en     km
en     km

WorldBank ប៉ាន់ស្មានថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០១៧ អាចធ្លាក់ចុះដោយសារស្ថានការណ៍នយោបាយ

Share

ធនាគារពិភពលោក​ប្រចាំ​នៅ​កម្ពុជា​បាន​ព្យាករណ៍​ថា​ កម្លាំង​សេដ្ឋកិច្ច​កម្ពុជា​ នឹង​ស្រុត​ចុះ​បន្តិច​ គឺ​ នៅ​ឆ្នាំ​២០១៧​ និង​ឆ្នាំ​២០១៨​ បើ​ធៀប​នឹង​ឆ្នាំ​២០១៦​នេះ​។​ តាម​ធនាគារពិភពលោក​មូលហេតុ​ដូចនេះ​ ដោយសារ​តែ​កម្ពុជា​ ឆ្លងកាត់​ការ​ប្រែប្រួល​នយោបាយ​ សំខាន់ៗ​ពីរ​ គឺ​ ការ​បោះ​ឆ្នោត​ ក្រុមប្រឹក្សា​ ឃុំ​ សង្កាត់​ និង​ការ​បោះ​ឆ្នោត​សភា​។​កញ្ញា ជុំ ជោគជាតា លម្អិតព័ត៌មានបន្ថែម៖

 

worldbank​របាយការណ៍​ របស់​ធនាគារពិភពលោក​ បាន​ប៉ាន់ស្មាន​ទុក​ថា​ នៅ​ឆ្នាំ​២០១៧​ និង​ឆ្នាំ​២០១៨​ សេដ្ឋកិច្ច​កម្ពុជា​នឹង​មានការ​ថយ​ចុះ​ ពី​ ៧​ភាគរយ​មក​ត្រឹម​៦.៩​ ភាគរយ​ ដោយសារ​តែ​អ្នក​វិនិយោគទុន​បរទេស​ មិន​ហ៊ាន​មក​បណ្ដាក់ទុន​ នៅ​ចំ​ពេល​ស្ថានការណ៍​នយោបាយ​កម្ពុជា​ ឆ្ពោះទៅ​រក​ការ​បោះ​ឆ្នោត​។​

​តាម​របាយការណ៍​សង្ខេប​ដែល​ ធនាគារពិភពលោក​ ចែកចាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​ ស្ដី​ពី​សេដ្ឋកិច្ច​តំបន់​ នា​ថ្ងៃ​ទី​០៥​ ខែតុលា​ នៅ​ឆ្នាំ​២០១៦​ កំណើនសេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​គេ​ប៉ាន់​ស្មានថា​ ឡើង​ដល់​៧​ភាគ​ រយ​។​ តែ​នៅ​ឆ្នាំ​២០១៧​ និង​២០១៨​ គេ​បាន​ប៉ាន់​ស្មានថា​ នឹង​មាន​កំណើន​ត្រឹម​៦.៩​ភាគរយ​។​

​ទាក់ទង​នឹង​រឿង​នេះ​ លោក​ លី​ សូ​ដេ​ត​ អ្នក​សេដ្ឋកិច្ចវិទូ​ជាន់ខ្ពស់​ ជំនាញ​សកល​គ្រប់គ្រង​ផ្នែក​ម៉ាក្រូសេដ្ឋកិច្ច​ និង​សារពើពន្ធ​នៃ​ធនាគារពិភពលោក​ បាន​លើក​មូលហេតុ​ទាំងនេះ​ពន្យល់​ថា​ ដោយសារ​តែ​ អ្នក​វិយោគ​ទុន​បរទេស​ ទាំងនោះ​ នៅ​ពិចារណា​ចំពោះ​ ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ ជា​ពិសេស​នៅ​ថ្ងៃ​បោះ​ឆ្នោត​ដែល​ខិត​ជិត​មក​ដល់​។​

​លោក​ លី​ សូ​ដេ​ត​ ៖«​មាន​អ្នក​មក​ អ្នក​ដែល​មក​ហើយ​ និង​អ្នក​ដែល​បន្ដ​មក​ទៀត​ ប៉ុន្ដែ​អ្នក​ដែល​ចង់​មក​ដែល​ ប៉ុន្ដែ​ចំ​ពេល​បោះ​ឆ្នោត​ចឹ​ង​ គាត់​រាង​នៅ​ត្រឹង​បន្តិច​។​ ចឹ​ង​គឺ​យើង​ឃើញ​ថា​ លំហូរ​ចូល​អ្នក​វិនិយោគ​ រាង​អាក់ខាន​បន្តិច​ ព្រោះ​គាត់​(​អ្នក​វិនិយោគទុន​)​ ទុក​ពេល​គិត​មើល​ថា​ តើ​បើ​មិនមែន​អី​ (​ស្ថានការណ៍​នយោបាយ​)​ មិន​មានអី​ធំដុំ​ គាត់​នឹង​ចូល​ ប៉ុន្ដែ​បើ​មានអី​អូស​បន្លាយ​ នឹង​បញ្ហា​អី​ អាច​ថា​គាត់​ មិន​ទាន់​ចូល​»​

​តាម​ លោក​ លី​ សូ​ដេ​ត​ ក្រៅពី​អ្វី​ដែល​អ្នក​វិនិយោគទុន​បរទេស​ មិន​ហ៊ាន​មក​បណ្ដាក់ទុន​នៅ​កម្ពុ​ជានា​ពេល​ខាង​មុខ​ គឺ​កម្ពុជា​ក៏​អាច​ជួប​ប្រទះ​នឹង​ហានិភ័យ​មួយទៀត​ គឺ​ ការ​ប្រកួតប្រជែង​ ក្នុង​វិស័យ​កាត់ដេរ​សំលៀក​បំពាក់​ ជាមួយ​និង​ប្រទេស​វៀតណាម​ ក្នុង​ការ​នាំ​ចេញ​សំលៀក​បំពាក់​ ទៅ​កាន់​បរទេស​។​

​លោក​ លី​ សូ​ដេ​ត​ ៖«​ យើង​មាន​វៀត​ណាមួយ​ដែល​គាត់​បាន​ព្រមព្រៀង​ សហភាព​អឺរ៉ុប​ហើយ​គាត់​នឹង​នាំ​ចេញ​ទៅ​ដោយ​អត់​បង់ពន្ធ​ នៅ​ពេល​នោះ​យើង​នឹង​វៀតណាម​ប្រកួតប្រជែង​ដូច​គ្នា​។​ ចឹ​ង​យើង​មានការ​ព្រួយបារម្ភ​ ដោយសារ​វៀតណាម​បង់ពន្ធ​ យើង​អត់​បង់់ពន្ធ​ចំណែក​ទីផ្សារ​យើង​ប្រហាក់ប្រហែល​គ្នា​ តែបើ​នៅ​ពេល​ដែល​វៀតណាម​គេ​អត់​បង់ពន្ធ​ ទីផ្សារ​របស់​គេ​នឹង​ឡើង​ជាង​មុន​…»​។​

​តាម​របាយការណ៍​ធនាគារពិភពលោក​ ហានិភ័យ​ដែល​អាច​កើត​មាន​ចំពោះ​សេដ្ឋកិច្ច​កម្ពុជា​ គឺ​ ភាព​មិន​ប្រាកដប្រជា​ ដែល​អាច​កើត​មាន​ទាក់ទង​នឹង​ការ​បោះ​ឆ្នោត។​

​តាម​របាយការណ៍​ធនាគារពិភពលោក​ដដែល​ នៅ​ឆ្នាំ​២០១៦​ ការ​នាំ​ចេញ​សម្លៀក​បំពាក់​កើនឡើង​ក្នុង​កម្រិត​១០.៥​ភាគរយ​ បើ​ធៀប​នឹង​៧.៨​ភាគរយ​នៅ​ឆ្នាំ​មុន​ នៃ​រយៈពេល​ដូច​គ្នា​។​ សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​អ្នកជំនាញ​ពន្យល់​ថា​ ពឹងផ្អែក​យ៉ាង​ខ្លាំង​ទៅ​លើ​ទីផ្សារ​នៅ​ប្រទេស​អឺរ៉ុប​ និង​ប្រទេស​អា​មេ​រិ​ក​។​

​ប្រទេស​ទាំង​ពីរ​នេះ​បាន​នាំ​សម្លៀក​បំពាក់​ចេញពី​ប្រទេស​កម្ពុជា​ រាប់​ពាន់​លាន​ដុល្លារ​។​ សម្លៀក​បំពាក់​កម្ពុជា​នាំ​ទៅ​អឺរ៉ុប​ បាន​កើន​ជាង​ ៨៣​ពាន់​លាន​ដុល្លារ​ និង​អា​មេ​រិ​ក​ ៥០​ពាន់​លាន​ដុល្លារ​៕

Share

Image
Image
Image