loader

អ្នកវិភាគ៖ ដំណោះស្រាយមួយចំនួន កម្ពុជាគួរធ្វើដើម្បីពលរដ្ឋ និងចៀសវាងចាញ់‑ឈ្នះល្បែងភ្នាល់

ភ្នំពេញ៖ អ្នកវិភាគកម្ពុជា បានផ្ដល់យោបល់ដល់អ្នកនយោបាយ ដើម្បីដោះស្រាយបញ្ហា និងបម្រើឱ្យបុព្វហេតុសម្រាប់ប្រជាជាតិ។ វិធានដោះស្រាយនោះមានដូចជា ដោះលែងលោក កឹម សុខា និងបើកសិទ្ធិនយោបាយដល់មន្ត្រីទាំង ១១៨ រូបរបស់អតីតគណបក្សសង្គ្រោះជាតិ ក្នុងរយៈពេលកុំលើសពី៤ សប្ដាហ៍ក្រោយថ្ងៃទី១៩ធ្នូននេះ។ យ៉ាងណាមិញ កម្ពុជានាស្ថានភាពនេះ គួរតែមាននយោបាយឈ្នះៗ ដើម្បីប្រជាជាតិ។ ជាងនេះ វត្តមានរបស់អន្តរជាតិ ក៏សំខាន់ណាស់ដែរ ក្នុងតួនាទីជាអ្នកសម្របសម្រួលនយោបាយ។

លោក សោម លាភជូនសេចក្ដីលំអិត

 

គេសង្កេតឃើញ រាជរដ្ឋភិបាលកម្ពុជា បង្ហាញជំហរនយោបាយទន់ភ្លន់ បន្ទាប់ពីលោក សម រង្ស៊ី ធ្វើជាប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ក្នុងអន្តរកាលដែលលោក កឹម សុខា មិនទាន់មានសេរីភាព ហើយបន្ទាប់ពីលោកបានប្រកាសចូលកម្ពុជាវិញ ដោយមានអ្នកគាំទ្រលោកជាច្រើនបង្ហាញជំហរស្វាគមន៍វត្តមានលោក។

នៅថ្ងៃទី ២០ ខែ ធ្នូ  ឆ្នាំ ២០១៨  លោក ព្រាប កុល ប្រធានអង្គការតម្លាភាពកម្ពុជា បានធ្វើអត្ថាធិប្បាយតាមរយៈទំព័រហ្វេសបុករបស់លោកថា កម្ពុជាគួរតែមានដំណោះស្រាយនយោបាយជាចាំបាច់។

លោកបានចូលរួមជាយោបល់ដល់អ្នកពាក់ព័ន្ធនូវរឿង ៣​ ចំណុច។ លោកថា ៣ ចំណុចនេះ អាចជាគន្លឹះធ្វើឱ្យចៀសផុតពីការចាញ់‑ឈ្នះល្បែងភ្នាល់នយោបាយ និងអាចបញ្ចៀសឱ្យកម្ពុជារួចផុតពីទណ្ឌកម្មសេដ្ឋកិច្ចពីសហគមន៍អឺរ៉ុប។

ជាក់ស្ដែង លោក ព្រាប កុល ចង់ឃើញឱ្យមានការដោះលែងលោក កឹម សុខា ឱ្យបានមុនថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៨ ក្នុងឱកាសអបអរការសម្ភោធវិមានឈ្នះៗ ឬអាចក្នុងករណីមិនលើសពី ៤ សប្ដាហ៍ក្រោយទៀត គិតចាប់ពីថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០១៨។

គ្រាន់តែដោះលែងលោក កឹម សុខា មិនទាន់គ្រប់គ្រាន់ទេ។ លោក ព្រាប កុលបន្ថែមថា ត្រូវមានការផ្តល់សិទ្ធិនយោបាយដល់អតីតមេដឹងនាំបក្សសង្គ្រោះជាតិទាំង ១១៨ នាក់ ក្នុងរង្វង់៤ សប្តាហ៍ទៀតយ៉ាងយូរ និងដោយព្រមគ្នាក្នុងពេលតែមួយ ពុំចាំបាច់រង់ចាំឱ្យមានការស្នើរសុំពីសមីជនម្នាក់ៗនោះទេ។

ជាចុងក្រោយ លោកចង់ឱ្យមានការបើកឱកាសឱ្យមានការចរចារនយោបាយរវាងបក្សកាន់អំណាច និងអតីតបក្សសង្គ្រោះជាតិ ក្រោមការសម្របសម្រួល ពីសហគមន៍អន្តរជាតិ និងមានការចូលរួមសង្កេតការ និងផ្តល់ធាតុចូលពីសង្គមស៊ីវិល ពីផ្នែកសិក្សាធិកា បញ្ញាវន្ត័ និងវិស័យឯកជន។

លោកស្ងើចសសើរនូវវីរ:ភាព និងទេពកោសល្យផ្នែកចចាររបស់ សម្តេច ហ៊ុន សែន ដែលធ្លាប់បានបង្កើតឱ្យមាន”នយោបាយឈ្នះឈ្នះ” ដែលពេលនោះបានបញ្ចប់នូវការប្រឈមមុខប្រដាប់អាវុធរវាងភាគីខ្មែរជាច្រើនក្រុម/បក្ស ជាពិសេសជាមួយអាតីតក្រុមខ្មែរក្រហម។

លោកបង្ហាញចម្ងល់ថា នយោបាយឈ្នះៗគម្រូថ្មី សម្រាប់នយោបាយកម្ពុជាបច្ចុប្បន្ន តើសម្ដេចហ៊ុន សែន គួរធ្វើបែបណា ដើម្បីបង្ហាញក្មេងជំនាន់ក្រោយក្នុងថ្ងៃសម្ភោធវិមានឈ្នះៗ ថ្ងៃទី ២៩​ ខែ ធ្នូ ឆ្នាំ ២០១៨។

លោក សរសេរបន្ថែមថា «ខ្ញុំ និងក្មេងៗជំនាន់ក្រោយ ពិតជាចង់ឃើញនូវឧទាហរណ៍ថ្មីនៃគោលនយោបាយឈ្នះឈ្នះ ដែលខ្មែរទាំងអស់គ្នានឹងឈ្នះយ៉ាងពិតប្រាកដ ដើម្បីបងប្អូន កូនចៅខ្មែរយើងគ្រប់រូប និងគ្រប់និន្នាការ បានរួមរស់ជួបជុំក្រុមគ្រួសារ មានសាមគ្គីភាព និងឯកភាពជាតិ ដើម្បីរួមគ្នាបន្តរការអភិវឌ្ឍន៍ប្រទេសកម្ពុជាឆ្ពោះទៅរកវឌ្ឍន:ភាពបន្ថែមទៀត និងប្រកបដោយចិរភាព»

លោក ព្រាប កុល ថាទស្សនៈរបស់លោកនេះបានមកពីការឆ្វេងយល់ស្ថានការណ៍ ព្រមទាំងពិភាក្សាជាមួយតួអង្គសំខាន់ៗដែលពាក់ព័ន្ធ។

ប៉ុន្តែលោកថា មានកាល:ទេស:ខ្លះ លោកមិនអាចលាតត្រដាងព័ត៌មាន និងប្រភពពត៌មានបានឡើយ ដើម្បីជៀសវាងការកេងចំណេញនយោបាយពីសំណាក់សមាសភាពមួយចំនួន ដែលមានរបៀបវារ:នយោបាយបែបបក្សពួកនិយម។

លោកហ៊ានយកកិត្តិយសរបស់លោក ចំពោះពាក្យថា អន់ ឬពាក្យថាជាអ្នកចាញ់ ជំនួសឱ្យឥស្សរៈជននយោបាយទាំងអស់ ដែលជាមនុស្សអស្ចារ្យ និងមហិមា ប្រសិនបើយកយោបល់របស់លោកទៅអនុវត្តន៍ ដើម្បីឱ្យប្រជាជនខ្មែរទទួលបានជ័យជំនះ។

ប្រធានអង្គការតម្លាភាពកម្ពុជារូបនេះថា ការបញ្ចេញយោបល់របស់លោក គឺមិនមែនជាការស្រមើលស្រម៉ៃ ឬរម្អៀងនោះទេ។

ការបញ្ចេញទស្សៈបែបនេះរបស់លោក ព្រាប កុល ធ្វើឡើងក្រោយពេលដែលមជ្ឈដ្ឋានសាធារណៈជននៅកម្ពុជាកំពុងតែមានគំនិត ព្រមទាំងរិះគន់ដល់ការវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ដែលនឹងចូលជាធរមាននាពេលឆាប់ៗនេះ។

មតិរិះគន់នោះ ភាគច្រើនផ្ដោតសំខាន់ថា អាទិភាពនៃការដកបម្រាមហាមឃាត់សិទ្ធិធ្វើនយោបាយដល់មន្ត្រីអតីតគណបក្សសង្គ្រោះជាតិ គឺនឹងបានទៅខ្សែខាងលោក កឹម សុខា ពោលគឺវិសោធនកម្មច្បាប់នេះ គឺដើម្បីបំបែកបំបាក់ផ្ទៃក្នុងអតីតគណបក្សសង្គ្រោះជាតិ។

ករណីនេះ អ្នកវិភាគឯករាជ្យនៅកម្ពុជាព្រមានទៅគណបក្សសង្គ្រោះជាតិថា ត្រូវតែបន្ថែមការប្រុងប្រយ័ត្នខ្ពស់ ព្រោះគណបក្សនេះ អាចនឹងបែកបាក់មែន។

លោក សម រង្ស៊ី តែងតែបានប្រកាសទៅដល់មន្ត្រីជាន់ខ្ពស់ទាំង ១១៨ រូប របស់អតីតគណបក្សសង្រ្គោះជាតិថាមិនត្រូវសុំ ឬទទួលសិទ្ធិធ្វើនយោបាយពីនាយករដ្ឋមន្ត្រីកម្ពុជាឡើយ។

លោក សម រង្ស៊ី បានសរសេរលើទំព័រហ្វេសបុក ភ្ជាប់ជាមួយវីដេអូរយៈពេលជាង៤ នាទី របស់លោកស្រី Federica Mogherini អនុប្រធានសហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស ថ្លែងនៅក្នុងសភាអឺរ៉ុបនៅទីក្រុង Strasbourg កាលពីថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៨។

លោក សម រង្ស៊ី សរសេរដោយបង្ហាញនូវការកោតសរសើរចំពោះមន្ត្រីគណបក្សសង្គ្រោះជាតិ ចំនួន ៩៩ ភាគរយ លើ ១១៨ នាក់ ដែលបានប្តេជ្ញាចិត្តមិនទៅសុំសិទ្ធិធ្វើនយោបាយវិញពីនាយករដ្ឋមន្ត្រីកម្ពុជា។

ប្រធានស្ដីទីនៃអតីតគណបក្សសង្គ្រោះជាតិរូបនេះបញ្ជាក់ថា សហភាពអឺរ៉ុប ជាអ្នកដើរតួក្នុងការទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើកិច្ចការនេះ។ ពោលគឺសហភាពអឺរ៉ុប ទាមទារឱ្យសិទ្ធិ និងសេរីភាពមួយចំនួនកើតមានឡើងវិញនៅកម្ពុជា មានដូចជា ការផ្ដល់សិទ្ធិធ្វើនយោបាយឱ្យមន្ត្រីគណបក្សប្រឆាំងនេះ រួមទាំងការទម្លាក់ចោលនូវរាល់បទចោទប្រកាន់ផ្សេងៗ។

លោក សម រង្ស៊ី មានជំនឿចិត្តថា មន្ត្រីអតីតគណបក្សសង្គ្រោះជាតិទាំង ១១៨ រូបនឹងទទួលបានសិទ្ធិធ្វើនយោបាយតទៅទៀត ដោយមិនចាំបាច់សុំទៅនាយករដ្ឋមន្ត្រីកម្ពុជាគឺសម្ដេច ហ៊ុន សែនឡើយ។

ថ្មីៗនេះ លោក សម រង្ស៊ីបានប្រកាសថា លោក នឹងធ្វើដំណើរមកកម្ពុជានៅដើមឆ្នាំ ២០១៩។ បន្ទាប់ពីការប្រកាសរបស់លោក មិនបានប៉ុន្មានផង អ្នកគាំទ្រ សកម្មជន សកម្មនារី ព្រមទាំងមន្ត្រីអតីតគណបក្សនេះបានបង្ហាញជំហរគាំទ្រ និងស្វាគមន៍យ៉ាងឧឡារឹក។

លោក ឯម សុវណ្ណារ៉ា អ្នកវិភាគ និងតាមដានបញ្ហានយោបាយនៅកម្ពុជា មានប្រសាសន៍ប្រាប់មណ្ឌលព័ត៌មានស្រ្តីកម្ពុជា ក្នុងស្ថានការណ៍នេះ កម្ពុជានៅតែមិនទាន់មានការរកដំណោះស្រាយរួមគ្នានៅឡើយនោះទេ រវាងអ្នកនយោបាយគណបក្សកាន់អំណាច និងគណបក្សប្រឆាំង។

ជាទស្សនៈរបស់លោកផ្ទាល់ គឺលោកមិនទាន់មានជំនឿចិត្តខ្ពស់ទេថា លោកសម រង្ស៊ី នឹងវិលចូលទឹកដីកម្ពុជាវិញ។

យ៉ាងណា អ្នកវិភាគរូបនេះ នៅតែមានជំនឿចិត្តថា កម្ពុជាអាចផុសឡើងនូវដំណោះស្រាយដ៏ល្អ លុះតា្រតែមានការចូលរួម និងសម្រុះសម្រួលពីអន្តរជាតិ។

មណ្ដលព័ត៌មានស្ត្រីកម្ពុជា ព្យាយាមសុំការអធិប្បាយឆ្លើយតបពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា គឺលោក សុខ ឥសាន្ត ជាច្រើនលើក ប៉ុន្តែលោកបានចុចបិទទូរស័ព្ទ។ ដោយឡែក លោក ផៃ ស៊ីផាន អ្នកនាំពាក្យគណៈរដ្ឋមន្ត្រី ក៏មិនទទួលទូរស័ព្ទដែរ។

មន្ត្រីជាន់ខ្ពស់មកពីស្ថាប័ននីតិបញ្ញត្តិ និងនីតិប្រតិបត្តិ រួមទាំងនាយករដ្ឋមន្ត្រីកម្ពុជា​ បានបញ្ជាក់ថា ការវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយនេះ ដែលបើកលទ្ធភាពឱ្យមានការស្ដារនីតិសម្បទាដល់បុគ្គលដែលត្រូវហាមឃាត់នយោបាយអាចធ្វើនយោបាយឡើងវិញនេះ គឺ ធ្វើឡើងមិនសម្រាប់គណបក្សណាមួយនោះទេ តែសម្រាប់គណបក្សទាំងអស់ដែលមានវត្តមាននៅកម្ពុជា។

នាយករដ្ឋមន្ត្រីកម្ពុជា គឺសម្ដេច ហ៊ុន សែនប្រកាសថា អ្នកដែលចង់បានសិទ្ធិធ្វើនយោបាយ ត្រូវដាក់ពាក្យស្នើសុំម្ដងម្នាក់ៗ មកសម្ដេចផ្ទាល់ ឬទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

មុនការបោះឆ្នោតសភានីតិកាលទី ៦ គណបក្សសង្គ្រោះជាតិ មិនអាចធ្វើសកម្មភាពនយោបាយបាន ដោយសារអនុភាពនៃសាលដីកាតុលាការកំពូលកម្ពុជា ដែលបានសម្រេចរំលាយកាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ ។ មន្ត្រីជាន់ខ្ពស់របស់គណបក្សនេះចំនួន ១១៨ រូប ក៏មិនអាចរស់នៅក្នុងជីវភាពនយោបាយ ឬធ្វើសកម្មភាពពាក់ព័ន្ធនិងនយោបាយបានដែរ។

មជ្ឈដ្ឋានអន្តជាតិ មានដូចជាសហរដ្ឋអាមេរិក សហភាពអ៊ឺរ៉ុប រួមទាំងសហភាពអន្តរសភា IPU បានទាមទារឱ្យមានការដោះលែង និងធ្វើយ៉ាងណាឱ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញ ដែលឈានទៅដល់ការបោះឆ្នោតម្ដងទៀត ដោយមិនបង្អង់ពេលវេលាឡើយ៕

អត្តបទដោយ៖ សោម លាភ

ព័ត៌មានទាក់ទង

មន្ត្រីជាន់ខ្ពស់ចិនថាចិនមិនបានទាញកម្ពុជាធ្លាក់ក្នុងអន្ទាក់ខ្លួនទេតែអ្នកវិភាគថាកម្ពុជាខ្លួនឯងត្រូវកុំឱ្យធ្លាក់ក្នុងអន្ទាក់ចិន

អនុរដ្ឋមន្រ្តីក្រសួងការបរទេសចិនបានមកធ្វើទស្សន[...]

នាយករដ្ឋមន្ត្រីថាការបោះឆ្នោតឆ្នាំ ២០២៣ អាចនឹងមានបញ្ហា ខណៈអ្នកវិភាគថាមកពី​បញ្ហា​នយោបាយបច្ចុប្បន្ន

សម្ដេច ហ៊ុន សែន ថ្លែងថា ការបោះឆ្នោតឆ្នាំ​២០២៣[...]

ការបោះឆ្នោតនៅថៃ៖បក្សប្រជាធិបតេយ្យសង្ឃឹមរកបាន១៥០អាសនៈខណៈ អាប់ ភីស៊ីតនឹងក្លាយជា Kingmaker

កម្លាំងនយោបាយនៅថៃ ត្រូវបានរកឃើញថាមានប្រាំគណបក[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត