en     km
en     km

ជនជាតិចិនម្នាក់បង្កអសន្តិសុខនៅមុខសណ្ឋាគារព្រះសីហនុ ត្រូវបានបង្ក្រាប

Share

បន្ទាប់ពីមានវីដេអូមួយត្រូវបានចែកចាយពាសពេញបណ្តាញសង្គមហ្វេសប៊ុកដែលបង្ហាញពីសកម្មភាពជនជាតិចិនម្នាក់រត់ចេញពីសណ្ឋាគារក្នុងស្ថានភាពឈាមស្រោចខោនិងប្រើប្រាស់កាំភ្លើងភ្ជង់ប្រជាពលរដ្ឋក្បែរនោះដើម្បីប្លន់យកយានជំនិះ ពេលនេះត្រូវបានសមត្ថកិច្ចខេត្តព្រះសីហនុឃាត់ខ្លួនជនសង្ស័យបានហើយ។

(កញ្ញា កែវ សុជាតា រាយការណ៍)

 

លោក​ ស​ រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ​ បានប្រាប់អ្នកយកព័ត៌មានវិទ្យុស្រ្តីនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ថា ករណីនេះបង្កឡើងដោយជនជាតិចិនម្នាក់និងបក្ខពួកចាញ់ល្បែង ដែលធ្វើឱ្យមានការតាន់តឹងកើតទៅជាជម្លោះយកកាំភ្លើងភ្ជង់គេ រួចរត់ចេញពីសណ្ឋាគារណានហៃ ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥។ ការណ៍នេះបានបង្កជាការភ្ញាក់ផ្អើលដល់សន្តិសុខក្នុងសណ្ឋាគារ ដែលឈានដល់ការប្រទូសរ៉ាយគ្នា និងរហូតដល់មានការរាលកៃកាំភ្លើងបណ្តាលឱ្យជនជាតិចិនរូបនេះបាញ់កាំភ្លើងចំភ្លៅខ្លួនឯង។ លោកស្នងការនគរបាលខេត្តព្រះសីហនុឱ្យដឹងដែរថា បុរសខាងលើនេះបន្តរត់ចេញពីសណ្ឋាគារក្នុងស្ថានភាពរបួស ដោយដើរកាន់កាំភ្លើងភ្ជង់អ្នកធ្វើដំណើរតាមបណ្តោយផ្លូវក្នុងបំណងរកមធ្យាបាយរត់គេច។

លោក​ ស​ រដ្ឋា៖«ពាក់ព័ន្ធជាមួយករណីនេះគឺគាត់ចូលទៅលេងកាស៊ីណូមួយកន្លែងនៅក្នុងខេត្តព្រះសីហនុនេះ គឺគាត់លេងចាញ់លុយហើយគាត់អត់សងលុយគេ។ អត់សងលុយគេ គាត់ដងកាំភ្លើងចេញមកដើម្បីគំរាម។ អ៊‌ីចឹងបានជាមានករណីប្រទាញប្រទូសហ្នឹងកើតឡើង ហើយគាត់រាលកៃទៅបាញ់កាំភ្លើងចំខ្លួន។ អត់មានបាញ់គ្នាទៅវិញទៅមកស្អីទេ គឺគោលបំណងរបស់គាត់ហ្នឹងគឺគាត់ចង់គំរាមគេដើម្បីគាត់អត់សងលុយគេ។»។

លោក​ ស​ រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ​

 

ជុំវិញហេតុការណ៍នេះ លោក ស រដ្ឋា បានបញ្ជាក់ថា ពុំមានប្រជាពលរដ្ឋម្នាក់រងរបួសនោះឡើយ។ ក្រោមកិច្ចសហការរវាងកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌមួយកម្លាំងអធិការក្រុងព្រះសីហនុ ចុះទៅកន្លែងកើតហេតុស្រាវជ្រាវ​ ដោយកំណត់មុខសញ្ញាបានជនសង្ស័យម្នាក់ឡើងជិះរថយន្ត ០១គ្រឿង ម៉ាក ស៊ឺដេស ពណ៌ស នៅចំណុចមន្ទីរពេទ្យឯកជនមួយកន្លែងស្ថិតនៅភូមិ៣ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ។ យ៉ាងណាមិញ កម្លាំងសមត្ថកិច្ចក៏បានឃាត់ខ្លួនមនុស្ស០៣នាក់ ស្រី០១នាក់។

រូបភាព​៖ អគ្គស្នងការនគរបាលខេត្តព្រះសីហនុ

 

រូបភាព​៖ អគ្គស្នងការនគរបាលខេត្តព្រះសីហនុ

 

តែទោះជាបែបនេះក្តី លោកបង្ហាញជំហរថា សកម្មភាពនេះជាអំពើល្មើសច្បាប់ដែលបានចែងជាធរមាននៅក្នុងព្រះរាជាណាចក្រ ដូច្នេះហើយជនជាតិចិនម្នាក់នេះត្រូវផ្តន្ទាទោសទៅតាមនិតិវិធីផ្លូវច្បាប់។ បច្ចុប្បន្នជនជាតិចិនរូបនេះកំពុងសម្រាកព្យាបាលរបួសនៅក្នុងមន្ទីរពេទ្យនៃខេត្តព្រះសីហនុ ខណៈសមត្ថកិច្ចកំពុងសួរនាំព័ត៌មានបន្ថែមជុំវិញករណីនេះ។

លោក​ ស​ រដ្ឋា៖«ពាក់ព័ន្ធនឹងការកាន់អាវុធខុសច្បាប់នេះ គឺរដ្ឋធម្មនុញ្ញប្រទេសជាតិយើងទាំងមូល គឺអត់មានអនុញ្ញាតឱ្យប្រជាពលរដ្ឋ ឬក៏ជនបរទេសណាកាន់កាប់(កាំភ្លើង) លុះត្រាតែគាត់ជាកងសមត្ថកិច្ចដែលមានចេញបណ្ណកាំភ្លើងអាចមានសិទ្ធិកាន់កាំភ្លើងបាន។ អ៊‌ីចឹងចំពោះករណីអស់នេះ គឺគាត់មានកាំភ្លើងដោយខុសច្បាប់ ហើយនិងគាត់ត្រូវអនុវត្តទោសតាមរដ្ឋធម្មនុញ្ញដែលយើងមានរួចស្រាប់ហើយ។»។

គួរបញ្ជាក់ថា ករណីនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនបង្ហាញមតិស្រដៀងគ្នាដោយលើកឡើងថា រូបភាពនេះសបញ្ជាក់ពីបញ្ហាអន្តិសុខនៅក្នុងសង្គម ពិសេសគេកត់សម្គាល់ឃើញថាជនជាតិចិនដែលចំណាកស្រុកមកកម្ពុជាមួយចំនួនប្រព្រឹត្តបទល្មើសជាហូរហែ ដែលធ្វើឱ្យប្រជាពលរដ្ឋដាក់ក្តីបារម្ភថាអាចនឹងមានភាពអសុវត្ថិភាពជាបន្តទៀតប្រសិនបើសមត្ថកិច្ចពុំមានចំណាត់ការតឹងរឹងចំពោះជនគឃ្លើនទាំងនេះ៕

Share

ព័ត៌មានទាក់ទង