ភ្នំពេញ៖ យ៉ាងហោចណាស់ផ្ទៃដីចម្ការមីន និងចម្ការគ្រាប់សរុបជិត ២ម៉ឺនហិកតា(១៧.៩៨០)ត្រូវបានអង្គការស៊ីម៉ាក់រំដោះបានក្នុងពីឆ្នាំ២០២៤។នេះបើយោងតាមរបាយការណ៍ឆ្នាំ២០២៤ របស់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជាហៅកាត់ថា ស៊ីម៉ាក់ ដែលបង្ហាញក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។
របាយការណ៍បញ្ជាក់ទៀតថា ក្នុងឆ្នាំ២០២៤ដដែល ស៊ីម៉ាក់ បានកម្ទេចចោលគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទសរុបជិត ១០ម៉ឺនគ្រាប់(៩៦.៣៧១) ក្នុងនោះមីនប្រឆាំងមនុស្សជាង១ម៉ឺន៤ពាន់គ្រាប់ និងមីនប្រឆាំងរថក្រោះចំនួន ១៥៥គ្រាប់ ព្រមទាំងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទចំនួនជិត៩ម៉ឺនគ្រាប់(៨២.២១៤)។ ក្នុងនោះដែល អង្គភាពស៊ីម៉ាក់បានឆ្លើយតបតាមសំណើសុំអន្ដរាគមន៍បន្ទាន់ពីប្រជាពលរដ្ឋនិងអាជ្ញាធរសមត្ថកិច្ចមូលដ្ឋានបានចំនួន ៤.០៦១ករណី។
ផ្អែកលើទិន្នន័យសេដ្ឋកិច្ចសង្គមរកឃើញថា ប្រជាពលរដ្ឋដែលទទួលផលផ្ទាល់និងដោយប្រយោលពីសកម្មភាពកម្ចេតមីន និងគ្រាប់បែកមានចំនួនសរុបជិត ៧០ម៉ឺនគ្រួសារ(៦៧៤.៦២៦)ដោយអាចកែប្រែផ្ទៃដីមានមីនគ្រោះថ្នាក់ ទៅជាផ្ទៃដីបង្កបង្កើនផលកសិកម្ម។
ងាកមកការងារ អប់រំយល់ដឹងពីមីននិងការជួយសង្គ្រោះជនមានពិការភាពដោយសារមីនវិញ ក្នុងឆ្នាំ២០២៤ ដដែរ ស៊ីម៉ាក់ ចុះផ្សព្វផ្សាយដល់ក្រុមគោលដៅចំនួនជាង២ម៉ឺន ៥ពាន់លើក សរុបមានពលរដ្ឋជាង២លាននាក់ទទួលបានការអប់រំ។ ដោយឡែកការងារជួយជនមានពិការភាពដោយសារមីនវិញ គឺបានផ្តល់សេវាជួសជុលជើងសិប្បនិម្មិតជូនពលរដ្ឋចំនួន ២.៤៤៦នាក់។ ក្នុងនោះដែរ ផ្តល់វគ្គបណ្តុះបណ្តាលជូនក្រុមគ្រួសារជនមានពិការភាពដោយសារមីនលើជំនាញកសិកម្មចំនួនជាង ២ពាន់គ្រួសារ និងការអប់រំលើការថែទាំងសុខុមាលភាពចំនួន ២.៤៤៦នាក់។
សម្រាប់ផែនការឆ្នាំ២០២៥នេះ អង្គភាពស៊ីម៉ាក់ គ្រោងផែនការបោសសម្អាតមីននិងគ្រាប់សំណល់សង្គ្រាមចំនួន ១៩២គីឡូម៉ែត្រក្រឡាបន្ថែមទៀត។ បន្ថែមពីនេះ នឹងគ្រោងយុទ្ធនាការអប់រំពលរដ្ឋយល់ដឹងពីបញ្ហាមីនឱ្យ ២លាននាក់បន្ថែមទៀត ដើម្បីកាត់បន្ថយបញ្ហាគ្រោះថ្នាក់ដោយសារមីន។
សូមរំលឹកជូនថា អង្គភាពស៊ីម៉ាក់ធ្លាប់បានប្រកាសបញ្ហាហិរញ្ញវត្ថុឈានដល់ការកាត់បុគ្គលិក បន្ទាប់ពី USAID ត្រូវបានរដ្ឋបាលរបស់លោក ដូណាល់ត្រាំ បង្កក់ជំនួយ។ ប៉ុន្តែភ្លាមៗបន្ទាប់ពីប្រកាសពីភាពអាសន្នរបស់ខ្លួន រាជរដ្ឋាភិបាលក៏ប្រកាសពីការផ្តល់ថវិកាគាំទ្រសកម្មភាពជួយអង្គភាពមួយនេះផងដែរ។ ក្រោយមកទៀត អង្គការដៃគូដែលទទួលបានជំនួយពីសហរដ្ឋអាមេរិកចំនួនពីរ ក៏បញ្ជាក់បន្តកិច្ចសហប្រតិបត្តិការបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមឡើងវិញតាមកិច្ចសន្យាដែលមានស្រាប់ជាមួយ ស៊ីម៉ាក់៕