ភ្នំពេញ៖ អ្នកអភិរក្សធនធានធម្មជាតិនិងសកម្មជនបរិស្ថាន សម្ដែងក្ដីព្រួយបារម្ភខ្លាចបាត់បង់ព្រៃឈើ និងជម្រកសត្វព្រៃ ក្នុងតំបន់ព្រៃឡង់ បន្ទាប់ពីរដ្ឋាភិបាលសម្រេចផ្ដល់ផ្ទៃដី ៩៩ហិកតា ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃ«ព្រៃឡង់» ដែលមានភូមិសាស្ដ្រឃុំបឹងចារ ខេត្តក្រចេះ ឱ្យក្រុមហ៊ុនឯកជនវិនិយោគជារោងចក្រផលិតស៊ីម៉ងត៍។ កញ្ញា កែវ សុជាតា រាយការណ៍
ការសម្រេចផ្ដល់ផ្ទៃដីទំហំ ៩៩ហិកតា ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃ«ព្រៃឡង់»ធ្វើឡើងតាមអនុក្រឹត្យមួយចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ដែលមានហត្ថលេខាសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងមានហត្ថលេខាលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលអនុក្រឹត្យនេះត្រូវបានផ្សព្វផ្សាយដោយអ្នកអភិរក្សព្រៃឈើលើបណ្តាញសង្គមនាពេលថ្មីៗនេះ។
ក្នុងអនុក្រឹត្យនោះ កំណត់ថា តំបន់ប្រើប្រាស់ដោយចីរភាព មានផ្ទៃដីទំហំ ៩៩ហិកតា ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ដែលមានភូមិសាស្ដ្រឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ នឹងធ្វើអនុប្បយោគមកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ក្រោមលក្ខខណ្ឌជួល ក្នុងរយៈពេលមិនលើសពី ៥០ឆ្នាំ ឱ្យក្រុមហ៊ុន ខេ.ភី ស៊ីមេន អ៊ិនដាសស្ទ្រី ឯ.ក (K.P Cement Industry Co.,Ltd.) សម្រាប់វិនិយោគលើគម្រោងបង្កើតរោងចក្រផលិតស៊ីម៉ងត៍។
ជុំវិញការវិនិយោគនេះ លោក ស្វាយ សុង សមាជិកបណ្ដាញសហគមន៍ព្រៃឡង់ប្រចាំខេត្តក្រចេះ ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី២២ ខែមេសានេះថា កាលពីថ្ងៃទី២១ ខែមេសានេះ លោកទើបតែទទួលបានដំណឹងពីសមាជិកប្រចាំខេត្តផ្សេងទៀត ទាក់ទងអនុក្រឹត្យដែលរដ្ឋាភិបាលដែលសម្រេចផ្ដល់ដី ៩៩ហិកតា ស្ថិតនៅដែនជម្រកសត្វព្រៃព្រៃឡង់ក្នុងភូមិសាស្ត្រឃុំបឹងចារឱ្យក្រុមហ៊ុនឯកជនវិនិយោគ។ ក្រោយពីទទួលដំណឹងនេះ លោកមិនទាន់ដឹងច្បាស់ថាផ្ទៃដីជិត ១០០ហិកតា ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ដែលរដ្ឋឱ្យក្រុមហ៊ុនឯកជនវិនិយោគមានត្រង់ចំណុចណាខ្លះនៅឡើយទេ។
ថ្វីត្បិតតែលោកមិនទាន់ដឹងស្ថានភាពផ្ទៃដីដែលរដ្ឋឱ្យក្រុមកហ៊ុនឯកជនវិនិយោគ តែភូមិសាស្ត្រក្នុងតំបន់បឹងចារ ជាកន្លែងសម្បូរទៅដោយព្រៃឈើ និងសត្វព្រៃជាច្រើនប្រភេទរស់នៅ ខណៈកន្លងមករាល់ការវិនិយោគរបស់ឯកជនក្នុងតំបន់ធនធានធម្មជាតិ តែងតែឃើញព្រៃឈើត្រូវបានឈូសឆាយ សហគមន៍បាត់បង់មុខរបរ ហើយសត្វព្រៃត្រូវបាត់បង់ជីជម្រកជាដើម។
រូបភាពពីហ្វេសប៊ុកលោក ស្វាយ សុង។
លោក ស្វាយ សុង៖ «សុទ្ធតែមានការព្រួយបារម្ភហើយចំពោះដីដែលសម្បទានឱ្យឯកជន ទីមួយហ្នឹងដី ៩៩ហិកតា វាជិត ១០០ហិកតាផ្ទៃដីនេះធំ អ៊ីចឹងយើងខ្ញុំព្រួយព្រួយ ចង់និយាយថាឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ទៅត្រូវរំលាយព្រៃឈើ វាធ្វើឱ្យប៉ះពាល់ដល់ធនធានធម្មជាតិ ជាសត្វព្រៃក្ដី ជាសត្វអ្វីៗផ្សេងៗសំខាន់ធនធានធម្មជាតិគ្រប់ប្រភេទ តាំងពីឱសថបុរាណ បន្លែព្រៃ និយាយរួមប៉ះពាល់សព្វគ្រប់រាល់ថ្ងៃ»។
ចំណែកលោក ង៉េ ផល្លី ជាបណ្ដាញក្រុមស្នូលដែលចុះល្បាតព្រៃឈើក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ក្នុងភូមិសាស្ត្រឃុំបឹងចារ បញ្ជាក់ថា ប្រជាសហគមន៍បានអាស្រ័យផលក្នុងតំបន់នោះដោយការរកអនុផលព្រៃឈើ រកឱសថបុរាណ ឃ្មុំ ផ្សិតជាដើម។លោកយល់ថា បើសិនជាមានការវិនិយោគតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ដល់ក្រុមហ៊ុនមែន នោះប្រជាសហគមន៍នឹងរងផលប៉ះពាល់ពីការអភិវឌ្ឍន៍មួយនេះ។
លោក ង៉េ ផល្លី៖«ផលប៉ះពាល់វាច្រើនទីមួយជម្រកសត្វស្លាបផង ដល់ពេលឈូសឆាយទៅវាអស់ ទីពីរ វាបាត់បង់ធនធានធម្មជាតិ តាំងពីព្រៃឈើធំ រហូតដល់វាលអស់ អាជីវៈចម្រុះរបស់យើងក៏អស់ ព្រៃឈើធំៗជាជម្រកសត្វស្លាប ក៏វាអត់មានសល់ ថ្នាំឈើ ថ្នាំអីក៏វាបាត់បង់ទៅតាមហ្នឹង»។
ជុំវិញរឿងនេះ វិទ្យុស្ដ្រីបានព្យាយាមសុំការបំភ្លឺជុំវិញស្ថានភាពផ្ទៃដីដែលផ្ដល់ឱ្យក្រុមហ៊ុនវិនិយោគ ពីលោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន ជាច្រើនដង មកដល់រសៀលថ្ងៃទី២២ ខែមេសានេះ មិនមានការឆ្លើយតបពីលោកនៅឡើយ។
លោក សាន់ ម៉ាឡា ប្រធានកម្មវិធីបណ្ដាញ និងតស៊ូមតិនៃអង្គការភាពជាដៃគូ ដើម្បីបរិស្ថាន និងការអភិវឌ្ឍន៍ លើកឡើងថា ដែនជម្រកសត្វព្រៃព្រៃឡង់ បានដាក់ជាតំបន់ការពារធម្មជាតិ ដូច្នេះតាមច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ តំបន់នោះ មានការបែងចែកជា ៤តំបន់ ទីមួយ តំបន់ស្នូល ទីពីរ តំបន់អភិរក្ស ទីបី តំបន់ប្រើប្រាស់ប្រកបដោយចីរភាព និងទីបួន តំបន់ប្រើប្រាស់ដោយសហគមន៍។ ដូច្នេះតាមអនុក្រឹត្យដែលរដ្ឋាភិបាល សម្រេចកំណត់ឱ្យក្រុមហ៊ុនឯកជនវិនិយោគនេះ គឺស្ថិតក្នុងតំបន់ប្រើប្រាស់ប្រកបដោយចីរភាព ដែលមានន័យថា រដ្ឋមានសិទ្ធិទាញផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចពីតំបន់ទី៣នេះ។
ទោះបីក្នុងលក្ខខណ្ឌផលប្រយោជន៍ដើម្បីសេដ្ឋកិច្ចជាតិក្ដី ប៉ុន្តែលោកថារដ្ឋាភិបាល កំពុងដើរខុសពីគោលការណ៍របស់ខ្លួន ខណៈក្រសួងបរិស្ថាន បានប្ដេជ្ញាអភិរក្សធនធានធម្មជាតិ និងដាំស្ដារព្រៃឈើឡើងវិញឱ្យមានគម្រងបៃតងនៅឆ្នាំ២០៥០។
លោក សាន់ ម៉ាឡា៖ «ជារឿងមួយដែលគួរឱ្យអស់សំណើច ខណៈពេលដែលក្រសួងបរិស្ថានប្តេជ្ញាដំាដើមឈើឱ្យបាន១លានដើមក្នុង១ឆ្នំា ប៉ុន្តែដៃម្ខាងទៀតបែរជាកាប់ ឬក៏ធ្វើអនុប្បយោគដីដែនជម្រកសត្វព្រៃឡង់ ៩៩ហិចតា រយៈពេល៥០ឆ្នំា ដើម្បីឱ្យក្រុមហ៊ុនឯកជនសាងសង់ជារោងចក្រស៊ីម៉ង់ត៍ទៅវិញ ដូច្នេះវាជារឿងមួយដែលមិនសង់តង់គ្នាទាល់តែសោះ។ ម្យ៉ាងវិញទៀតសម្រាប់ខ្ញុំមើលឃើញថាប្រទេសកម្ពុជាយើងមានផ្ទៃដីធំទូលាយណាស់បើយើងធៀបនឹងប្រជាពលរដ្ឋតែប៉ុន្មាន១៧លាននេះ យើងគួរតែសិក្សាមើលថាតើដីដែលទំនេរស្រាប់ដែលកំពុងមានសព្វថ្ងៃនេះ បានប្រើប្រាស់អស់ពីលទ្ធភាពហើយឬនៅ បានដំាដំណំាកសិកម្ម បានអភិវឌ្ឍន៍ដីដែលទុកចោលស្រាប់អស់ពីលទ្ធភាពហើយឬនៅ ប្រសិនបើយើងប្រើប្រាស់ដីទំនេរទំាងឡាយ ដីដែលបានកាប់ឆ្ការទំាងឡាយវាអស់លទ្ធភាពហើយ ចាំយើងពិចារណានៅក្នុងការដកហូតដីពីតំបន់ការពារធម្មជាតិ ក៏ប៉ុន្តែបើដីទំនេរប្រើប្រាស់មិនទាន់អស់លទ្ធភាពផងយើងទុកចោលរាប់ពាន់ រាប់ម៉ឺនហិកតា ហើយយើងកាប់ឆ្ការព្រៃយកដីថែមនោះមិនមែនជាការអភិវឌ្ឍប្រទេសប្រកបដោយភាពឆ្លាតវៃនោះទេ»។
ក្រៅពីនេះលោក ម៉ាឡា មើលឃើញថា រាល់ការវិនិយោគ និងផ្ដល់ដីអនុប្បយោគទៅឱ្យក្រុមហ៊ុនឯកជន តែងតែមានការឈូសឆាយព្រៃឈើ និងការបង្កជម្លោះជាមួយប្រជាពលរដ្ឋដែលរស់នៅអាស្រ័យផលក្នុងសហគមន៍មូលដ្ឋាននោះ។ ម្យ៉ាងវិញទៀត ការបាត់បង់ព្រៃឈើទាំងអស់នោះ ក៏បង្កឱ្យមានការកើនកម្ដៅ និងបង្កឱ្យមានវិបត្តិប្រែប្រួលអាកាសធាតុកាន់តែកើនឡើងផងដែរ។
ងាកមកលោក ង៉េ ផល្លី វិញ លោកថា កន្លងមកលោក និងសមាជិកផ្សេងទៀត ពេលចុះល្បាតម្ដងៗ ពួកគេមិនត្រូវបានអនុញ្ញាតឱ្យចូលទៅតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ឡើយ បានត្រឹមតែល្បាតព្រៃឈើនៅក្បែរតំបន់ដែនជម្រកនោះប៉ុណ្ណោះ។ ការមិនអនុញ្ញាតនោះ ដោយសារតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ ដាក់ជាតំបន់ជាអភិរក្ស ដូច្នេះលោកថាប្រសិនជាក្រុមលោកចង់ចូលទៅក្នុងតំបន់នោះ ត្រូវមានលិខិតអនុញ្ញាតពីក្រសួងបរិស្ថានជាមុនសិន។
លោក ង៉េ ផល្លី៖ «ព្រួយបារម្ភចេះតែព្រួយបារម្ភហើយ ព្រោះព្រៃតំបន់ព្រៃឡង់ជាតំបន់ជម្រកសត្វព្រៃរបស់យើងទំាងអស់គ្នា និយាយរួមក្លាយវាទៅថ្ងៃមុខទៅខាងរដ្ឋាភិបាលចេះតែដាក់វិនិយោគអោយក្រុមហ៊ុន ធ្វើនេះ អភិវឌ្ឍន៍នេះ ម្តងទៅអភិវឌ្ឍន៍នេះទៅម្តងតិចៗខ្លាចទៅថ្ងៃក្រោយទៅ ទៅថ្ងៃមុខទៅវាការបាត់បង់ព្រៃឈើ ទី១ បាត់បង់ព្រៃឈើផង ទី២បាត់បង់ជម្រកសត្វព្រៃ ហើយប៉ះពាល់ដល់ធម្មជាតិ គ្រោះទឹកជំនន់ផងទៅ គ្រោះរំាងស្ងួតផងទៅ ដល់អ៊ីចឹងទៅផលប៉ះពាល់ដល់សហគមន៍ និងប្រជាពលរដ្ឋរស់នៅតាមតំបន់ហ្នឹងទំាងអស់ ហើយម្យ៉ាងទៀតទៅកូនចៅយើងជំនាន់ក្រោយៗគាត់មិនបានស្គាល់ថាធនធានធម្មជាតិហ្នឹងមានផល អត្ថប្រយោជន៍ម៉េចផងទេ»។
យោងតាមមាត្រា១១ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ចែងថា ការចេញ-ចូលក្នុងតំបន់ការពារធម្មជាតិរួម ក្នុងនោះការចេញ-ចូលតំបន់ស្នូល ដែលជាតំបន់គ្រប់គ្រង សម្រាប់ការអភិរក្សប្រភេទសត្វ រុក្ខជាតិដែលកម្រជិតផុតពូជទទួលរងគ្រោះថ្នាក់ មានប្រព័ន្ធអេកូឡូស៊ីផុយស្រួយ ត្រូវហាមឃាត់ លើកលែងតែមន្ត្រីរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ ដែលមានភារកិច្ច និងអ្នកសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រធម្មជាតិ ក្នុងគោលបំណងការពារ និងអភិរក្សធនធានធម្មជាតិ ត្រូវមានការអនុញ្ញាតជាមុនពីក្រសួងបរិស្ថាន។
កាលពីឆ្នាំ២០១៦ អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន សែន បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ចេញអនុក្រឹត្យបង្កើតដែនជម្រកសត្វព្រៃ «ព្រៃឡង់» ដែលមានផ្ទៃដីសរុប ៤៣១,៦៨៣ហិចតា ស្ថិតក្នុងភូមិសាស្រ្ត ខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង ត្រូវស្ថិតក្រោមការគ្រប់គ្រងដោយក្រសួងបរិស្ថាន។ តំបន់នេះ បង្កើតឡើងក្នុងគោលបំណង អភិរក្សទីជម្រកសត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ី ហើយនិងលើកកម្ពស់ការចូលរួមសហគមន៍ ដើម្បីរួមចំណែកដល់ការគ្រប់គ្រង ការពារ និងអភិរក្សធនធានធម្មជាតិនៅតំបន់នោះ។
របាយការណ៍របស់បណ្ដាញសហគមន៍ព្រៃឡង់ (PLCN) កាលពីឆ្នាំ២០២២ រកឃើញថា នៅក្នុងឆ្នាំ២០២១ គឺជាឆ្នាំដែលមានការបាត់បង់គម្របព្រៃឈើខ្ពស់បំផុតមិនធ្លាប់មាន ហើយដែនជម្រកសត្វព្រៃ ព្រៃឡង់ បានបាត់បង់គម្របព្រៃឈើជាង ១១,១០០ហិកតា។ បើគិតចាប់តាំងពីឆ្នាំ២០០០មក គម្របព្រៃឈើក្នុងដែនជម្រកព្រៃឡង់បានបាត់បង់គម្របព្រៃឈើចំនួន ៦៧,៤០០ហិកតា ឬស្មើនិង ១៦% នៃគម្របព្រៃឈើសរុបរបស់ព្រៃឡង់៕
អត្ថបទដោយ៖ កញ្ញា ជា សុខនី