ព្រះវិហារ៖ បច្ចុប្បន្នផ្លូវលំមួយខ្សែមានប្រវែង ២៥០០ម៉ែត្រចាប់ពីផ្លូវជាតិលេខ ៦២ ចូលដល់អន្លង់វិល ស្ថិតក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ មានសភាពដាច់ដោយអន្លើៗ លាយឡំដោយជង្ហុក និងបែកភក់ពេលមានភ្លៀងធ្លាក់។ នេះជាទិដ្ឋភាពនិងការលើកឡើងរបស់អ្នកភូមិដែលសិក្ខាកាមវិទ្យុស្រ្តីបានទៅផ្តិតរូបភាព និងសម្ភាសន៍ពលរដ្ឋនៅទីនោះ។
ទិដ្ឋភាពស្ថានភាពផ្លូវដែលប្រជាពលរដ្ឋលំបាកធ្វើដំណើរស្នើឱ្យអាជ្ញាធរមូលដ្ឋានជួសជុលឡើងវិញ។រូបភាព សុវណ្ណារិទ្ធ។
ចំពោះមុខការលំបាកធ្វើដំណើរនេះ ប្រជាពលរដ្ឋ និងគ្រួសារអតីតយុទ្ធជនប្រមាណជាង ៣០០គ្រួសារស្ថិតនៅសង្កាត់ប៉ាលហាល បានអំពាវនាវទៅកាន់អាជ្ញាធរមូលដ្ឋានជួយជួសជុលផ្លូវឡើងវិញ ខណៈស្ថានភាពផ្លូវរងការខូចខាតយ៉ាងដំណំ។
ជុំវិញក្តីកង្វល់នេះ គឺកាលពីពេលថ្មីៗនេះ ប្រជាពលរដ្ឋបានសម្តែងក្តីរីករាយ ខណៈទទួលដំណឹងថា ផ្លូវមួយខ្សែនេះអាជ្ញាធរដែនដីមានផែនការជួសជុលកែសម្រួលនៅឆ្នាំ ២០២៥ ខាងមុននេះឆាប់ៗ។
ក្រុមប្រជាពលរដ្ឋថ្លែងអំណរគុណពេលទទួលដំណឹងថា អាជ្ញាធរក្រុងរៀបចំគម្រោងជួសជុលផ្លូវលំជូនពលរដ្ឋនៅឆ្នាំក្រោយ។រូបភាព សុវណ្ណារិទ្ធ។
លោក ប៉ុក ងួន អភិបាលក្រុងព្រះវិហារ បញ្ជាក់ឱ្យដឹងកាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ថា គម្រោងស្ថាបនាសាងសង់ និងជួសជុលផ្លូវលំមួយខ្សែខាងលើ គ្រោងនឹងជួសជុលនៅឆ្នាំ ២០២៥ ខាងមុខដែលជាគម្រោងរបស់រដ្ឋបាលខេត្តតាមរយៈក្រុងព្រះវិហារ។ លោកបញ្ជាក់ថា អាជ្ញាធរដែនដីតែងគិតគូរពីសុខទុក្ខរបស់ប្រជាពលជាប់ជាប្រចាំ ដោយមិនទុកតម្រូវការនិងការចង់បានរបស់ពលរដ្ឋចោលនោះទេ ប៉ុន្តែអាចមានភាពយឺតយ៉ាវខ្លះតែប៉ុណ្ណោះ។ ចំពោះមុខនេះ លោកទទូចឱ្យពលរដ្ឋរង់ចាំមួយរយៈពេលទៀតសិន ដ្បិតការជួសជុលផ្លូវមួយខ្សែខាងលើនេះ នឹងចាប់ផ្តើមនៅក្នុងឆ្នាំ ២០២៥ ខាងមុខនេះជាក់ជាពុំខាន។
សកម្មភាពលោកអភិបាលក្រុងព្រះវិញចុះសំណេះសំណាលជាមួយពលរដ្ឋកាលពីពេលកន្លងទៅដើម្បីជួយដោះស្រាយបញ្ហាក្តីកង្វល់របស់ពលរដ្ឋ។រូបភាព សុវណ្ណារិទ្ធ។
លោក សួត ទុង អាយុ ៦២ឆ្នាំ តំណាងឲ្យពលរដ្ឋរស់ភូមិអភិវឌ្ឍន៍ បានសម្ដែងក្តីសប្បាយរីករាយក្រោយពេលទទួលបានដំណឹងថា អាជ្ញាធរមានគម្រោងជួសជុលផ្លូវលំមួយខ្សែក្នុងភូមិពីផ្លូវជាតិលេខ៦២ ចូលក្នុងភូមិអភិវឌ្ឍន៍ដល់ចំណុចអន្លង់វិល។ លោកបញ្ជាក់ថា កន្លងមកផ្លូវ ១ខ្សែនេះពិបាកធ្វើដំណើរណាស់ ជាពិសេសនៅរដូវវស្សា ដ្បិតមានភក់និងរអិលខ្លាំង។ ជាងនេះក៏ធ្លាប់មានករណីជួបបញ្ហាអ្នកធ្វើដំណើររអិលដួលពេលជិះកង់ ឬម៉ូតូជាដើម។
ទិដ្ឋភាពស្ថានភាពផ្លូវដែលប្រជាពលរដ្ឋលំបាកធ្វើដំណើរស្នើឱ្យអាជ្ញាធរមូលដ្ឋានជួសជុលឡើងវិញ។រូបភាព សុវណ្ណារិទ្ធ។
សូមរំលឹកជូនថា ករណីផ្លូវមួយខ្សែនេះ សិក្ខាកាមវិទ្យុស្រ្តីធ្លាប់បានចុះផ្សាយរួចមកហើយកាលពីខែ កក្ដដា ដោយកាលណ្ណោះ លោកប្រធានអង្គភាពលទ្ធកម្មខេត្តព្រះវិហារបញ្ជាក់ថា លោកនឹងពាំនាំដំណឹងនេះទៅដាក់ជូនអង្គភាពពាក់ព័ន្ធឱ្យបានជ្រាប ដើម្បីមានផែនការឆ្លើយតប។ លោកប្រធានអង្គភាពលទ្ធកម្មខេត្តព្រះវិហារអះអាងថា ក្នុងនាមលោកជាថ្នាក់ដឹកនាំ លោកក៏មានការព្រួយបារម្ភមិនចាញ់ប្រជាពលរដ្ឋនោះទេ ពោលគឺទុក្ខលំបាករបស់ប្រជាពលរដ្ឋ គឺជាការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ៕
អត្ថបទខ្លីសរសេរដោយ មាន សុវណ្ណារិទ្ធ សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។