បន្ទាប់ពីក្រពើភ្នំបានបាត់វត្តមានពីឧទ្យានជាតិវីរៈជ័យអស់រយៈពេលជាង ២០ឆ្នាំ ពេលនេះអង្គការសត្វព្រៃនិងរុក្ខជាតិ ក្រោមកិច្ចសហការជាមួយក្រសួងកសិកម្ម ក្រសួងបរិស្ថាន និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានលែងក្រពើភ្នំពូជសុទ្ធចំនួន ១០ក្បាលជាលើកដំបូងនៅក្នុងតំបន់ដាច់ស្រយាលឆ្ងាយពីមនុស្សម្នា ក្នុងគោលបំណងអភិរក្សសត្វជិតផុតពូជប្រភេទនេះ។
(កញ្ញា កែវ សុជាតា រាយការណ៍)
នៅក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះ អ្នកជំនាញបានសង្កេតឃើញថា វត្តមានរបស់ក្រពើភ្នំនៅកម្ពុជាហាក់មានចំនួនកាន់តែតិច ដែលហេតុនេះហើយទើបជំរុញឱ្យមន្រ្តីធ្វើការផ្តោតលើសត្វព្រៃខិតខំការពារនិងអភិរក្សស្តារក្រពើភ្នំពូជសុទ្ធឡើងវិញតាមរយៈការលែងក្រពើភ្នំទៅកាន់តំបន់ធម្មជាតិពីមួយឆ្នាំទៅមួយឆ្នាំ។ នេះបើតាមការលើកឡើងរបស់នាយកប្រចាំប្រទេសនៃអង្គការសត្វព្រៃ និងរុក្ខជាតិ លោក Pablo Sinovas។ លោកមើលឃើញពីលទ្ធផលវិជ្ជមាន និងសន្ទុះនៃការអភិរក្ស និងកិច្ចសហការក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដ្បិតក្រពើភ្នំចាប់ផ្តើមបង្កាត់ពូជពង្សជាបន្តបន្ទាប់ ដែលជួយជំរុញឱ្យមានការកើនឡើងនូវចំនួននៃសត្វប្រភេទនេះនៅក្នុងធម្មជាតិ។
រូបភាព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
យោងតាមការប្រកាសព័ត៌មានរួមរបស់ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងអង្គការសត្វព្រៃ និងរុក្ខជាតិ តាមសេចក្តីប្រកាសចុះផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ សត្វក្រពើភ្នំដែលបានលែងនេះ ត្រូវបានអ្នកជំនាញបំពាក់ឧបករណ៍បច្ចេកវិទ្យាចុងក្រោយបំផុតសម្រាប់តាមដាន និងកត់ត្រាពីសម្លេង ក៏ដូចជាការបម្លាស់ទី និងការរស់រានប្រចាំថ្ងៃរបស់សត្វក្រពើភ្នំ ដែលការធ្វើបែបនេះអាចមានគុណប្រយោជន៍ដល់ការងារអភិរក្ស និងស្តារវត្តមានក្រពើភ្នំប្រភទនេះឡើងវិញ។ ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ អង្គការសត្វព្រៃ និងរុក្ខជាតិបានសិក្សាវាយតម្លៃអំពីប្រភេទទីជម្រកសមស្របសម្រាប់ក្រពើភ្នំ ហើយបានរកឃើញតំបន់ដាច់ស្រយាលមួយកន្លែង គឺឧទ្យានជាតិវីរៈជ័យ ថ្វីបើទីតាំងនេះមានលក្ខខណ្ឌជម្រកដ៏ល្អបំផុត។ តាមរយៈប្រវត្តិនៃឧទ្យានជាតិវីរៈជ័យ ធ្លាប់មានវត្តមានក្រពើភ្នំធម្មជាតិរស់នៅទីតាំងនេះពីយូរយារណាស់មកហើយ។
លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ក្រសួងបរិស្ថានកំពុងអនុវត្តច្បាប់យ៉ាងតឹងរឹងក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ ពិសេសធនធានសត្វព្រៃដែលមានសារៈសំខាន់សម្រាប់មនុស្សជាតិ។ ក្រសួងបរិស្ថានបានប្តេជ្ញា និងគាំទ្រក្នុងការអនុវត្តក្របខណ្ឌជីវៈចម្រុះសកល ក្នុងនោះមានចំណុចដៅទី៤ ស្តីពីការទប់ស្កាត់កុំឱ្យមានភាពផុតពូជនូវសត្វព្រៃណាមួយឡើយ។ តាមការសិក្សារបស់លោក ក្រពើភ្នំជាប្រភេទសត្វដ៏កម្របំផុតនៅលើពិភពលោក ក៏ប៉ុន្តែសត្វប្រភេទនេះមានវត្តមានច្រើនជាងគេនៅប្រទេសកម្ពុជា។ ដើម្បីស្តារវត្តមានក្រពើភ្នំ ក៏ដូចជាសត្វព្រៃដែលជាប្រភេទជិតផុតពូជនៅកម្ពុជា លោករដ្ឋមន្រ្តីបរិស្ថានផ្តល់ជាអនុសាសន៍ថា ត្រូវជំរុញការបណ្តុះកូនឈើ ចែកកូនឈើជូនប្រជាពលរដ្ឋ និងដាំស្តារព្រៃជាដើម ដើម្បីបង្កើនគម្របបៃតងដែលផ្តល់ជាទីជម្រកសម្រាប់សត្វព្រៃ និងផ្តល់ឱកាសឱ្យសហគមន៍អាចទាញផលប្រយោជន៍ពីតំបន់ការពារធម្មជាតិ។
រូបភាព៖ ក្រសួងបរិស្ថាន
ចំពោះ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាមួយអង្គការដៃគូ ជាពិសេសអង្គការសត្វព្រៃ និងរុក្ខជាតិ នៅក្នុងការអភិរក្សនិងបង្កើនវត្តមានសត្វក្រពើភ្នំក្នុងធម្មជាតិនៅប្រទេសកម្ពុជា។ ចាប់តាំងពីឆ្នាំ២០១១ រហូតមកដល់បច្ចុប្បន្ននេះ ក្រសួងកសិកម្មបានសហការព្រលែងសត្វក្រពើភ្នំពូជសុទ្ធសរុបចំនួន ១២លើក ទៅក្នុងព្រៃធម្មជាតិនៃតំបន់ជួរភ្នំក្រវាញ។ ក្រសួងបន្តលើកទឹកចិត្ត និងត្រៀមខ្លួនជានិច្ចក្នុងការសហការជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិ ដើម្បីទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត ក្នុងការងារអភិរក្សធនធានធម្មជាតិនៅកម្ពុជាឱ្យបានគង់វង្ស។
រូបភាព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រហូតមកដល់បច្ចុប្បន្ននេះ ក្រពើភ្នំពូជសុទ្ធជិត ២០០ក្បាល ត្រូវបានលែងចូលទៅក្នុងទីជម្រកធម្មជាតិ ដាច់ស្រយាលពីមនុស្សរស់នៅ និងមានសុវត្ថិភាពនៅតំបន់ជួរភ្នំក្រវាញភាគនិរតីនៃប្រទេសកម្ពុជា និងមានសំបុកពងកូនក្រពើភ្នំចំនួន៦០ក្បាល ត្រូវបានរកឃើញនៅក្នុងតំបន់ជួរភ្នំក្រវាញនេះផងដែរ៕