគាត់មានពេលវេលាច្រើនជាងយុវជន ព្រោះអីយុវជនភាគច្រើនពួកគាត់រវល់ជួយការងារផ្ទះច្រើនជាប់សិក្សារៀនសូត្រអ៊ីចឹងទៅមិនអាចមកហាត់ជាមួយយើងឋិតថេរបានទេ។»
ទោះជាយ៉ាងនេះក្តី រាល់ការជួបជុំរបស់ពួកគេមិនថេរនៅមួយកន្លែងរហូតនោះទេ គឺចល័តរហូត ពេលខ្លះក៏នៅផ្ទះនឹងរបស់ក្មេងៗ សាលាឆទាន និងពេលខ្លះក៏ធ្វើនៅក្នុងវត្តតែម្តង ហើយក្រុមយុវជនមានតួនាទីប្រាប់ដំណឹងដល់ពួកគេរាល់ពេលហ្វឹកហាត់ម្តងៗ ហើយពួកគេពិតជារីករាយនឹងចូលរួមខ្លាំងណាស់។
«គ្រាន់តែយើងប្រាប់ពួកគាត់មុន៣ថ្ងៃ ឬមួយក៏៤ថ្ងៃមុន គ្រាន់តែយើងថាសប្តាហ៍ថ្ងៃអាទិត្យយើងនឹងមានការជួបជុំនៅសាលាឆទាវ យើងប្រាប់ពួកគាត់អ៊ីចឹង យើងដើរប្រាប់តាមផ្ទះ ហើយគ្រាន់តែភ្លឺភ្លាម ក្មេងៗខ្លះគាត់មិនទាន់ហូបអាហារទេ អត់ទាន់ហូបបាយហូបអីទេ ពួកគាត់ទៅចាំយើងមុនបាត់ហើយ។ យើងដាក់ជួបជុំគ្នាម៉ោង៨ ប៉ុន្តែពួកគាត់ទៅតាំងពីម៉ោង៦ បានន័យថាពួកគាត់ចង់ចូលរួមជាមួយយើងច្រើន។»
ថ្វីត្បិតតែសកម្មភាពនេះ ធ្វើទៅមាន២ក្រុមក៏ពិតមិនមែន ប៉ុន្តែមិនដោយឡែកពីរគ្នានោះទេ ពួកគេនៅតែមកជួបជុំគ្នារវាងក្រុមតូចនិងក្រុមធំ ហ្វឹកហាត់ជាមួយគ្នា ចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក និងនិយាយភាសាដើមរបស់ជនជាតិកួយជាមួយគ្នាបាន។ នេះក៏ជាអ្វីដែលក្រុមយុវជនស្ម័គ្រចិត្តចង់បានផងដែរ។
យ៉ាងណាមិញ លោក យា ឈឺន បានប្រាប់វិទ្យុស្ត្រីបន្ថែមថា រាល់ការជួបជុំជាមួយយុវជន និងកុមារ ម្តងៗពួកគេតែងតែសួរចំណាប់អំពីអារម្មណ៍ចំពោះការរៀបចំនេះ ហើយពួកគេពិតជាសប្បាយចិត្តក្នុងការចូលរួមខ្លាំងណាស់ សូម្បីតែឪពុកម្តាយរបស់ពួកគេក៏មកចូលរួមផងដែរ លើសពីនេះក៏មានមានអាហារសម្រាន់បន្តិចបន្តិចតាមលទ្ធភាពរបស់ពួគគេ រួមទាំងលេងល្បែងកំសាន្តផ្សេងៗផងដែរ។
«កាលណាដែលយើងជួបជុំជាមួយពួកគាត់ យើងតែងតែសួរយោបល់របស់ពួកគាត់ ហើយយើងនិយាយលេងជាមួយពួកគាត់ធម្មតា ចង់ឱ្យពួកគាត់ដើស្មើជាមួយពួកយើង ឱ្យពួកគាត់ដឹងពីតួនាទីរបស់ពួកយើងផងដែរ ថាពួកយើងធ្វើៗដើម្បីអី ហើយពេលខ្ញុំចុះមកភូមិនខ្ញុំផ្ទាល់សួរដូចគ្នា(ភូមិនត្រឡែកចាស់)។ គាត់ថានៅពេលដែលពួកគាត់ពួកគាតជួបជុំគ្នា យើងសួរចំណាប់អារម្មណ៍ពួកគាត់ទៅសប្បាយៗទី១ គាត់ថាត្បិតតែគាត់នៅសាលារៀនជួបជុំច្រើនមែន តែអត់មានអារម្មណ៍សប្បាយដូចយើងធ្វើនេះ ដោយសារតែយើងធ្វើនេះ មុននឹងយើងធ្វើការជួបជុំយើងទៅជម្រាបដល់គ្រួសាររបស់ពួកគាត់ ហើយយើងមែនឱ្យតែក្មេងៗមកជួបជុំទេ ម្តាយៗរបស់ពួកគាត់ក៏មិនចូលរួមជាមួយពួកយើងដែរ។ ដើម្បីឱ្យដឹងថាពួកជាយុវជនធ្វើនេះ ធ្វើដើម្បីអី ហើយយើងធ្វើក៏អត់មានការគាំទ្រពីខាងណាមកទេ គឺធ្វើចេញពីចិត្ត ធ្វើចេញពីយុវជនក្នុងភូមិយើងផ្ទាល់តែម្តង មានអាហាសរសម្រន់តិចតួចដែលយើងអាចជួយគ្នាបានក៏យើងធ្វើទៅ។»
ចំពោះសកម្មភាពរបស់ក្រុមអ្នកស្ម័គ្រចិត្តរបស់ជនជាតិភាគតិចកួយដែលបានធ្វើឡើងនេះ លោកយីម ឈៀលី ជាគ្រូបង្រៀនម្នាក់នៅភ្នំពេញយល់ថា ការធ្វើបែបនេះក្នុងកាត់បន្ថយការលេងទូរសព្ទរបស់កុមារ វាជាការល្អប្រសើរ ធ្វើឱ្យពួកគេមានចំណងមិត្តភាពមនោសញ្ចេតនា និងអនុស្សាវរីយជាមួយគ្នា និងការធ្វើការងារជាក្រុមជាមួយសហគមន៍ បណ្តុះឱ្យពួកគេស្រឡាញ់បរិស្ថាននិងសហគមន៍ផងដែរ។ បន្ថែមពីនេះលោករំពឹងថា ការចងក្រងគ្នាជាក្រុមនេះ នឹងអាចក្លាយជាវេទិកាចែករំលែកចំណេះដឹងដ៏មានប្រសិទ្ធិភាព។
«ទៅលេងជុំគ្នាហ្នឹង គាត់មានព័ត៌មាន គាត់មានចំណេះដឹងអ្វីផ្សេង ដើម្បីចែករំលែកបន្ថែមទៀតគឺកាន់តែល្អប្រសើរ។ ដូចគាត់អាចនិយាយពីផលប៉ះពាល់ទៅលើការប្រើប្រាស់ទូរសព្ទ ក៏ដូចជាបន្ថែមឱ្យកុមារទាំងអស់ចេះមានភាតរភាពគ្នាទៅវិញទៅមក បន្ថែមឱ្យពួកគាត់ចេះស្រឡាញ់បរិស្ថាន ឬចេះជួយសហគមន៍នៅពេលធំឡើង គាត់មានគំនិត និងមានរបកគំហើញអ្វីផ្សេងទៀតកាន់តែល្អទៅទៀត។ »
លោកស្រី អ៊ុក ឆាយាវី ហាក់មានការភ្ញាក់ផ្អើលនឹងវិធីសាស្ត្រ ព្រមទាំងកោតសរសើរអំពីការគិតគូរបស់ពួកគេចំពោះក្មេងៗក្នុងកាត់បន្ថយការលេងទូរសព្ទនៅតាមសហគមន៍ ងាកមកចែករំលែកចំណេះដឹង បទពិសោធ និងសិក្សាពីវប្បធម៌របស់ពួកគេ។ អ្នកស្រីក៏បានលើកទឹកចិត្តឱ្យពួកគេឱ្យបន្តធ្វើបែបនេះ ដើម្បីឱ្យសហគមន៍របស់ពួកគេមានភាពរីកចម្រើន។
«ចាស! ចំពោះខ្ញុំ យើងឃើញឮសូរ យើងភ្ញាក់ផ្អើល ខ្ញុំនាមខ្ញុំជាមនុស្សចាស់ម្នាក់ហើយឃើញក្មេង ឃើញខាងបងៗជនជាតិលើកយកបញ្ហាហ្នឹងមកបង្រៀនកូន បង្ហាត់បង្រៀនកូនចៅបែបនេះខ្ញុំសប្បាយ ហើយខ្ញុំជំរុញលើកទឹកចិត្តថាឱ្យបងៗជនជាតិភាគតិចតែងធ្វើបែបនេះដើម្បីឱ្យពួកគាត់ស្គាល់ពីវប្បធម៌ជនជាតិភាគតិចកាន់តែខ្លាំងឡើងចាស!។»
ជាការកត់សម្គាល់របស់ក្រុមអ្នកស្ម័គ្រចិត្តឃើញថា ពួកគេមិនថាក្រុមយុវជន ឬកុមារនោះទេមានការចូលរួមច្រើន និងកាត់បន្ថយទម្លាប់លេងទូរសព្ទរបស់ពួកគេបានច្រើនពិតមែន ហើយកាន់ធ្វើសហគន៍របស់ពួកគេមានភាពរីកចម្រើន បង្កើនភាពស្និតស្នាល មនោសញ្ចេតនា សាមគ្គីភាព និងគំរូភាពផងដែរ។
«អីដែលយើងទទួលបាន យើងឃើញថាប្លែកច្រើន ព្រោះសកម្មភាពដែលយើងបានធ្វើនៅភូមិដាសដែលខ្ញុំប្រាប់ពួកគាត់ចូលរួមដែរ ប៉ុន្តែគឺក្មេងៗតិចជាងយុវជន។ ប៉ុន្តែយើងចុះមកធ្វើខាងខ្ញុំខាងនេះ(ភូមិត្រឡែកចាស់)គឺច្រើនឃើញក្មេងៗកុមារគាត់ចូលរួមរហូតទៅដល់៤០នាក់ជាង អ៊ីចឹងច្រើនមែនទែន។»
បើទោះបីជារវល់ការងារផ្ទាល់ខ្លួនយ៉ាងណាក៏ដោយ ក្រុមយុវជននៅតែឆ្លៀតពេលរៀបចំការជួបជុំ និងបន្តសកម្មភាពចែករំលែកទាំងនេះ ទាំងនៅក្នុងសហគន៍និងកន្លែងផ្សេងទៀត ដូចនៅខេត្តព្រះវិហារជាដើមឱ្យបានញឹកញ់ាប់ តាមដែលអាចធ្វើទៅបាន៕
អត្ថបទខ្លីសរសេរដោយ កញ្ញា ងិន ស៊ាងលីម សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយឧបត្ថម្ភពី ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ (SDC) ជាមួយនិងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា តាមរយៈអង្គការ BBC Media Action៕