en     km
en     km

សម្ដេចហ៊ុនសែនមិនចង់ឃើញរោងចក្រនៅកម្ពុជាធ្លាក់ចុះទៅប្រទេសដទៃ

Share

ភ្នំពេញ៖ សម្ដេចហ៊ុនសែននៅថ្ងៃ៩មករានេះបានធ្វើដំណើរទៅកាន់ស្រុកត្រាំកក់ ខេត្តតាកែវដើម្បីធ្វើការជួបជុំបកម្មករ កម្មការិនីរោងចក្រចំនួន១២​រោងចក្រ ដែលជាជំនួបលើកដំបូងនៃឆ្នាំថ្មី២០១៩​។ ក្នុងជំនួបនោះ សម្ដេចហ៊ុនសែនបានទទូចកុំអោយធ្លាក់ចុះវិស័យកាត់ដេរនៅកម្ពុជា ដោយសារស្ថាន​ការណ៍​​អាក្រក់ណាមួយកើតចេញពីជម្លោះកម្មករនិងរោងចក្រ  ដែលអាចប៉ះពាល់ដល់វស័យមួយ នេះ។ តែមេដឹកនាំសហជីពមួយនិយាយថា កត្តានយោបាយក៏អាចនាំឱ្យប៉ះពាល់វិស័យវាយនភណ្ឌនៅកម្ពុជាដែរដូចជាករណីEBAជាដើម។

លោក សោម លាភ  ជូនសេចក្ដីរាយការណ៍៖

ក្រោយពេលស្រុកសន្ដិភាពរាប់សិបឆ្នាំ និង កសាងព្រឹត្តិការណ៍ដំណាច់ឆ្នាំ និង ដើមឆ្នាំនៃខួបជ័យជម្នះមួយចំនួន សម្ដេចហ៊ុនសែននៅថ្ងៃនេះបានថ្លែងរៀបរាប់ហូរហែនូវកំណើនឧស្សាហកម្មវាយនភ័ណ្ឌកម្ពុជា ដែលសម្ដេចបានស្វាគមន៍ចំពោះទឹកចិត្តអ្នកវិនិយោគទាំងឡាយដែលសម្លឹងឃើញកម្ពុជាជាដែនដីនៃឧស្សាហកម្មថ្មីមួយ។

ក្នុងជំនួបជាមួយ ​កម្មករ សម្ដេច បានគូសបញ្ជាក់អំពី ទិន្នន័យរោងចក្រនៅកម្ពុជាដែលមានសន្ទុះច្រើន ច្រើនដែលអាចនិយាយបានដោយកើនពីប្រទេសមានរោងចក្រត្រឹមតែ៤ មានកម្មករ កម្មការិនី ប្រមាណតែជាង២ម៉ឺននាក់ ជាមួយប្រាក់ឈ្នួល៤០ដុល្លារ នៅឆ្នាំ១៩៩៧ ក្លាយជាប្រទេសមានរោងចក្រ សហគ្រាស និងគ្រឹះស្ថានការងារប្រមាណ ១២,០០០គ្រឹះស្ថាន មានកម្មករ ១លាន ៥សែននាក់ ជាមួយប្រាក់ឈ្នួលកម្មករម្នាក់ ១៨២ដុល្លារ។

ទន្ទឹមនឹងនេះដែរ សម្ដេចបានលើកឡើងថា កម្មករ និង ថៅកែគប្បីត្រូវមានភាពរួបរួមគ្នាឱ្យបានសុខសាន្ដតាមរោងចក្រ ពិនិត្យពិច័យលើតម្រូវការកម្មករ និង ធ្វើការសម្របសម្រួលគ្នាឱ្យបានត្រឹមត្រូវ។

សម្ដេចនាយករដ្ឋមន្ត្រីអោយដឹងថា ប្រាក់ឈ្នួលរបស់កម្មករកម្ពុជា បើធៀបនឹងប្រទេសជិតខាងក្នុងតំបន់ គឺកម្មករកម្ពុជា មានប្រាក់ឈ្នួលខ្ពស់ជាង។ តែសម្ដេចថា បានហាន័យភ័យអ្វីមួយកើត​ឡើងទៅ​លើ​វិស័យ​កាត់ដេរ គឺថៅកែរោងចក្រ គេនឹងអាចរត់ទៅប្រទេស ប្រាក់ឈ្នួលទាបជាងកម្ពុជា។

ការលើកឡើងបែបនេះ របស់សម្ដេច គឺទាញបានដល់ការប្រទាំងប្រទូស្ដរវាងកម្មករ និង ថៅកែទាក់ទងនឹងប្រាក់អតីតភាពការងាររហូតដល់មានផ្ទុះនឹងបាតុកម្មអហិង្សាបិទផ្លូវ និង មានសហជីពមួយចំនួនបានចេញមុខតវ៉ាការពារផលប្រយោជន៍របស់កម្មករ។

យ៉ាងណា សម្ដេចបានហៅការតវ៉ារបស់សហជីពអាចនាំទៅរកស្ថានភាពអាក្រក់បាន ដែលកម្មករគួរធ្វើការពិចារណាឱ្យមែនទែន ហើយបញ្ហានេះអាចប្រឈមនឹងរឿងរ៉ាវធំអាចដល់ថ្នាក់បិទទ្វាររោងចក្រហើយ ថៅកែរត់ចោលកាន់តែច្រើន ម្យ៉ាងនាំឱ្យប៉ះពាល់ដល់ ជីវភាពទូទៅរបស់ខ្លួន ពោលអ្នកដែលជួបការលំបាកមុនគេគឺកម្មករនោះឯង។

ម្ល៉ោះហើយលោកបានចោទជាសំណួរឱ្យកម្មករឆ្លើយថា តើចង់ប្រមូលប្រាក់អតីតភាពតែក្នុងមួយពេល ហើយឲ្យរោងចក្រត្រូវបិទទ្វារតែម្តងឬយ៉ាងណា ហើយបើដូច្នោះ មុខជារោងចក្រប្រមាណ ២ភាគ៣ នឹងត្រូវបិទទ្វារ។ រីឯអ្នកវិនិយោគទាំងនោះ នឹង ទៅរកប្រទេសផ្សេងដែលមានផលវិនិយោគអនុគ្រោះជាងកម្ពុជាមិនខាន។

កន្លងមក មានកម្មករខ្លះធ្វើកូដកម្មមិនចូលធ្វើការដោយទាមទារដំណោះស្រាយជាបន្ទាន់ពីភាគីរោងចក្រ។ លោកស្រីយ៉ាងសុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា មានប្រសាសន៍ក្នុងបទសម្ភាសជាមួយវិទ្យុស្រ្តីថា ករណីថៅកែបោះបង់រោងចក្រ គឺមានកត្តាច្រើ់នយ៉ាង គឺបញ្ហាថៅកែខ្លួនគេផ្ទាល់ដែលមិនគោរពច្បាប់​ការងារអោយបានជាប់លាប់ ហើយពេលខ្លះរំលោភសិទិ្ធកម្មករទៀតផង។ លោកស្រីថា អ្វីជាការព្រួយ​បារម្ភខ្លាចថៅកែរោងចក្រទៅដាក់ទុននៅប្រទេសប្រាក់ឈ្នួលតិច គឺមិនមែនមកពីកត្តាកម្មករមួយ​មុខនោះទេ គឺកត្តានយោបាយផងដែរ។ លោកស្រីថាករណីប្រព័ន្ធអនុគ្រោះពន្ធEBAដែលសហភាពអឺរ៉ុបកំពុងដំណើរការដកហូតពីកម្ពុជា កម្ពុជាវិញនោះ គឺកត្តានយោបាយដែលជាសេចក្ដីសម្រេចរបស់រដ្ឋាភិបាល។

សូមជម្រាបថា វិស័យវាយនភណ្ឌកម្ពុជា គឺជាសរសរទ្រូងដ៏ធំមួយនៃសេដ្ឋកិច្ចកម្ពុជា។ តែវិស័យនេះ​ពឹងផ្អែកខ្លាំងទៅលើទីផ្សារនៅអឺរ៉ុបនិងអាមេរិកដែលស្ថិតក្រោមលក្ខខណ្ឌការអនុគ្រោះពន្ធEBA។​ វិស៍័យ​នេះ កំពុងជួយជីវភាពកម្មករជាង១លាននាក់និងអ្នកជាប់ពាក់ព័ន្ធជាងពីរលាននាក់។ អ្នកជំនាញសេដ្ឋកិច្ចនិង អ្នកវិភាគនយោបាយ ព្រមានថា បើសហភាពអឺរ៉ុបដកយកវិញនូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA គឺវិស័យវាយនភណ្ឌនឹងជួបហានិភ័យមុនគេ៕  

Share

Image
Image
Image