loader

ពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនសង់ព្រលានយន្តហោះថ្មីត្រៀមប្តឹងទៅតុលាការនៅសប្តាហ៍ក្រោយ

ភ្នំពេញ៖ ប្រជាពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនសាងសង់ព្រលានយន្តហោះថ្មី កំពុងប្រមូលស្នាមមេដៃ គ្រោងដាក់ពាក្យបណ្តឹងទៅតុលាការដើម្បីរកដំណោះស្រាយ បន្ទាប់យន្តការដោះស្រាយកន្លងមកគ្មានប្រសិទ្ធិភាព។ នេះជាការគូសបញ្ជាក់ពីលោក ទួន វណ្ណៈ តំណាងសហគមន៍ប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ។

លោកថានាប៉ុន្មានថ្ងៃនេះប្រជាពលរដ្ឋបានផ្តិតមេដៃបានជាង ២០០នាក់ហើយ ដើម្បីត្រៀមដាក់ពាក្យបណ្តឹងទៅតុលាការឱ្យ ជួយស្វែងរកយុត្តិធម៌។

លោកបញ្ជាក់ថា ជម្លោះដីធ្លីនេះអូសបន្លាយជាង ៣ ឆ្នាំមកហើយ ដោយក្រុមប្រជាពលរដ្ឋរងគ្រោះបានទៅសុំកិច្ចអន្តរាគមន៍នៅតាមស្ថាប័ននានាមួយចំនួនដូចជា ខុន្ទកាល័យសម្តេច ហ៊ុន សែន ក្រសួងមហាផ្ទៃ និងរដ្ឋបាលសាលាកណ្តាល តែពុំមានដំណោះស្រាយអ្វីជាដុំកំផួនឡើយ។

អាជ្ញាធរបិទផ្លូវរារាំងការពលរដ្ឋមិនឱ្យចូលតំបន់ទំនាស់ព្រោះអាចមានការប៉ះទង្គិច។

តំណាងប្រជាពលរដ្ឋរូបនេះបន្ថែមថា មូលហេតុដែលប្រជាពលរដ្ឋមិនប្តឹងទៅតុលាការតាំងពីដំបូង ព្រោះប្រជាពលរដ្ឋខ្វះទំនុកចិត្តលើប្រព័ន្ធតុលាការនៅកម្ពុជា ដែលករណីជម្លោះដីធ្លីភាគច្រើនពលរដ្ឋមិនដែលឈ្នះក្តីជាមួយភាគក្រុមហ៊ុននោះឡើយ។ ចំណែកបញ្ហាចំណេះដឹង ភាពក្លាហាន ការភ័យខ្លាចប្រឈមនឹងទោសទណ្ឌ និងបញ្ហាធនធានថវិកា ក៏ជាចំណែកមួយនាំឱ្យប្រជាពលរដ្ឋមិនរត់រកប្រព័ន្ធតុលាការផងដែរ។

លោក ទួន វណ្ណៈ យ៉ាងដូច្នេះទៀតថា

ការដោះស្រាយបញ្ហាទំនាស់ដីធ្លីនៅកម្ពុជាចែកចេញជាពីរប្រភេទ។ សម្រាប់ដីធ្លីដែលពុំមានប្លង់ច្បាស់លាស់ គឺមានយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ យន្តការនោះមានចាប់តាំងពីរដ្ឋបាលក្រុមប្រឹក្សាឃុំសង្កាត់ ដល់គណៈកម្មការសូរិយោដីស្រុក គណៈកម្មការសូរិយោដីខេត្ត និងគណៈកម្មការសូរិយោដីថ្នាក់ជាតិ និងចុងបញ្ចប់ដោះស្រាយនៅអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី។

ចំណែកដីជម្លោះដែលមានប្លង់កម្មសិទ្ធិច្បាស់លាស់ ឬ ប្លង់រឹង ជានីតិវិធីត្រូវដោះស្រាយនៅតុលាការ។

អ្នក​សម្រប​សម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិ​មនុស្ស​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជាលោក វណ្ណ សូផាត ដែលបានតាមដានករណីវិវាទដីធ្លីរវាងពលរដ្ឋនិងក្រុមហ៊ុន OCIC នៅ​ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាលស្រុកនេះប្រាប់វិទ្យុស្រ្តី ការសម្រេចចិត្តរបស់ពលរដ្ឋដាក់ពាក្យបណ្តឹងទៅតុលាការនេះជាជម្រើសចុងក្រោយ តែមិនមែនជាជម្រើសល្អប្រសើរនោះទេ។ មិនមែនជាជម្រើសប្រសើរ ព្រោះបើតាមបទពិសោធន៍របស់លោក ដីធ្លីដែលរដ្ឋាភិបាលត្រូវការយកមកអភិវឌ្ឍន៍ តុលាការតែងយកច្បាប់ស្តីពីអស្សាមិករណ៍​មកសំអាង។ ច្បាប់នេះអាចដកហូតកម្មសិទ្ធិស្របច្បាប់របស់ពលរដ្ឋដើម្បីផលប្រយោជន៍សាធារណៈដែលផ្តល់សំណងសមរម្យនិងយុត្តិធម៌។

មន្រ្តីអង្គការសង្គមស៊ីវិលដែលតំណាងឱ្យប្រជាពលរដ្ឋរូបនេះពន្យល់ថា ការប្រើប្រាស់យន្តការដោះស្រាយតាមប្រព័ន្ថតុលាការមានអត្ថប្រយោជន៍ត្រង់ថា តុលាការមានសិទ្ធិអំណាចចេញដីកាការពារលើដីទំនាស់មិនឱ្យគូភាគីណាមួយធ្វើសកម្មភាពលើដីកំពុងមានវិវាទជៀសវាងបង្កទំនាស់។

ប៉ុន្តែកន្លងមកប្រជាពលរដ្ឋមិនបានទៅពឹងពាក់យន្តការតុលាការ ព្រោះប្រជាពលរដ្ឋយល់ថាត្រូវចំណាយពេលវេលា និងធាន ធនថវិកាច្រើនក្នុងការដោះស្រាយ ពិសេសគឺខ្វះទំនុកចិត្តតែម្តង។

សូមស្តាប់ការពន្យល់បន្ថែមរបស់លោក វណ្ណ សូផាត ៖

សូមបញ្ជាក់ថា ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) របស់លោក ពុង ឃាវសែ បានទទួលសិទ្ធិសាងសង់ព្រលានយន្តហោះខ្នាតអន្តរជាតិមួយស្ថិតក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ តាមគម្រោង ក្រុមហ៊ុននឹងសាងសង់រួចរាល់នៅ ឆ្នាំ២០២៣។ ព្រលានយន្តហោះថ្មីនេះ វិនិយោគក្នុងទឹកប្រាក់ប្រមាណជាងមួយពាន់ប្រាំរយលានដុល្លារ (១.៥០០លានដុល្លារ) លើផ្ទៃដីជិតបីពាន់ហិកតា៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

អង្គការសង្គមស៊ីវិលជាង ៣០ ជំរុញភាគីពាក់ព័ន្ធស្វែងរកសំណងសមរម្យឱ្យពលរដ្ឋព្រលានយន្តហោះថ្មី

ភ្នំពេញ៖ អង្គការសង្គមស៊ីវិលជាង ៣០ បានចេញសេចក្[...]

ក្រសួងទេសចរណ៍ប្រាប់ក្រុមហ៊ុនហោះហើរក្នុងស្រុកត្រៀមបើកដំណើរការឡើងវិញ

(ភ្នំពេញ)៖ ផ្អែកតាមក្រសួងទេសចរណ៍ នៅថ្ងៃទី២២ ខ[...]

ពលរដ្ឋព្រលានយន្តហោះថ្មី៩នាក់ត្រូវដោះលែងខណៈអ្នករត់គេចខ្លួនមិនទាន់ហ៊ានត្រឡប់ចូលផ្ទះ

ភ្នំពេញ៖ ប្រជាពលរដ្ឋព្រលានយន្តហោះថ្មីចំនួន ៩ន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x