លោក ឆាត់ សុភាព ទទួលថវិកាពីធានារ៉ាប់រងអាយុជិវិតអេទីកា ប្រភពរូប៖សំណាង
ភ្នំពេញ៖ ថវិកាប្រមាណ២៥,០០០ ដុល្លារអាមេរិកត្រូវបានបំភាយជួយគាំទ្រធ្វើឱ្យប្រសើរនូវប្រព័ន្ធទឹកស្អាតសម្រាប់គ្រួសារជាង៣០០គ្រួសារស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ នេះបើតាមការបញ្ជាក់ពីនាយកប្រចាំប្រទេស នៃអង្គការវ័តធឺអេតកម្ពុជាក្នុងពិធីប្រគល់ថវិកាសម្រាប់អនុវត្តន៍គម្រោងពន្លឿនលទ្ធភាពទទួលបានសេវាទឹកស្អាតប្រើប្រាស់នៅតាមសហគមន៍ជនបទកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ នៅធនគារមួយក្នុងរាជធានីភ្នំពេញ។ អ្នកស្រី វ៉ាយ វត្តី ជូនសេចក្តីរាយការណ៍
ប្រទេសកម្ពុជាបានប្តេជ្ញាថានឹងសម្រេចឱ្យបានគោលដៅអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យ១០០ភាគរយនៅឆ្នាំ២០៣០ ខណៈដែលអ្នកជំនាញបច្ចេកទេសលើកឡើងថាដោយសារនៅមានកត្តាប្រឈមជាច្រើនទាក់ទងនឹងការផ្លាស់ប្តូរផ្នត់គំនិត ចំណេះដឹង ទីតាំងភូមិសាស្រ្ត ភាពក្រីក្រ និងកត្តាធនធានហិរញ្ញវត្ថុ ដែលជាមន្ទិលថាឆ្នាំ២០៣០មិនទាន់អាចសម្រេចទៅដល់គោលដៅជាមូលដ្ឋាននោះទេ។ នេះជាការលើកឡើងរបស់លោក ឆាត់ សុភាព នាយកប្រចាំប្រទេស នៃអង្គការវ័តធឺអេតកម្ពុជា។
សូមជម្រាបជូនថា អង្គការវ័តធឺអេតកម្ពុជា ទទួលបានថវិកាចំនួន ២៥,០០០ ដុល្លារអាមេរិកពីធានារ៉ាប់រងអាយុជីវិតអេទីកាដើម្បីយកទៅអនុវត្ត “គម្រោងពន្លឿនលទ្ធភាពទទួលបានសេវាទឹកស្អាតប្រើប្រាស់ នៅតាមសហគមន៍ជនបទ ស្ថិតនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ កញ្ចប់ជំនួយសប្បុរសធម៌គាំទ្រទឹកស្អាត សម្រាប់កិច្ចការរយៈពេល ៧ខែក្នុងឆ្នាំ២០២៤នេះ ភាគីទាំងពីររំពឹងថា ប្រជាពលរដ្ឋ ៣០០គ្រួសារ ឬស្មើប្រមាណ ១៣០០ នាក់ និងសិស្សានុសិស្សចំនួន ២៥០នាក់ នឹងទទួលបានទឹកស្អាតប្រើប្រាស់នៅតាមគ្រួសារ និងសាលារៀនរបស់ពួកគេ។
លោក ឆាត់ សុភាព បន្ថែមដើម្បីឱ្យឆ្នាំ២០៣០ សម្រេចបានគោលដៅមូលដ្ឋានប្រជាពលរដ្ឋមានទឹកស្អាត និងអនាម័យប្រើប្រាស់១០០ភាគរយ កម្ពុជាត្រូវការថវិកាប្រហាក់ប្រហែលជិត២០០លានដុល្លារក្នុងមួយឆ្នាំ សម្រាប់វិនិយោគទៅលើវិស័យទឹកស្អាត និងអនាម័យ។
លោក ឆាត់ សុភាព នាយកប្រចាំប្រទេសអង្គការវ័តធឺអេតកម្ពុជា រូបភាព៖សំណាង
លោក ឆាត់ សុភាព៖ « បេកសកម្មរបស់យើងសម្រាប់ឆ្នាំ២០៣០ ក្នុងនាមស្ថាប័នអ្នកជំនាញវិស័យទឹកវិស័យអនាម័យអត់ទុកចិត្តទេថាគោលដៅហ្នឹងថាធ្វើទៅរួច ប៉ុន្តែយើងមិនហ៊ាននិយាយ ព្រោះវាជាគោលដៅដែលរដ្ឋាភិបាលកំណត់យកនៅក្នុងគោលបំណងផ្នែកនយាបាយ យើងត្រូវបន្តជំរុញធ្វើម៉េច ឱ្យការរីកចម្រើនហ្នឹងឱ្យលឿន ក៏ប៉ុន្តែការវិនិយោគនៅក្នុងវិស័យនេះត្រូវការលុយច្រើនណាស់ យើងសិក្សាត្រួសៗថាដើម្បីឱ្យឆ្នាំ២០៣០នេះសម្រេចបានគោលដៅមូលដា្ឋន ប្រទេសកម្ពុជា ត្រូវការមួយឆ្នាំប្រហាក់ប្រហែល១៨០លានដុល្លារវិនិយោគទៅលើវិស័យទឹក និងអនាម័យ»។
គិតត្រឹមពាក់កណ្ដាលឆ្នាំ២០២៤ នាយកដ្ឋានជំនាញនៃក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា អត្រាគ្របដណ្តប់ ទឹកស្អាតជនបទជាមូលដ្ឋានសម្រេចបានជាង ៨៣ភាគរយ និងអត្រាគ្របដណ្តប់អនាម័យជនបទជាមូលដ្ឋានសម្រេច បានជាង ៨៦ភាគរយ ដែលក្នុងនោះមានរាជធានី-ខេត្តចំនួន៧ បានសម្រេចបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (ODF) រួមមាន ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តកែប និងខេត្តព្រះសីហនុ។
ទន្ទឹមគ្នានេះ ផ្អែកតាមតួលេខអត្រាគ្របដណ្ដប់ទឹកស្អាត និងអនាម័យជនបទរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ការបន្តលើកកម្ពស់សេវាអនាម័យ និងទឹកស្អាតនៅតែជាកិច្ចការចាំបាច់ដែលរាជរដ្ឋាភិបាលនិងដៃគូពាក់ព័ន្ធត្រូវបន្តយកចិត្តទុកដាក់ ។ បច្ចុប្បន្ននៅមានប្រជាពលរដ្ឋ ប្រមាណជា ១៤ភាគរយ ដែល មិនទាន់មានបង្គន់សមរម្យ និងប្រមាណជា ១៧ភាគរយ មិនទាន់មានទឹកស្អាតប្រើប្រាស់នៅផ្ទះនៅឡើយ ជាពិសេសគ្រួសារក្រីក្រ ជនងាយរងគ្រោះ និងប្រជាពលរដ្ឋ ដែលរស់នៅតំបន់ បរិស្ថានប្រឈមផ្នែកអនាម័យ ដូចជាតំបន់ដាច់ស្រយាល តំបន់ទឹកលិចតាមរដូវកាល និងតំបន់ ដីរឹងដែលពិបាកក្នុងការសាងសង់បង្គន់ ជាដើម។
គួរបញ្ជាក់ផងដែរថា កន្លងមកធានារ៉ាប់រងអាយុជីវិតអេទីកា បានផ្តល់ថវិកាសប្បុរសធម៌ពីរលើករួចមកហើយដល់អង្គការវ័តធឺអេ តកម្ពុជា ក្នុងទំហំទឹកប្រាក់សរុប ៧០,០០០ដុល្លារអាមេរិក ដោយជំនួយសង្គមនេះបានអនុវត្តការងារពង្រឹងសេវាទឹក ស្អាតតាមផ្ទះនៅខេត្តកណ្តាល ដែលមានប្រជាជន ចំនួន ៨៤៧ខ្នងផ្ទះ ដែលមានប្រជាពលរដ្ឋសរុបចំនួន៣៦៤២ នាក់ ទទួលបានការគាំទ្រតភ្ជាប់បណ្តាញទឹកស្អាតប្រើប្រាស់ ក្នុងនោះគ្រួសារក្រីក្រមានចំនួន ៤០៤គ្រួសារ ស្មើនឹង ១៧៣៧នាក់ ។ លើសពីនេះទៅទៀត គម្រោងក៏បានផ្ដោតលើការពង្រឹងសមត្ថភាពដល់អាជ្ញាធរមូលដ្ឋាន ប្រតិបត្តិ ផ្គត់ផ្គង់ទឹកស្អាតក្នុងតំបន់ ព្រមទាំងលើកកម្ពស់ការយល់ដឹងស្តីពីការប្រតិបត្តិទម្លាប់អនាម័យដល់ប្រជាពលរដ្ឋ និងគាំទ្រថវិកាបដិភាគដល់គ្រួសារក្រីក្រក្នុងការភ្ជាប់បណ្តាញទឹកស្អាតប្រើប្រាស់ ៕
ប្រភពរូប៖ឯកសារ